ស្ពាន Bac Hung Hai និងគម្រោងផ្លូវអន្តរទីក្រុងហាណូយ - Hung Yen ទើបតែត្រូវបានសម្ពោធ ដោយជួយកាត់បន្ថយប្រវែងផ្លូវពីហាណូយទៅ Hung Yen ២០ គីឡូម៉ែត្រ |
ដោយកំណត់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គឺជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឆ្ពោះទៅគោលដៅក្លាយទៅជាខេត្តឧស្សាហ៍កម្មទំនើបនោះ នារយៈពេលកន្លងទៅ ទន្ទឹមនឹងការអនុវត្តដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយព្រមៗគ្នា ខេត្ត Hung Yen បានប្រើប្រាស់ប្រភពកម្លាំងជាច្រើនវិនិយោគ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធមណ្ឌល និងបណ្ដុំឧស្សាហកម្ម។ គម្រោង និងសំណង់គមនាគមន៍ជាច្រើនត្រូវបានសាងសង់ឡើងជាមួយចក្ខុវិស័យយុទ្ធសាស្ត្រ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅ និងផលិតកម្មរបស់ប្រជាជន ព្រមទាំងរំលេចបន្ថែមសម្រស់ដ៏ទំនើបសម្រាប់ខេត្តវាលទំនាប ដែលមានប្រពៃណីវប្បធម៌និងប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ។
ក្នុងឆ្នាំ ២០២១ ខេត្ត Hung Yen បានចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីអភិវឌ្ឍន៍គមនាគមន៍ និងដឹកជញ្ជូនខេត្ត Hung Yen ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងផែនការអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍វិស័យគមនាគមន៍ និងដឹកជញ្ជូន ខេត្ត Hung Yen ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ក្នុងនោះ ផ្តោតលើការអនុវត្តសាងសង់ខ្សែផ្លូវគមនាគមន៍ដ៏សំខាន់ៗ បង្កើតច្រករបៀងដើម្បីបង្កើតមណ្ឌលឧស្សាហកម្ម និងបណ្ដុំឧស្សាហកម្មប្រមូលផ្តុំ លើកកំពស់សមត្ថភាពចរាចរទំនិញ ជួយសម្រួលដល់ការអភិវឌ្ឍឧស្សាហកម្ម សេវាកម្មដ៏សំខាន់ និងមណ្ឌលឧស្សាហកម្មស្អាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ជួបការលំបាកក្នុងភូមិសាស្ត្រខេត្ត។
បច្ចុប្បន្នបណ្តាញផ្លូវគមនាគមន៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តមានភាពអំណោយផលជាមួយប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវជាតិ។ ខេត្តក៏បានដាក់ឱ្យដំណើរការគម្រោងគមនាគមន៍ដ៏សំខាន់ៗជាច្រើន ដែលមានលក្ខណៈតភ្ជាប់រវាងខេត្ត ក្រុងនានាក្នុងតំបន់។ ជាពិសេសគឺគម្រោងសាងសង់ខ្សែផ្លូវនៅក្បែរខ្សែផ្លូវគោកតភ្ជាប់ផ្លូវល្បឿនលឿនហាណូយ - Hai Phong ជាមួយផ្លូវល្បឿនលឿន Cau Gie - Ninh Binh និងគម្រោងជួសជុលកែលម្អខ្សែផ្លូវអន្តរខេត្តហាណូយ - Hung Yen ហើយកំណត់ផ្លូវឆ្លងកាត់ខេត្ត Hung Yen គឺជាសំណង់គមនាគមន៍ចំនួន ២ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់អបអរសាទរខួបលើកទី ១៩០ ទិវាបង្កើតខេត្ត (១៨៣១-២០២១) ខួបលើកទី ៨០ ទិវាបង្កើតបក្សភាគខេត្ត (១៩៤១-២០២១) និងខួបលើកទី ២៥ ទិវាបង្កើតខេត្ត Hung Yen ឡើងវិញ (១៩៩៧-២០២២)។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា៖ “ខេត្ត Hung Yen បានកំណត់វិស័យសំខាន់ៗដើម្បីវិនិយោគ ដោយបានអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ស្របតាមគោលដៅអភិវឌ្ឍន៍របស់ខេត្ត Hung Yen ឲ្យក្លាយទៅជាទីក្រុងឧស្សាហកម្មទំនើប។ ខ្ញុំអបអរសាទរចំពោះប្រការនេះ។ ខ្សែផ្លូវទាំងពីរនេះមានប្រវែងជាង ៥០ គីឡូម៉ែត្រ ជាមួយនឹងទុនសរុបជាង ៤,៤ លានលានដុង ក្នុងនោះខេត្ត Hung Yen កៀរគរបានប្រាក់ចំនួន ២/៣ ហើយមជ្ឈឹមឧបត្ថម្ភត្រឹមតែ ១/៣ ប៉ុណ្ណោះ។ ខ្ញុំគិតថា នេះគឺជាការប្ដេជ្ញាចិត្តខ្ពស់របស់ខេត្ត”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបញ្ចប់ការងារកែលម្អ និងពង្រីកផ្លូវក្រុងហាណូយ - Hung Yen ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ រូបថត៖ VGP/ Nhat Bac |
ដំណាក់កាល ២០២១ - ២០២៥ តាមផែនការ ខេត្ត Hung Yen នឹងមានគម្រោងគមនាគមន៍ចំនួន ១០៦ ត្រូវបានអនុវត្តន៍។គម្រោងទាំងនេះសុទ្ធតែជាខ្សែផ្លូវដ៏សំខាន់តភ្ជាប់ជាមួយប្រព័ន្ធផ្លូវគមនាគមន៍ជាតិនៅភូមិសាស្ត្រខេត្ត Hung Yen បង្កើតជំហានលោតផ្លោះអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ លើកកម្ពស់ប្រសិទ្ធភាពរបស់ខ្សែផ្លូវគមនាគមន៍ បង្កើនសមត្ថភាពតភ្ជាប់អន្តរតំបន់ ជំរុញការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម ទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ង្គមរបស់តំបន់។ ក្នុងសម័យប្រជុំលើកទី៨ ក្រុមប្រឹក្សាប្រជាជនខេត្ត Hung Yen នីតិកាលទី ១៧ អាណត្តិឆ្នាំ ២០២១ - ២០២៦ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា៖ “ខេត្ត Hung Yen ចាំបាច់ត្រូវពង្រីកគុណសម្បត្តិរបស់ខេត្តមួយដែលមានទីតាំងអំណោយផល ជាច្រកផ្លូវភាគអាគ្នេយ៍របស់រដ្ឋធានីហាណូយ ជាពិសេសការលើកកំពស់សមត្ថភាពតភ្ជាប់គមនាគមន៍ពីទីក្រុងហាណូយ ទៅកាន់ខេត្ត Hung Yen ឆ្លងកាត់ ខ្សែក្រវាត់លេខ ៤ - តំបន់រដ្ឋធានីហាណូយ។ នេះគឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខតំបន់ដីសណ្ដទន្លេក្រហម និយាយរួម និងខេត្ត Hung Yen និយាយដោយឡែក។ ដូច្នេះហើយ ខេត្តត្រូវផ្ដោតសំខាន់លើការរៀបចំលំនៅដ្ឋានថ្មី ប្រមូលយក សំណងដីធ្លី ធានាការអនុវត្តន៍សំណង់ប្របដោយគុណភាព និងល្បឿនកំណត់ផងដែរ”។
យោងតាមតារាងរៀបចំណាត់ថ្នាក់នៃសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ ២០២១ ដែលបានចេញផ្សាយនាខែឧសភា ឆ្នាំ ២០២២ បានឲ្យដឹងថា ខេត្ត Hung Yen បានកើនឡើង ១៤ កាំ ដោយជាប់ចំណាត់ថ្នាក់លេខ ៣៩ ក្នុងតារាង រៀបចំណាត់ថ្នាក់។ សន្ទស្សន៍សមាសធាតុសំខាន់ៗជាច្រើនទទួលពិន្ទុះខ្ពស់ជាង បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ប្រការនេះបានអះអាងថា ការវិនិយោគ សាងសង់ សំណង់គមនាគមន៍គឺទទួលបានការស្រុះចិត្តគំនិតខ្ពស់របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ គម្រោង និងសំសង់គមនាគមន៍នានាត្រូវបានសាងសង់ឡើង គឺជាកម្លាំង ចលករសម្រាប់ខេត្ត Hung Yen អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពផងដែរ៕