ពិភពលោក​ខិតខំប្រឹងប្រែងសម្រេចឲ្យបាន​​សន្ធិសញ្ញា​សកល​ស្ដីពីការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក

Chia sẻ
(VOVWORLD) - ថ្នាក់ដឹកនាំនៃប្រទេស និងសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក នាថ្ងៃទី ២៣ មេសា បានចាប់ផ្ដើមជុំចរចាជាបន្តនៃសន្ធិសញ្ញាសកលលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិកនៅទីក្រុង Ottawa (កាណាដា) ជាមួយនឹងការប្តេជ្ញាចិត្តបង្រួញការខ្វែងគំនិត ដើម្បីសម្រេចឲ្យបានគោលដៅអនុម័តលើសន្ធិសញ្ញានាចុងឆ្នាំនេះ។
ពិភពលោក​ខិតខំប្រឹងប្រែងសម្រេចឲ្យបាន​​សន្ធិសញ្ញា​សកល​ស្ដីពីការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក - ảnh 1បច្ចុប្បន្ន ពិភពលោកបញ្ចេញកាកសំណល់ប្លាស្ទិកប្រហែល ៤០០លានតោនជារៀងរាល់ឆ្នាំ។ រូបភាព៖ រ៉យទ័រ

សន្ធិសញ្ញាដ៏សំខាន់បំផុតក្រោយពីសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្ដីពីការប្រែប្រួលអាកាសធាតុ

យោងតាមតួរលេខរបស់ UNEP ពិភពលោកបច្ចុប្បន្នផលិតប្លាស្ទិកចំនួន ៤០០ លាន ម៉ែត្រគូបជារៀងរាល់ឆ្នាំ ហើយមានត្រឹមតែប្រហែល ១០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ប្រសិនបើគ្មានវិធានការណ៍រឹតបន្តឹងទិន្នផលផ្លាស្ទិកសកលលោកនឹងកើនឡើងបីដងនាឆ្នាំ ២០៦០ ខណៈពេលដែល ក្រុមហ៊ុនប្រេងរ៉ែស្វែងរកវិធីធ្វើពិពិធកម្មប្រភពចំណូលតាមរយៈផលិតផលផ្លាស្ទិក ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយវិស័យគីមីឥន្ធនៈ ក្រោមសម្ពាធកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ លើសពីនេះទៀត ផ្នែកឧស្សាហកម្មផ្លាស្ទិកកំពុងស្រូបយក ៥% នៃការបញ្ចេញកាបូនពិភពលោកជារៀងរាល់ឆ្នាំ ហើយនឹងកើនឡើងដល់ ២០% នាឆ្នាំ ២០៥០  ជាមួយអត្រាផលិតកម្មបច្ចុប្បន្ន។ ធ្ងន់ធ្ងរជាងនេះទៅទៀត យោងតាមការសិក្សារបស់ UNEP បានឲ្យដឹងថា មានសារធាតុគីមីប្រហែល ១៣ ០០០ ប្រភេទ ត្រូវបានរកឃើញនៅក្នុងផលិតផលប្លាស្ទិក ហើយប្រហែល ១/៤ នៃសារធាតុទាំងនេះអាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ ដូច្នេះហើយ យោងតាមលោកស្រី Inger Andersen សន្ធិសញ្ញាដែលអង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងកសាងនឹងនាំមកឲ្យប្រទេសនានារិធីអភិក្រមដ៏ទូលំទូលាយ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក៖

“សន្ធិសញ្ញានេះមិនមែនជាឧបករណ៍ដើម្បីដោះស្រាយរាល់បញ្ហាបំពុលដោយប្លាស្ទីកត្រឹមតែតាមរយៈការកែច្នៃឡើងវិញ ឬការគ្រប់គ្រងសំណល់ប្លាស្ទិកឡើយ ពោលគឺ ដោះស្រាយវដ្តជីវិតទាំងមូលនៃផលិតផលប្លាស្ទិក។ ប្រការនេះមានន័យថា ចាំបាច់ត្រូវវាយតម្លៃឡើងវិញរាល់ខ្សែសង្វាក់ទាំងមូល ចាប់ពី polymer រហូតដល់ការផលិត ហើយចាប់ពីផលិតផលរហូតដល់ការវេចខ្ចប់ផងដែរ”។

បច្ចុប្បន្ន ក្រោយពេលចាចារ ៣ ជុំមក សន្ធិសញ្ញានេះមិនទាន់សម្រេចបានវឌ្ឍនភាពជាច្រើនឡើយ។ ក្នុងជុំចរចាថ្មីៗបំផុត (INC-3) នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំមុន ភាគីចរចាត្រូវពង្រីកសេចក្តីព្រាងសន្ធិសញ្ញាពី ៣០ ទំព័រទៅ ៧០ ទំព័រ ដោយសារមានបញ្ហាចម្រូងចម្រាសជាច្រើន ហើយប្រទេសជាច្រើនបានស្នើឱ្យត្រូវកត់សម្គាល់ការប្រឆាំងជំទាស់រាល់គោលដៅមហិច្ឆតាទៅក្នុងសេចក្តីព្រាងសន្ធិសញ្ញា។ ដូច្នេះហើយ នៅ INC-4 ដែលប្រព្រឹត្តទៅនៅសប្តាហ៍នេះនៅទីក្រុង Ottawa ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស សម្ព័ន្ធក្រុមហ៊ុន ក្រុមអ្នកបញ្ចុះបញ្ចូល រួមជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញច្បាប់ជាង ៣ ៥០០ នាក់នឹងត្រូវស្វែងរកមធ្យោបាយបង្រួញគម្លាតការខ្វែងគំនិតគ្នា ឯកភាពគ្នាលើបញ្ហារួមមួយចំនួនមុនពេលប្រព្រឹត្តិទៅជុំចរចាចុងក្រោយដែលមានលក្ខណៈសម្រេចកំណត់ (INC-5) ដែលប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនៅទីក្រុងប៊ូសាន(កូរ៉េខាងត្បូង)។

សំណួរអំពីមហិច្ឆតានៃសន្ធិសញ្ញា

ពិភពលោក​ខិតខំប្រឹងប្រែងសម្រេចឲ្យបាន​​សន្ធិសញ្ញា​សកល​ស្ដីពីការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក - ảnh 2ប្រធានាធិបតីកេនយ៉ា លោក William Ruto។ រូបថត៖ AFP/TTXVN

យោងតាមប្រធាន INC លោក Andres Gomez-Carrion បានឲ្យដឹងថា បញ្ហាប្រឈមដ៏ធំបំផុតនាពេលបច្ចុប្បន្នក្នុងការសម្រេចឲ្យបានសន្ធិសញ្ញាគឺភាគីនានាមិនទាន់សម្រេចបានមហិច្ឆតានៃសន្ធិសញ្ញានៅកម្រិតណាមួយឡើយ។ បច្ចុប្បន្ននេះ ក្រុមប្រទេស ដែលផលិតផលិតផលប្លាស្ទិក និងគីមីឥន្ធនៈច្រើនដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់និង ចិនបានប្រឆាំងជំទាស់ការដាក់បញ្ជូលបទប្បញ្ញត្តិកំណត់ការផលិតប្លាស្ទិកទៅក្នុងសន្ធិសញ្ញា ដោយហេតុផលថា ការកំណត់ការផលិតប្លាស្ទិកនឹងធ្វើឱ្យតម្លៃសកលលោកកើនឡើងប៉ះពាល់អវិជ្ជមានដល់ប្រជាជន។ ទស្សនៈនេះទទួលបានការគាំទ្ររបស់ក្រុមដៃគូសកលលោកស្ដីពី

ត្រូវបានគាំទ្រដោយភាពជាដៃគូសកលស្ដីពីប្លាស្ទិកវិលជុំ (GPPC) ដែលជាកន្លែងប្រមូលផ្ដុំសម្ព័ន្ធក្រុមហ៊ុនប្លាស្ទិក និងគីមីជាច្រើនរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។ ក្នុងពេលនោះ ក្រុមផ្សេងមួយទៀត ដែលមានប្រទេសជាង ៦០ ដែលត្រូវបានហៅថា “សម្ព័ន្ធភាពមហិច្ឆិតាខ្ពស់” ដឹកនាំដោយសហភាពអឺរ៉ុប (EU) ជប៉ុន និងប្រទេសមួយចំនួនទៀតមានគោលបំណងថាសន្ធិសញ្ញាកាត់បន្ថយទិន្នផលប្លាស្ទីកសកលលោក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបឋម បញ្ឈប់ទាំងស្រុងការប្រើប្រាស់ផលិតផលផ្លាស្ទិកប្រើតែមួយដង និងហាមប្រាមសារធាតុគីមីមួយចំនួន។ សហរដ្ឋអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើប្រាស់ផលិតផលប្លាស្ទិកច្រើនជាងគេលើពិភពលោកបានគាំទ្រមហិច្ឆតាបញ្ចប់ការបំពុលដោយប្លាស្ទិកនាឆ្នាំ ២០៤០  ប៉ុន្តែចង់ឱ្យប្រទេសនានាដាក់ចេញផែនការដោយខ្លួនឯង ជំនួសឱ្យបទប្បញ្ញត្តិចាប់បង្ខំក្នុងសន្ធិសញ្ញា។

យោងតាមប្រធានាធិបតីលោក Willam Ruto នៃប្រទេសកេនយ៉ា ដែលជាប្រទេសម្ចាស់ផ្ទះ INC-3 ហើយជាប្រទេសសកម្មបំផុតមួយក្នុង "សម្ព័ន្ធភាពមហិច្ឆតាខ្ពស់" បានឲ្យដឹងថា ដើម្បីស្វែងរកសម្លេងរួម ប្រទេសនានាចាំបាច់ត្រូវមានវិធីអភិក្រមនៅពេលកសាងសន្ធិសញ្ញា ពោលគឺឆ្ពោះទៅរកការផ្លាស់ប្ដូរទំលាប់ប្រើប្រាស់ផ្លាស្ទិកក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ៖

 “ដើម្បីទប់ទល់នឹងការបំពុលប្លាស្ទីក មនុស្សជាតិចាំបាច់ត្រូវផ្លាស់ប្តូរ។ យើងត្រូវ ផ្លាស់ប្តូររបៀបប្រើប្រាស់ របៀបផលិតកម្ម និងរបៀបដោះស្រាយកាកសំណល់។ ការផ្លាស់ប្តូរគឺជាប្រការជៀសមិនរួច ហើយសន្ធិសញ្ញាដែលយើងកំពុងកសាងត្រឹមតែជាតំណភ្ជាប់ដំបូងនៃការផ្លាស់ប្តូរនេះប៉ុណ្ណោះ”។

ក្រៅពីការខ្វែងគំនិតរវាងប្រទេសនានា កត្តាមួយទៀតដែលភាគីពាក់ចូលរួមចរចាសន្ធិសញ្ញាត្រូវតែគិតគូរគឺតួនាទីរបស់សម្ព័ន្ធក្រុមហ៊ុនផលិតកម្មទំនិញប្រើប្រាស់ពហុជាតិសាសន៍ និងក្រុមបញ្ចុះបញ្ចូលដែលមានវត្តមានយ៉ាងច្រើនកុះករក្នុង INC-4 ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បានឲ្យដឹងថា អាចជំរុញការសម្រេចសន្ធិសញ្ញា ប្រសិនបើសម្ព័ន្ធក្រុមហ៊ុនទាំងនេះយល់ព្រមនាំចេញការសន្យាយ៉ាងខ្លាំងក្លាជាងក្នុងការវេចខ្ចប់ ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ ឬការកាត់បន្ថយផលិតផលប្លាស្ទិក៕

ប្រតិកម្មទៅវិញ