ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh។ រូបថត៖ danviet.vn |
ក្នុងរយៈពេលកន្លងទៅ ផ្ទាំងគំនូរសហគ្រាសរដ្ឋធានីកំពុងស្ដារឡើងវិញយ៉ាងច្បាស់លាស់បានសរឲ្យឃើញពីការបោះជំហានអភិវឌ្ឍន៍របស់សហគ្រាសក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង បើទោះបីនៅតែប្រឈមនឹងការលំបាក សាកល្បងក៏ដោយ។ យោងតាមតួរលេខស្ថិតិ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ នៅរដ្ឋធានីហាណូយមានសហគ្រាសជិត ២២ ០០០ អង្គភាព បានចុះបញ្ជីបង្កើតថ្មី កើន ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ លើសពីនេះទៅទៀត មានសហគ្រាសជាង ៨ ១០០ អង្គភាព បានប្រតិបត្តិការឡើងវិញ កើន ០,៣%។
លទ្ធផលនេះគឺដោយសារមានការជួយឧបត្ថម្ភ និងការណែនាំផ្ទាល់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ តាមនោះ ជួរសហគ្រិន និងសហគ្រាសបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលរួមរបស់រដ្ឋធានី។ ក្នុងជំនួបជាមួយសហគ្រាសរដ្ឋធានីហាណូយក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី១៣ ខែតុលា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអះអាងថា៖ “បក្ស និងរដ្ឋបានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងប្ដូរផ្ដាច់ ផ្លាស់ប្តូរប្រព័ន្ធគោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនសហគមន៍ធុរកិច្ច។ ទោះយ៉ាងណាក៏ដោយនៅតែមានការលំបាកមួយចំនួន។ ដូច្នេះហើយ រូបខ្ញុំផ្ទាល់ និងសហការីរបស់ខ្ញុំតែងតែចែករំលែក និងយល់ដឹងពីការលំបាកដែលសហគ្រិន និងសហគ្រាសត្រូវប្រឈមជាប្រចាំ។ យើងខ្ញុំតែងតែកំណត់ និងយល់ដឹងថា នឹងត្រូវខិតខំប្រឹងប្រែងថែមទៀត រួមជាមួយសហគ្រាសដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សបំផុត ត្រឹមត្រូវបំផុត សុវត្ថិភាពបំផុតដែលអាចធ្វើទៅបានសម្រាប់ទាំងអ្នកដោះស្រាយ និងសហគ្រាស។ នោះជាគោលដៅចម្បងផងដែរ”។
ជាក់ស្តែង ក្នុងរយៈពេលកន្លងទៅ ជាពិសេសក្នុងដំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ សហគមន៍ធុរកិច្ច និងសហគ្រិនមានឋានៈ និងតួនាទីដ៏សំខាន់ពិសេសក្នុងខឿនសេដ្ឋកិច្ចរបស់រដ្ឋធានី ហើយជះឥទ្ធិពលយ៉ាងធំធេងលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាបញ្ហានៃជីវភាពសង្គមផងដែរ។ ជំនះពុះពារលើការលំបាក និងការសាកល្បងជាច្រើន ជួរសហគ្រិន និងសហគ្រាសបានរួមចំណែកបង្កើតការងារធ្វើជូនពលករ ដោះស្រាយបញ្ហាសុខុមាលភាពសង្គម។ លោកស្រី Nguyen Thi Nga ប្រធានក្រុមប្រឹក្សាភិបាល BRG Group ដែលជាសហគ្រិនឆ្នើមនៅក្នុង TOP10 ឆ្នាំ ២០២២ បាននិយាយថា៖ “ក្នុងសម័យកូវីដ ១៩ ដើម្បីរក្សាការងារធ្វើជូនមនុស្សចំនួន ២២ ០០០នាក់ គឺស្មើនឹងក្រុមគ្រួសារចំនួន ២២ ០០០ គ្រូ គឺជាបញ្ហាប្រឈមដ៏ធំយ៉ាងពិតប្រាកដ។ ប៉ុន្តែ BRG Group តែងតែដាក់ចេញគោលដៅគឺ កម្លាំងផលិតកម្មមានសារៈសំខាន់ ហើយរក្សាសុខុមាលភាពសង្គមជូនពលករទាំងអស់ក្នុង Group គឺជាគោលដៅដ៏ធំបំផុត។ ដូច្នេះហើយ យើងខ្ញុំបានរៀបចំផលិតកម្ម ដើម្បីធានាថា គ្មានពលករណាម្នាក់ត្រូវឈប់សម្រាក ហើយរក្សាប្រាក់ចំណូលជូនពលករ និងធានាជីវភាពរស់នៅប្រកបដោយស្ថិរភាពផងដែរ”។
លោកស្រី Nguyen Thi Nga ប្រធានក្រុមប្រឹក្សាភិបាល BRG Group។រូបថត៖ baodautu.vn |
នាបច្ចុប្បន្ន រដ្ឋធានីហាណូយកំពុងកសាងដំណោះស្រាយជាច្រើន សំដៅកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងបង្កលក្ខណៈងាយស្រួលបំផុតដល់ប្រតិបត្តិការរបស់សហគ្រាសក្នុងភូមិសាស្ត្ររដ្ឋធានី។ រដ្ឋធានីបានចេញផ្សាយគម្រោង ផែនការ និងអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភជាច្រើនដល់សហគ្រាសដូចជា៖ ជួយឧបត្ថម្ភ លើកទឹកចិត្តដល់សហគ្រាសទើបបង្កើតថ្មី; ជួយឧបត្ថម្ភប្រភពទុនឥណទាន ធនាគារ; ជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលធនធានមនុស្ស កន្លែងផលិតកម្ម; រៀបចំព្រឹត្តិការណ៍ តភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ កម្មវិធីពន្លឿនវិនិយោគពាណិជ្ជកម្មទាំងជាតិ និងអន្តរជាតិ។ តាមរយៈកម្មវិធីទាំងនោះ សហគ្រាសជាច្រើនរបស់រដ្ឋធានីទទួលបានជោគជ័យជាក់ស្ដែង ជាពិសេសសហគ្រាសមួយចំនួនបានឈ្នះរង្វាន់ខ្ពស់ក្នុងការប្រកួតចាប់ផ្ដើមអាជីវកម្មថ្មីទូទាំងប្រទេស។ លោក Mac Quoc Anh អនុប្រធានសម្ព័ន្ធសមាគមធុរកិច្ចធុនតូច និងមធ្យមហាណូយបានអះអាងថា៖ “ឋានៈ និងតួនាទីរបស់សហគ្រិន និងសហគ្រាសត្រូវបានដាក់បញ្ជូលទៅក្នុងសេចក្ដីសម្រេចចិត្តរបស់បក្សអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយមានឋានៈ និងតួនាទីដូច្នេះ ការរួមវិភាគទាន និងឥទ្ធិពលរបស់សហគ្រាស ជួយដល់ខឿនសេដ្ឋកិច្ចមានជួរសហគ្រាសអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកយ៉ាងសកម្មដល់សកម្មភាពសុខុមាលភាពសង្គមក្នុងភូមិសាស្ត្ររដ្ឋធានីផងដែរ”។
ដោយពង្រីករាល់លទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ សម្ព័ន្ធសមាគមន៍ សហគមន៍ធុរកិច្ច និងសហគ្រិនរដ្ឋធានីហាណូយបន្តជំរុញខ្លាំងស្មារតីសាមគ្គីភាព បញ្ញា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ម្ចាស់ការសិក្សាស្រាវជ្រាវ ដើម្បីសម្រេចឲ្យបានដំណោះស្រាយអំពីអភិបាលកិច្ចសហគ្រាស លើកកម្ពស់ផលិតភាព គុណភាព កម្លាំងប្រកួតប្រជែងរបស់ផលិតផល និងសេវាកម្មនៅទីផ្សារទាំងជាតិ និងអន្តរជាតិ ក៏ដូចជាកសាងពាណិជ្ជសញ្ញាផលិតផលរបស់រដ្ឋធានី លំដាប់ថ្នាក់តំបន់ និងអន្តរជាតិផងដែរ៕