លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fulbright |
នៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍទីក្រុងហូជីមិញឲ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗនេះ អង្គសិក្ខាសាលាសុទ្ធតែបានចាត់ទុកថា ទីក្រុងហូជីមិញមានលក្ខខ័ណ្ឌជាច្រើន ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទីក្រុងគឺជាទីកន្លែងប្រមូលផ្ដុំ និងទាក់ទាញសេវាកម្ម ដែលមានលក្ខណៈសកល ហើយជាទីកន្លែងមានសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) អភិវឌ្ឍន៍យ៉ាងរស់រវើក។ ក្នុងរយៈពេលយូរអង្វែង ទីក្រុងនឹងជំរុញខ្លាំងសមត្ថភាពប្រកួតប្រជែង បង្កើននិរន្តរភាពក្នុងកំណើន អភិវឌ្ឍន៍សេវាកម្មសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងអង្គការហិរញ្ញវត្ថុឌីជីថល។
លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fulbright បានចាត់ទុកថា ធនាគារឌីជីថលគឺជានិន្នាការដ៏សមស្របដែលទីក្រុងហូជីមិញគួរតែផ្តោតសំខាន់លើការអភិវឌ្ឍ។ លោកបានឲ្យដឹងថា៖ “យើងមានគុណសម្បត្តិអំពី Fintech ធនាគារឌីជីថលមានការអភិវឌ្ឍ ហើយយើងបាននាំវាឲ្យក្លាយទៅជាធាតុផ្សំដ៏សំខាន់មួយ ក្នុងប្រព័ន្ធអេកូឡូស៊ីនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ។ យើងមានធនាគារពាណិជ្ជបែបប្រពៃណី ក្រុមហ៊ុនមូលបត្របែបប្រពៃណី ដែលប្រតិបត្តិការក្នុងទីផ្សារទុន និងធនាគារពាណិជ្ជកម្មនៅលើទីផ្សាររូបីយវត្ថុ ប៉ុន្តែយើងបានតភ្ជាប់ប្រព័ន្ធទាំងពីរនេះរួចហើយ។ យើងត្រូវជំរុញទម្រង់ និងផ្ដល់អាជ្ញាប័ណ្ណដល់អង្គការហិរញ្ញវត្ថុ ដែលប្រតិបត្តិការតាមសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុផងដែរ”។
យោងតាមសេដ្ឋកិច្ចវិទូ Tran Ngoc Tho មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានឲ្យដឹងថា៖ ចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏ចំណាស់នៅលើពិភពលោក តែងតែមានមជ្ឈមណ្ឌលហិរញ្ញវត្ថុរណបនៅជុំវិញ។ ដោយពឹងផ្អែកលើគុណសម្បត្តិអំពីនាវាចរណ៍ និងកំពង់ផែសមុទ្រនោះ ទីក្រុងហូជីមិញគួរតែបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុឯកទេសអំពីនាវាចរណ៍និង ភស្តុភារ។ លោកបានឲ្យដឹងថា៖ “ដោយសារទីក្រុងហូជីមិញមានកំពង់ផែ ដូច្នេះហើយ យើងអាចតភ្ជាប់ជាមួយកំពង់ផែ Cai Mep កំពង់ផែ Thi Vai រួមទាំងកំពង់ផែ Hai Phong ដើម្បីបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឯកទេសអំពីនាវាចរណ៍ និងភស្តុភារ ។ ទីក្រុងហូជីមិញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Bussan ដែលជាទម្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសកូរ៉េខាងត្បូង ដូច្ចេះយើងអាចសិក្សារៀនសូត្រពីទម្រង់នេះ ដើម្បីអភិវឌ្ឍន៍ផងដែរ”។
សេដ្ឋកិច្ចវិទូ Tran Ngoc Tho មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ |
នាបច្ចុប្បន្នវិនិយោគិនកំពុងរង់ចាំការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ។ ដូច្នេះ អាជ្ញាធរទីក្រុងកំពុងខិតខំប្រឹងប្រែងពន្លឿនដំណើរការបង្កើតមជ្ឈមណ្ឌលនេះ។ យោងតាមលោក Johan Nyvene ប្រធានក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនភាគហ៊ុនមូលបត្រទីក្រុងហូជីមិញបានឲ្យដឹងថា ដើម្បីទាក់ទាញប្រភពទុន អាជ្ញាធរចាំបាច់ត្រូវត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចាប់យកតម្រូវការរបស់វិនិយោគិនអន្តរជាតិ ជាពិសេសគឺវិនិយោគិនប្រតិបត្តិការ និងវិនិយោគិនអចលនទ្រព្យ។ លោកបានឲ្យដឹងថា៖ “តើវិនិយោគិនត្រូវការអ្វីខ្លះ? ពួកគេត្រូវការរបៀបរបបគ្រប់គ្រងអំពីហានិភ័យខ្ពស់ ព្រោះថាពួកគេខ្លាច់បាត់បង់លុយ ក្រោយពេលបណ្ដាក់ទុន។នៅពេលដែលយើងធ្វើឱ្យវិនិយោគិនមានអារម្មណ៍នឹងនរចិត្តជាមួយរបៀបរបបគ្រប់គ្រងហានិភ័យរបស់យើង ទើបវិនិយោគិនហ៊ានបណ្ដាក់ទុន។ ដូច្នេះហើយ យើងត្រូវរៀបចំផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនផង និងមានផលប្រយោជន៍សម្រាប់រដ្ឋ និងប្រជាជនវៀតណាមផងដែរ”។
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញបានបង្កើតឡើង ក្រោយពីមជ្ឈមណ្ឌលផ្សេងទៀតក្នុងតំបន់ និងនៅលើពិភពលោក។ ដូច្នេះហើយ ទីក្រុងកំពុងសិក្សាស្រាវជ្រាវកសាងយន្តការ និងគោលការណ៍ ដែលមានលក្ខណៈលោតផ្លោះបង្កើតច្រករបៀបគតិយុត្តិដ៏សំខាន់ សម្រាប់មជ្ឈមណ្ឌលនេះ ឲ្យ ទាក់ទាញវិនិយោគិន។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំប្រភពធនធានមនុស្សឲ្យបានល្អ ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការអន្តរជាតិ ដំណោះស្រាយទាក់ទាញទុនវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាយន្តការ និងគោលការណ៍ផងដែរ៕