ការពារអធិបតេយ្យភាពកោះសមុទ្រដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ

HONG VAN
Chia sẻ

(VOVWORLD) - ក្នុងនាមជាប្រទេសដែនសមុទ្រ បញ្ហាសន្តិសុខដែនសមុទ្រមានសារៈសំខាន់ជាពិសេសសម្រាប់ វៀតណាម ដែលជះឥទ្ធិពលយ៉ាងធំធេងលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងធានាការពារជាតិ សន្តិសុខ និងការពារបរិស្ថានសន្តិភាពរបស់ប្រទេសជាតិ។ បក្ស និងរដ្ឋវៀតណាមតែងតែកំណត់ថា  ការពារអធិបតេយ្យភាពកោះសមុទ្រ និងរក្សាបរិយាកាសសន្តិភាព គឺជាកត្តាសំខាន់សម្រាប់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ការពារអធិបតេយ្យភាពកោះសមុទ្រដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ - ảnh 1ផ្ទះរន្ទា DK1 (រូបថត៖ VOV)

ប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេសរបស់ប្រជាជាតិវៀតណាមបានអះអាងថា សមុទ្រ និងកោះដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនិងប្រជាជនវៀតណាម។ កាលនៅរស់ ពេលអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងឆ្នាំ ១៩៦១ លោកប្រធានហូជីមិញធ្លាប់បានផ្តែផ្តាំថា៖ “កាលពីមុន យើងមានតែភាពងងឹតនៃពេលយប់ និងព្រៃឈើប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ យើងមានពន្លឺនៃពេលថ្ងៃ មានមេឃនិងមានសមុទ្រ។ ឆ្នេរសមុទ្ររបស់យើងវែងហើយស្រស់ស្អាត យើងត្រូវចេះថែរក្សាវា”។

យល់ដឹងយ៉ាងស៊ីជម្រៅអំពីទីតាំង តួនាទី និងសារៈសំខាន់ពិសេសនៃកោះសមុទ្រ

សមុទ្រ និងកោះ គឺជាផ្នែកមួយនៃអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់វៀតណាម ដែលមិនអាចបំបែកបាន និងមិនអាចរំលោភបានឡើយ។ ការពារមាតុភូមិជារួម តស៊ូយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនដើម្បីការពារអធិបតេយ្យភាព  ធានាសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជាតិក្នុងសមុទ្រ និងកោះ និយាយដោយឡែក គឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធទស្សនៈរបស់បក្សស្តីពីការការពារអធិបតេយ្យភាពសមុទ្រ និងកោះ ត្រូវបានសុក្រិត និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ សន្និសីទលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស (អាណត្តិទី X) បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៩ ចុះថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០០៧ ស្តីពី “យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ ២០២០” ក្នុងនោះបានកំណត់ថា “ខិតខំប្រឹងប្រែង ដើម្បីនាំវៀតណាមក្លាយជាប្រទេសខ្លាំងអំពីសមុទ្រ ទទួលបានភាពសម្បូរបែបពីសមុទ្រ និងធានាយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងសិទ្ធិអធិបតេយ្យភាពលើសមុទ្រ និងកោះ”។ សន្និសីទលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស (អាណត្តិទី XII) បានចេញសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ស្តីពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” បានកំណត់ថា៖ “វៀតណាមត្រូវតែក្លាយជាប្រទេសរឹងមាំនៅសមុទ្រ សម្បូរធូធារពីសមុទ្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព; អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ ការរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី”។ បន្ទាប់មក ក្នុងមហាសន្និបាតលើកទី១៣ (ឆ្នាំ២០២១) បក្សកុម្មុយនិស្តវៀតណាមបានអះអាងម្តងទៀតថា៖ “ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ និង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ”។

ឯកសារខាងលើបង្ហាញថា បក្សនិងរដ្ឋវៀតណាមតែងតែយល់ដឹងយ៉ាងស៊ីជម្រៅអំពីគោលជំហរ តួនាទី និងសារៈសំខាន់ពិសេសរបស់សមុទ្រ និងកោះ ដែលជាមូលដ្ឋានសម្រាប់អនុវត្តសកម្មភាពការពារអធិបតេយ្យភាពលើសមុទ្រ និងកោះក្នុងស្ថានភាពជាក់ស្តែង។

គោរពបទប្បញ្ញត្តិនៃច្បាប់ និងគោលការណ៍នៃទំនាក់ទំនងអន្តរជាតិ

ក្នុងដំណើរការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពដែនសមុទ្រ និងកោះ វៀតណាមតែងតែយកចិត្តទុកដាក់ គោរពបទប្បញ្ញត្តិច្បាប់ និងគោលការណ៍នៃទំនាក់ទំនងអន្តរជាតិ។

ក្នុងនាមជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) វៀតណាមបានប្រកាន់ខ្ជាប់ខ្ជួននូវមាគ៌ាដោះស្រាយបញ្ហាដែលកើតឡើងដោយសន្តិវិធី  សមធម៌ និងការគោរពគ្នាទៅវិញទៅមកដើម្បីស្វែងរកមូលដ្ឋានគ្រឹះយូរអង្វែងឆ្លើយតបនឹងផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធទាំងអស់។

វៀតណាមព្យាយាមតស៊ូដោយសន្តិវិធីនៅវេទិកាអន្តរជាតិនិងតំបន់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើវិស័យនយោបាយនិងការទូត។ វៀតណាមក៏បានកសាងប្រព័ន្ធវិធានការដោយសន្តិវិធី ដើម្បីដោះស្រាយការខ្វែងគំនិត និងជម្លោះ ជាមួយភាគី និងប្រទេសពាក់ព័ន្ធ។ វៀតណាមក៏យកចិត្តទុកដាក់លើការលើកកម្ពស់ការកសាងទំនុកចិត្តជាយុទ្ធសាស្រ្តជាមួយដៃគូ; ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីលើវិស័យធានាសន្តិសុខ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មនៅសមុទ្រ ... ដើម្បីរក្សាសន្តិភាពដែនសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

លើវិស័យទំនាក់ទំនងទ្វេភាគី យោងតាមសៀវភៅសការពារជាតិវៀតណាមឆ្នាំ ២០១៩  វៀតណាមបានចុះហត្ថលេខាលើឯកសារច្បាប់ជាច្រើនស្តីពីព្រំដែនសមុទ្រជាមួយប្រទេសជិតខាង ដូចជាកិច្ចព្រមព្រៀងស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  និងព្រះរាជាណាចក្រកម្ពុជា (ចុះហត្ថលេខានៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩៨២); កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនៅឈូងសមុទ្រថៃ (ចុះហត្ថលេខានៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៩៧); កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្រ រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១១...។

ប្រទេសវៀតណាមគឺជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី រួមមានដីគោក  ដែនអាកាស សមុទ្រ និងកោះ។ ការពារប្រទេសជាតិនិយាយរួម និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពសមុទ្រ និងកោះនិយាយដោយឡែក ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ គឺជាកត្តាសំខាន់សម្រាប់វៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ