ប្តេជ្ញានាំយកសហគមន៍ធុរកិច្ចឌីជីថលវៀតណាមទៅកាន់ពិភពលោក

Chia sẻ

(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានអនុម័តលើ “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” ដែលសង្កត់ធ្ងន់លើការធ្វើឌីជីថលនីយកម្មលើគ្រប់វិស័យនៃជីវភាពសង្គម។ ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអភិវឌ្ឍន៍ក្នុងវិស័យឌីជីថលគឺជាដំណោះស្រាយដ៏សំខាន់មួយ។ គាំទ្រសហគមន៍ធុរកិច្ចឌីជីថលរបស់វៀតណាមទៅកាន់ពិភពលោកគឺជាភារកិច្ចសំខាន់មួយដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយផ្តោតលើការអនុវត្ត។



ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ធុរកិច្ចឌីជីថលវៀតណាមបានអភិវឌ្ឍយ៉ាងឆាប់រហ័សទាំងខាងបរិមាណនិងការប្រកួតប្រជែង ជាជំហានដំបូងបានផ្គត់ផ្គង់ផលិតផល សេវាកម្ម និងដំណោះស្រាយឌីជីថល សម្រាប់ពន្លឿនការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ និងសង្គមឌីជីថល រួមចំណែកបង្រួញគម្លាតឌីជីថលសកល និងចូលរួមជាមួយសហគមន៍ធុរកិច្ចអន្តរជាតិ ដើម្បីកសាងពិភពឌីជីថល។

 
ប្តេជ្ញានាំយកសហគមន៍ធុរកិច្ចឌីជីថលវៀតណាមទៅកាន់ពិភពលោក - ảnh 1លោក Phan Tam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។ រូបថត៖ nhadautu.vn

លោក Phan Tam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានមានប្រសាសន៍ថា៖ “បន្ទាប់ពីជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង តម្រូវការផ្លាស់ប្តូរឌីជីថលកំពុងផ្ទុះឡើងនៅលើពិភពលោក និងបង្កើតទីផ្សារដ៏ធំធេងសម្រាប់ផលិតផលនិងសេវាកម្មឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ការបែងចែកឌីជីថល និងលទ្ធភាពទទួលបានសេវាឌីជីថលរបស់ប្រជាជននៅក្នុងតំបន់ជាច្រើន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងមិនទាន់អភិវឌ្ឍន៍ នៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ នេះជាឱកាសដ៏ល្អសម្រាប់ធុរកិច្ចឌីជីថលវៀតណាមពង្រីកទីផ្សារ នាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យា រួមចំណែកដោះស្រាយការផ្លាស់ប្តូរឌីជីថល និងពន្លឿនការកសាងពិភពឌីជីថលនោះលើសកលលោក”។

ដោយមានគោលដៅធ្វើឲ្យពិភពលោកស្គល់ដល់វៀតណាមមិនត្រឹមតែជា “គោលដៅទេសចរណ៍”ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជំរុញផលិតផល Make in Vietnam ជំនះទីផ្សារពិភពលោកទៀតផង នាប៉ុន្មានឆ្នាំកន្លងទៅ ធុរកិច្ចឌីជីថលរបស់វៀតណាមបានឈានដល់ពិភពលោកដោយជោគជ័យ។ ប្រាក់ចំណូលពីការនាំចេញសេវាកម្មនិងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ ២០២២ របស់សហគ្រាសចំនួន ១.០០០ (ដោយមានវិស្វករបច្ចេកវិទ្យាព័ត៌មានចំនួន ៨០.០០០នាក់) ទទួលបានជាង ២ពាន់លាន ២០០លានដុល្លារអាមេរិក។

ក្នុងពេលជាមួយគ្នានោះ បច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសជាង ៤០,០០០ ដែលកំពុងប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយមានវិស្វករបច្ចេកវិទ្យាព័ត៌មានប្រមាណ ៥៥ ម៉ឺននាក់។ ធុរកិច្ចបច្ចេកវិទ្យាឌីជីថលនៅវៀតណាមមានទំនុកចិត្តលើសមត្ថភាពដើម្បីឈានទៅពិភពលោក។ ដូច្នេះ ក្នុងឆ្នាំ២០២៣នេះ ភារកិច្ចសំខាន់មួយដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយផ្តោតលើការអនុវត្ត គឺជួយឧបត្ថម្ភសហគមន៍ធុរកិច្ចឌីជីថលរបស់វៀតណាម ឆ្ពោះទៅកាន់ពិភពលោក។

ប្តេជ្ញានាំយកសហគមន៍ធុរកិច្ចឌីជីថលវៀតណាមទៅកាន់ពិភពលោក - ảnh 2វេទិកាឌីជីថលវៀតណាម-អូស្ត្រាលី បានប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។ រូបថត ៖ VOV

នៅក្នុងវេទិកាឌីជីថលវៀតណាម-អូស្ត្រាលី ដែលប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី រដ្ឋ New South Wales នាថ្ងៃទី ៥ ខែសីហា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសម្របសម្រួលជាមួយដៃគូអូស្ត្រាលីដើម្បីតភ្ជាប់និងជួយអាជីវកម្មធ្វើការផ្លាស់ប្តូរ បង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍និងផ្គត់ផ្គង់ដំណោះស្រាយរបស់សហគ្រាសវៀតណាមសម្រាប់ទីផ្សារអូស្ត្រាលី។ ដៃគូនៅក្នុងរដ្ឋ New South Wales ដែលជារដ្ឋមានប្រៀបខ្លាំងជាច្រើនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងជាពិសេសការធ្វើឌីជីថលនីយកម្មសេវាសាធារណៈបានជឿជាក់ថា ខ្លួននឹងក្លាយជាដៃគូដើម្បីជួយវៀតណាមសម្រេចបានគោលដៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ លោក Ben Seymour នាយកពាណិជ្ជកម្មនៃក្រុមហ៊ុនសូហ្វវែរឆ្លាតវៃ Modica បានមានប្រសាសន៍ថា៖         “ យើងជឿជាក់ថា វៀតណាមគឺជាប្រទេសដែលមានបច្ចេកវិទ្យាអភិវឌ្ឍន៍ មានកម្លាំងពលកម្មសម្បូរហូរហៀរក្នុងវិស័យបច្ចេកវិទ្យា និងមានក្រុមហ៊ុនបច្ចេកវិទ្យាច្រើនណាស់។ យើងក៏ឃើញថាក្រុមហ៊ុនវៀតណាមនៅអូស្ត្រាលីជាច្រើនបានធ្វើយ៉ាងល្អនៅទីនេះ ដូច្នេះខ្ញុំគិតថានេះជាទីផ្សារដែលមានកាលានុវត្តភាពច្រើន។ ទន្ទឹមនឹងនោះ បច្ចេកវិទ្យារបស់វៀតណាមក៏កំពុងរីកចម្រើនផងដែរដោយផ្អែកលើឧស្សាហកម្មសូហ្វវែរ ទាំងនេះគឺជាជំនាញដ៏សំខាន់សម្រាប់យើងខ្ញុំជាក្រុមហ៊ុនសូហ្វវែរ។ ការទាក់ទាញអ្នកពូកែ អ្នកមានទេពកោសល្យកាន់តែច្រើននឹងធ្វើឱ្យវៀតណាមរីកចម្រើនកាន់តែលឿន ហើយនេះក៏មានប្រយោជន៍សម្រាប់យើងខ្ញុំផងដែរ”។

មានមតិដូចគ្នានេះ លោក Scott Minehane នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សា Windsor Place ប្រទេសអូស្ត្រាលី បានធ្វើអត្ថាធិប្បាយថា៖ “វៀតណាមមានការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានល្អឥតខ្ចោះក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។ អ្វីដែលអ្នកសម្រេចបានក្នុងសម័យផ្លាស់ប្តូរថ្មី បានជំរុញផលិតកម្ម ឆ្នៃប្រឌិត សេវាកម្ម និងឧស្សាហកម្មនៅវៀតណាម។ ខ្ញុំគិតថានឹងមានឱកាសជាច្រើនសម្រាប់អូស្ត្រាលីក្នុងការចូលរួមដំណើរការនេះ។ វៀតណាមកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ ហើយដំណើរការនេះនឹងជួយអូស្ត្រាលីពង្រឹងការតភ្ជាប់ក្នុងតំបន់”។

បន្ទាប់ពីរយៈពេលដ៏យូរដែលរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-១៩ ជាមួយនឹងការផ្ទុះឡើងនៃតម្រូវការផ្លាស់ប្តូរឌីជីថលនៅលើពិភពលោក ធុរកិច្ចបច្ចេកវិទ្យាឌីជីថលនៅវៀតណាមកំពុងមានកាលានុវត្តភាពជាច្រើន ពោលគឺការនាំយកចំណេះដឹង និងបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន អ៊ីនធឺណែត និងបច្ចេកវិទ្យាឌីជីថលដើរតួនាទីកាន់តែសំខាន់ ប៉ុន្តែប្រហែល ៤៩% នៃចំនួនប្រជាជនពិភពលោក ឬជិត ៤ ពាន់លាននាក់ មិនបានភ្ជាប់អ៊ីនធឺណែតនោះទេ។ នេះជាឱកាសនិងទំនួលខុសត្រូវក្នុងការរួមចំណែកកាត់បន្ថយគម្លាតឌីជីថល កសាងអនាគតឌីជីថលប្រកបដោយនិរន្តរភាព មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ ក្នុងកិច្ចខិតខំប្រឹងប្រែងនោះ មិនអាចព្រងើយកន្តើយតួនាទីរបស់រដ្ឋាភិបាលវៀតណាមក្នុងការតភ្ជាប់ អមដំណើរ និងជួយឧបត្ថម្ភធុរកិច្ច ដើម្បីផ្លាស់ប្តូរដោយផ្ទាល់ និងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដើម្បីអភិវឌ្ឍ ផ្គត់ផ្គង់ផលិតផលនិងដំណោះស្រាយរបស់សហគ្រាសវៀតណាមដល់ទីផ្សារអន្តរជាតិ៕

ប្រតិកម្មទៅវិញ