តំបន់ដីសណ្ត​ទន្លេ Cuu Long កសាងម៉ាកយីហោ​ផ្លែឈើសម្រាប់ការ​នាំចេញ

Chia sẻ
(VOVWORLD) - ក្នុងនាមជាតំបន់នាំចេញផ្លែឈើដ៏ធំបំផុតនៅទូទាំងប្រទេស ក្នុងរយៈពេលថ្មីៗនេះ តំបន់ដីសណ្តទន្លេ Cuu Long បានផ្តោតការយកចិត្តទុកដាក់លើការកសាងតំបន់វត្ថុធាតុដើមឯកទេស ប្រមូលផ្តុំ និងពង្រីកផ្ទៃដីដាំដើមឈើហូបផ្លែ ដើម្បីបម្រើតម្រូវការរបស់ដៃគូនាំចូល។ ជាមួយនឹងផ្ទៃដីប្រហែល ៣៧០.០០០ហិកតា ដាំដើមឈើហូបផ្លែជាច្រើនប្រភេទដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ត្រូវបានមូលដ្ឋាននានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long ផ្តោតលើការកសាងម៉ាកយីហោដើម្បីបម្រើតម្រូវការនាំចេញ។

ដោយមានផ្ទៃដីដាំដើមមៀនជិត ៧០ ហិចតា នៅឃុំ Thoi Hung ស្រុក Co Do ទីក្រុង Can Tho ក្រុមសហករណ៍ផលិតដើមឈើហូបផ្លែ  Trang Ti Garden ដែលមានសមាជិក ១១ នាក់កំពុងកសាងតំបន់វត្ថុធាតុដើមដែលបំពេញស្តង់ដារនិងតម្រូវការរបស់សហគ្រាសដើម្បីនាំចេញទៅកាន់ទីផ្សារអាមេរិកនិងអូស្ត្រាលី។ យោងតាមលោក Tran Phuoc Son សមាជិកនៃក្រុមសហករណ៍ យថាក្រមផលិតត្រូវអនុលោមតាមស្តង់ដារតឹងរឹង ប្រកបដោយសមកាលកម្ម៖ “យើងខ្ញុំយកចិត្តទុកដាក់លើការកសាងគុណភាព។ បើគុណភាពល្អ យើងមិនបាច់បារម្ភថា ផលិតផលរបស់ខ្លួនមិនមានទីផ្សារនោះទេ។ ដូច្នេះ យើងបង្កើតគំរូតាមស្តង់ដារ VietGap។ បើផលិតផលចង់ប្រកួតប្រជែងបាន យើងគួរតែកែលម្អបច្ចេកទេស តាមទិសដៅស្អាត និងបំពេញស្តង់ដារសម្រាប់ការនាំចេញទៅកាន់ទីផ្សារដែលមានស្តង់ដារតឹងរឹង”។

 ផ្ទៃដីដាំដើមឈើហូបផ្លែរបស់ Can Tho កំពុងត្រូវបានពង្រីក និងបំពេញតាមស្តង់ដារដើម្បីបម្រើតម្រូវការនាំចេញ។ លោក Tran Thai Nghiem អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុងកំពុងប្រមូលធនធានវិនិយោគលើតំបន់ដាំដើមឈើហូបផ្លែ ដើម្បីបង្កើតតំបន់កសិកម្មឯកទេសនិងប្រមូលផ្តុំ ដោយអនុវត្តន៍យថាក្រមវប្បកម្មប្រកបដោយនិរន្តរភាព និងចងសម្ព័ន្ធជាមួយសហគ្រាស ដូច្នេះកសិផលមានការនាំចេញប្រកបដោយស្ថិរភាព៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហាចងសម្ព័ន្ធ និងការប្រើប្រាស់ពិសេសក្នុងផ្នែកទំនិញផ្លែឈើនៅទីក្រុង Can Tho បានប្រព្រឹត្តិទៅយ៉ាងសកម្ម។ ដើមឈើហូបផ្លែជាច្រើនប្រភេទ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា ទុរេន ផ្លែ មៀន ... ត្រូវបានសហគ្រាសជាច្រើនយកចិត្តទុកដាក់។ នៅពេលបង្កើតលេខកូដតំបន់ដាំដុះ សហគ្រាសទាំងអស់មានបំណងចង់សម្ព័ន្ធជាមួយគ្នា និងកសាងតំបន់វត្ថុធាតុដើម ដើម្បីបម្រើទីផ្សារនាំចេញ”។
តំបន់ដីសណ្ត​ទន្លេ Cuu Long កសាងម៉ាកយីហោ​ផ្លែឈើសម្រាប់ការ​នាំចេញ - ảnh 1ផ្លែមៀនសម្រាប់នាំចេញ ចំនួន ១,២ តោន ពីក្រុមសហករណ៍ផលិតដើមឈើហូបផ្លែ Trang Ti Garden នៅឃុំ Thoi Hung ស្រុក Co Do។ រូបថត៖ Kim Anh។ 

ផ្លែឈើពីតំបន់ដីសណ្ដទន្លេ Cuu Long បានរួមចំណែកយ៉ាងធំធេងដល់ការនាំចេញទាំងមូលរបស់វៀតណាម។ បច្ចុប្បន្ននេះ ផ្ទៃដីដាំផ្លែឈើនៅតំបន់ដីសណ្តទន្លេ Cuu Long មានប្រមាណ ៣៧០.០០០ ហិកតា ក្នុងនោះខេត្ត Tien Giang មាន ៨០.០០០ ហិកតា ខណៈដែលបណ្តាខេត្ត Can Tho, An Giang, Hau Giang, Vinh Long និង Dong Thap មានផ្ទៃដីដាំដាំដើមឈើហូបផ្លែចាប់ពី ២៥.០០០ ទៅ ៥០.០០០ ហិកតា។

លោក Le Thanh Tung អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា តំបន់កសិកម្មឯកទេសប្រមូលផ្តុំកំពុងតភ្ជាប់ប្រជាជននិងអាជីវកម្មក្នុងការបញ្ចេញលក់ និងការនាំចេញ។ មូលដ្ឋានជាច្រើននៅតំបន់ដីសណ្ដទន្លេ Cuu Long បានលើកទឹកចិត្តប្រជាជន សហករណ៍ និងអង្គភាពអាជីវកម្ម ចងសម្ព័ន្ធជាមួយគ្នាដើម្បីស្ថេរភាពការនាំចេញ និងបំពេញតាមស្តង់ដារនៃប្រទេសនាំចូល។ លោក Le Thanh Tung បានសង្កត់ធ្ងន់ថា៖ “កាលពីមុន ការនាំចេញគឺតាមរដូវប៉ុណ្ណោះ ហើយឥឡូវនេះ យើងប្រមូលផ្លែឈើរនៅគ្រប់ខែក្នុងមួយឆ្នាំ ដែលមានតែតំបន់ដីសណ្តទន្លេ Cuu Long អាចធ្វើបានប៉ុណ្ណោះ នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ មានផ្លែឈើ ប្រហែល ៣០-៤៥% ដែលអាចប្រមូលផលពេញមួយឆ្នាំ ហើយនៅសល់គឺប្រមូលផលតាមរដូវកាល ក្នុងនោះរួមទាំងផ្លែទុរេន ដែលប្រទេសថៃកំពុងមកវៀតណាមដើម្បីសិក្សាពីរបៀបប្រមូលផលពេញមួយឆ្នាំរបស់យើង”។

បច្ចុប្បន្ននេះ ផ្លែឈើវៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ៦០ នៅជុំវិញពិភពលោក។ ផ្លែឈើជាច្រើនប្រភេទបានអះអាងពីម៉ាកយីហោរបស់ខ្លួននៅលើទីផ្សារនៃប្រទេសចិន អាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។ ក្នុងនោះ តំបន់ដីសណ្ដទន្លេ Cuu Long បានរួមចំណែកយ៉ាងធំធេងដល់ការនាំចេញផ្លែឈើសរុបរបស់វៀតណាម (ក្នុងរយៈពេល ៨ខែដើមឆ្នាំ សម្រេចបានជាង ៤,៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Ha A Dong បានឲ្យដឹងថា ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុត របស់ផ្លែឈើនិយាយដោយឡែក និងកសិផលវៀតណាមនិយាយរួម៖ “ ផ្លែឈើរបស់វៀតណាមដូចជា ទុរេន ស្រកានាគ... ត្រូវបានអ្នកប្រើប្រាស់ចិនពេញនិយមយ៉ាងខ្លាំង។ កសិផលនាំចូលពីវៀតណាមស្រូបយកប្រហែល ១/៥ នៃការនាំចូលកសិផលរបស់ចិន”។

តំបន់ដីសណ្ត​ទន្លេ Cuu Long កសាងម៉ាកយីហោ​ផ្លែឈើសម្រាប់ការ​នាំចេញ - ảnh 2លោក Le Thanh Tung អនុប្រធាននាយកដ្ឋានផលិតកម្មដំណាំ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ។ រូបថត៖ baonongnghiep

ការនាំចេញមានសញ្ញាវិជ្ជមាននៅពេលដែលផ្លែឈើជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារដែលមានតម្រូវការតឹងរឹង បានសរឲ្យឃើញថា ផ្នែកទំនិញផ្លែឈើនៅតំបន់ដីសណ្តទន្លេ Cuu Long បានផ្លាស់ប្តូរដើម្បីសម្របខ្លួននិងបំពេញតាមស្តង់ដាររបស់ដៃគូនាំចូល។ ជាមួយនឹងប្រៀបខ្លាំងងក្នុងវិស័យកសិកម្ម មូលដ្ឋាននានាក្នុងតំបន់កំពុងរៀបចំតំបន់ផលិតកម្មឡើងវិញ ដើម្បីបង្កើតជាតំបន់កសិកម្មឯកទេសប្រមូលផ្តុំ ស្របតាមស្តង់ដារ VietGap បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏មានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនក្នុងវិស័យផលិតកម្មនិងកែច្នៃផ្លែឈើ ដើម្បីបង្កើតផលិតផលកែច្នៃយ៉ាងស៊ីជម្រៅជាច្រើន ដោយបង្លើមតម្លៃសម្រាប់ផ្នែកទំនិញផ្លែឈើក្នុងតំបន់ទាំងមូល និងអះអាងពីម៉ាកយីហោផ្លែឈើរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ