កំពង់ផែសមុទ្របៃតងនៅវៀតណាម ត្រូវបានសាងសង់ឡើងតាមលក្ខណៈ វិនិច្ឆ័យសំខាន់ៗចំនួន ៦ រួមមាន៖ ការយល់ដឹងអំពីកំពង់ផែសមុទ្របៃតង; ការប្រើប្រាស់ធនធាន; ការគ្រប់គ្រងគុណភាពបរិស្ថាន; ការប្រើប្រាស់ថាមពល; ការអនុវត្តបច្ចេកវិទ្យាពត៌មាន; កាត់បន្ថយការបំភាយឧស្ម័ន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ។ ដើម្បីត្រូវបានពិចារណាទទួលស្គាល់ជាកំពង់ផែសមុទ្របៃតង កំពង់ផែសមុទ្រត្រូវសម្រេចឲ្យបានយ៉ាងហោចណាស់ ៦០% នៃលក្ខណៈវិនិច្ឆ័យទាំងនេះ។
កំពង់ផែអន្តរជាតិ Gemalink ។ រូបថត៖ TTXVN |
កំពង់ផែ Tan Cang - Cat Lai នៅទីក្រុង Thu Duc ក្នុងទីក្រុងហូជីមិញ គឺជាកំពង់ផែដំបូងគេនៅវៀតណាមដែលត្រូវបានទទួលស្គាល់ជាកំពង់ផែសមុទ្របៃតង ដោយក្រុមប្រឹក្សាបណ្តាញសេវាកម្មកំពង់ផែអាស៊ី-ប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៨។ នេះគឺជាកំពង់ផែសមុទ្រដ៏ធំនិងទំនើបបំផុត នៅវៀតណាមដែលមានទំហំប្រមាណ ១៦០ ហិចតា និងចំណតកំពង់ផែប្រវែងជាង ២.០០០ ម៉ែត្រ ឧបករណ៍លើកដាក់ និងបច្ចេកវិជ្ជាគ្រប់គ្រងជឿនលឿន ជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពង់ផែកុងតឺន័រធំនិងទំនើបកំពូលទាំង ២១ នៅលើពិភពលោក។ នៅខេត្ត Ba Ria - Vung Tau ក្នុងឆ្នាំ ២០២១ កំពង់ផែអន្តរជាតិ Tan Cang - Cai Mep ត្រូវបានក្រុមប្រឹក្សាបណ្តាញសេវាកំពង់ផែ APEC ប្រគល់ពានរង្វាន់ជា កំពង់ផែសមុទ្របៃតងឆ្នាំ ២០២០ ហើយបានក្លាយជាកំពង់ផែសមុទ្រទីពីរនៅវៀតណាមទទួលបានពានរង្វាន់នេះ។
យោងតាមលោក Bui Van Quy ប្រធានសមាគមកំពង់ផែសមុទ្រអាស៊ីអាគ្នេយ៍ ផ្នែកឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ស្រូបយកប្រហែល ៣% នៃការបំភាយឧស្ម័នកាបូនសរុបនៅទូទាំងពិភពលោក ដោយបញ្ចេញឧស្ម័ន CO2 ជាង ៩៤០លានតោនក្នុងមួយឆ្នាំៗ។ ដូច្នេះ និន្នាការនៃការអភិវឌ្ឍកំពង់ផែសមុទ្រតាមស្តង់ដាបៃតងគឺជាតម្រូវការចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ កំពង់ផែសមុទ្របៃតងនៅវៀតណាមនៅតែជួបប្រទះការលំបាក ដោយសារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការពារបរិស្ថាន និងការឆ្លើយតបចំពោះឧប្បត្តិហេតុក្នុងសកម្មភាពនាវាចរណ៍នៅកំពង់ផែសមុទ្រនៅមានកំហិត ដែលទាមទារប្រភពថវិកាច្រើន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោកស្រី Pham Thi Bich Hue ប្រធានក្រុមហ៊ុន Western Pacific បានវិភាគថា៖ “ទីមួយគឺការតម្រង់ទិសវិនិយោគមូលដ្ឋានពីរដ្ឋាភិបាល ទាក់ទាញវិនិយោគិនមកបណ្តាក់ទុនលើរោងចក្រនិងប្រព័ន្ធ ហើយនៅពេលដែលមានការផ្គត់ផ្គង់គ្រប់គ្រាន់ វានឹងទាក់ទាញធុរកិច្ចនាវាចរណ៍ទៅកាន់កំពង់ផែ។ ទាក់ទងនឹងតម្រូវការ កំពង់ផែសមុទ្រមិនត្រឹមតែបម្រើការនាំចូលនិងនាំចេញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងសណ្ឋានដីរបស់វៀតណាម ការតភ្ជាប់រវាងមូលដ្ឋានក្នុងតំបន់តាមរយៈកំពង់ផែសមុទ្រមានសារៈសំខាន់ខ្លាំងណាស់ និងជាកត្តាគន្លឹះមួយ។ ដូច្នេះ ខ្ញុំគិតថា ការវិនិយោគលើកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ មិនត្រឹមតែផ្តោតលើវិនិយោគិនឯកជន សហគ្រាសឯកជន ឬបរទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការតំរង់ទិសវិនិយោគបឋមពីរដ្ឋាភិបាលដើម្បីបង្កើតការទាក់ទាញ”។
ច្រកចូលកំពង់ផែអន្តរជាតិ Long An ។ រូបថត៖ Nguyen Vy |
ក្រៅពីកិច្ចខិតខំប្រឹងប្រែង "ធ្វើបៃតង" និន្នាការតភ្ជាប់ប្រព័ន្ធកំពង់ផែសមុទ្របៃតងជាមួយប្រព័ន្ធដឹកជញ្ជូនតាមផ្លូវសមុទ្រក៏ជួយលើកកម្ពស់គុណសម្បត្តិនៃការដឹកជញ្ជូនទំនិញនៅវៀតណាមផងដែរ។ ជាឧទាហរណ៍ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៨ ឆ្នាំ កំពង់ផែអន្តរជាតិ Long An មានការបោះជំហានយ៉ាងធំជាច្រើន ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដោយអះអាងខ្លួនជាចំណុចស្នូលក្នុងតំបន់សម្រាប់ការនាំចូលនិងនាំចេញទំនិញជាបណ្តើរៗ រួមចំណែកបង្កើតបុព្វបទសម្រាប់ពង្រីកច្រករបៀងដឹកជញ្ជូនផ្លូវសមុទ្រ និងតភ្ជាប់សេដ្ឋកិច្ចឆ្នេរសមុទ្រទៅកាន់បណ្តាខេត្តនៅតំបន់ណាមបូប៉ែកខាងលិច។ លោក Vo Quoc Thang ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Dong Tam បានឲ្យដឹងថា៖ “គម្រោងសាងសង់កំពង់ផែ Long An មិនត្រឹមតែបម្រើឱ្យខេត្ត Long An ប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធសាស្ត្ររបស់យើងគឺសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long ទាំងមូលទៀតផង។ នៅឆ្នាំខាងមុខ យើងនឹងបន្តជំរុញគម្រោងប្រព័ន្ធដឹកជញ្ជូនតាមដងទន្លេ ដឹកជញ្ជូនទំនិញក្នុងតំបន់ដីសណ្តទន្លេ Cuu Long ជាមួយនឹងផ្លូវទន្លេមានតម្លៃទាប និងអាចប្រកួតប្រជែងជាមួយផ្លូវគោក រួមចំណែកដល់អាជីវកម្មក្នុងតំបន់ដីសណ្ដ Cuu Long មានការចំណាយទាបបំផុត”។
យោងតាមលោកស្រី Ho Thi Thanh Hoa នាយិកាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ភស្តុភារវៀតណាម ដើម្បីចាប់យកឱកាសនាពេលខាងមុខ បណ្តាខេត្ត ក្រុងនៅទូទាំងប្រទេសដែលមានកំពង់ផែសមុទ្រចាំបាច់ត្រូវសិក្សាពីគំរូប្រតិបត្តិការរបស់កំពង់ផែនៅលើពិភពលោក ដោយបង្កើនការតភ្ជាប់ផ្លូវសមុទ្រ។ ជាពិសេស ត្រូវពង្រឹងការផ្លាស់ប្តូរឌីជីថលនៃសេវាភស្តុភារ និងអភិវឌ្ឍកំពង់ផែសមុទ្របៃតង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាជូនអតិថិជន៕