ជ្រលងភ្នំផ្លែផ្លាំមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីទីប្រជុំជនកសិដ្ឋាន Moc Chau (រូបថតៈ VOV) |
ជ្រលងភ្នំផ្លែផ្លាំ មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីទីរួមស្រុកកសិដ្ឋាន Moc Chau។ ដើម្បីទៅដល់ជ្រលងភ្នំ យើងត្រូវឆ្លងកាត់ ផ្លូវតូចចង្អៀតមួយ។ ដោយសារតែផ្លូវចូលពិបាកហើយមានចម្ងាយឆ្ងាយទៀត បាន ជា Na Ka ត្រូវបានភ្ញៀវទេសចរជាច្រើនមើលរំលងនៅពេលទៅទស្សនា Moc Chau ម្តងៗ។ ប៉ុន្តែប្រសិនបើ អ្នកអត់ធ្មត់ធ្វើដំណើរចូលជ្រលងភ្នំនោះ ពិតណាស់ថា អ្នកនឹងមិនខកចិត្តចំពោះសម្រស់ដ៏ស្រស់ស្អាតនៃព្រៃផ្លែផ្លាំជាពុំខាន។
ពេលវេលាសមស្របបំផុតសម្រាប់ទស្សនាជ្រលងភ្នំផ្លែផ្លាំគឺពេលព្រឹក នៅវេលាម៉ោង៨និង៣០ដល់៩និង៣០ នាទី ឬដើមពេលរសៀល។ យើងមិនគួរទៅពេលព្រឹកព្រលឹមពេកឡើយ ព្រោះអំឡុងពេលនោះ អ័ព្ទធ្លាក់ក្រាស់នឹងធ្វើឲ្យយើងមើលអ្វីមិនឃើញទេ។ ឬពេលរសៀលមិនមានពន្លឺព្រះអាទិត្យ យើងថតរូបមិនស្អាតទេ។ យោងតាមលោកស្រី Nguyen Thi Anh Tuyet ដែលជាម្ចាស់ចំការផ្លែផ្លាំមួយស្ថិតក្នុងជ្រលងភ្នំ Na Ka ថា ប្រមាណ ៣ ឆ្នាំថ្មីៗនេះ Na Ka ទាក់ទាញភ្ញៀវទេសចរណ៌មកទស្សនាយ៉ាងច្រើន៖ “ភ្ញៀវទេសចរតែងតែជ្រើស រើសពេលវេលាចាប់ពីខែទី១១ តាមច័ន្ទគតិសម្រាប់ទៅទស្សនាស្វែងយល់ពីជ្រលងភ្នំផ្លែផ្លាំ។ ពេលវេលាដ៏អស្ចារ្យបំផុតនោះគឺរដូវផ្ការីក គឺក្រោយពីបុណ្យចូលឆ្នាំថ្មី និងរដូវដើមឈើហូបផ្លែ ចាប់ពីខែមីនាដល់ចុងខែឧសភា ពោលគឺអំឡុងពេលនោះ ភ្ញៀវទេសចរចាប់ផ្តើមមកទស្សនាយ៉ាងច្រើនកុះករ។ ជារៀងរាល់ថ្ងៃ ចំនួនភ្ញៀវទេសចរមកលេងចំការផ្លែផ្លាំ អាចមានលើសពីមួយពាន់ទៅពីរពាន់នាក់ផងដែរ”។
មិនមែនជាការអួតអាងទាល់តែសោះបើយើងនិយាយថា ជ្រលងភ្នំផ្លែផ្លាំ គឺជាឋានសួគ៌នៅលើខ្នងភ្នំ។ ពី ព្រោះថា នៅពាក់កណ្តាលខែមករាដល់ចុងខែកុម្ភះគឺជាពេលវេលាដែលព្រៃផ្លែផ្លាំនៅទីនេះចាប់ផ្តើមចេញផ្កាដោយរីកស្គុះស្គាយ នាំមកនូវពណ៌សគួរឲ្យទាក់ទាញ។ ដល់ពាក់កណ្តាលខែមេសា ភូមិ Na Ka គួឲ្យចាប់អារម្មណ៍ណាស់ ដែលបានគ្របដណ្តប់ដោយផ្លែផ្លាំទំពាសពេញព្រៃដូចចង់ប្រាប់ថា ដល់រដូវប្រមូលផលហើយ។ មកដល់ Na Ka អំឡុងពេលនេះ អ្នកនឹងក្លាយទៅជាកសិករមួយរូប ស្ពាយកន្ត្រកលើស្មា ទៅបះផ្លែផ្លាំទុំក្រហមស្រស់។
កាលពីពីរបីឆ្នាំមុន ជ្រលងភ្នំ Na Ka គ្រាន់តែជាតំបន់ដាំផ្លែផ្លាំរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះ។ ហើយកាលនោះ ប្រជាជននៅទីនេះមិនទាន់គិតអំពីវិស័យទេសចរណ៍នោះទេ។ ប៉ុន្តែ ទេសភាពធម្មជាតិដ៏អស្ចារ្យបានទាក់ទាញភ្ញៀវទេសចរមកទស្សនាទីនេះ។ ដោយចាប់យកការនិយមចូលចិត្តរបស់ភ្ញៀវទេសចរ បានជាម្ចាស់ចំការផ្លែផ្លាំបានបើកសេវាកម្ម ដូចជា ឲ្យថតរូបក្នុងចំការនិងបានបះផ្លែផ្លាំផ្ទាល់ដៃក្នុងចំការតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមចំការផ្លែផ្លាំ ជួនកាលមានខ្ទម ដែលមានកម្ពស់ពី ៤ ទៅ ៥ ម៉ែត្រពីលើដីសម្រាប់ភ្ញៀវទេសចរថតរូបឬមានកញ្ចុះឈើសម្រាប់ភ្ញៀវទេសចរសម្រាកខណៈពេលទៅលេងចំការម្តងៗ។ នៅខ្លោង ទ្វារចូលចំការ ភ្ញៀវទេសចរអាចជួបជាមួយស្ត្រីជនជាតិភាគតិច Mong ឲ្យជួលសំលៀកបំពាក់ជនជាតិដើម្បីថតរូបផងដែរ។
ចំណាយពេលពេញមួយថ្ងៃ ភ្ញៀវអាចស្វែងយល់ជ្រលងភ្នំផ្លែផ្លាំទាំងមូល។ យ៉ាងណាមិញ ភ្ញៀវទេសចរស្ទើរតែទាំងអស់មកទីនេះ សុទ្ធតែទទួលបានអារម្មណ៍ពេញចិត្ត ចំពោះបទពិសោធន៍នៅជ្រលងភ្នំផ្លែផ្លាំ Na Ka ជាពុំខាន។ លោក Trinh Hoang Duong អ្នកទេសចរមកពីទីក្រុងហាណូយ ពេលបានទស្សនាជ្រលងភ្នំផ្លែផ្លាំបានចែករំលែកថា៖ “ខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំឃើញដើមផ្លែផ្លាំដែលមានអាយុកាលច្រើនឆ្នាំ ហើយផ្លែគឺស្រស់ស្អាតមិនគួរឱ្យជឿសោះ។ បរិយាកាសគឺអស្ចារ្យណាស់។ ជ្រលងភ្នំនេះ គឺធំល្វើយណាស់ហើយធំទូលាយទៀត។ ចំការមួយមានទំហំធំទូលាយរួចទៅហើយប៉ុន្តែមានចំការជាច្រើនដែលព័ទ្ធជុំវិញដោយភ្នំ គួរឲ្យទាក់ទាញមិនទែន។ ខ្ញុំពិតជាចូលចិត្តយ៉ាងក្រៃលេង ហើយខ្ញុំនឹងត្រឡប់មកវិញនាថ្ងៃណាមួយដែរ”។
Moc Chau តំបន់ដីដែលត្រូវបានគេចាត់ទុកថាជាដាឡាតនៃភាគពាយព្យរបស់វៀតណាម ហើយតំបន់នេះតែងតែស្រូបយកបេះដូងភ្ញៀវទេសចរជានិច្ច។ ចំណាយពេលសម្រាប់ទស្សនាជ្រលងភ្នំផ្លែផ្លាំ អ្នកទាំងអស់គ្នានឹងរីករាយជាមួយនឹងក្លិនក្រអូបនៃធម្មជាតិភ្នំនិងជីវភាពដ៏សុខសាន្ដ នៅពេលសំណេះសំណាលជាមួយអ្នកភូមិដ៏សាមញ្ញនៅទីនេះ។ ចូលទៅលេងក្នុងចំការផ្លែផ្លាំដ៏ធំល្វឹងល្វើយនៅក្នុងភូមិ Na Ka អ្នកទាំងអស់ហាក់ដូចជាអាចភ្លេចភាពមមាញឹកនៃជីវភាពប្រចាំថ្ងៃ។ ពោលគឺ ជ្រលងភ្នំផ្លែផ្លាំ Na Ka គឺជាទិសដៅសម្រាប់អ្នកដែលចង់ចាកចេញពីទីប្រជុំជនដ៏អូអរដើម្បីស្វែងរកភាពសុខសាន្តត្រានតាមបែបធម្មជាតិ៕