ភូមិ Da Sy៖ គោលដៅទេសចរណ៍ដើម្បីទទួលបទពិសោធន៍អំពីរបរដំដែក

Chia sẻ

(VOVWORLD) - Da Sy គឺជាភូមិរបរដំដែកប្រពៃណីដ៏ល្បីល្បាញតាំងពីយូរលង់មក ហើយដែលមានទីតាំងនៅតាមមាត់ទន្លេ Nhue ក្នុងសង្កាត់ Kien Hung ខ័ណ្ឌ Ha Dong ទីក្រុងហាណូយ។ តាំងពីដើមភូមិរហូតដល់ចុងភូមិ គ្រប់ទីកន្លែងអាចឮសំឡេងម៉ាស៊ីនសំលៀង សំឡេងញញួរ និងឡភ្លើងឆេះទាំងថ្ងៃទាំងយប់ ដើម្បីបង្កើតឡើងផលិតផលជាច្រើនប្រភេទ ដូចជា កាំបិត កន្ត្រៃ ឧបករណ៍កសិកម្ម សម្រាប់បម្រើអតិថិជនក្នុងនិងក្រៅប្រទេស។ ថ្មីៗនេះ ភូមិ Da Sy ក៏កំពុងក្លាយជាគោលដៅទេសចរណ៍ទទួលបទពិសោធន៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសផងដែរ។



ភូមិ Da Sy៖ គោលដៅទេសចរណ៍ដើម្បីទទួលបទពិសោធន៍អំពីរបរដំដែក - ảnh 1ផលិតផលភូមិ Da Sy មានភាពល្បីល្បាញ ដោយសារបាតដៃប៉ិនប្រសប់និងបទពិសោធន៍របស់ជាងដំដែក។ រូបថត៖ Tran Ngoc/VOV

ថ្ងៃមួយក្នុងខែមិថុនា ពួកយើងបានដើរតាមក្រុមភ្ញៀវទេសចរ ចូលរួមដំណើរកំសាន្តពិសោធន៍ធ្វើកាំបិត និងឆ្លាក់អក្សរលើកាំបិតនៅឯសិប្បកម្មដំដែកក្នុងភូមិ Da Sy។ អស់រយៈពេលជាងពីរម៉ោង ជាងដំដែកបានព្យាយាមធ្វើគំរូផង ហើយណែនាំមនុស្សម្នាក់ៗឱ្យឆ្លងកាត់ដំណាក់កាលទាំង ១២ នៃការធ្វើកាំបិត។ កញ្ញា Nguyen Mai Anh និស្សិតនៃសាកលវិទ្យាល័យហាណូយ ដែលបានចូលរួមវគ្គពិសោធន៍ធ្វើកាំបិត បានចែករំលែកថា៖

“នេះជាលើកទីមួយហើយដែលខ្ញុំបានមកភូមិដំដែក Da Sy ហើយទស្សនាពូៗធ្វើកាំបិត ឬកន្ត្រៃ ខ្ញុំឃើញថា ពួកគាត់អំណត់ព្យាយាមខ្លាំងណាស់។ ពេលប្រើកាំបិត ខ្ញុំគិតថាវាសាមញ្ញណាស់។ ប៉ុន្តែនៅពេលដែលខ្ញុំបានឆ្លងកាត់ដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ឧទាហរណ៍ក្នុងរដូវក្តៅបែបនេះ នៅតែត្រូវឈរនៅមុខឡដុតដែលមានសីតុណ្ហភាពលើសពី ១០០០ អង្សាសេ ខ្ញុំយល់ថា ដើម្បីធ្វើបានកាំបិតមួយ ពិតជាការងារលំបាកខ្លាំងណាស់”។

ខុសពីបទពិសោធន៍ទេសចរណ៍ធម្មតា ភ្ញៀវទេសចរពេលមកដល់ភូមិ Da Sy តែងតែប៉ះនឹងផ្សែង ធូលី និងសីតុណ្ហភាពខ្ពស់ពីឡដុត ក្លិនហឺរនៃប្រេង និងសំឡេងញញួរ។ ភ្ញៀវនឹងធ្វើដំណាក់កាលនីមួយៗដោយផ្ទាល់ដូចជា៖ ញញួរបង្កើតរាងកាំបិត ការសំលៀងបឋមដើម្បីយកកំទិចដែកចេញ និងការសំលៀងដោយដៃលើថ្ម។ លោក Thomas ជាភ្ញៀវទេសចរមកពីប្រទេសអៀរឡង់បាននិយាយយ៉ាងរំភើបថា៖

“ថ្ងៃនេះខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ អ្នកមិនគ្រាន់តែមើលប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមធ្វើដោយផ្ទាល់ទៀតផង។ ជាងដំដែករួសរាយរាក់ទាក់ហើយក្រុមគ្រួសាររបស់ពួកគេក៏អញ្ចឹងដែរ។ សរុបមក ខ្ញុំពិតជាមានបទពិសោធន៍ដ៏អស្ចារ្យ ហើយខ្ញុំនឹងណែនាំវាដល់នរណាម្នាក់”។

ភូមិ Da Sy៖ គោលដៅទេសចរណ៍ដើម្បីទទួលបទពិសោធន៍អំពីរបរដំដែក - ảnh 2ភ្ញៀវទេសចរសាកល្បងធ្វើកាំបិតនៅពេលមកភូមិ Da Sy។ រូបថត៖ Tran Ngoc/VOV

អ្នកស្រី Alina ភ្ញៀវទេសចរមកពីអ៊ុយក្រែន បានសម្ដែងចំណាប់អារម្មណ៍ថា៖

“មានឱកាសទៅលេងភូមិដំដែកពិតជាអស្ចារ្យណាស់ យើងមានអារម្មណ៍ដឹងគុណដែលបានស្គាល់ទីកន្លែងនេះ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបទពិសោធន៍ដែលខ្ញុំទទួលបាន។ ភូមិដំដែកប្រពៃណី Da Sy មានជាងសិប្បកម្មជាច្រើន ហើយគេបានណែនាំយើងពីរបៀបធ្វើកាំបិត។ កាំបិតគឺស្រស់ស្អាតនិងមុតស្រួច។ ពេលត្រឡប់មកផ្ទះវិញ ខ្ញុំនឹងរៀបចំម្ហូបវៀតណាមដោយកាំបិតនេះតែម្ដង”។

ជាមួយនឹងផលិតផលដំដែកដ៏ពិសេសនិងលេចធ្លោ ភូមិ Da Sy ឥឡូវនេះជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសជាច្រើន។ លោក Trinh Quoc An អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Kien Hung ខ័ណ្ឌ Ha Dong បានឲ្យដឹងថា៖

“ការអភិវឌ្ឍភូមិដំដែកប្រពៃណីដោយផ្សារភ្ជាប់នឹងទេសចរណ៍ជាឱកាសដើម្បីផ្សព្វផ្សាយផលិតផល។ គំរូភូមិសិប្បកម្មផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍បានទាក់ទាញភ្ញៀវទេសចរមកទស្សនាភូមិសិប្បកម្ម ហើយស្វែងយល់ពីប្រវត្តិសាស្ត្រនៃរបរដំដែក ប្រវត្តិសាស្រ្តវប្បធម៌របស់ភូមិ និងទិញផលិតផលរបស់ភូមិផងដែរ”។

គំរូទេសចរណ៍ទទួលបទពិសោធន៍បែបថ្មីនេះគឺជាគំនិតផ្តួចផ្តើមរបស់ជំនាន់យុវជនភូមិ Da Sy។ ភ្ញៀវដែលមកទីនេះអាចចូលទស្សនា សាកល្បងដំណាក់កាលនានាដើម្បីបង្កើតឡើងផលិតផលមួយ ហើយថែមទាំងត្រូវបានណែនាំឱ្យចេះធ្វើនិងឆ្លាក់ឈ្មោះរបស់ពួកគេនៅលើផលិតផលទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។ លោកស្រី Hoang Bich Phuong នាយិកាក្រុមហ៊ុនកាំបិត Da Sy បានឲ្យដឹងថា៖

“ដើម្បីអភិវឌ្ឍន៍និងអភិរក្សភូមិសិប្បកម្ម យើងបានអភិវឌ្ឍន៍ផលិតផលដោយដើរទន្ទឹមនឹងអភិវឌ្ឍន៍គំរូទេសចរណ៍ទទួលបទពិសោធន៍។ យើងបានបង្ហោះផលិតផលនៅលើបណ្តាញសង្គមដូចជា៖ Facebook គេហទំព័រណែនាំផលិតផល រូបភាពផលិតកម្ម ដើម្បីជួយមនុស្សរាល់គ្នាយល់កាន់តែច្បាស់ពីផលិតផលរបស់ភូមិសិប្បកម្ម។ លើសពីនេះ យើងក៏សហការជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរមកទស្សនា និងទទួលបទពិសោធន៍នៅភូមិសិប្បកម្មផងដែរ”។

អាស្រ័យដោយការជក់ចិត្តរបស់សិប្បករ និងការសម្របខ្លួនយ៉ាងឆ្លាតវៃរបស់ជំនាន់យុវជន ភូមិដំដែក Da Sy ឥឡូវនេះមិនត្រឹមតែបានថែរក្សា និងបអះអាងពីម៉ាកយីហោរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងប្រព័ន្ធទេសចរណ៍ភូមិសិប្បកម្មក្នុងរដ្ឋធានីហាណូយទៀតផង៕

ប្រតិកម្មទៅវិញ