ខ្សែសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិចនៅតំបន់ឧស្សាហកម្ម Quang Minh (ហាណូយ)។ (រូបភាព៖ Danh Lam/TTXVN) |
គិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ដើមទុនវិនិយោគបរទេសនៅវៀតណាមត្រូវបានបើកចំណាយប្រមាណ ២,៥៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជិត៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ចំពោះការវិនិយោគ ដើមទុនទាំងនេះត្រូវបានបើកចំណាយក្នុងវិស័យសេដ្ឋកិច្ចចំនួន ១៧/២១ ដែលឈានមុខគេគឺឧស្សាហកម្មផលិតកម្ម ដែលមានការវិនិយោគសរុបជាង ២,១៧ ពាន់លានដុល្លារ បន្ទាប់មកគឺសកម្មភាពអចលនទ្រព្យដែលមានទុនវិនិយោគសរុបចំនួនជិត ៣៩៧ លានដុល្លារ។ ទាក់ទងនឹងចំនួនគម្រោងថ្មីឧស្សាហកម្មផលិតកម្មជាផ្នែកឈានមុខគេ។ វិនិយោគិនបរទេសកំពុងហូរចូល មកបណ្តាក់ទុននៅក្នុងខេត្ត-ក្រុងចំនួន៣៩ ដែលមានគោលដៅមកដល់រៀងៗខ្លួនគឺ Bac Giang ទីក្រុងហូជីមិញ Quang Ninh Dong Nai។ លោកស្រី Do Thi Ngoc ប្រធាននាយកដ្ឋានស្ថិតិទូទៅ និងផ្សព្វផ្សាយព័ត៌មានស្ថិតិ អគ្គនាយកដ្ឋានស្ថិតិទូទៅ ក្រសួងផែនការ និងវិនិយោគ បានជូនដំណឹងព័ត៌មានជាក់លាក់អំពីសកម្មភាពវិនិយោគជាទូទៅ និងបានពន្យល់ថា៖ “ទុនវិនិយោគពីថវិកាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ៣០ ពាន់ពាន់លានដុង (ស្មើរនឹង១,២៦ពាន់លានដុល្លារ) កើនឡើងជិត ៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលពីរខែ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ៥៧ ពាន់ពាន់លានដុង (២,៤ ពាន់លានដុល្លារ) ស្មើនឹង ៨,៣% នៃផែនការឆ្នាំ និងកើនឡើង ១៨,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ដើមទុន FDI ចុះបញ្ជីដែលបានកែសម្រួលគិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ទទួលបាន ៥៣៥,៤ លានដុល្លារអាមេរិក ដែលជាកម្រិតទាបបំផុតបើធៀបនឹងរយៈពេលដូចគ្នាដំណាក់កាល ២០១៩-២០២៣។ ដើមទុន FDI ដែលសម្រេចបានក៏ថយចុះ ៤,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលបង្ហាញពីស្ថានភាពលំបាកនៃសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យវិនិយោគិនបរទេសមិនពង្រីកទំហំនៃគម្រោងដែលមានស្រាប់នៅវៀតណាម”។
ក្នុងស្ថានភាពលំបាកទូទៅនៃសេដ្ឋកិច្ចពិភពលោក សេដ្ឋវិទូ លោក Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច Economica Vietnam បានចាត់ទុកថា ការកើនឡើងនៃការវិនិយោគសាធារណៈគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាល ក៏ដូចជាសហគ្រាសនិងស្ថាប័នគ្រប់គ្រងនានា ហើយបានអះអាងថា វិធីសាស្រ្តគ្រប់គ្រងដើមទុននេះ កំពុងត្រូវបាននវានវត្តន៍កាន់តែខ្លាំងឡើងក្នុងទិសដៅជាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងចលករសម្រាប់ជំរុញសេដ្ឋកិច្ចមិនអាចពឹងផ្អែកតែលើការវិនិយោគសាធារណៈប៉ុណ្ណោះទេ។ ចាំបាច់ត្រូវជំរុញការវិនិយោគឯកជន ជាពិសេសការវិនិយោគឯកជនក្នុងស្រុក និងពន្លឿនដំណើរការដាក់ពង្រាយដើមទុន FDI នៅវៀតណាម។ លោក Binh បានពន្យល់ថា៖ “ការវិនិយោគសាធារណៈបង្កើតកត្តាជំរុញសម្រាប់វិនិយោគិនឯកជនឲ្យមានកម្លាំងចលករនិងមានបរិយាកាសថ្មី ដើម្បីធ្វើការសម្រេចចិត្តវិនិយោគ។ វានឹងមានតួនាទីកាន់តែខ្លាំង ប្រសិនបើអាចប្រើប្រាស់ជាដើមទុនបឋមសម្រាប់វិនិយោគិនឯកជន ឧទាហរណ៍តាមទម្រង់ដៃគូសាធារណៈនិងឯកជន។តួរលេខក្នុងរយៈពេលពីរខែដើមឆ្នាំ ត្រឹមតែជាបាតុភូតដែលមិនឆ្លុះបញ្ចាំងពីផ្ទាំងគំនូរភាពសេដ្ឋកិច្ចទាំងមូលឡើយ ប៉ុន្តែជាសញ្ញាបង្ហាញថា ការវិនិយោគឯកជនមិនទាន់ត្រូវបានជំរុញដោយការវិនិយោគសាធារណៈនោះទេ។ ចាំបាច់ត្រូវបញ្ច្រាសនិន្នាការនេះ”។
តើធ្វើដូចម្តេចដើម្បីបញ្ច្រាសនិន្នាការនេះគឺជាសំណួរដ៏ធំមួយ ជាពិសេសក្នុង បរិបទនៃសេដ្ឋកិច្ចថ្មី ប៉ុន្តែមិនមែនជាសំណួរគ្មានចម្លើយនោះទេ។ សេដ្ឋវិទូជាច្រើនបានចាត់ទុកថា ក្រៅពីការកែលម្អបរិយាកាសវិនិយោគ ពង្រឹងទំនុកចិត្តនៃទីផ្សារ ពង្រឹងទំនុកចិត្តធ្វើអាជីវកម្មរបស់សហគមន៍ធុរកិច្ច និងបំផុសស្មារតីចាប់ផ្តើមអាជីពក្នុងប្រជាជន។ វៀតណាមគួរតែមានវិធានការរក្សាសន្តិសុខទីផ្សារ ដូច្នេះវិនិយោគិនឯកជនដែលបានចូលរួមទីផ្សារ នឹង បន្តពង្រីកការវិនិយោគរបស់ខ្លួនសស ហើយវិនិយោគិនមានសក្តានុពលនឹងត្រៀមខ្លួនរួចរាល់សម្រាប់មកបណ្តាក់ទុន។ ជាក់ស្តែង នៅក្នុងដំណើរការនេះ លក្ខខណ្ឌចាំបាច់មួយគឺត្រូវយកចិត្តទូកដាក់ ជ្រើសរើសគម្រោងវិនិយោគនិងជួយឧបត្ថម្ភការអនុវត្តដើមទុនប្រកបដោយប្រសិទ្ធភាព។
លោក Nguyen Hai Minh អនុប្រធាន EuroCham ។ (រូបថត៖ វេទិកាធុរកិច្ច) |
ទិន្នន័យជាផ្លូវការរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានឲ្យដឹងថា “៩៣% នៃសហគ្រាសអាល្លឺម៉ង់មានបំណងចង់បន្តវិនិយោគនៅវៀតណាម សហគ្រាសជាច្រើនមានបំណងផ្លាស់ប្តូរសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ខ្លួនពីប្រទេសចិនទៅវៀតណាម”។ នោះមានន័យថា បើទោះបីជាការទាក់ទាញការវិនិយោគបានធ្លាក់ចុះក្នុងរយៈពេល ២ ខែដើមឆ្នាំក៏ដោយ ក៏យថាទស្សន៍រយៈពេលវែងសម្រាប់ប្រភពដើមទុននេះនៅតែមានភាពវិជ្ជមាន។ យថាទស្សន៍បានមកពីកត្តាជាមូលដ្ឋាន ដូចជាស្ថិរភាពនយោបាយសង្គម គោលនយោបាយម៉ាក្រូដែលកាន់តែប្រសើរឡើង និងចក្ខុវិស័យយុទ្ធសាស្ត្រយូរអង្វែង។ លោកស្រី Dao Thu Trang ប្រធាននាយកដ្ឋានប្រឹក្សាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាម បានវាយតម្លៃថា៖ “សហគ្រាសអាល្លឺម៉ង់មានសុទិដ្ឋិនិយមជាង ហើយបានរីកចម្រើនជាង។ នេះបង្ហាញថា គោលនយោបាយយ៉ាងប្តូរផ្តាច់ និងទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមបានបង្កើតកម្លាំងចលករសម្រាប់ការស្តារឡើងវិញសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ ហើយក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីការអភិវឌ្ឍរបស់សហគ្រាសអាល្លឺម៉ង់នៅវៀតណាមនិយាយដោយឡែក និងសេដ្ឋកិច្ចវៀតណាមនិយាយរួមផងដែរ”។
ជាក់ស្តែង នៅក្នុងសកម្មភាពវិនិយោគ និងទាក់ទាញការវិនិយោគបច្ចុប្បន្នមានឧបសគ្គមួយចំនួន ក្រៅពីគុណសម្បត្តិនិងយថាទស្សន៍។ ប្រសិនបើអាចកែលម្អចំណុចខ្វះខាតក្នុងពេលឆាប់ៗនេះ ការទាក់ទាញការវិនិយោគនឹងមានគុណភាព និងប្រសិទ្ធភាពជាងមុន ជួយវៀតណាមឱ្យទទួលបានលំហូរ FDI គុណភាពខ្ពស់ នៅក្នុងនិន្នាការហូរចូលវៀតណាមនាពេលខាងមុខ៕