មានវត្តមាននៅលើទីផ្សារជិតពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) គឺជាម៉ាកល្បីល្បាញដែលត្រូវបានអតិថិជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសស្គាល់ដល់។ ទន្ទឹមនឹងការយកចិត្តទុកដាក់ជានិច្ចចំពោះគុណភាពផលិតផល ក្រុមហ៊ុនក៏តែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្ម។ ក្រុមហ៊ុនបានកសាងប្រព័ន្ធកសិដ្ឋានអេកូឡូស៊ី Vinamilk Green Farm ដោយមានទុនវិនិយោគច្រើនជាង ៣.០០០ ពាន់លានដុង (ប្រហែល ១៣០ លានដុល្លារអាមេរិក) ហើយត្រូវបានសាងសង់ឡើងក្រោមលក្ខណៈវិនិច្ឆ័យរបស់ក្រុមស្តង់ដារអន្តរជាតិស្តីពីការអនុវត្តផលិតកម្មកសិកម្មល្អ (Global GAP) ។ កសិដ្ឋានទាំងនេះ សុទ្ធតែធ្វើវបកម្មតាមវិធីសាស្រ្តសរីរាង្គ មិនប្រើប្រាស់ជីគីមី គ្មានថ្នាំការពាររុក្ខជាតិ។ លោក Nguyen Quoc Khanh នាយកប្រតិបត្តិនៃប្លុកស្រាវជ្រាវនិងអភិវឌ្ឍន៍ Vinamilk បានឲ្យដឹងថា៖ “ប្រព័ន្ធកសិដ្ឋាន Green Farm របស់ Vinamilk គឺជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អនុវត្តកសិកម្មកែច្នៃឡើងវិញនៅតាមកសិដ្ឋានរបស់ Vinamilk យើងបានអនុវត្តថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា atomic-carbon ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាននិងក្លិនស្អុយនៅក្នុងកសិដ្ឋាន។ ក្រៅពីនេះ យើងក៏មានសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍ផងដែរ”។
ធុរកិច្ចវៀតណាមត្រូវអនុវត្តបច្ចេកវិទ្យាស្តង់ដារខ្ពស់ ធានាការផ្គត់ផ្គង់ផលិតផលបៃតង ស្អាត... និងចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។ រូបគំនូរ៖ tapchicongthuong |
បទប្បញ្ញត្តិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពគឺជានិន្នាការដែលមិនអាចបញ្ច្រាសបាននៅក្នុងបរិបទនាបច្ចុប្បន្នឡើយ។ ដូច្នេះ សហគ្រាសវៀតណាមកាន់តែច្រើនឡើងៗ ដូចជា Vinamilk បានជ្រើសរើសការអភិវឌ្ឍប្រកបដោយមានទំនួលខុសត្រូវចំពោះសង្គម ដោយចាត់ទុកកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពគឺជាទិសដៅចាំបាច់ និងមានតែមួយគត់។ សហគ្រាសវៀតណាមក៏កំពុងខិតខំប្រឹងប្រែងផ្លាស់ប្តូរទៅការអភិវឌ្ឍផលិតកម្មបៃតង អនុវត្តបច្ចេកវិទ្យាស្តង់ដារខ្ពស់ សំដៅផ្គត់ផ្គង់ផលិតផលបៃតងស្អាត បំពេញតាមស្តង់ដារបរិស្ថាន និងចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពនៃទីផ្សារពិភពលោក ជាពិសេសគឺទីផ្សារ EU។ លោក Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុព្រំដែននៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ “បទប្បញ្ញត្តិជាច្រើនរបស់ EU មិនអនុវត្តដោយផ្ទាល់ទៅលើការនាំចេញទេ ប៉ុន្តែទៅលើអ្នកនាំចូលរបស់ EU។ ពីព្រោះនាពេលបច្ចុប្បន្ន និន្នាការគឺយកចិត្តទុកដាក់កាន់តែខ្លាំងដល់របៀបដែលយើងធ្វើផលិតផល មានឥទ្ធិពលទៅលើបរិស្ថានឬអត់ មាននិរន្តរភាពឬអត់ ហើយសូម្បីតែយើងប្រព្រឹត្តចំពោះពលករយ៉ាងដូចម្តេច។ នោះគឺជាចំណុចដែលសហគ្រាសវៀតណាមត្រូវយកចិត្តទុកដាក់។ សហគ្រាសវៀតណាមត្រូវមើលឃើញពីទិដ្ឋភាពទាំងសងខាង ពីបទប្បញ្ញត្តិរបស់ EU និងពីអ្នកប្រើប្រាស់នៃទីផ្សារនេះ”។
លោក Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុព្រំដែននៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ។ រូបថត៖ VOV |
ទោះបីជួបការលំបាកជាច្រើនក្នុងការផ្លាស់ប្តូរសកម្មភាពផលិតកម្មនិងអាជីវកម្មតាមទិសបៃតងក៏ដោយ ប៉ុន្តែសហគ្រាសវៀតណាមមានព័ត៌មាននិងការយល់ដឹងពេញលេញអំពីអាជីវកម្មបៃតង ការទទួលខុសត្រូវនិងការធ្វើអាជីវកម្មប្រកបដោយចីរភាព។ ប្រការចាំបាច់នាបច្ចុប្បន្នគឺដំណោះស្រាយហិរញ្ញវត្ថុបៃតងពីស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ ដើម្បីអាចទទួលបានកញ្ចប់ជំនួយសម្រាប់សហគ្រាសក្នុងការអនុវត្តនិងបន្តយុទ្ធសាស្ត្រប្រកួតប្រជែងបៃតង។ ទន្ទឹមនឹងនោះ ត្រូវមានគោលនយោបាយជួយឧបត្ថម្ភពីភាគីរដ្ឋ ទាក់ទងនឹងក្របខ័ណ្ឌគតិយុត្ត សំដៅបង្កើតបរិយាកាសធ្វើអាជីវកម្មបៃតង និងងាយស្រួលសម្រាប់អង្គភាពអាជីវកម្មប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ។ អនុប្រធានសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Nguyen Quang Vinh បានចាត់ទុកថា៖ “ក្នុងរបៀបវារៈនៃវេទិកាសហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពអស់រយៈពេល ១០ ឆ្នាំកន្លងមក VCCI បានសហការជាមួយក្រសួងនិងស្ថាប័ននានា ដូចជាក្រសួងផែនការនិងវិនិយោគ ក្រសួងធនធាននិងបរិស្ថាន ខុទ្ទកាល័យរដ្ឋាភិបាល ជានិច្ចកាលរួមដំណើរជាមួយសហគ្រាសដើម្បីបង្កើតវេទិកាផ្លាស់ប្តូរនិងសន្ទនារវាងសហគ្រាសនិងស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមគំរូអាជីវកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវសម្រាប់អាជីវកម្មសិក្សារៀនសូត្រ ចែករំលែកជោគជ័យក៏ដូចជាមេរៀនបរាជ័យរបស់អាជីវកម្មដែលបានឈានមុខ។ តាមនោះ ដាក់ចេញគំរូអាជីវកម្មដែលមានផលប្រយោជន៍សម្រាប់សហគ្រាសរបស់ខ្លួនក្នុងដំណើរការប្រតិបត្តិការ”។
ការអភិវឌ្ឍបៃតង ការអភិវឌ្ឍប្រកបដោយចីរភាពនឹងក្លាយជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍយូរអង្វែងរបស់សហគមន៍ធុរកិច្ច។ ដើម្បីបន្តលើកកម្ពស់លក្ខណៈប្រកួតប្រជែង ក៏ដូចជាធានាបាននូវតម្រូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី គុណតម្លៃនៃការអភិវឌ្ឍសហគ្រាសប្រកបដោយចីរភាពចាំបាច់ត្រូវបានបង្កើតនិងកសាងដោយឈរលើតម្លៃស្នូលរបស់សហគ្រិននិងសហគ្រាស។ ក្នុងនោះ តម្រូវការខាងសីលធម៌ក្នុងផលិតកម្មអាជីវកម្ម ការពារអ្នកប្រើប្រាស់ ការពារបរិស្ថាន ត្រូវបានលើកកម្ពស់និងអភិវឌ្ឍន៍ជានិច្ច៕