ត្រូវមាន​កម្លាំងចលករ​បន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣​

Chia sẻ
(VOVWORLD) - “ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះត្រូវបានប៉ាន់ប្រមាណកើនឡើង ៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែនៅតែស្ថិតក្នុងកំរិតទាបបំផុតក្នុងដំណាក់កាល ២០១១-២០២៣" ។ នេះគឺជាព័ត៌មានលេចធ្លោនៅក្នុងតារាងទិន្ន័យស្ថិតិសេដ្ឋកិច្ចសម្រាប់ត្រីមាសទី១ ដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការនិងវិនិយោគវៀតណាមប្រកាសនាពេលថ្មីៗនេះ។
ត្រូវមាន​កម្លាំងចលករ​បន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣​ - ảnh 1មតិជាច្រើនបានវាយតម្លៃថា ការសម្រេចបាននូវសេណារីយ៉ូកំណើន ៦,៥% ក្នុងឆ្នាំ ២០២៣ គឺមិនងាយស្រួលទេ។ (រូបភាព៖ VOV)

គួរកត់សម្គាល់ថា សូចនាករជាច្រើនដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ដែលមានអត្រាកំណើនគួរឱ្យកត់សម្គាល់ដូចជាការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស ការនាំចូល និងនាំចេញទំនិញ បច្ចុប្បន្នសុទ្ធតែធ្លាក់ចុះដែរ។ ដូច្នេះ គោលដៅកំណើនពេញមួយឆ្នាំចំនួន ៦,៥% ប្រាកដណាស់ថាកំពុងដាក់ចេញបញ្ហាប្រឈមជាច្រើន ហើយវៀតណាមត្រូវមានកម្លាំងចលករថែមទៀត ដើម្បីសម្រេចឲ្យបានអត្រាកំណើនដូចការរំពឹងទុកក្នុងឆ្នាំ ២០២៣ នេះ។

GDP របស់វៀតណាមក្នុងត្រីមាសទី ១ បានកើនឡើងត្រឹមតែជាង ៣,៣%  ដែលឆ្លុះបញ្ចាំងពីបញ្ហាធំៗចំនួនពីរ។ ទីមួយ សេដ្ឋកិច្ចវៀតណាមរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ចពិភពលោក។ នេះត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់នៅពេលដែលការនាំចេញក្នុងត្រីមាសទី ១ ត្រូវប៉ាន់ប្រមាណសម្រេចបានជាង ៧៩ ពាន់លានដុល្លារ ធ្លាក់ចុះជិត១២%; តម្លៃនាំចូលត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ៧៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៧%; អត្រាកំណើននៃឧស្សាហកម្មកែច្នៃ និងផលិតកម្មទាំងអស់បានថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីពីរ អត្រាកំណើនGDPបានឆ្លុះបញ្ចាំងពីកង្វះខាតនៃខឿនសេដ្ឋកិច្ចក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារមូលបត្របំណុល ឧស្សាហកម្មសំណង់ ក៏ដូចជាអចលនទ្រព្យ។ លើសពីនេះ ទុនវិនិយោគពីបរទេសសរុបដែលបានចុះបញ្ជីចូលវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមីនា សម្រេចបានត្រឹមតែ ៥,៤៥ ពាន់លានដុល្លារប៉ុណ្ណោះ រងការធ្លាក់ចុះ ៣៨,៨%; ទុនវិនិយោគផ្ទាល់ពីបរទេសត្រូវបានប៉ាន់ប្រមាណមានចំនួន ៤,៣២ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏បានបង្ហាញពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចនាពេលខាងមុខ ពីព្រោះវិស័យទាំងនេះតែងតែត្រូវបានចាត់ទុកថា ជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ច។ ដូច្នេះ ការសម្រេចបាននូវគោលដៅកំណើន ៦,៥% នៃសេដ្ឋកិច្ចទាំងមូលក្នុងឆ្នាំ ២០២៣ គឺមិនងាយស្រួលនោះទេ។ លោកស្រី Nguyen Thi Huong អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគបានវាយតម្លៃថា៖ “ដើម្បីសម្រេចបាននូវសេណារីយ៉ូកំណើនប្រចាំឆ្នាំ ៦,៥% គឺពិបាកខ្លាំងណាស់។ មានន័យថា យើងត្រូវសម្រេចបានកំណើនជាង ៧-៧,៥% ក្នុងត្រីមាសទាំង៣ដែលនៅសល់ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលមិនធម្មតានិងតម្រូវការពីដៃគូខាងក្រៅបានថយចុះ អាកាសធាតុមិនអំណោយផល គ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធដ៏ស្មុគស្មាញនៅលើពិភពលោក។”

ត្រូវមាន​កម្លាំងចលករ​បន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣​ - ảnh 2លោកស្រី Nguyen Thi Huong អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគ។(រូបថត៖ VGP/Minh Ngọc)

ទោះបីជាមានការលំបាកនិងឧបសគ្គជាច្រើនក៏ដោយ សេដ្ឋវិទូក៏បានវិភាគលើចំណុចភ្លឺស្វាង ដើម្បីឲ្យសហគមន៍ធុរកិច្ចមានកម្លាំងចលករសម្រាប់រួមចំណែកដល់កំណើនសេដ្ឋកិច្ចនាពេលខាងមុខ។ តាមនោះ ថ្វីបើទុនវិនិយោគផ្ទាល់ពីបរទេសមានការថយចុះក៏ដោយ ក៏វៀតណាមបន្តទទួលបានការសន្យាវិនិយោគពីសហគ្រាសធំៗនៅលើពិភពលោក។ សហគ្រាសជាច្រើនមកពីទីផ្សារគុណភាពដូចជាអឺរ៉ុប កំពុងមានបំណងចង់ផ្លាស់ប្តូរការវិនិយោគទៅវៀតណាម។ ផលិតផលអង្ករវៀតណាមនឹងបន្តរក្សាម៉ាកយីហោដ៏ល្បីល្បាញនៅលើពិភពលោក មិនត្រឹមតែជួយរក្សាស្ថិរភាពស្បៀងអាហារក្នុងស្រុក រួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតសក្តានុពលសម្រាប់វៀតណាមបង្កើនការនាំចេញផងដែរ។ សេដ្ឋវិទូ បណ្ឌិត Le Duy Binh  បានវាយតម្លៃថា៖ “ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដ៏លំបាកបែបនេះ យើងនៅតែមានចំណុចភ្លឺស្វាងមួយចំនួន ដូចជាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែរក្សាបានអត្រាកំណើន; ទេសចរណ៍មានល្បឿនស្តារឡើងវិញជាវិជ្ជមាន; ទុនវិនិយោគពីសង្គមទាំងមូល ទុនវិនិយោគពីរដ្ឋនៅតែកើនឡើង ដោយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល អ្នកវិនិយោគ និងអ្នកម៉ៅការ។ លើសពីនេះទៅទៀត ការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់សរុបនៅតែកើនឡើង ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចផងដែរ។ ក្នុងបរិបទដែលផលិតកម្មនិងកែច្នៃបានធ្លាក់ចុះ ប៉ុន្តែអត្រាពលករដែលមានអាយុលើសពី ១៥ ឆ្នាំឡើងទៅបានកើនឡើង និងអត្រាគ្មានការងារធ្វើបានថយចុះ បានបង្ហាញថាសេដ្ឋកិច្ចក្រៅផ្លូវការអាចក្លាយជាកត្តាដ៏ពេញបន្ទុកសម្រាប់តំបន់ផ្លូវការដូចជាការកែច្នៃ ផលិត និងមុខរបរមួយចំនួនទៀត”។

ដើម្បីឱ្យវៀតណាមធានាស្ថិរភាពសេដ្ឋកិច្ច និងមានឱកាសកំណើនល្អក្នុងត្រីមាសខាងមុខ សេដ្ឋវិទូ លោក Tran Quy នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលវៀតណាមបានផ្តល់អនុសាសន៍ថា៖ “រដ្ឋាភិបាលគួរតែពង្រឹងការគ្រប់គ្រងតម្លៃនិងបង្កើនការប្រកួតប្រជែងដើម្បីកំណត់ការកើនឡើងនៃតម្លៃផលិតផលនិងសេវាកម្ម ដោយកាត់បន្ថយសម្ពាធលើអ្នកប្រើប្រាស់និងអាជីវកម្ម។ សហគ្រាសក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនប្រសិទ្ធភាពនៃដំណើរផលិតកម្ម និងកែលម្អគុណភាពផលិតផលផងដែរ។ ប៉ុន្តែដើម្បីអនុវត្តន៍យ៉ាងដូច្នេះ ចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីកាត់បន្ថយការចំណាយ។ រដ្ឋាភិបាលក៏ត្រូវការវិនិយោគលើសកម្មភាពជួយឧបត្ថម្ភកំណើនសេដ្ឋកិច្ចយូរអង្វែង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា ភស្តុភារជាដើម។ ទាំងនេះគឺជាដំណោះស្រាយយូរអង្វែងដើម្បីកាត់បន្ថយសម្ពាធអតិផរណា”។

អង្គការអន្តរជាតិនានាបាននិងកំពុងធ្វើការវិនិច្ឆ័យផ្សេងៗគ្នា ស្តីពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ ដោយព្យាករណ៍ថា បរិបទនាបច្ចុប្បន្ននឹងបន្តមានផលប៉ះពាល់មិនអំណោយផលដល់សេដ្ឋកិច្ចក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការវិភាគ អនុសាសន៍ និងជំនឿជាក់ពីអ្នកជំនាញ និងសហគ្រិនបានបង្ហាញថា ប្រសិនបើសេដ្ឋកិច្ចទាំងមូលអាចពង្រីកកម្លាំងចលករដែលមានស្រាប់ និងគ្រប់គ្រងហានិភ័យកាន់តែមានប្រសិទ្ធភាព ហើយរដ្ឋាភិបាលកាន់តែមានភាពបត់បែនក្នុងការគ្រប់គ្រងតម្លៃនោះ ផលិតកម្មអាជីវកម្មក្នុងត្រីមាសទីមួយអាចជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់វៀតណាមក្នុងការសម្រេចបាននូវគោលដៅកំណើន ៦,៥% នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ