ពិភពលោក និងការព្រួយបារម្ភអំពីភេរវនិយម

Chia sẻ
(VOVWORLD) - ការវាយប្រហារភេរវកម្មនាថ្ងៃទី ២២ មិនា នៅរោងមហោស្រព Crocus នៅទីក្រុងម៉ូស្គូបានបន្លឺកណ្តឹងរោទិ៍ព្រមាន ដែលសរឲ្យឃើញថាភេរវនិយមនៅតែជាការគំរាមកំហែងសន្តិសុខដ៏ធំបំផុតចំពោះប្រទេសជាច្រើននៅលើពិភពលោក។

នាយប់ថ្ងៃទី ២២ មិនា ក្រុមភេរវករប្រដាប់អាវុធមួយក្រុមបានបើកការបាញ់កាំភ្លើង វាយប្រហារ និងគប់គ្រាប់បែកសាំងដុតបំផ្លាញរោងមហោស្រព Crocus City Hall នៅជាយក្រុងម៉ូស្គូ (រុស្ស៊ី) នៅពេលដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ចូលរួមការប្រគុំតន្ត្រី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ស្លាប់ និងមនុស្សរាប់រយនាក់ទៀតរងរបួស។ នេះជាអំពើភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតនៅរុស្ស៊ីក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។

សាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី

ត្រឹមតែប៉ុន្មានម៉ោងក្រោយការវាយប្រហារភេរវករ ក្រុមឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងក្រុម Khorasan សាខា IS នៅ អាហ្វហ្គានីស្ថាន (ISIS-K) បានអះអាងទទួលខុសត្រូវអនុវត្តន៍ករណីនេះ។ ក្នុងរយៈពេល ១២ ម៉ោងបន្ទាប់ពីការវាយប្រហារភេរវកម្ម មន្ត្រីសន្តិសុខរុស្ស៊ីក៏បានធ្វើប្រតិបត្តិការស្វែងរកដោយទ្រង់ទ្រាយធំ និងចាប់ខ្លួនជនសង្ស័យចំនួន ១១ នាក់ ក្នុងនោះមានជនសង្ស័យ ៤ នាក់ ដែលបានបាញ់ប្រហារដោយផ្ទាល់ទៅលើហ្វូងមនុស្ស។ ប្រធានាធិបតីរុស្ស៊ីលោក លោក Vladimir Putin បានប្រកាសថា នឹងស៊ើបអង្កេតដល់ទីបញ្ចប់

និងដាក់ទោសអ្នកពាក់ព័ន្ធទាំងអស់ក្នុងការវាយប្រហារ ដែលបានសម្លាប់ជនស៊ីវិលរុស្ស៊ី។ យោងតាមអ្នកជំនាញសន្តិសុខអន្តរជាតិបានឲ្យដឹងថា ការដែលក្រុមភេរវករ ជាពិសេសគឺ IS កំណត់គោលដៅលើរុស្ស៊ី ត្រូវបានព្រមានជាមុនហើយ។ ហេតុផលគឺអាជ្ញាធររុស្ស៊ីបានជួយឧបត្ថម្ភយ៉ាងសកម្មដល់ស៊ីរីវាយប្រហារកម្ចាត់ កងកម្លាំង IS នៅភាគខាងជើងស៊ីរីក្នុងយុទ្ធនាការយោធាចាប់តាំងពីឆ្នាំ ២០១៥ ហើយ ISIS-K កំពុងស្វែងរកវិធីពង្រីកឥទ្ធិពលរបស់ខ្លួនចាប់តាំងពីបណ្តាញរបស់ក្រុមនេះនៅអាហ្វហ្គានីស្ថានត្រូវបានបង្រួញ។

ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីមានការព្រមានក៏ដោយការវាយប្រហារភេរវកម្មបង្ហូរឈាមនៅជាយទីក្រុងម៉ូស្គូ នៅតែធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលជាមួយនឹងផលវិបាកដ៏សាហាវអំពីអាយុជីវិត។ ប្រទេសជាច្រើននៅលើពិភពលោកបានបង្ហាញ់ពី ការអាណិតអាសូរចំពោះការបាត់បង់របស់ប្រជាជនរុស្ស៊ី ហើយបានអះអាងថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគឺជាកិច្ចការរួមរបស់មនុស្សជាតិ។ ប្រធានាធិបតីទួរគីលោក Recep Tayip Erdogan បានមានប្រសាសន៍ថា៖

“ភេរវនិយមគឺមិនអាចទទួលយកបានឡើយ  មិនថាវាមកពីណា ឬអ្នកណាអនុវត្តន៍។ក្នុងនាមជាប្រទេសមួយដែលយល់ដឹងយ៉ាងច្បាស់លាស់អំពីអំពើបង្ហូរឈាមនៃភេរវនិយម យើងខ្ញុំចែករំលែកការឈឺចាប់របស់ប្រជាជនរុស្ស៊ី។ យើងខ្ញុំនឹងបន្តការប្រយុទ្ធប្រឆាំងនឹងភេរវនិយម ដែលជាសត្រូវរួមរបស់មនុស្សជាតិផងដែរ”។

ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអំពាវនាវដល់ប្រទេសនានាទុកការខ្វែងគំនិតនយោបាយដោយឡែកពីគ្នា ដើម្បីសហប្រតិបត្តិការលុបបំបាត់រាល់ទម្រង់នៃភេរវនិយមអន្តរជាតិ៖

“យើងខ្ញុំដឹងអំពីការគំរាមកំហែងនៃភេរវនិយម។  យើងខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដែលចែករំលែកការឈឺចាប់ដោយស្មោះជាមួយយើងខ្ញុំ  ហើយត្រៀមខ្លួនជាស្រេចចូលរួម ការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមគឺភេរវនិយមអន្តរជាតិ។ ភេរវករ និងឃាតករនឹងប្រឈមមុខនឹងជោគវាសនាតែមួយគត់ប៉ុណ្ណោះ៖ ការដាក់ទណ្ឌកម្ម និងការបំភ្លេចចោល។ ពួកគេគ្មានអនាគតឡើយ”។

គ្រោះអាសន្នអំពើភេរវកម្មរីករាលដាល

ការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនៅជាយទីក្រុងម៉ូស្គូបានសរឲ្យឃើញថា ភរវនិយមនៅតែជាការគំរាមកំហែងផ្នែកសន្តិសុខដ៏ធំបំផុតមួយចំពោះប្រទេសជាច្រើនជុំវិញពិភពលោក បើទោះបីជាអង្គការ IS បានទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីការយុទ្ធនាការកំចាត់របស់ប្រទេសជាច្រើនតាំងពីរឆ្នាំ ២០១៥ ក៏ដោយ។ យោងតាម លោក Colin P.Clarke អ្នកវិភាគប្រឆាំងភេរវកម្មនៅ Soufan Group ជាក្រុមហ៊ុនប្រឹក្សាសន្តិសុខដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ទោះបីជាត្រូវបានវាយបណ្តេញចេញពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងត្រូវបានរឹតបន្តឹងសកម្មភាពដោយកងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថានក៏ដោយ ក៏ក្រុម ISIS-K នៅតែមានសមត្ថភាពវាយប្រហារលើ គោលដៅជាច្រើនជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែប្រទេសលោកខាងលិចថ្មីៗនេះបានរឹតបន្តឹងវិធានការសន្តិសុខ និងការវាយប្រហារជាមុន ក្រុម ISIS-K មានឱកាសតិចតួចក្នុងការវាយប្រហារប្រទេសលោកខាងលិច ដូច្នេះហើយពួកវាបានផ្លាស់ប្តូរគោលដៅទៅកាន់ប្រទេសផ្សេងទៀតដូចជា អ៊ីរ៉ង់ រុស្ស៊ី ប៉ាគីស្ថាន។ ទោះជាយ៉ាងណាក៏ដោយ គ្រោះអាសន្នសន្តិសុខ ភេរវកម្មចំពោះប្រទេសលោកខាងលិចនៅតែមានកម្រិតខ្ពស់។ នាថ្ងៃទី ២១ ខែមីនា មេបញ្ជាការនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោកឧត្តមសេនីយ៍ Michael Kurilla បានចែករំលែកថា៖

“ក្រុម ISIS បានលេចចេញ ហើយបានធ្វើការវាយប្រហារនៅតាមប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីដើមឆ្នាំនេះ ហើយគ្រោះអាសន្ននៃការវាយប្រហារភេរកម្ម ដែលមានប្រភពមកពីប្រទេសអាហ្វហ្គានីស្ថានកំពុងកើនឡើង។ ខ្ញុំវាយតម្លៃថា ISIS Khorasan នៅតែរក្សាសមត្ថភាព និងការប្តេជ្ញាចិត្តដើម្បីវាយប្រហារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងលោកខាងលិចនៅបរទេសក្នុងរយៈពេលប្រមាណ ៦ ខែខាងមុខ ដោយមានការព្រមានតិចតួច ឬសូម្បីតែគ្មានឡើយ”។

ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្នទាំងនេះ ប្រទេសលោកខាងលិចជាបន្តបន្ទាប់កំពុងរឹតបន្តឹងវិធានការសន្តិសុខ។ ភ្លាមៗបន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូ ប្រទេសម្ចាស់ផ្ទះអូឡាំពិកឆ្នាំនេះគឺ បារាំងបានតម្លើងកម្រិតប្រកាសអាសន្នសុវត្ថិភាពដល់កម្រិតខ្ពស់បំផុតក្នុងកម្រិតប្រកាសអាសន្នទាំង ៣ កម្រិតនៃប្រព័ន្ធ Vigipirate ។ យោងតាមប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខបារាំងបានបំផ្លាញផែនការវាយប្រហារភេរវកម្មជាច្រើនរបស់ក្រុម IS ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ប៉ុន្តែឧប្បត្តិហេតុថ្មីៗនេះដែលកើតមានឡើងនៅ លោកឧត្តមសេនីយ៍ Michael Kurilla រុស្ស៊ីបានបង្ហាញថាការគំរាមកំហែងនៃអំពើភេរវកម្មនៅតែបន្តដាក់បន្ទុកដ៏ធ្ងន់ធ្ងរដល់បារាំង ជាពិសេសក្នុងបរិបទដែលឆ្នាំនេះនឹងជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលពិធីបើកកីឡាអូឡាំពិកនឹងត្រូវប្រារព្ធឡើងនៅខាងក្រៅពហុកីឡាដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ