យោងតាមនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយបានក្លាយជាសមាសភាគដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ការលក់រាយតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកមានអត្រាកំណើនជាមធ្យមប្រហែល ២០% ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅក្នុងតំបន់ និងលើពិភពលោក។
ក្នុងបរិបទដែលវៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក រួមជាមួយនឹឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីជួយធុរកិច្ចវៀតណាមជ្រៀតចូលនិងពង្រីកទីផ្សារនាំចេញ។
លោក Nguyen Van Thanh ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក។ រូបថត៖ TTXVN |
លោក Nguyen Van Thanh ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើអត្ថាធិប្បាយថា៖ "ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន គឺជាវេទិការដ៏ងាយស្រួលមួយ ស្របតាមនិន្នាការអភិវឌ្ឍន៍នៅលើពិភពលោក។ យើងត្រូវជំរុញខ្លាំងសកម្មភាពដើម្បីឱ្យមានទំនិញកាន់តែច្រើនដែលត្រូវបាននាំចូលពីវៀតណាម។ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនអាចជួយអ្នកផលិតដោយផ្ទាល់និងអ្នកផលិតតូចៗ អាចនាំចេញដោយផ្ទាល់”។
យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងសន្និសីទ "ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនឆ្នាំ ២០២៤ - ភាពប្រណិតនៃទំនិញវៀតណាមបានហោះឡើងនៅទូទាំងពិភពលោក" ដែលបានប្រព្រឹត្តិទៅនៅចុងខែឧសភា បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំ (២០១៩-២០២៣) ធុរកិច្ចវៀតណាមបានពង្រីកវិសាលភាពអាជីវកម្មអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានចំនួនផលិតផលដែលបានលក់នៅលើវេទិកា Amazon កើនឡើង ៣ ដង។ ទន្ទឹមនឹងនោះ ចំនួនធុរកិច្ចវៀតណាមដែលសម្រេចបានការលក់ ១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅលើវេទិកា Amazon បានកើនឡើង ១០ ដង។ ធុរកិច្ចវៀតណាមប្រហែល ១.៥០០ អង្គភាពកំពុងចូលរួមនាំយកទំនិញវៀតណាមទៅកាន់ទីផ្សារអ្នកប្រើប្រាស់សកល តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។
លោក Tran Xuan Thuy នាយកក្រុមហ៊ុន Amazon Global Selling Vietnam តំបន់ភាគខាងត្បូង បានឲ្យដឹងថា ធុរកិច្ចជាច្រើនបានស្នើឲ្យ Amazon គាំទ្រការចូលរួមបណ្តាញនេះ ហើយចំនួនធុរកិច្ចដែលចូលរួមកំពុងកើនឡើងទាំងបរិមាណ និងគុណភាព៖ “បច្ចុប្បន្ននេះ ធុរកិច្ចជាច្រើនបានវិនិយោគលើការអភិវឌ្ឍន៍ផលិតផល និងកសាងម៉ាកយីហោដើម្បីចូលរួមបណ្តាញ នេះជានិន្នាការលេចធ្លោមួយ។ ក្រុមហ៊ុនអ្នកផលិតរបស់វៀតណាមមានសមត្ថភាពលក់ផលិតផលដោយផ្ទាល់ទៅក្នុងទីផ្សារធំៗដូចជាអាមេរិក អឺរ៉ុប។ តាមរយៈបណ្តាញពាណិជ្ជកម្មនេះ ផលិតផលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកប្រើប្រាស់។ យើងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការនាំយកម៉ាកយីហោវៀតណាមទៅកាន់ពិភពលោក និងទទួលបានភាពជោគជ័យដ៏អស្ចារ្យ”។
ពាណិជ្ជកម្មអេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជានិន្នាការលេចធ្លោនៃពាណិជ្ជកម្មសកល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ រូបថត៖ BNEWS/TTXVN |
យោងតាមលោក Phung Quoc Man អនុប្រធានសមាគមសិប្បកម្ម និងកែច្នៃឈើ Hawa បានចាត់ទូកថា ធុរកិច្ចឈើជាច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន៖ ”ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងជំរុញឲ្យធុរកិច្ចកសាងម៉ាកយីហោ និងគំរូរចនាវេចខ្ចប់។ ធុរកិច្ចមួយចំនួនក៏បានផ្លាស់ប្តូរនិងរចនាដោយខ្លួនឯង និងបង្កើតផលិតផលផ្ទាល់ខ្លួន រៀបចំការផ្សព្វផ្សាយដោយផលិតផលរបស់ខ្លួន។ ដូច្នេះ ទើបបង្កើនតម្លៃនៃផលិតផលរបស់ខ្លួន”។
ដោយយល់ដឹងអំពីទីផ្សារ ក៏ដូចជានិន្នាការរបស់អតិថិជននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក មានយុទ្ធសាស្រ្តកសាងម៉ាកយីហោដើម្បីប្រកួតប្រជែងជាមួយផលិតផលស្រដៀងគ្នាពីប្រទេសផ្សេងទៀត... បានជួយឱ្យធុរកិច្ចវៀតណាមដណ្ដើមបានឋានៈលើទីផ្សារអន្តរជាតិបន្តិចម្តងៗ។ យោងតាមការព្យាករណ៍ថ្មីបំផុត ប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកសកលនៅឆ្នាំ ២០២៥ និងប៉ុន្មានឆ្នាំខាងមុខនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស។ នេះជាឱកាសសម្រាប់ធុរកិច្ចវៀតណាមបន្តបង្កើតជំហានទម្លុះទម្លាយ និងបង្កើតឋានៈលើទីផ្សារពិភពលោក៕