លំហស្អាត និងបៃតងនៅក្នុងភូមិជនបទថ្មី O Ngol។ (រូបថត៖ PV/VOV-Tay Nguyen) |
នៅថ្ងៃចុងសប្តាហ៍នៅផ្ទះវប្បធម៌សហគមន៍ភូមិ O Ngol តែងតែលឺសំឡេងគងឃ្មោះ សំឡេងច្រៀងចម្រៀងប្រជាប្រិយ និងសំឡេងសើចយ៉ាងសប្បាយអ៊ូអរ។ ការបង្រៀនរបៀបវាយគងឃ្មោះ និងច្រៀងចម្រៀងប្រជាប្រិយរបស់ជនជាតិ Jarai បានក្លាយជាសកម្មភាពវប្បធម៌ជាប្រចាំដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។ ជាអ្នកដែលបានប្រមូលផ្តុំស្ត្រីភូមិ O Ngol ចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនោះ អ្នកស្រី Siu H'Biáo បានឲ្យដឹងថា៖
“បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Jarai ក៏មានបទខ្លះដែលសរសើរវីរៈបុរសក្នុងសម័យសង្គ្រាម។ ឧទាហរណ៍បទចម្រៀង "អូពូអ៊ុំបងៗអើយ" ឬបទ "Hơ̆k kơ̆dơk - រីករាយថ្ងៃរំដោះ" ជាពិសេស
បទចម្រៀងដែលផ្អែកលើបទភ្លេងប្រជាប្រិយដើម្បីលើកសរសើរលោកប្រធានហូជីមិញដែលមានគុណដឹកនាំបដិវត្តន៍។ ការងារនេះលែងពិបាកដូចមុនទៀតហើយ។ តាំងពីមានស្មាតហ្វូនមក ខ្ញុំបានចេះប្រើវាឲ្យមានប្រយោជន៍សម្រាប់ការងារ។ ជាឧទាហរណ៍ ខ្ញុំបានបង្កើតក្រុមសមាជិក នៅពេលដែលខ្ញុំត្រូវការជូនដំណឹង និងផ្លាស់ប្តូរការងារ វាពិតជាងាយស្រួលណាស់”។
ព្រឹទ្ធាចារ្យភូមិ Siu Jo សប្បាយរីករាយនៅពេលយុវជនជំនាន់ក្រោយទទួលមរតកវប្បធម៌ប្រពៃណី។ រូបថត៖ PV/VOV-Tay Nguyen |
ព្រឹទ្ធាចារ្យភូមិ Siu Jo បានឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិ O Ngol ជានិច្ចកាលសាមគ្គីគ្នា។ ជាង១០ឆ្នាំមកនេះ ភូមិ O Ngol តែងតែទទួលបានកិត្តិនាមជាភូមិវប្បធម៌ថ្នាក់ខេត្ត។ ជាពិសេស លេចធ្លោគឺសកម្មភាពអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី៖
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះមានយុវជនជំនាន់ក្រោយបន្តរៀនលេងគងឃ្មោះ និងថែរក្សាវប្បធម៌ប្រពៃណីដែលដូនតាបានបន្សល់ទុកមក។ ដោយឡែក ភូមិ O Ngol មានក្រុមគងឃ្មោះ ៣ ក្រុមដែលមានវ័យអាយុខុសៗគ្នា គឺក្រុមគងយុវជន និងក្រុមគងយុវជនជំទង់ និងក្រុមគងអ្នកជើងចាស់។ មានទាំងសិប្បករ Ama Nga និងមេភូមិ ក៏លេងគងឃ្មោះជាមួយបងប្អូនផងដែរ។ រូបខ្ញុំផ្ទាល់មិនបាច់បារម្ភទៀតទេ ព្រោះមានក្រុមគងឃ្មោះជនវ័យក្មេងទទួលមរតកហើយ។ ព្រោះគងឃ្មោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវភាពខាងវិញ្ញាណ ដូចជា៖ ពិធីបុណ្យសព និងពិធីបុណ្យសំខាន់ៗរបស់ភូមិ សុទ្ធតែត្រូវការសំឡេងគងឃ្មោះ”។
លោក Siu Huynh (ឈរកណ្តាល) លេខាសាខាបក្ស មេភូមិ O Ngol ជាមួយក្រុមអ្នកចម្រៀងប្រជាប្រិយ។ រូបថត៖ PV/VOV-Tay Nguyen |
ភូមិ O Ngol មានគ្រួសារជិត ១២០ ជាមួយនឹងចំនួនប្រជាជន ៥០០ នាក់ ដែលភាគច្រើនជាជនជាតិ Jarai។ ភូមិនេះបានសម្រេចស្តង់ដារជនបទថ្មីកាលពី៧ ឆ្នាំមុន។ សកម្មភាពវប្បធម៍ដូចជា ការសម្ដែងគងឃ្មោះ ឧបករណ៍ភ្លេងប្រពៃណី ការរាំវង់ ការច្រៀងចម្រៀងប្រជាប្រិយ... ដែលជាតម្រូវការមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានថែរក្សាជានិច្ច។ លោក Siu Huynh មេភូមិ O Ngol បានចែករំលែកថា៖
“សង្គមកាន់តែអភិវឌ្ឍន៍តាមនិន្នាការទំនើប យើងត្រូវតែដើរតាមសម័យកាលពិតម៉ែន ប៉ុន្តែវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ក៏ត្រូវតែពង្រីកដែរ។ ដូចខ្ញុំផ្ទាល់ក៏ខិតខំព្យាយាមហាត់ច្រៀងចម្រៀងប្រជាប្រិយ ច្រៀងចម្រៀងបដិវត្តន៍ប្រពៃណីតាមរបៀបច្រៀងរបស់ជនជាតិ Jarai។ មនុស្សទាំងចាស់ទាំងក្មេង សុទ្ធតែយល់ច្បាស់ ដូច្នេះហើយក្នុងគ្រប់កិច្ចការ ភូមិយើងតែងតែឈានមុខគេ ជាពិសេសគឺចលនាកសាងជនបទថ្មី”។
លោក Siu Khlo លេខាគណៈកម្មាធិការបក្សឃុំ Ia Ve ស្រុក Chu Prong បានឲ្យដឹងថា ក្នុងការកសាងជនបទថ្មី ចាប់តាំងពីចុងឆ្នាំ ២០១៨ មក ភូមិ O Ngol បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃតំបន់ជនជាតិភាគតិច ហើយក្លាយជាភូមិមួយក្នុងចំណោមភូមិជនបទថ្មីគំរូរបស់ខេត្ត៖
“ភូមិ O Ngol បានអនុវត្តន៍តាមគោលជំហរ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ប្រជាជនបានបើកផ្លូវអន្តរភូមិយ៉ាងស្អាតទូលាយ។ តាមបណ្ដោយផ្លូវភូមិទាំងសងខាងមានភ្លើងបំភ្លឺ។ ផ្ទះស្អាតបាត សួនច្បារការពារដោយរបង ជួរដើមឈើបៃតង ហើយខាងក្នុងមានចំការកាហ្វេ និងម្រេច... បច្ចុប្បន្ននេះ គ្រួសារជាច្រើនបានសាងសង់ផ្ទះធំទូលាយ ទិញឧបករណ៍ប្រើប្រាស់និងផលិតកម្ម ដូចជា ម៉ាស៊ីនភ្ជួររាស់ ម៉ូតូ... ជាពិសេសភូមិមានផ្ទះវប្បធម៌សហគមន៍ ក្រុមគងឃ្មោះ និងឧបករណ៍ភ្លេងជនជាតិដូចជា ចាប៉ី goong ចាប៉ី To-rung... សិប្បករនិងប្រជាជន ពិតជាស្រឡាញ់និងចេះថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន”។
ភូមិ O Ngol ឃុំ Ia Ve ស្រុក Chu Prong សព្វថ្ងៃគឺជាគំរូនៃភូមិជនបទថ្មីនៅតំបន់ជនជាតិភាគតិចនៃខេត្ត Gia Lai។ នេះជាចំណុចភ្លឺក្នុងការថែរក្សាព្រលឹងវប្បធម៌ជាតិក្នុងសម័យទំនើប៕