ទីក្រុងហាណូយត្រូវបានចាត់ទុកថា ជា“ធានី”នៃរបរសិប្បកម្ម។ បើរំលឹកដល់ទីក្រុងហាណូយគឺរំលឹកដល់វិថីរបរសិប្បកម្ម ដូចជា៖ Hang Thiec Hang Bac Hang Hom Lo Ren។ វិថីនីមួយៗផ្សារភ្ជាប់នឹងរបរសិប្បកម្មប្រពៃណីមួយ។
ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ នាសព្វថ្ងៃនេះវិថីភាគច្រើននៅតែរក្សាឈ្មោះដូចពីអតីតកាលដដែល ប៉ុន្តែមុខរបរដែលផ្សារភ្ជាប់ជាមួយវិថីគឺបាត់បង់ទៅហើយ។ វិថីជាច្រើនបានក្លាយជាវិថីពាណិជ្ជកម្ម និងធ្វើអាជីវកម្មផលិតផលផ្សេងៗគ្នា។ លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណទីក្រុងហាណូយបានឲ្យដឹងថា៖ “នៅវិថីបុរាណហាណូយបច្ចុប្បន្ននេះ មិនមានភូមិរបរសិប្បកម្មច្រើនទេ ប៉ុន្តែភាគច្រើនគឺជាកន្លែងសម្រាប់ចែកចាយផលិតផល។ យើងក៏មានបំណងចង់តភ្ជាប់វិថីរបរសិប្បកម្មជាមួយភូមិសិប្បកម្ម ដើម្បីធានាឲ្យផលិតផលដែលបានដាក់លក់នៅតាមវិថីគឺជាផលិតផលពិសេស ទាំងគុណភាពនិងសោភ័ណភាព ឆ្លើយតបនឹងតម្រូវការផលិតផលអនុស្សាវរីយ៍ ដើម្បីបម្រើភ្ញៀវទេសចរ”។
លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណទីក្រុងហាណូយ។ (រូបថត៖ VOV) |
លើសពីនេះទៅទៀត ផលិតផលសិប្បកម្មប្រពៃណីរបស់វិថីរបរសិប្បកម្មហាណូយក៏ត្រូវប្រកួតប្រជែងជាមួយផលិតផលឧស្សាហកម្ម ផលិតផលនាំចូលពីបរទេសដែលមានតម្លៃទាប ទីផ្សារប្រើប្រាស់មានកម្រិត។ វិចិត្រករគំនូរ Hang Trong លោក Nam Chi បានឲ្យដឹងថា៖ “ចំពោះសង្គមនាបច្ចុប្បន្ននេះ គំនូរ Hang Trong ប្រសិនបើមានតែគំរូបែបប្រពៃណីប៉ុណ្ណោះ ខ្ញុំគិតថាវាមិនអាចឆ្លើយតបតាមតម្រូវការរបស់ទីផ្សារបានទេ។ ដូច្នេះ ចាំបាច់ត្រូវមានការច្នៃប្រឌិតមួយចំនួន ដូចជា៖ នាំយកកត្តាប្រវត្តិសាស្ត្រ កត្តាអន្តោគ្រាមចូលទៅក្នុងគំនូរ ដើម្បីមានភាពច្នៃប្រឌិត នាំយកបច្ចេកទេសកិនមាស និងស្រោបមាសនៅលើគំនូរ Hang Trong ដើម្បីសម្របខ្លួនទៅនឹងទីផ្សារ”។
ប្រឈមមុខនឹងតថភាពខាងលើ ទីក្រុងហាណូយកំពុងសុក្រឹត្យជាបណ្តើរៗ កសាងមូលដ្ឋានទិន្នន័យបេតិកភណ្ឌសិប្បកម្មប្រពៃណី បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អនុវត្តន៍ការច្នៃប្រឌិតថ្មី នាំមកនូវគុណតម្លៃថ្មីសម្រាប់វិថីរបរសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនេះ បង្កើតមូលនិធិសម្រាប់ការអភិរក្ស និងរក្សាទុកចំណេះដឹងប្រជាប្រិយអំពីរបរសិប្បកម្ម ក៏ដូចជាជួយបំផុសការច្នៃប្រឌិតពីតម្លៃបេតិកភណ្ឌ។ ដំណោះស្រាយទាំងនេះ ត្រូវបានរំពឹងថានឹងនាំមកនូវកម្លាំងរស់ថ្មី និងខ្យល់ដង្ហើមទំនើបសម្រាប់ផលិតផលដោយផ្អែកលើបេតិកភណ្ឌឬមូលដ្ឋានគ្រឹះនៃចំណេះដឹងប្រជាប្រិយ តាមនោះដណ្ដើមបានអតិថិជនទាំងក្នុងស្រុកនិងអន្តរជាតិ។
គំនូរ Hang Trong បានទទួលមរតក និងច្នៃប្រឌិតថ្មី ដោយវិចិត្រករវ័យក្មេង។ (រូបថត៖ VOV) |
វិចិត្រករ Nguyen Chi Thanh ជាងមាសនៅវិថី Hang Bac បានចាត់ទុកថា៖ “ផលិតផលធ្វើតាមបែបប្រពៃណី គឺស្រស់ស្អាតជាងធ្វើដោយម៉ាស៊ីន។ បច្ចុប្បន្ននេះ នៅវិថី Hang Bac មានម៉ាស៊ីនទំនើបជាច្រើន ប៉ុន្តែត្រូវបែងចែកបញ្ហាជាមូលដ្ឋានចំនួន២គឺ៖ វិចិត្រសិល្បៈឧស្សាហកម្ម និងវិចិត្រសិល្បៈសិប្បកម្ម។ ផលិតផលរបស់យើងគឺផលិតផលសិប្បកម្ម អ្វីៗគ្រប់យ៉ាងយើងក៏ធ្វើដោយដៃ។ ក្នុងរបរប្រពៃណី នៅពេលដែលយើងធ្វើឱ្យអតិថិជននូវផលិតផលស្រស់ស្អាតមួយ ភ្ញៀវពេញចិត្តហើយយើងក៏ពេញចិត្តដែរ”។
លើសពីនេះទៅទៀត ទីក្រុងហាណូយមានវិថីទាំង ៣៦ ជាមួយនឹងរឿងនិទានអំពីម៉ាកយីហោ តែងតែមានភាពទាក់ទាញដូចជាសញ្ញាសម្គាល់នៃប្រវត្តិសាស្ត្ររបស់ទីក្រុងហាណូយបុរាណ។ ដូច្នេះហើយ យោងតាមលោកស្រី Do Dieu Linh មជ្ឈមណ្ឌលស្រាវជ្រាវនិងពង្រីកបេតិកភណ្ឌបានវាយតម្លៃថា ជាមួយនឹងការផ្លាស់ប្តូរគំរូរចនាផលិតផលសិប្បកម្មប្រពៃណី ចាំបាច់ត្រូវកសាងរឿងនិទានអំពីវិថីរបរសិប្បកម្ម ទៅជាផលិតផលទេសចរណ៍៖ “បច្ចុប្បន្ន វិថីរបរសិប្បកម្មមិនមានរឿងនិទាននោះទេ ឬប្រសិនបើមានក៏ស្រពិចស្រពិលណាស់។ ដូច្នេះ ចាំបាច់ត្រូវរចនារឿងនិទានអំពីវិថីរបរសិប្បកម្ម និងរបរសិប្បកម្មដែលកំពុងរីកចម្រើនដើម្បីរៀបរាប់ឲ្យភ្ញៀវទេសចរ។ មានវិធីសាស្រ្តនិទានរឿងជាច្រើនដូចជា៖ តាមរយៈរូបភាព ឬវីដេអូ។ លើសពីនេះទៅទៀតត្រូវពង្រឹងភាពទាក់ទាញសម្រាប់ភូមិរបរនានា តាមរយៈសកម្មភាពមួយចំនួនដូចជា៖ ការតាំងបង្ហាញ ឧទ្ទេសនាម ការរៀនធ្វើផលិតផល។ សកម្មភាពទាំងនេះអាចរៀបចំនិងធ្វើបានទាំងស្រុង”។
នាសព្វថ្ងៃនេះ បើទោះបីជាទីក្រុងហាណូយមិនមានវិថីរបរសិប្បកម្មជាច្រើនតាមន័យក៏ដោយ ប៉ុន្តែតម្លៃពិសេសនៃវិថីសិប្បកម្មនៅតែមានសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ។ ដូច្នេះ បណ្ដាដំណោះស្រាយធ្វើសមកាលកម្ម ជាពិសេសគឺមុខរបរសិប្បកម្មនីមួយៗទទួលមរតកគុណតម្លៃប្រពៃណីផង និងមានការច្នៃប្រឌិតផង នឹងជួយឲ្យរបរសិប្បកម្មប្រពៃណីរបស់ទីក្រុងហាណូយត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ថែមទៀត៕