សេដ្ឋកិច្ចទីក្រុងហូជីមិញក្នុងត្រីមាសទិ២ មានការរីកចម្រើន។ រូបថត៖ Thien An |
អត្រាកំណើននៅក្នុងត្រីមាសទី ២ របស់ទីក្រុងហូជីមិញបានរីកចម្រើនដោយត្រូវបានព្យាករណ៍សម្រេចបាន ៥,៨៧% លើសពីត្រីមាសទី១ (០,៧%)។ ដូច្នេះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ សេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣,៥៥% ។ ក្នុងនោះ វិស័យឧស្សាហកម្មពីកម្រិតអវិជ្ជមានក្នុងត្រីមាសទី ១ បានកើនឡើង ៤,៧៧% នៅក្នុងត្រីមាសទីពីរ; វិស័យសេវាកម្មនៅក្នុងត្រីមាសទីពីរបានកើនឡើង ៧,១៦% ហើយក្នុងរយៈពេល ៦ ខែគឺ ៤,៩៦% ។ ទន្ទឹមនឹងនោះ ក្នុងត្រីមាសទី២ ការបើកចំណាយទុនវិនិយោគសាធារណៈសម្រេចបាន ៤០០លានដុល្លារអាមេរិក កើនឡើងជិត៦ដង បើធៀបនឹងត្រីមាសទី១ (ប្រមាណ ៧០លានដុល្លារ)។ ក្នុងវិស័យទំនិញ ការលក់រាយ លក់ដុំ និងប្រាក់ចំណូលពីសេវាកម្មរបស់ទីក្រុងហូជីមិញ កំពុងផ្លាស់ប្តូរជាវិជ្ជមាន; វិស័យទេសចរណ៍កំពុងអនុវត្តកម្មវិធីជំរុញតម្រូវការធ្វើដំណើរជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយអាជីវកម្មបានអនុវត្តកម្មវិធីលើកទឹកចិត្តនៅក្នុងរដូវក្តៅផងដែរ។ ទាំងនេះគឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចទីក្រុង ក្នុងប៉ុន្មានខែចុងឆ្នាំនេះ។ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានមានប្រសាសន៍ថា លទ្ធផលខាងលើគឺជាការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ សហគមន៍ធុរកិច្ច និងប្រជាជនទីក្រុងទាំងមូល៖ “នៅក្នុងប៉ុន្មានខែដើមឆ្នាំនេះ ជាពិសេសបន្ទាប់ពីការបូកសរុបលទ្ធផលនៃត្រីមាសទី១ ទីក្រុងបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់រដ្ឋបាល ដោះស្រាយការលំបាកសម្រាប់ធុរកិច្ចនិងជំរុញវិស័យជាច្រើន។ គណៈកម្មាធិការប្រជាជនទីក្រុងនិងស្ថាប័ននានាបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ហើយសេដ្ឋកិច្ចមានការវិវឌ្ឍយ៉ាងច្បាស់លាស់និងវិជ្ជមាន។
លោក Pham Binh An នាយករងនៃវិទ្យាស្ថានអភិវឌ្ឍន៍ទីក្រុងហូជីមិញ បានឲ្យដឹងថា សេដ្ឋកិច្ចទីក្រុងក្នុងត្រីមាសទី ២ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនល្អ ដោយមានគោលនយោបាយយ៉ាងទាន់ពេលវេលាដើម្បីគាំទ្រ និងលុបបំបាត់ការលំបាកសម្រាប់អាជីវកម្មកាលពីចុងឆ្នាំទៅមិញ។ ចាប់តាំងពីចុងឆ្នាំ២០២២មក ទីក្រុងមានសេណារីយ៉ូជាច្រើនសម្រាប់ការស្តារឡើងវិញខឿនសេដ្ឋកិច្ចនិងគាំទ្រអាជីវកម្ម។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីក្រុងក៏បានផ្តោតលើការលុបបំបាត់ស្ថានភាពលំបាកក្នុងបែបបទរដ្ឋបាល និងលើកកម្ពស់ការអនុវត្តគម្រោងវិនិយោគសាធារណៈ។ ដូច្នេះនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ គម្រោងជាច្រើនត្រូវបានអនុវត្តន៍ ហើយប៉ះពាល់ជាវិជ្ជមានលើវិស័យផលិតកម្ម និងអាជីវកម្មជាច្រើន ធុរកិច្ចជាច្រើនត្រូវបានពន្យាពេលការសងបំណុល និងទទួលបានប្រាក់កម្ចីថ្មីដើម្បីស្តារផលិតកម្ម អាជីវកម្មឡើងវិញ។ ទីក្រុងបានគាំទ្រជំរុញពាណិជ្ជកម្ម ការស្វែងរកការនាំចេញសម្រាប់ផលិតផលរបស់ធុរកិច្ច។ លោក Pham Binh An បានមានប្រសាសន៍ថា៖ “នាយកដ្ឋាន និងស្ថាប័ននានា ជាពិសេសទីភ្នាក់ងារជំរុញពាណិជ្ជកម្ម មានកម្មវិធីជួយឧបត្ថម្ភយ៉ាងជាក់ស្តែង និងខ្លាំងក្លា ដើម្បីជួយធុរកិច្ចស្វែងរកទីផ្សារ តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ ហើយមិនត្រឹមតែជួយរៀបចំតាំងពិព័រណ៍ធម្មតាប៉ុណ្ណោះទេ សព្វថ្ងៃនេះ មានបណ្តាញទំនើបជាច្រើន ដើម្បីជួយធុរកិច្ច ឈានទៅដល់ទីផ្សារផ្សេងៗគ្នា។ ទីក្រុងអាចពន្លឿនសកម្មភាពទាំងនេះ ដើម្បីឱ្យធុរកិច្ចស្វែងរកទីផ្សារដើម្បីស្តារផលិតកម្មឡើងវិញ”។
លោក Nguyen Ngoc Hoa ប្រធានសមាគមធុរកិច្ចទីក្រុងហូជីមិញ។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោក Nguyen Ngoc Hoa ប្រធានសមាគមធុរកិច្ចទីក្រុងហូជីមិញបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ឧបសគ្គដ៏ធំគឺស្ថានភាពនៃ "ទំនិញស្តុកនាំចេញទៅក្រៅប្រទេស" ដូច្នេះយើងត្រូវតែបន្តស្វែងរកដំណោះស្រាយ និងទីផ្សារថ្មីៗ៖ “ទីផ្សារអាមេរិកខាងត្បូងនៅតែមានឱកាសធំធេងណាស់។ នេះជាចំណុចដែលសហគមន៍ធុរកិច្ចកំពុងពិចារណាបើកទីផ្សារថ្មី ទីផ្សារពិសេស... បច្ចុប្បន្ន យើងកំពុងរៀបចំពិព័រណ៍នាំចេញ ដើម្បីស្វែងរកទីផ្សារនាំចេញថ្មី”។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដែលនៅសេសសល់នៃឆ្នាំនេះ ទីក្រុងហូជីមិញនឹងផ្តោតលើការអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់មជ្ឈឹម លើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយប្តេជ្ញាសម្រេចបានគោលដៅកំណើន។ បើទោះបីជាសេដ្ឋកិច្ចក្នុងត្រីមាសទីពីរមានភាពវិជ្ជមានជាច្រើនក៏ដោយ ក៏អាជីវកម្មនៅតែប្រឈមមុខនឹងការលំបាកជាច្រើនពីទីផ្សារ ការបញ្ជាទិញ រហូតដល់ការទទួលដើមទុន នីតិវិធីដោះស្រាយដីធ្លី និងបរិស្ថាន។ ដូច្នេះ ទីក្រុងនឹងដោះស្រាយចំណុចខ្វះខាត បង្កលក្ខណៈងាយស្រួលសម្រាប់លំហូរទុន បង្កើតទំនុកទុកចិត្តសម្រាប់ទីផ្សារ; ជំរុញកំណែទម្រង់រដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ ជំរុញការផ្លាស់ប្តូរឌីជីថល ធានាសកម្មភាពវប្បធម៌សង្គម ថែទាំសុខុមាលភាពសង្គម ជាពិសេស បន្តវិធានការដោះស្រាយការលំបាកសម្រាប់សហគ្រាស៖ “ទីក្រុងផ្តោតលើការដោះស្រាយការលំបាករបស់សហគ្រាស ពង្រឹងនិងពង្រីកទីផ្សារក្នុងស្រុក រៀបចំសកម្មភាពពន្លឿនពាណិជ្ជកម្ម និងអនុគ្រោះដើម្បីជម្រុញតម្រូវការរបស់ទីផ្សារ។ ពង្រីកការតភ្ជាប់កម្មវិធីសម្របសម្រួលជាមួយតំបន់សេដ្ឋកិច្ចនានា ដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុកនិងជួយឧបត្ថម្ភការនាំចេញ ជួយឧបត្ថម្ភសហគ្រាសឈានចូលទីផ្សារថ្មី។ ទន្ទឹមនឹងនោះ បន្តសិក្សាស្រាវជ្រាវដំណោះស្រាយនិងគោលនយោបាយដើម្បីជួយឧបត្ថម្ភធុរកិច្ច”។
សញ្ញាសុទិដ្ឋិនិយមនៃសេដ្ឋកិច្ចទីក្រុងហូជីមិញក្នុងត្រីមាសទី ២ នឹងក្លាយជាបុព្វបទសម្រាប់ទីក្រុងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងប៉ុន្មានខែដែលនៅសេសសល់នៃឆ្នាំ២០២៣នេះ និងទទួលបានលទ្ធផលវិជ្ជមានសម្រាប់ឆ្នាំទាំងមូល និងឆ្នាំបន្តទៀត៕