សហករណ៍ទម្រង់ថ្មីនៅខេត្ត Son La៖ បង្កើតខ្សែ​សង្វាក់​តភ្ជាប់​ពីផលិតកម្ម​ដល់ការបញ្ចេញលក់ផលិតផល

Chia sẻ
(VOVWORLD) - ទន្ទឹមនឹងការផ្លាស់ប្ដូរការត្រិះរិះពីប្រជាកសិករផ្ទាល់ សហករណ៍ទម្រង់ថ្មីៗជាច្រើននៅខេត្ត Son La កំពុងពង្រីកប្រសិទ្ធភាព ពោលគឺមិនត្រឹមតែបានពង្រីកអំពីទំហំប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្ម និងតភ្ជាប់ជាមួយសហគ្រាសបញ្ចេញលក់ផលិតផល រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនប្រជាកសិករទៀតផង។
សហករណ៍ទម្រង់ថ្មីនៅខេត្ត Son La៖ បង្កើតខ្សែ​សង្វាក់​តភ្ជាប់​ពីផលិតកម្ម​ដល់ការបញ្ចេញលក់ផលិតផល - ảnh 1ផ្ទៃដីដាំដើមទៀបរបស់សហករណ៍ ឃុំ Co Noi ស្រុក Mai Son (Son La) មានផ្ទៃដីជាង ១៥០ ហិកតា

សហករណ៍ Me Lec ឃុំ Co Noi ស្រុក Mai Son ខេត្ត Son La មានប្រជាជនចំនួន ២០ គ្រួសារដែលប្រកបរបរដាំដើមទៀបលើផ្ទៃដីជាង ១៥០ ហិកតា រួមមានទៀបស្វិតប្រពៃណី ទៀបសៀម និងទុរេន។ដើម្បីថែរក្សាដើមទៀបសមាជិកសហករណ៍បានវិនិយោគលើគ្រឿងម៉ាស៊ីនជួយសម្រួលការភ្ជួររាស់ដីបាញ់ទឹក និងបាញ់ថ្នាំដោយម៉ាស៊ីន។ ដោយសារលក្ខណៈរបស់ដើមទៀបជាពិសេសដើមទៀបប្រពៃណី សត្វល្អិតចង្រៃ ដូច្នេះត្រូវបាញ់ទឹក និងបាញ់ថ្នាំជីវសាស្ត្រកំចាត់ដង្កូវជាប្រចាំ ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។ លោក Nguyen Huu Tu នាយកសហករណ៍បាននិយាយថា សហករណ៍បានសហការជាមួយ វិទ្យាស្ថានបន្លែ និងផ្លែឈើវៀតណាម ដើម្បីដាំសាកពិសោធន៍ដើមទៀប និងដើមទុរេន ដោយគ្រោងនឹងនាំមកនូវប្រាក់ចំណូលខ្ពស់។ លោកបានឲ្យដឹងថា៖ “ដើមទៀបពិតជាពិបាកដាំដុះណាស់ ដូច្នេះហើយសហករណ៍បានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ជាពិសេសគឺផលិតកម្មសរីរាង្គ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្រោចទឹកចូលទៅក្នុងចម្ការ។ សហករណ៍បានវិនិយោគទឹកប្រាក់ពី ១១០ ទៅ ១២០ លានដុងក្នុងមួយហិចតាសម្រាប់ប្រព័ន្ធស្រោចទឹកសំណើមនេះ។ ទន្ទឹមនឹងនោះ សហករណ៍ក៏បានតភ្ជាប់ជាមួយក្រុមហ៊ុន និងផ្សារទំនើបនានា ដើម្បីដាក់លក់ផលិតផលជូនប្រជាកសិករផងដែរ”។

នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សមាជិកនៃសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau បានផ្តោតសំខាន់លើការថែរក្សា និងបំពេញបន្ថែមសារធាតុចិញ្ចឹមដល់ដើមស្វាយ និងស្រោចទឹកជាប្រចាំ សំដៅរក្សាសំណើម ធានាគុណភាព ផលិតភាព និងការរចនាសម្រាប់ផលិតផលស្វាយនាំចេញ។ លោក Ha Van Quan សមាជិកម្នាក់នៃសហករណ៍បានចែករំលែកថា៖ “យើងខ្ញុំបានប្រើប្រាស់បច្ចេកទេសធ្វើប្រពលវប្បកម្មដើមស្វាយតាមស្តង់ដារបទប្បញ្ញត្តិស្តីពីការអនុវត្តផលិតកម្មកសិកម្មល្អសម្រាប់កសិផល និងជលផលវៀតណាម (VietGAP) ហើយកម្ពស់របស់ដើមស្វាយត្រូវបានបន្ទាប់ ដើម្បីជួយសម្រួលការប្រមូលផលផ្លែ ថែរក្សា និងធានាគុណភាពផ្លែសម្រាប់ទីផ្សារផងដែរ”។

សហករណ៍ទម្រង់ថ្មីនៅខេត្ត Son La៖ បង្កើតខ្សែ​សង្វាក់​តភ្ជាប់​ពីផលិតកម្ម​ដល់ការបញ្ចេញលក់ផលិតផល - ảnh 2ដើម្បីថែរក្សាដើមទៀប សហករណ៍បានវិនិយោគលើប្រព័ន្ធម៉ាស៊ីនសម្រាប់ស្រោចទឹក

លោក Ha Van Son នាយកសហករណ៍កសិកម្មសុវត្ថិភាព Chieng Hac ស្រុក Yen Chau បានឲ្យដឹងថា នាបច្ចុប្បន្ន សហករណ៍មានផ្ទៃដីដាំដំណាំស្វាយខៀវចំនួន ១៤,៥ ហិកតា តាមដំណើការ VietGAP ក្នុងនោះមានផ្ទៃដីជាង ៧ ហិកតាត្រូវបានផ្តល់លេខកូដតំបន់ដាំដុះនាំចេញ។ នៅឆ្នាំ ២០២១ សហករណ៍ បាននាំចេញផ្លែស្វាយជាង ៥០០ តោនទៅកាន់ទីផ្សារចិន និងប្រទេសមជ្ឈិមបូព៌ា មួយចំនួន។ ដើម្បីត្រៀមរៀបចំលក្ខខ័ណ្ឌនាំចេញនៅឆ្នាំនេះ សហករណ៍បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវដំណើរការផលិតតាមស្តង់ដារ VietGAP។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រពៃណីដូចជាចិននោះ តាំងពីដើមរដូវមក សហករណ៍បានតភ្ជាប់ទំនាក់ទំនងដោយម្ចាស់ការយ៉ាងឆាប់ៗ ដើម្បីជំរុញការនាំចេញនៅទីផ្សារក្នុងស្រុក ក្នុងនោះមានប្រព័ន្ធផ្សារទំនើបធំៗផងដែរ។ នាពេលថ្មីៗនេះ សហករណ៍បានចុះហត្ថលេខាជាមួយក្រុមហ៊ុន និងអង្គភាពមួយចំនួន ដើម្បីបញ្ជាទិញផលិតផលផ្លែស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង និងជប៉ុន ដោយមានទិន្នផលជាង ៥០០ តោន៖ “យើងខ្ញុំក៏តែងតែធ្វើការពិភាក្សាជាមួយសមាជិកសហករណ៍ ដើម្បីស្វែងរករបៀបលើកកំពស់តម្លៃផលិតផល និងការរចនាផលិតផល។ ប្រសិនបើ ធានាបានគុណភាពផលិតផលផ្លែឈើនោះ យើងនឹងទទួលបានតម្លៃទ្វេដង ឬ ៣ ដង បើប្រៀបធៀបនឹងផលិផលធម្មតា”។

នាបច្ចុប្បន្ន ខេត្ត Son La មានសហករណ៍កសិកម្ម រុក្ខកម្ម និងជលផលជាង ៧០០ អង្គភាព។ ក្នុងនោះ សហករណ៍ជាង ៣០% បានប្រើប្រាស់បច្ចេកវិទ្យាស្រោចទឹកដោយសន្សំសំចៃ ផ្ទះសំណាញ់ ផ្ទះកញ្ចក់ និងអនុវត្តដំណើរការផលិតកសិកម្មល្អ ព្រមទាំងមានសហគ្រាសកសិកម្មប្រមាណ ៨០% ដែលកំពុងប្រតិបត្តិការផលិតកម្ម និងធ្វើអាជីវកម្មនៅតាមឃុំដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពិបាក ឬពិបាកខ្លាំង។

ការបង្កើត និងអភិវឌ្ឍន៍សហករណ៍ទម្រង់ថ្មីនៅខេត្ត Son La បានបង្ហាញពីតួនាទីដ៏សំខាន់ក្នុងដំណើរការផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏ដូចជាក្នុងការបង្កើតខ្សែសង្វាក់តភ្ជាប់ពីផលិតកម្មដល់ការបញ្ចេញលក់ផលិតផល។ លើសពីនេះទៅទៀត សហករណ៍បានជួយឧបត្ថម្ភសេដ្ឋកិច្ចគ្រួសារឲ្យអភិវឌ្ឍន៍ និងជួយសម្រួល សេដ្ឋកិច្ចគ្រួសារក្នុងការរៀបចំផលិតកម្ម និងការបញ្ចេញលក់ផលិតផលការប្រើប្រាស់សេវាកម្ម និងការជ្រៀតចូលទីផ្សារ ហើយធ្វើជាស្ពានតភ្ជាប់សម្រាប់ការដោះដូរទំនិញរវាងឧស្សាហកម្ម និងកសិកម្ម រវាងទីក្រុង និងជនបទ ក៏ដួចជាជំរុញដំណើរការផ្ទេរប្ដូររចនាសម្ព័ន្ធពលករក្នុងមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ