នៅក្នុងរយៈពេលដើមសិសិររដូវ តំបន់ព្រៃភ្នំ Ha Giang ហាក់ដូចជាបានស្លៀកពាក់អាវថ្មីមួយឈុត ជាមួយពណ៌ស្វាយ ពណ៌ស និងពណ៌ផ្កាឈូកនៃផ្កា tam giac mach។
រដូវផ្កា tam giac mach ក៏ជារដូវទេសចរណ៍និងរដូវស្អាតបំផុតក្នុងឆ្នាំនៃខេត្ត Ha Giang ផងដែរ។
រដូវផ្កា tam giac mach ចាប់ផ្ដើមពីចុងសរទរដូវ ហើយអាចអូសបន្លាយរហូតដល់ដំណាច់បុណ្យចូលឆ្នាំថ្មីប្រពៃណី។
នៅប៉ុន្មានឆ្នាំកន្លងមក ផ្កា tam giac mach ត្រូវបានគេដាំនៅទីកន្លែងជាច្រើន ប៉ុន្តែ ចំណាប់អារម្មណ៍ដែលបានសម្របខ្លួនចូលក្នុងទស្សនីយភាពដ៏សុខសាន្ត ហើយគយគន់វាលផ្កា tam giac mach នៅក្នុងបរិយាកាសត្រជាក់តិចៗនៅតំបន់ព្រៃភ្នំដូចនឹងខេត្ត Ha Giang នោះ គឺពិបាករកឃើញនៅកន្លែងផ្សេងៗណាមួយឡើយ។
ក្រៅពីនោះ ដំណាំ tam giac mach ក៏ជាដំណាំអាហារមួយប្រភេទដូចនឹងពោតនិងស្រូវអញ្ចឹងដែរ។
ជនជាតិភាគតិចប្រើប្រាស់គ្រាប់ tam giac mach ដើម្បីកិនជាម្សៅ ឬចម្អិនជាមួយពោត ដែលក្លាយទៅជាស្រាពិសេសមួយប្រភេទដោយមានរស់ជាតិឈ្ងុយឆ្ងាញ់។ ដើម tam giac mach ខ្ចីអាចយកមកស្ងោរសម្រាប់ទទួលទានដូចបន្លែ ហើយដើមចាស់អាចយកធ្វើជាចំណីសម្រាប់បសុសត្វផងដែរ។
ផ្កា tam giac mach បានក្លាយទៅជានិមិត្តរូបនៃកម្លាំងរស់ដ៏ខ្លាំងក្លារបស់ប្រជាជនប្រចាំតំបន់ ដែលបានជំនះពុះពារលើការលំបាកវេទនា ដើម្បីកសាងជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរឡើង។
ជាពិសេស រូបភាពកុមារជនជាតិភតាគតិចប្រឡែងនៅលើវាលផ្កា tam giac mach នឹងបន្សល់ទុកមកការចាប់អារម្មណ៍ដែលពិបាកបំភ្លេចបានចំពោះភ្ញៀវទេសចរជាក់ជាពុំខាន។
ដោយបង្កប់អត្ថន័យជាច្រើនយ៉ាងដូច្នេះ ខេត្ត Ha Giang បានសម្រេចចិត្តរៀបចំពិធីបុណ្យដោយឡែកមួយអំពីប្រភេទផ្កានេះ ដែលចាប់ផ្ដើមពីខែតុលាជារៀងរាល់ឆ្នាំ។
ពិធីបុណ្យផ្កា tam giac mach តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទីមកទស្សនាជារៀងរាល់ឆ្នាំ។
ឆ្លងកាត់រដូវពិធីបុណ្យចំនួន៦រដូវ មិនត្រឹមតែផ្កា tam giac mach ប៉ុណ្ណោះទេ ថែមទាំងភាពស្រស់ស្អាតនៃធម្មជាតិនិងមនុស្សតំបន់ពាយព្យបានរីកសាយភាយយ៉ាងទូលំទូលាយនៅទាំងក្នុងនិងក្រៅប្រទេស៕