ក្រោយរយៈពេលជិត ៥ឆ្នាំចូលជាធរមាន CPTPP បានជួយឲ្យសកម្មភាពនាំចេញនាំចូលរវាងវៀតណាមនិងបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានកំណើនយ៉ាងខ្លាំង មិនត្រឹមតែចំពោះប្រទេសដែលវៀតណាមមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ឬពហុភាគីដូចជា៖ កាណាដា ម៉ិកស៊ិក ប៉េរូ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីផ្សារដែលមានស្តង់តឹងរឹង ដូចជា៖ ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់ទៀតផង។
ឆ្នាំ២០២៣ ប្រាក់ចំណូលនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ CPTPP ដែលមានប្រជាជនជាង ៥០០ លាននាក់បានឈានដល់កម្រិតខ្ពស់ប្រហែល ១០០ ពាន់លានដុល្លារអាមេរិក។ រូបថត៖ TTXVN |
នៅឆ្នាំ២០២៣ តម្លៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់ទីផ្សារដែលមានប្រជាជនជាង ៥០០ លាននាក់របស់ CPTPP ទទួលបាន ១០០ ពាន់លានដុល្លារអាមេរិក។ នេះតែងតែជាទីផ្សារដែលនាំមកនូវអតិរេកពាណិជ្ជកម្ម សម្រាប់វៀតណាម។ ពន្យល់អំពីជោគជ័យនេះ លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌលអង្គការពាណិជ្ជកម្មពិភពលោក(WTO)និងសមាហរណកម្ម ចំណុះសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖ “ដៃគូរបស់ CPTPP មិនមែនជាដៃគូថ្មីនោះទេ។ ដៃគូចំនួន ៧ ក្នុងចំណោមដៃគូទាំង ១០ របស់ CPTPP ជាប្រទេសដែលវៀតណាមមានហោចណាស់ ១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)។ ទោះជាយ៉ាងណាក៏ដោយ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងគេដែលយើងប្រមូលកម្លាំងទាំងអស់ ដើម្បីឈានចូលទីផ្សារនៃទ្វីបអាមេរិក។ កាលពីមុន យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ឈីលី ប៉ុន្តែនេះជាគឺកិច្ចព្រមព្រៀងប្រពៃណីនិងទ្រង់ទ្រាយតូចណាស់។ ដោយមាន CPTPP ជាលើកដំបូងដែលវៀតណាមអាចទាក់ទងជាមួយទីផ្សារចំនួន ២ នៅអាមេរិកខាងត្បូងគឺប៉េរូ និងឈីលី ហើយទីផ្សារអាមេរិកខាងជើងចំនួន ២ គឺកាណាដា និងម៉ិកស៊ិក។ ប្រការទាំងនេះ បានបង្កើតឱកាសដ៏ធំធេងសម្រាប់វៀតណាមឆ្ពោះទៅរកទីផ្សារថ្មីដែលមានសក្តានុពលកាន់តែច្រើន”។
បើតាមទស្សនៈគ្រប់គ្រងរដ្ឋ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា៖ សហគ្រាសវៀតណាមកំពុងចាប់យកនិងឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា CPTPP ដែលបង្ហាញតាមរយៈការនាំចេញទៅកាន់ទីផ្សារថ្មីបានកើនឡើងយ៉ាងខ្លាំង៖
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូល។ រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម |
“ចំពោះតំបន់ CPTPP យើងឃើញថា តួរលេខកំណើននាពេលកន្លងទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ខុសពីតំបន់សហភាពអឺរ៉ុប (EU) ជាទីផ្សារនាំចេញប្រពៃណី តំបន់ CPTPP ជាពិសេសគឺបណ្ដាប្រទេសនៅទ្វីបអាមេរិក ដូចជា៖ កាណាដា ម៉ិកស៊ិក ប៉េរូ គឺជាទីផ្សារថ្មី ហើយការនាំចេញរបស់វៀតណាមទៅកាន់តំបន់នេះកាលពីមុនគឺតិចតួចណាស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានកិច្ចព្រមព្រៀង CPTPP ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារទាំងនេះបានកើនឡើងគួរឱ្យកត់សម្គាល់” ។
យោងតាម CPTPP បណ្តាប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានសន្យាលុបចោលពី ៩៧% ដល់ ១០០% នៃពន្ធលើទំនិញនាំចូលដែលមានប្រភពដើមពីវៀតណាម អាស្រ័យលើការសន្យារបស់ប្រទេសនីមួយៗ។ បើតាមមជ្ឈដ្ឋានអ្នកជំនាញ ប្រការនេះបង្កើតឱកាសដ៏ធំធេងសម្រាប់វៀតណាមឈានចូលទីផ្សារថ្មី ប៉ុន្តែធុរកិច្ចវៀតណាមត្រូវពន្លឿនថែមទៀត ដើម្បីឆ្លៀតយកឱកាស មុនពេលបណ្តាប្រទេសចូលរួម CPTPP ធ្វើសមាហរណកម្មកាន់តែទូលំទូលាយជាង។
គិតត្រឹមចុងឆ្នាំ ២០២២ កិច្ចព្រមព្រៀង CPTPP បានចូលជាធរមានសម្រាប់សមាជិកភាគច្រើនដែលបានចូលរួម។ ទន្ទឹមនឹងនោះ ចក្រភពអង់គ្លេសក៏បានក្លាយជាសមាជិកថ្មីរបស់ CPTPP ជាផ្លូវការចាប់តាំងពីខែកក្កដាឆ្នាំ២០២៣ ហើយខឿនសេដ្ឋកិច្ចជាច្រើនទៀតក៏បានលើកឡើងនូវបំណងចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ។ ការពិតនេះ នាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនថែមទៀតផងដែរ។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុជាតិនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានធ្វើអត្ថាធិប្បាយថា៖ “ កិច្ចព្រមព្រៀង CPTPP បានទាក់ទាញការយកចិត្តទុកដាក់ពីដៃគូជាច្រើន។ ដៃគូជាច្រើនបានផ្ញើរលិខិតដោយសម្តែងនូវបំណងចង់ចូលរួម CPTPP ក្នុងនោះមានខឿនសេដ្ឋកិច្ចជាច្រើនក្នុងតំបន់ដូចជា ចិន និងសូម្បីតែប្រទេសមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដូចជា៖ ហ្វីលីពីន ថៃក៏សម្តែងការយកចិត្តទុកដាក់ផងដែរ។ ច្បាស់ណាស់ថា ដោយមានការយកចិត្តទុកដាក់ទាំងនេះ កិច្ចព្រមព្រៀង CPTPP នឹងក្លាយទៅជាកិច្ចព្រមព្រៀងមួយដែលមានឋានៈធំជាងបើធៀបនឹងពេលដែលវៀតណាមចុះហត្ថលេខានិងចូលរួម ប៉ុន្តែផ្ទុយទៅវិញ ការប្រកួតប្រជែងពីដៃគូនានាក៏កាន់តែធំដែរ”។
យោងតាមលោក Luong Hoang Thai ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុង CPTPP នាពេលខាងមុខ សហគមន៍ធុរកិច្ចវៀតណាមត្រូវផ្តោតលើការបង្កើនតម្លៃសម្រាប់ផលិតផល តាមរយៈការកែលម្អគុណភាពផលិតផល អនុលោមតាមលក្ខណៈវិនិច្ឆ័យ និងតម្រូវការរបស់ទីផ្សារនីមួយៗ ជាពិសេសត្រូវមានគោលបំណងអភិវឌ្ឍន៍ផលិតផលបៃតង អភិវឌ្ឍប្រកបដោយចីរភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន៕