អញ្ជើញទស្សនាវត្ត Long Truong នៅខេត្ត Tra Vinh

Chia sẻ
(VOVWORLD) - វត្ត Long Truong (ហៅម្យ៉ាងទៀតថា វត្ត Phno Ompung) ស្ថិតនៅភូមិ Long Truong ឃុំ Tan Hiep ស្រុក Tra Cu ខេត្ត Tra Vinh។ នេះគឺជាវត្តលេចធ្លោបំផុតនៅឃុំ Tan Hiep ហើយក៏ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ផងដែរ។
អញ្ជើញទស្សនាវត្ត Long Truong នៅខេត្ត Tra Vinh - ảnh 1វត្ត Long Truong នៅខេត្ត Tra Vinh

 

វត្ត Long Truong ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៦៨ នៅលើបរិវេណតូចមួយ។ នៅឆ្នាំ ១៩២៨ គ្រួសារលោក Thach Saray និងលោកស្រី Thach Thi Em បានបរិច្ចាកជូនវត្តនូវសួនច្បារទំហុំ ២៥ ០០០ ម៉ែត្រការ៉េ ហើយដោយមានការជួយឧបត្ថម្ភទាំងកម្លាំងកាយចិត្ត និងថវិកាពីអ្នកស្រុកក្នុងតំបន់ វត្តត្រូវបានពង្រីកដូចបច្ចុប្បន្ននេះ។ វត្តត្រូវបានកែលម្អជួសជុលឡើងវិញជាច្រើនដង ហើយការជួសជុលកែលម្អរវិហាធំរនាពេលថ្មីៗបំផុតគឺនៅក្នុងឆ្នាំ ២០០៥។

ដូចទៅនឹងវត្តខ្មែរដទៃទៀត វត្ត Long Truong មានសំណង់ស្ថាបត្យកម្មនានាដូចជា៖ ខ្លោងទ្វារ របង វិហាធំបង្គោលដងទង់ សាលារៀនជាដើម ក្នុងនោះ លេចធ្លោ និងសំខាន់បំផុតគឺជាវិហាធំ ដែលត្រូវបានសាងសង់នៅមជ្ឈមណ្ឌលរបស់វត្ត។ ស្ថាបត្យកម្មប្រពៃណីនៅតែជាចំណុចស្នូលដែលមានស្មារតីខ្មែរ និងទស្សនវិទ្យាព្រះពុទ្ធសាសនាយ៉ាងមានកម្រាស់។ ព្រះតេជគុណ Thach Sa Vane ព្រះចៅអធិការវត្ត Long Truong មានពុទ្ធដីកាថា៖ “ពីដើមឡើយ ព្រះសង្ឃ Thach Prum បានជួយសាងសង់វត្តនេះ។ ព្រះសង្ឃបានខិតខំប្រឹងប្រែងសាងសង់វត្តមួយ ដើម្បីជួយសម្រួលដល់ប្រជាជនក្នុងតំបន់ធ្វើសកម្មភាពសាសនា។ ចំពោះវត្តខ្មែរ វិហាធំគឺមានសារៈសំខាន់ណាស់ ព្រោះថាវិហាធំគឺជាទីកន្លែងសម្រាប់ព្រះសង្ឃ និងសាសនិកជនប្រារព្វពិធីបុណ្យទាននានាដូចជាបុណ្យកឋិនទាន។ វត្តមានពុទ្ធបដិមាព្រះពុទ្ធចូលនិព្វាន ដែលមានប្រវែង ១៩ ម៉ែត្រ នៅវិហាធំ។ ខាងលើក៏មានព្រះពុទ្ធបដិមាត្រាស់ដឹង និងព្រះពុទ្ធបដិមាប្រសូតផងដែរ”។

វត្ត Phno Ompung មិនត្រឹមតែជាមជ្ឈមណ្ឌលនៃសកម្មភាពសាសនា វប្បធម៌ និង អប់រំរបស់សហគមន៍ជនជាតិខ្មែរនៅភូមិស្រុកប៉ុណ្ណោះទេ ថែមទាំងជាទីតាំងដ៏សំខាន់សម្រាប់ចលនាតស៊ូរបស់ជនរួមជាតិខ្មែរប្រឆាំងនឹងនឹងការជិះជាន់របស់ អាណានិគមបារាំង និងចក្រពត្តិអាមេរិក ក្នុងសម័យកាលសង្គ្រាមទៀតផង។ វត្តក៏ជាកន្លែងចិញ្ចឹមបីបាច់ថែរក្សា និងបណ្ដុះបណ្ដាលយុទ្ធជនបដិវត្តន៍ដ៏អង់អាចក្លាហាន។ កម្មាភិបាលបដិវត្តន៍ជាច្រើនត្រូវបានវត្តជួយចិញ្ចឹមបីបាច់ថែរក្សា និងការពារប្រកបដោយសុវត្ថិភាព ហើយក្រោយមកបានទទួលភារកិច្ចដ៏សំខាន់ៗរបស់រដ្ឋដូចជា៖ យុទ្ធជនពលី វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន Thach Ngoc Bien; លោក Thach Minh Man អតីតប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ; លោក Son Tho អតីតអនុប្រធានគណៈកម្មការជនជាតិខេត្ត Cuu Long។ ដោយឡែក ព្រះតេជគុណ ថាច់ សាវ៉ាន បច្ចុប្បន្នជាព្រះចៅអធិការវត្ត (ជាព្រះចៅអធិការវត្ត) បានចូលរួមចំណែកយ៉ាងធំធេងក្នុងការងារសង្គមក្នុងមូលដ្ឋាន និងបានទទួលប័ណ្ណសរសើរពីរដ្ឋជាច្រើន។ លោក Son Nhan សមាជិកគណៈអភិបាលកិច្ចវត្ត Long Truong បានឲ្យដឹងថា៖ “ព្រះចៅអធិការវត្តបានចលនាដល់សប្បុរសជនដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលមានស្ថានភាពរស់នៅលំបាក ក្រុមគ្រួសារគ្មានទីបង្អែក។ ព្រះចៅអធិការវត្តបានណែនាំអំពីគោលនយោបាយរបស់រដ្ឋ គោលការណ៍របស់ខេត្ត ស្រុក ស្ដីពីសន្តិសុខសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ និងការងារសាសនា។ ជារៀងរាល់ឆ្នាំ វត្តបានជួយជនក្រីក្រដែលមានស្ថានភាពរស់នៅលំបាក។ ព្រះចៅអធិការវត្តក៏បានចលនាសាងសង់ផ្ទះជូនជនក្រីក្រផងដែរ”។

អញ្ជើញទស្សនាវត្ត Long Truong នៅខេត្ត Tra Vinh - ảnh 2វត្ត Long Truong នៅខេត្ត Tra Vinh

វត្ត Long Truong គឺជាទីកន្លែងអនុវត្តន៍ពិធីសាសនា បួងសួងខាងវិញ្ញាណ រួមចំណែកលើកស្ទួយជីវភាពខាងវិញ្ញាណជូនប្រជាពលរដ្ឋខ្មែរ។ វត្ត Long Truong តែងតែត្រូវបានជ្រើសរើសជាទីកន្លែងរៀបចំពិធីបុណ្យទានប្រចាំឆ្នាំរបស់បងប្អូនជនរួមជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ឬបុណ្យសែនដូនតាជាដើម។ ពលរដ្ឋម្នាក់នៅខេត្តត្រាវិញបានទៅវត្ត Long Truong បានឲ្យដឹងថា៖“នៅថ្ងៃទី១ កើត ទី៨ កើត ទី១៥ កើត និងទី៣០ កើត ជារៀងរាល់ខែ ពុទ្ធសាសនិកជនបានអញ្ជើញទៅវត្តយ៉ាងច្រើនកុះករ។ គេមកថ្វាយបង្គុំបួងសួងសុំឲ្យមានសុខភាពល្អ និងរកស៊ីមានបានផងដែរ”។

ជាគោលដៅដ៏ទាក់ទាញភ្ញៀវទេសចរណ៍ នៅពេលអញ្ជើញមកខេត្តត្រាវិញ វត្ត Long Truong ក៏ជាអាសយដ្ឋានក្រហមអប់រំប្រពៃណីបដិវត្តន៍ជាតិ។ ជាមួយនឹងតម្លៃវប្បធម៌ ស្ថាបត្យកម្ម និងប្រវត្តិសាស្រ្តដែលមានស្រាប់ វត្ត Long Truong ត្រូវបានខេត្តត្រាវិញទទួលស្គាល់ជាកេរ្កិ៍ដំណែលថ្នាក់ខេត្តនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៦ ផងដែរ៕


ប្រតិកម្មទៅវិញ