លក្ខណៈស្ថាបត្យកម្មចម្រុះនៃទីក្រុងហាយហ្វុង

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ ហាយហ្វុង គឺជាទីក្រុងកំពង់ផែនៅភាគខាងជើងវៀតណាម ដែលនៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មគួរឲ្យទាក់ទាញជាច្រើន រួមមានសំណង់ស្ថាបត្យកម្មប្រពៃណី និងស្ថាបត្យកម្មបុរមបុរាណពីស័យបារាំងនៅតាមវិថីបុរាណនានា។ ស្ថាបត្យកម្មរបស់ទីក្រុងហាយហ្វុងគឺជាការរួមបញ្ចូលគ្នារវាងវប្បធម៌អាស៊ី និងអឺរ៉ុប។ ការរួមបញ្ចូលគ្នានេះបានជួយទីក្រុងបង្អួតសម្រស់នគរដ៏វិសេសវិសាលផងដែរ។
 
 
លក្ខណៈស្ថាបត្យកម្មចម្រុះនៃទីក្រុងហាយហ្វុង - ảnh 1ផ្លូវ Tam Bac, Hai Phong (រូបថត៖ thegioidisan.vn)

ហាយហ្វុងធ្លាប់ជាទីក្រុងដ៏សំខាន់បំផុតនៅវៀតណាម ក្រោមសម័យអាណានិគមនិយមបារាំង ហើយជាមជ្ឈមណ្ឌលធ្វើជំនួញជាមួយកំពង់ផែធំៗ។ ដូចទៅនឹងទីក្រុងហាណូយ និងទីក្រុងហូជីមិញនោះ ទីក្រុងហាយហ្វុងពោរពេញទៅដោយស្ថាបត្យកម្មរបស់ជនជាតិបារាំង។ លោក Vo Quoc Thai ប្រធានសមាគមស្ថាបត្យករទីក្រុងហាយហ្វុងបានឲ្យដឹងថា៖ “ចាប់តាំងពីទសវត្សរ៍ទី ៤០ នៃសតវត្សរ៍ទី ២០ ស្ថាបត្យករជនជាតិបារាំងបានធ្វើការសិក្សាស្រាវជ្រាវរៀបចំផែនការមេដើម្បីប្រែក្លាយហាយហ្វុងទៅជានគរថ្នាក់ទី ១ ស្មើនឹងទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ តំបន់ទីក្រុងបុរាណត្រូវបានថែរក្សា និងជួសជុលកែលម្អ រួមមានប្រព័ន្ធសំណង់បុរាណ ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា។ ទាក់ទងនឹងស្ថាបត្យកម្មនោះ ទីក្រុងមានគោលការណ៍កាត់បន្ថយការសាងសង់អគារខ្ពស់ៗនៅតំបន់នេះ ដើម្បីរក្សាប្រវត្តិស្ថាបត្យកម្មរបស់ហាយហ្វុង”។

នាបច្ចុប្បន្ននេះ ខ័ណ្ឌ Hong Bang និងខ័ណ្ឌ Le Chan នៅតែរក្សាបានអគារ និងផ្ទះសម្បែងជាច្រើនខ្នងដែលជាបេតិកភ័ណ្ឌស្ថាបត្យកម្មពីសម័យអាណានិគមនិយមបារាំង ជាពិសេសគឺនៅតាមវិថី Tam Bac និង Ly Thuong Kiet។ ដោយឆ្លងកាត់ការឡើងចុះនៃប្រវិត្តិសាស្ត្រជាច្រើននោះ វិថី Tam Bac នៅតែរក្សាបានលក្ខណៈបុរមបុរាណនៅក្នុងលំហស្ថាបត្យកម្ម ជាមួយនឹងអគារដែលមានអាយុកាលរាប់រយឆ្នាំ។ វិថី Tam Bac ត្រូវបានសាងសង់ ក្នុងសម័យអាណានិគមនិយមបារាំង ដោយដំបូងមានកំណាត់វិថីចំនួន ២ Marésanne Proc និង Gaull de Luis នាគ្រាដំបូង ។ នៅឆ្នាំ ១៩៥៣ វិថីនេះត្រូវបានប្តូរឈ្មោះទៅជា Bach Thai Buoi ។ ក្រោយឆ្នាំ ១៩៥៤ ត្រូវបានប្ដូរឈ្មោះជា Tam Bac ។ មូលហេតុដែលដាក់ឈ្មោះនេះ គឺដោយសារវិថីនេះបានស្ថិតនៅតាមបណ្ដោយដងទន្លេមួយដែលមានឈ្មោះថា Tam Bac។

ទន្ទឹមនឹងវិថី Tam Bac នោះ វិថី Ly Thuong Kiet នៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មបុរមបុរាណជាច្រើន។ បណ្ដាវីឡាដែលមានស្ថាបត្យកម្ម Go-tich របស់បារាំងត្រូវបានសាងសង់ឡើងនាប៉ុន្មានឆ្នាំ ដើមសតវត្សរ៍ទី ២០ ជាមួយនឹងបង្អួចតូចៗ នៅលើដំបូលខ្ពស់ៗ ដោយបានបង្កើតសោភ័ណភាពស្ថាបត្យកម្មនៃប្រទេសលោកខាងកើត និងខាងលិចនៅវិថីនេះ។ លោក Nguyen Tac Nghiep សមាជិកសមាគមស្ថាបត្យករទីក្រុងហាយហ្វុងបានឲ្យដឹងថា៖ “ក្រោយពីពេលជនជាតិបារាំងមកសាងសង់នោះ សំណង់ស្ថាបត្យកម្មនីមួយៗរបស់ហាយហ្វុងសុទ្ធតែមានសញ្ញាសម្គាល់សម័យកាលអភិវឌ្ឍន៍ថ្មី។ ទោះបីអាចត្រូវផ្លាស់ប្តូរទៅតាមពេលវេលាក៏ដោយ ប៉ុន្តែសំណង់ស្ថាបត្យកម្មភាគច្រើនដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នគឺនៅតែរក្សាបានស្ថានភាពស្ថាបត្យកម្មដើមដដែល។ មិនត្រឹមតែបម្រើជីវភាពរស់នៅរបស់មនុស្សក្នុងដំណើរការធ្វើពលកម្ម ធ្វើការនោះប៉ុណ្ណោះទេ ស្ថាបត្យកម្មថែមទាំងបានផ្សារភ្ជាប់ជាមួយជីវភាពខាងវប្បធម៌ និងកត់សម្គាល់នូវប្រវត្តិអភិវឌ្ឍន៍របស់សង្គមនៃទីក្រុងទៀតផង”។

លក្ខណៈស្ថាបត្យកម្មចម្រុះនៃទីក្រុងហាយហ្វុង - ảnh 2រោងមហោស្រពទីក្រុង Hai Phong  (រូបថត៖ dangcongsan.vn)

បច្ចុប្បន្ននេះ ទីក្រុងហាយហ្វុងនៅតែដើរតួនាតីដ៏សំខាន់ ពោលគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំណុះមជ្ឈឹមទាំង ៥។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍគរូបនីយកម្មរបស់ហាយហ្វុងមិនសូវឆាប់រហ័សពេកដូចជាទីក្រុងធំៗដូចជា៖ ហាណូយ ទីក្រុងហូជីមិញ ឬ Da Nang ដែលមានល្បឿនសាងសង់លឿន។ ដូច្នេះហើយទីក្រុងហាយហ្វុងនៅតែរក្សាបានលក្ខណៈបុរមបុរាណជាច្រើន។ លោក Hoang Viet ប្រធានសមាគមអក្សរសាស្ត្រ សិល្បៈហាយហ្វុងបានវាយតម្លៃថា៖ “ប្រសិនបើទីក្រុងហាណូយមានមោទនភាពអំពីទន្លេក្រហម និងស្ពាន Long Bien ឆ្លងកាត់ទន្លេក្រហម ហើយបើ Hoi An មានទន្លេ Hoai ហូរកាត់កណ្តាលវិថីបុរាណនោះ ទីក្រុងហាយហ្វុងមានមោទនភាពអំពីទន្លេ Tam Bac ។ ប្រជាជនទីក្រុងហាយហ្វុងនៅតែចោតសួរខ្លួនឯងថា ប្រសិនបើស្ថាបត្យកម្មបារាំងមិនមានវត្តមាននៅទីក្រុងហាយហ្វុងនោះ តើមុខមាត់ទីក្រុងហាយហ្វុងនឹងក្លាយទៅជាយ៉ាងម៉េច។ ពិតណាស់ថា ទីក្រុងនឹងខ្វះភាពសម្បូរបែបផងដែរ”។

ក្នុងនាមជាទីក្រុងធំៗ មជ្ឈមណ្ឌលឧស្សាហកម្ម និងជាច្រកគមនាគមន៍ ប៉ុន្តែទីក្រុងហាយហ្វុងមាន ភាពស្ងប់ស្ងាត់ ហើយមិនសូវមានសភាពអ៊ូអរ និងមមាញឹកពេកឡើយ។ មណ្ឌលមជ្ឈមណ្ឌលទីក្រុងមានភាពសុខសាន្ត ហើយសញ្ញាសម្គាល់ស្ថាបត្យកម្មបុរាណបានបង្កើតជាចរិតលក្ខណៈពិសេសដោយឡែករបស់ទីក្រុងកំពង់ផែផងដែរ៕

ប្រតិកម្មទៅវិញ