រីករាយនឹងបទពិសោធន៍ទេសចរណ៍សហគមន៍នៅភូមិ Miền

Chia sẻ

(VOVWORLD) - មន្ទីរទេសចរណ៍ហាណូយ និងគណៈកម្មាធិការប្រជាជនស្រុក Ba Vi ទើបនឹងរៀបចំពិធីប្រកាសទីកន្លែងទេសចរណ៍សហគមន៍ភូមិ Mien នៅភូមិ Hop Son ឃុំ Ba Vi ទីក្រុងហាណូយ។ ដោយមានប្រៀបខ្លាំងជាម្ចាស់កម្មសិទ្ធិនៃ "កំណប់ទ្រព្យ" ដែលមិនអាចកាត់ថ្លៃបាននោះគឺរបរផ្សំរុក្ខជាតិឱសថបុរាណ ភូមិ Mien ត្រូវបានគេរំពឹងថា នឹងជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ដើម្បីរីករាយនឹងបទពិសោធន៍នៃការថែទាំសុខភាពដោយរុក្ខជាតិឱសថ។

រីករាយនឹងបទពិសោធន៍ទេសចរណ៍សហគមន៍នៅភូមិ Miền - ảnh 1ពិធីប្រកាសទីកន្លែងទេសចរណ៍សហគមន៍ភូមិ Mien នៅភូមិ Hop Son ឃុំ Ba Vi ទីក្រុងហាណូយ។ (រូបថត៖ Hoang Quyen)

មានចម្ងាយពីកណ្តាលទីក្រុងហាណូយប្រហែល ៦០ គីឡូម៉ែត្រ ភូមិ Mien ស្ថិតនៅ ជម្រាលភាគខាងលិចនៃភ្នំ Ba Vi ដែលមានជ្រលងភ្នំ ទឹកជ្រោះ ជាច្រើននៅជាប់ព្រំប្រទល់នឹងឧទ្យានជាតិ Ba Vi។ នៅទីនេះ មានកម្រាលរុក្ខជាតិជាច្រើនត្រូវបានការពារ រស់ឡើងវិញ និងអភិវឌ្ឍន៍ក្រោយរយៈពេលច្រើនឆ្នាំនៃការដាំព្រៃឈើ និងការពារព្រៃឈើនៃមូលដ្ឋាន។

អ្នកភូមិ Mien ភាគច្រើនគឺជាជនជាតិ Dao។ ជាច្រើនជំនាន់មកហើយ ប្រជាជននៅទីនេះភាគច្រើនរស់នៅដោយផ្អែកលើព្រៃឈើ ដើម្បីដាំមើមសាគូ ប្រមូលនិងកែច្នៃបឋមឱសថរុក្ខជាតិ។ ចំណាប់អារម្មណ៍ដំបូងរបស់អ្នកទស្សនាពេលមកភូមិ Mien គឺខ្យល់អាកាសបរិសុទ្ធ និងសុខសាន្តត្រាណ ហើយផ្លូវជនបទគ្របដណ្ដប់ដោយក្លិនក្រអូបនៃឱសថរុក្ខជាតិ។ គ្រូពេទ្យ Trieu Thi Dung បានឲ្យដឹងថា៖

“មុខរបរផ្សំថ្នាំនេះ គឺដោយសារកាលពីមុនប្រជាជនរស់នៅលើភ្នំ ហើយមិនមានលទ្ធភាពទៅមន្ទីរពេទ្យទេ ទើបពួកគេឆ្លៀតយករូបមន្តផ្សំឱសថធម្មជាតិដើម្បីព្យាបាលជំងឺ សម្រាប់គ្រួសារ និងសហគមន៍ បន្ទាប់មកបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ”។

បើកាលពីមុន ជនជាតិ Dao ត្រឹមតែយកស្លឹកឱសថពីព្រៃមកដាំទឹកងូតនៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ដើម្បីទទួលឆ្នាំថ្មី ឬសម្រាប់តែភ្ញៀវកិត្តិយសនៅពេញអញ្ជើញមកលេងផ្ទះរបស់ពួកគេប៉ុណ្ណោះ ឥឡូវនេះអ្នកភូមិ Mien បានប្រែក្លាយការងូតទឹកជាមួយស្លឹកឱសថទៅជាផលិតផលពិសេសសម្រាប់បម្រើភ្ញៀវទេសចរ។

នៅទីកន្លែងទេសចរណ៍សហគមន៍ភូមិ Mien ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីការថែទាំស្បែកមុខដោយឱសថរុក្ខជាតិ ការកក់សក់ ត្រាំជើង ងូតទឹកស្លឹកឱសថ ការថែទាំកនិងស្មាដោយឱសថរុក្ខជាតិ... នេះក៏ជាមូលហេតុដែលភ្ញៀវទេសចរជាច្រើនជ្រើសរើសភូមិ Mien ជាទីមកដល់ក្នុងប៉ុន្មានថ្ងៃចុងសប្ដាហ៍។

“បន្ទាប់ពីបានសាកពិសោធហើយ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងធូរស្រាលណាស់។ នៅទីនេះ បងប្អូនស្ត្រីក៏ជួយខ្ញុំម៉ាស្សាពេលត្រាំជើង ដែលជួយសរសៃឈាមធ្វើចរាចរណ៍បានល្អ ដូច្នេះខ្ញុំមានអារម្មណ៍ថា សុខភាពប្រសើរឡើងយ៉ាងពិតប្រាកដ”។

រីករាយនឹងបទពិសោធន៍ទេសចរណ៍សហគមន៍នៅភូមិ Miền - ảnh 2ភ្ញៀវទេសចរពិសោធការត្រាំជើងជាមួយស្លឹកឱសថ។ (រូបថត៖ Hoang Quyen)

ភូមិ Mien ក៏ទាក់ទាញភ្ញៀវទេសចរ ដោយមុខម្ហូបធ្វើពីឱសថរុក្ខជាតិរបស់បងប្អូនជនជាតិ Dao ផងដែរ។ អ្នកភូមិ Mien មានភាពប៉ិនប្រសប់ក្នុងការបញ្ចូលឱសថបុរាណទៅក្នុងមុខម្ហូបរបស់ពួកគេ បង្កើតឲ្យមានរសជាតិប្លែកៗ រួមជាមួយនឹងអត្ថន័យវប្បធម៌ដ៏ល្អ ប្រសើរ ដោយផ្សាភ្ជាប់នឹងរបៀបកែច្នៃ និងទទួលទានមុខម្ហូបរបស់ជនជាតិ Dao។ អ្នកស្រី Ly Thi Hue នៅភូមិ Mien បានចែករំលែកថា៖

“ប្រជាជនបានប្រើប្រាស់រុក្ខជាតិឱសថដើម្បីធ្វើមុខម្ហូប។ ជាឧទាហរណ៍ នំ day របស់ជនជាតិ Dao ធ្វើឡើងពីស្លឹកឈើដើម្បីបង្កើតពណ៌ពិសេស ហើយវាក៏ល្អសម្រាប់សុខភាពផងដែរ។ អង្ករដំណើបចម្អិនជាមួយល្ពៅ ខ្ញី និងមាន់ភ្នំ គឺល្អណាស់សម្រាប់ស្ត្រីក្រោយសម្រាលកូន។ ខ្ញីអាចប្រើសម្រាប់អ្នកដែលមានជំងឺផ្តាសាយ ឬត្រជាក់អវយវៈ។ ឬសាច់ជ្រូករម្ងាស់ជាមួយដំឡូងស្រំ គ្រាប់ហ្គូជី និងផ្លែពុទ្រាក្រហម ក៏ជាមុខម្ហូបដ៏មានប្រយោជន៍ខ្លាំង សម្រាប់អ្នកដែលមានតម្រងនោមខ្សោយ និងសរីរវិទ្យាខ្សោយ”។

បន្ទាប់ពីទទួលទានមុខម្ហូបដែលធ្វើពីរុក្ខជាតិឱសថ អ្នកស្រី Mai Lien ជាភ្ញៀវទេសចរមកលេងភូមិបានសម្ដែងថា៖

“នាងខ្ញុំចាប់អារម្មណ៍ណាស់ នៅពេលដែលអ្វីៗគ្រប់បែបយ៉ាងនៅទីនេះមានលក្ខណៈរហោស្ថាន ហើយម្ហូបនៅទីនេះគឺប្លែកៗណាស់។ ខ្ញុំចាប់អារម្មណ៍នឹងស្ពកម្ហូបស្លឹករបស់ជនជាតិ Dao រឹតតែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា គេដំណាលរឿងរ៉ាវស្ដីពីមុខម្ហូបនីមួយៗ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាម្ហូបកាន់តែមានអត្ថន័យ និងមានតម្លៃ”។

ធ្វើអត្ថាធិប្បាយអំពីគំរូទេសចរណ៍សហគមន៍ភូមិ Mien លោក Vu Van Tuyen អគ្គនាយកក្រុមហ៊ុន Travelogy បានចែករំលែកថា៖

“ខ្ញុំគិតថា នេះគឺជាតំបន់ដែលមានសក្តានុពលខ្លាំងសម្រាប់ទេសចរណ៍វៀតណាមនិយាយរួម និងរដ្ឋធានីហាណូយនិយាយដោយឡែក ដោយសារតែកម្រមានកន្លែងណាមួយនៅជាប់នឹងរដ្ឋធានីហាណូយដែលមានទេសភាពដ៏ស្រស់ស្អាតដូចភូមិ Mien ទេ។ យើងមានព្រៃភ្នំរបស់ជនជាតិ Dao។ ប្រជាជននៅទីនេះ ពីជំនាន់មួយទៅជំនាន់មួយទៀត បានបង្កើតឡើងប្រជាប្រិយភាពនៃរុក្ខជាតិឱសថដ៏ល្បីល្បាញ។ ដូច្នេះ ការបង្កើតផលិតផលទេសចរណ៍ដោយផ្អែកលើសហគមន៍ យកមនុស្សជាស្នូលនៃសកម្មភាពទេសចរណ៍ នឹងក្លាយជាផលិតផលដ៏វិសេសវិសាលដើម្បីទាក់ទាញភ្ញៀវទេសចរ”។

ទេសចរណ៍ភូមិ Mien គឺជាគំរូទេសចរណ៍សហគមន៍មួយដោយផ្សារភ្ជាប់ជាមួយនឹងតម្លៃប្រពៃណីរបស់បណ្ដាជនជាតិភាគតិចនៅលើភូមិសាស្ត្ររដ្ឋធានី។ នេះក៏ជាផលិតផលទេសចរណ៍ពិសេសមួយរបស់ស្រុក Ba Vi និយាយដោយឡែក បានរួមចំណែកធ្វើពិពិធកម្មផលិតផលនិងទម្រង់ទេសចរណ៍ នៃទីក្រុងហាណូយ និយាយរួម តាមនោះជំរុញការអភិវឌ្ឍសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ