និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា

Chia sẻ
(VOVWORLD) - គំរូដាំស្រូវគួបផ្សំជាមួយនឹងការចិញ្ចឹមបង្គា (គំរូស្រូវ-បង្គា) កំពុងត្រូវបានខេត្ត Bac Lieu ផ្តល់អាទិភាពអភិវឌ្ឍន៍ ព្រោះថាគំរូនេះទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផង។ ឆ្នាំនេះរដូវប្រមូលផលស្រូវគឺអំណោយផលណាស់ បង្គាក៏បានលូតលាស់ល្អ ហើយថែមទាំងមានតម្លៃខ្ពស់ បើធៀបនឹងឆ្នាំមុនៗ។ ដូច្នេះហើយបងប្អូនប្រជាជននៅទីនេះបានទទួលនិទាឃរដូវ និងអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ។
និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា - ảnh 1និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា

ស្រូវ-បង្គាគឺជាគំរូផលិតកម្មការពារបរិស្ថាន មានហានិភ័យតិចតួច និងសមស្របតាមសមត្ថភាពរបស់ប្រជាកសិករភាគច្រើន។ នៅពេលចិញ្ចឹមបង្គា ដីផលិតកម្មកាន់តែមានជីជាតិជាង ជួយស្រូវលូតលាស់ខ្លាំង កាត់បន្ថយថ្លៃជី ក៏ដូចជាថ្នាំសម្លាប់សត្វល្អិត។ ជាពិសេស ក្រោយពីរដូវប្រមូលផលបង្គានីមួយៗ សំណល់សរីរាង្គ មីក្រូសរីរាង្គ និងចំណីនៅសល់របស់បង្គាគឺជាប្រភពសារធាតុចិញ្ចឹមដ៏ល្អប្រសើរសម្រាប់ដើមស្រូវ។ ផ្ទុយទៅវិញ ក្រោយពេលរដូវប្រមូលផលស្រូវ ដីធ្លីត្រូវបានកែលម្អ បរិស្ថានអំណោយផល ដូច្នេះហើយបង្គាលូតលាស់យ៉ាងឆាប់រហ័ស ហើយមិន សូវមានហានិភ័យ និងជំងឺរាតត្បាតឡើយ។

នៅតំបន់ជនបទនៃទីរួមខេត្ត Gia Rai ខេត្ត Bac Lieu នាប៉ុន្មានថ្ងៃនេះ លោកអ្នកនឹងជួបប្រទះនឹងវាលស្រូវលាតសន្ធឹងស្រស់បៃតង ហើយវាលស្រូវខ្លះបានចេញគ្រាប់ជាច្រើន។ លោក Doan Thanh Tung ប្រជាកសិករម្នាក់នៅឃុំ Phong Thanh A បានឲ្យដឹងថា ចាប់តាំងពីពេលអនុវត្តន៍គំរូស្រូវ-បង្គាលើផ្ទៃដី ៣ ហិកតាមក ប្រាក់ចំណូលរបស់គ្រួសារលោកបានកើនឡើងគួរឱ្យកត់សម្គាល់៖

“គំរូនេះទទួលបានប្រាក់ចំណេញច្រើនជាងមុន ហើយលើសពីនេះទៅទៀត ខ្ញុំអាច ដាំស្រូវ កែលម្អផ្ទៃដី ព្រមទាំងចិញ្ចឹមបង្គាប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។ ប្រសិនបើដកការចំណាយចេញ ផ្ទៃដៃ ១ ០០០ ម៉ែតការេគឺទទួលបានប្រាក់ចំណេញប្រមាណ ៥ លានដុង  (ជាង ២០០ ដុល្លារអាមេរិក)។ ជាមួយនឹងការប្រមូលផលបង្គាម្ដងជារៀងរាល់ឆ្នាំ គឺខ្ញុំទទួលបានប្រាក់ចំណេញពី ៣០០ លានដុង ទៅ ៤ ០០ លានដុង (១២៣០០ ដុល្លារអាមេរិក ទៅ ១៦៤០០ ដុល្លារអាមេរិក)។ ខ្ញុំទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំផងដែរ”។

ទីរួមខេត្ត Gia Rai មានផ្ទៃដីផលិតកម្មជាង ៣ ម៉ឺនហិកតា ចំណុះតំបន់អេកូឡូស៊ីចំនួនពីរគឺ៖ ប្រៃ និងសាប។ តំបន់ប្រៃស្មើនឹង ២៣ ០០០ ហិកតា ហើយកាលពីមុនគឺសម្រាប់ចិញ្ចឹមបង្គា។ ទោះជាយ៉ាងណាក៏ដោយ ការចិញ្ចឹមបង្គាមិនសូវទទួលបានប្រសិទ្ធភាពឡើយ។ ដូច្នេះហើយ ចាប់ពីឆ្នាំ ២០២០ ប្រជាកសិករបានប្តូរទៅជាគំរូស្រូវ-បង្គាវិញ ពោលគឺផលិតស្រូវមួយរដូវ និងចិញ្ចឹមបង្គាមួយរដូវឆ្លាស់គ្នា ហើយកន្លែងខ្លះ ប្រជាកសិករបានរួមផ្សំការចិញ្ចឹមបង្គាដង្កៀបខៀវ ចញ្ចឹមត្រីក្នុងពេលដាំស្រូវ។ ចាប់ពីផ្ទៃដីប្រមាណ ៣ ០០០ ហិកតាពីដំបូង នាបច្ចុប្បន្ននេះ ផ្ទៃដីអនុវត្តន៍គំរូស្រូវ-បង្គានៅទីរួមខេត្ត Gia Rai បានកើនឡើងជាង ៧ ០០០ ហិកតា។ លោក Huynh Thanh Toan ប្រធានការិយាល័យសេដ្ឋកិច្ចទីក្រុង Gia Rai បានឲ្យដឹងថា៖

“បើចិញ្ចឹមត្រឹមតែបង្គគឺមានប្រសិទ្ធភាពក្នុងប៉ុន្មានឆ្នាំដំបូងប៉ុណ្ណោះ ប៉ុន្តែក្រោយមកបង្គាមានការថយចុះបន្តិចម្តងៗ ដូច្នេះហើយខេត្តបានបំផុសឲ្យប្រជាកសិករដាំស្រូវនៅលើដីដែលចិញ្ចឹមបង្គា។ គំរូថ្មីជួយកែលម្អដី  និងបង្កើនជីជាតិដី ដូច្នេះហើយការចិញ្ចឹមបង្គាទទួលបានប្រសិទ្ធភាព។ ជាមធ្យម លើផ្ទៃដីស្រូវ និងបង្គា ចំនួន ១ ហិកតា ប្រជាកសិករទទួលបានប្រាក់ចំណេញបាន  ១០០លានដុង ( ៤ ១០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ”។

និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា - ảnh 2និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា

ដើម្បីលើកកម្ពស់ថែមទៀតប្រសិទ្ធភាពនៃគំរូស្រូវ-បង្គា នាពេលថ្មីៗនេះ ខេត្ត Bac Lieu បានចំណាយថិវិកាសាងសង់ជាស្ថាពរប្រព័ន្ធធារាសាស្ត្រ និងទំនប់នៅតាមតំបន់ជាច្រើន ដើម្បីម្ចាស់ការសម្របសម្រួលទឹក ទប់ស្កាត់ទឹកប្រៃ ស្តុកទុកទឹកសាប។ ឃុំ Phong Thanh A ទីរួមខេត្ត Gia Rai បានសាងសង់ទំនប់ បម្រើការស្រោចស្រពទឹកលើផ្ទៃដីផលិតកម្មចំនួន ៣០០០ ហិកតា ដែលកំពុងផលិតកម្មតាមគំរូស្រូវ-បង្គា។

ចាប់តាំងពីពេលអនុវត្តន៍គំរូស្រូវ-បង្គា ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំបានផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ កាលពីមុន ឃុំមានគ្រួសារក្រីក្រ និងគ្រួសារនៅខ្សែបន្ទាត់ក្រីក្រជាង ៤០០ គ្រួ ប៉ុន្តែនាបច្ចុប្បន្នេះមានគ្រួសារក្រីក្រត្រឹមតែ ៤៧ គ្រួតែប៉ុណ្ណោះ។ ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ៗបានកើនពី ៧០ លានដុង/ម្នាក់/ឆ្នាំ (២៩០០ ដុល្លារអាមេរិក/ឆ្នាំ) ដល់ ៧៤ លានដុង/ម្នាក់/ឆ្នាំ (៣ ០០០ ដុល្លារអាមេរិក/ឆ្នាំ)។ លោក Pham Van Het លេខាគណៈកម្មាធិការបក្សឃុំ Phong Thanh A មានប្រសាសន៍ថា៖

“បងប្អូនប្រជាជនសប្បាយរីករាយណាស់ ព្រោះថាគំរូស្រូវ-បង្គារួមផ្សំគ្នាបាននាំមកនូវប្រសិទ្ធភាពខ្ពស់  ហើយសេដ្ឋកិច្ចរបស់ប្រជាជនអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ។ ប្រជាជនមិនចាំបាច់ទៅរកស៊ីនៅឆ្ងាយទៀតឡើយ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកម្ម បានឆ្លើយតបនឹងតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជនក្នុងឃុំ។ ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំទាំងមូលល្អប្រសើរជាង។ ប្រជាជន និងអាជ្ញាធរឃុំក៏កាន់តែសាមគ្គីគ្នា និងស្រុកចិត្តគំនិតគ្នាខ្ពស់ផងដែរ”។

ខេត្ត Bac Lieu បច្ចុប្បន្នមានផ្ទៃដី ជិត ៤ ម៉ឺនហិកតា ដែលផលិតកម្មតាមគំរូស្រូវ-បង្គា។ តាមផែនការ ដល់ឆ្នាំ ២០២៥ ខេត្តនឹងពង្រីកផ្ទៃដីផលិតកម្មឡើងជាង
៤៣ ០០០ ហិកតា។ ជាមួយនឹងគំរូវប្បកម្មនេះ ខេត្ត Bac Lieu បានឆ្ពោះទៅគោលដៅស្រូវក្រអូប-បង្គាស្រស់ និងស្រូវ-បង្គាសរីរាង្គផងដែរ៕

ប្រតិកម្មទៅវិញ