ទិសដៅថ្មីនៃភូមិសិប្បកម្មប៉ាក់ Minh Lang ខេត្ត Thai Binh

Chia sẻ
(VOVWORLD) - របរប៉ាក់នៅភូមិ Minh Lang ស្រុក Vu Thu ខេត្ត Thai Binh មានតាំងពីឆ្នាំ ១៨២៥ ក្រោមរាជកាលស្តេច Minh Mang កាលពី ២០០ ឆ្នាំមុន។ ភូមិនេះល្បីល្បាញដោយរបរប៉ាក់មួក និងអាវសម្រាប់មន្ត្រីក្នុងរាជវាំង ហើយនាសព្វថ្ងៃអភិវឌ្ឍន៍ទៅជាការប៉ាក់គំនូរឆាយាល័ក្ស និងទេសភាព ដើម្បីរក្សាប្រពៃណីរបស់ភូមិ។
ទិសដៅថ្មីនៃភូមិសិប្បកម្មប៉ាក់ Minh Lang ខេត្ត Thai Binh - ảnh 1ជាងប៉ាក់ឧស្សាហ៍ព្យាយាមបង្កើតគំនូរទេសភាពដ៏ស្រស់ស្អាត។ រូបថត៖ Dinh Chau/VOV២

ទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៨០ នៃសតវត្សទី ២០ គឺជាពេលវេលារុងរឿងរបស់ភូមិ នៅពេលដែល Minh Lang ក្លាយជារោងជាងដេរប៉ាក់ដ៏ធំសម្បើម ដែលទាក់ទាញប្រជាជនរាប់ពាន់គ្រួសារឱ្យប្រកបរបរនេះ។ ប្រជាពលរដ្ឋចាប់ពីចាស់ទៅក្មេងសុទ្ធតែចេះប៉ាក់ ធ្វើឲ្យភូមិល្បីល្បាញពេញតំបន់ ហើយផលិតផលប៉ាក់នៅទីនេះត្រូវបាននាំចេញទៅកាន់សហភាពសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៃសតវត្សទី ២០ ដោយសារតែទីផ្សារត្រូវបានបង្រួម និងតម្លៃមិនអាចប្រកួតប្រជែងបានទេ ដូច្នេះផលិតផលប៉ាក់ Minh Lang សាបសូន្យបន្តិចម្តងៗ ប៉ុន្តែកម្មាភិបាលក្នុងមូលដ្ឋាន បានខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលប៉ាក់នៃស្រុកកំណើត។ ពេលមានការបញ្ជាទិញឡើងវិញ សិប្បករប៉ាក់ Minh Lang បានបើកសិប្បកម្មស្តារមុខរបរប្រពៃណីឡើងវិញ។ លោក Do Xuan Phuong អ្នកភូមិ Minh Lang បាននិយាយថា៖

“ទសវត្សរ៍ឆ្នាំ ១៩៩០ គឺជាដំណាក់កាលមានវិបត្តិ។ បន្ទាប់មក សិប្បករដែលស្រឡាញ់របរប្រពៃណី បានធ្វើដំណើរទៅកាន់មូលដ្ឋានផ្សេងៗ ដើម្បីស្វែងរកការបញ្ជាទិញ នាំយកមកស្រុកវិញ។ តាំងពីនោះមក មូលដ្ឋានបានបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចខណៈដែលរក្សាបាននូវរបរសិប្បកម្មផងដែរ”។

មកដល់ភូមិប៉ាក់ Minh Lang សព្វថ្ងៃនេះ យើងអាចងាយស្រួលប្រទះឃើញនូវគំនូរប៉ាក់ទេសភាព ភូមិស្រុកស្រែសុខសាន្តត្រាណ ឬគំនូរឆាយាល័ក្សដ៏រស់រវើក។ អ្នកស្រី Pham Thi Ve សិប្បការិនីប៉ាក់នៅភូមិ Minh Lang បានឲ្យដឹងថា៖

“ដើម្បីបង្កើតគំនូរដ៏ស្រស់ស្អាតមួយ អ្នកត្រូវមានការជក់ចិត្ត។ អ្នកត្រូវស្រមៃមើលថាតើគំនូរនោះត្រូវមានទេសភាពយ៉ាងណា ទេសភាពទាំងជិតទាំងឆ្ងាយមានលក្ខណៈបែបណា ទើបអ្នកអាចប៉ាក់វាបាន។ អ្នកត្រូវស្រមៃមើលឲ្យត្រូវនឹងទេសភាពពិត ៗទើបប៉ាក់គំនូរស្រស់ស្អាតបាន”។

ទិសដៅថ្មីនៃភូមិសិប្បកម្មប៉ាក់ Minh Lang ខេត្ត Thai Binh - ảnh 2សិប្បករ Nguyen Cao Binh កំពុងបង្ហើយគំនូរប៉ាក់លោកប្រធានហូជីមិញដែលកំពុងធ្វើការនៅវិមានប្រធានរដ្ឋ។ រូបថត៖ Dinh Chau/VOV២

នៅ Minh Lang គ្រួសារសិប្បករ Nguyen Cao Binh គឺជាអាសយដ្ឋានប៉ាក់ដ៏ល្បីល្បាញ។ មកទីនេះ ភ្ញៀវទេសចរមានឱកាសគយគន់រូបគំនូរប៉ាក់ដែលបង្កើតចេញពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ មិនត្រឹមតែគំនូរប៉ាក់ទេសភាពប៉ុណ្ណោះទេ ថែមទាំងរូបគំនូរប៉ាក់របស់អ្នកនយោបាយ ជាពិសេសរូបគំនូរលោកប្រធានហូជីមិញ គឺជាប្រធានបទដែលសិប្បករ Nguyen Cao Binh ជក់ចិត្តយ៉ាងខ្លាំង។

“គំនូរឆាយាល័ក្សពិបាកធ្វើណាស់ បើមើលមិនដូចគ្នា អតិថិជនមិនកុម្ម៉ង់ទេ។ ស្ទើរតែគ្រប់គំនូរដែលខ្ញុំប៉ាក់គឺដូចនឹងរូបឆាយាល័ក្ស ដែលឈានដល់អត្រា ៩៥% ឡើងទៅ។ ខ្ញុំបានប៉ាក់រូបលោកប្រធានហូជីមិញធ្វើការនៅវិមានប្រធានរដ្ឋ និងរូបលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ផងដែរ។ ទាំងនេះពិតជាស្នាដៃឆ្នើមបំផុតពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំគោរពលោកប្រធានហូជីមិញ ដូច្នេះខ្ញុំប៉ាក់ និងព្យួរផ្ទាំងគំនូររបស់លោកប្រធាន”។

ដោយសារតែមានការរចនាដ៏សម្បូរបែប ផលិតផលប្រកបដោយគុណភាព ភាពប្រណិត និងតម្លៃសមរម្យ ផលិតផលប៉ាក់ Minh Lang មិនត្រឹមតែមានវត្តមាននៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់សហរដ្ឋអាមេរិក បារាំង អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) ផងដែរ។ ជាពិសេស ដៃគូបរទេសរាប់សិប បានចុះកិច្ចសន្យាដោយផ្ទាល់ជាមួយអាជីវកម្មនៅ Minh Lang ដោយមិនឆ្លងកាត់អន្តរការីទេ។ អាជីវកម្មប៉ាក់ជាច្រើនត្រូវបានបង្កើតឡើងពីភូមិ។ សិប្បករ Hoang Dinh Chiem នាយកក្រុមហ៊ុននាំចេញផលិតផលប៉ាក់ Tuan Duong បាននិយាយថា៖

“ពីឆ្នាំ ១៩៩០ ដល់ ឆ្នាំ១៩៩៤ ភូមិបានស្ដាររបរប៉ាក់ឡើងវិញ។ គុណភាពនៃផលិតផលប៉ាក់ត្រូវបានធានាដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ការដឹកជញ្ជូនទាន់ពេលវេលា ហើយមិនមានកំហុសក្នុងការដេរប៉ាក់នោះទេ។ គោលបំណងរបស់យើងគឺចង់បន្សល់ទុកនិងថែរក្សារបរប៉ាក់ដោយដៃដ៏ប្រណិតនេះ”។

Minh Lang បច្ចុប្បន្នជាភូមិសិប្បកម្មប៉ាក់ប្រពៃណីដ៏ល្បីល្បាញមួយលើទូទាំងប្រទេស។ ផលិតផលជាន់ខ្ពស់និងប្រណិតរបស់ភូមិមានវត្តមាននៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ តាមនោះបញ្ជាក់ពីទេពកោសល្យ និងជំនាញរបស់ជាងដេរប៉ាក់ ក៏ដូចជាការរីកចម្រើននៃភូមិសិប្បកម្មផងដែរ។ សិប្បកម្មប៉ាក់មិនត្រឹមតែជួយប្រជាជន Minh Lang ផ្លាស់ប្តូរជីវិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្ដូរមុខមាត់ជនបទថ្មីនៅមូលដ្ឋានទៀតផង៕

ប្រតិកម្មទៅវិញ