កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD

Chia sẻ

(VOVWORLD) - ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២-៣ ខែឧសភា នៅទីក្រុងប៉ារីស (ប្រទេសបារាំង) សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់អង្គការសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំនេះ បានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយ សម្រាប់កំណើនប្រកបដោយនិរន្តរភាព បញ្ញាសិប្បនិម្មិត និងកាត់បន្ថយការបំភាយ កាបូន។

ក្នុងនាមជាវេទិកាកម្រិតខ្ពស់បំផុតរបស់ OECD សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រី OECD (MCM) ឆ្នាំនេះ ធ្វើឡើងក្រោមសហអធិបតីភាពរបស់ប្រទេសជប៉ុន និងម៉ិកស៊ិក ជាមួយនឹងគោលដៅដឹកនាំការពិភាក្សាជាសកល តាមរយៈវិធីអភិក្រម ដោយសត្យានុម័ត គួរឲ្យទុកចិត្ត ឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លើកកំពស់តួនាទីរបស់ OECD

ក្នុងរយៈពេល ២ ថ្ងៃនៃ MCM គណៈប្រតិភូបានចូលរួមសម័យប្រជុំសំខាន់ៗក្រោមប្រធានបទដូចជា៖ ការប្រកាសរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចសកលរបស់ OECD; ជំរុញការគ្រប់គ្រងបញ្ញាសិប្បនិម្មិតជាសកលនិងប្រកបដោយបរិយាប័ន្ន; បង្កើនប្រសិទ្ធភាពនៃសកម្មភាពអាកាសធាតុសកល; កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពីវិធីអភិក្រមកាត់បន្ថយការបំភាយកាបូន (IFCMA)។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD - ảnh 1អគ្គលេខាធិការ OECD លោក Mathias Cormann អញ្ជើញថ្លែងក្នុងសម័យបើកនៃសន្និសីទ។ (រូបថត៖ Anh Tuan/VOV) 

អញ្ជើញថ្លែងក្នុងសម័យបើកនៃ សន្និសីទ អគ្គលេខាធិការ OECD លោក Mathias Cormann បានអះអាងថា ពិភព លោកកំពុងឈានទៅដល់ចំណុចរបត់មួយ ជាមួយនឹងបញ្ហាប្រឈមធំៗជាច្រើន ដែលអាចកំណត់រូបរាងនៃការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាច្រើនដូចជា៖ វិបត្តិសេដ្ឋកិច្ចជាប់ៗគ្នា ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភូមិសាស្ត្រនយោបាយ និន្នាការកាន់តែខ្លាំងនៃលទ្ធិគាំពារនិយម ហានិភ័យនៃការបាក់ដាច់និងការពុះជ្រៀកផ្នែក បច្ចេកវិទ្យា... ហេតុដូច្នេះ តួនាទី និងបេសកកម្មរបស់ OECD ក្នុងការតភ្ជាប់ប្រទេស នានា ដើម្បីកសាងគោលនយោបាយសកលប្រកបដោយនិរន្តរភាព គឺមានភាពចាំបាច់ បន្ទាន់ជាងពេលណាៗទាំងអស់៖

“យើងខ្ញុំផ្តោតការងាររបស់ខ្លួន លើការជំរុញពាណិជ្ជកម្ម និងការវិនិយោគដោយ សេរី និងយុត្តិធម៌ តាមនោះពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យើងខ្ញុំក៏កំពុងផ្តោតការខិតខំ ប្រឹងប្រែងរបស់ខ្លួន ដើម្បីនាំមកនូវការដឹកនាំដ៏ចាំបាច់ ដែលជួយឆ្លើយតបដោយជោគ ជ័យទៅនឹងបញ្ហាប្រឈមខាងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ផងដែរ”។

នៅថ្ងៃដំបូងនៃ MCM ក្នុងនាមជាប្រធានសន្និសីទ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសគំនិតផ្តួចផ្តើមអំពីការបង្កើតក្របខ័ណ្ឌគតិយុត្តិអន្តរជាតិ ថ្មីមួយ ដើម្បីគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិតចេះនិពន្ធ (Generative AI)។ លោក Fumio Kishida ក៏បានសង្កត់ធ្ងន់លើការថែរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ចសេរី និងយុត្តិធម៌ ក៏ដូចជាភាពចាំបាច់នៃការពង្រីកភាពជាដៃគូ និងការសន្ទនារវាង OECD ជាមួយប្រទេសដែលមិនទាន់ជាសមាជិកនៃអង្គការនេះផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD - ảnh 2ប្រតិភូដែលអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់អង្គការសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ (រូបថត៖ VOV)

សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នចំពោះកំណើនពិភពលោក

សកម្មភាពគួរឱ្យកត់សម្គាល់មួយក្នុងក្របខ័ណ្ឌ MCM ឆ្នាំនេះ គឺការចេញផ្សាយរបាយការណ៍ថ្មីបំផុតរបស់ OECD ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចសកល ដែលក្នុងនោះ គេបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះដល់ ៣,១% ខ្ពស់ជាង ការព្យាករណ៍ ២,៩% ដែលបានធ្វើឡើងកាលពីខែកុម្ភៈកន្លងទៅ។

ដោយពន្យល់ពី ការព្យាករណ៍ដោយសុទិដ្ឋិនិយមនេះ អគ្គលេខាធិការ OECD លោក Mathias Cormann បាននិយាយថា មូលហេតុចម្បងមួយគឺមកពីកំណើនជាវិជ្ជមាននៃមហា អំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក គឺសហរដ្ឋអាមេរិក និងចិន។ ជាក់ស្ដែងគឺ OECD បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ ធៀបនឹង ការព្យាករណ៍២,១% មុននោះ និងកំណើន ២,៥% កាលពីឆ្នាំមុន។ សម្រាប់សេដ្ឋកិច្ច ចិនវិញ OECD បានបង្កើនការព្យាករណ៍កំណើនក្នុងឆ្នាំនេះដល់ ៤,៩% ធៀបនឹងការ ព្យាករណ៍ ៤,៧% មុននោះ ដោយផ្អែកលើគោលនយោបាយថវិកាបើកចំហរបស់ ប្រទេសនេះ។

សរុបមក អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតម្លៃថា សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងអំពីសេដ្ឋកិច្ចសកលកំពុងចាប់ផ្តើមកើតមាន៖ “បច្ចុប្បន្ន មានហេតុផលមួយចំនួនសម្រាប់ការបន្តសុទិដ្ឋិនិយមនៅក្នុងប៉ុន្មានខែ និង ត្រីមាសខាងមុខ។ ទោះបីជាការរិតបន្តឹងគោលនយោបាយរូបិយវត្ថុនៅតែជះឥទ្ធិពល ជាពិសេសលើទីផ្សារលំនៅដ្ឋាន និងឥណទានក៏ដោយ ប៉ុន្តែសកម្មភាពសេដ្ឋកិច្ច សកលគឺមានភាពធន់គួរសម។ ទំនុកចិត្តនៃវិស័យឯកជនមានភាពប្រសើរឡើង អតិផរណាបានថយចុះបន្តិចម្តងៗដល់កម្រិតគោលដៅរបស់បណ្ដាធនាគារកណ្តាល ហើយហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោកក៏មានតុល្យភាពជាងមុនដែរ”។

ទោះជាយ៉ាងណាក៏ដោយ ប្រធានសេដ្ឋវិទូរបស់ OECD លោកស្រី Clare Lombardelli ក៏បានព្រមានថា សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងហានិភ័យធំៗ មួយចំនួន រួមទាំងអស្ថិរភាពភូមិសាស្ត្រនយោបាយ និងអតិផរណាខ្ពស់ដ៏រាំរ៉ៃ ជា ពិសេសក្នុងវិស័យសេវាកម្ម ដែលបណ្តាលឱ្យប្រាក់ចំណូល និងកម្លាំងទិញរបស់ ប្រជាជនធ្លាក់ចុះ៕

ប្រតិកម្មទៅវិញ