សកម្មភាពចិញ្ចឹមគោនៅខេត្ត Son La |
ដោយមានការជួយឧបត្ថម្ភពីគោលនយោបាយជនជាតិ និងធនាគារគោលនយោបាយសង្គមស្រុក Moc Chau នោះ គ្រួសាររបស់លោកស្រី Sung Thi Gia នៅភូមិ Ta Phenh ឃុំ Tan Lap ស្រុក Moc Chau បានខ្ចីទុនសម្រាប់ផលិតកម្ម ចិញ្ចឹមសត្វ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ កាលពីច្រើនឆ្នាំមុនចំណូលមិនទៀងទាត់ឡើយ ប៉ុន្តែនាបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់គ្រួសារមានស្ថិរភាព និងល្អប្រសើរជាង ហើយគ្រួសារលោកស្រីក៏មានអារម្មណ៍នឹងនរចិត្ត ដើម្បីផលិតផងដែរ។ លោកស្រី Sung Thi Gia បានឲ្យដឹងថា៖ “ដោយទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភរបស់គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាននោះ គ្រួសារខ្ញុំបានខ្ចីទុន ដើម្បីដាំដើមក្រូចចំនួន ២០០ ដើម ចិញ្ចឹមជ្រូក និងមាន់។ ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន គ្រួសារខ្ញុំប្រមូលផលផ្លែក្រូច ហើយបានបញ្ចេញលក់ពី ៤ ទៅ ៥ តោន ព្រមទាំងមាន់រាប់រយក្បាល និងជ្រូករាប់សិបក្បាលជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ក្រុមគ្រួសារត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
ចំណែកឯឃុំ Tan Lap ស្រុក Moc Chau មានភូមិ និងអនុតំបន់ចំនួន ១៥ ហើយ បងប្អូនជនរួមជាតិភាគតិចបានស្រូកយក ៩០%។ ដោយអាស្រ័យទៅលើកម្មវិធី និងគោលនយោបាយជួយឧបត្ថម្ភស្ដីពីការ លុបបំបាត់ភាពអត់ឃ្លាន និង កាត់បន្ថយភាពក្រីក្រ ដូចជាកម្មវិធី ៣០a កម្មវិធី ១៣៥ កម្មវិធីកសាងជនបទថ្មីនោះ នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ មុខមាត់ជនបទឃុំបានផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ហើយជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់។ លោក Ban Van Phuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Lap ស្រុក Moc Chau បានឲ្យដឹងថា៖ “ដោយមានគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋនោះ ជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ពោលគឺមិនសូវលំបាកទេ បើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុនៗឡើយ ហើយគ្រួសារជាច្រើនមានជីវភាពរស់នៅធូរធាជាង។ នារយៈពេលខាងមុខ ឃុំនឹងបន្តធ្វើការពិនិត្យគ្រួសារក្រីក្រ និងគ្រួសារលើបន្ទាត់ក្រីក្រ ដើម្បីបន្តបង្កលក្ខណៈងាយស្រួលជូនប្រជាជនឲ្យរួចផុតពីភាពក្រីក្រផងដែរ”។
ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ននេះ ដោយទទួលបានថវិកាជាង ១២,៧ ពាន់លានដុង ពីកម្មវិធី ១៣៥ នោះ ស្រុក Yen Chau បានវិនិយោគសាងសង់ថ្មី និងជួសជុលកែលម្អសំណង់ផ្លូវគមនាគមន៍ វិនិយោគលើបណ្ដាញអគ្គិសនី សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ នៅមូលដ្ឋានជាច្រើន អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្មាភិបាល និងបក្ខជនបានរួមដំណើរជាមួយបងប្អូនប្រជាជនក្នុងការធ្វើផលិតកម្ម ហើយតាមនោះ ជួយប្រជាជនជំនះពុះពារលើការលំបាក រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ លោក Lu Van Chung ប្រធានការិយាល័យជនជាតិស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា ពីលទ្ធផលនៃការអនុវត្តគោលនយោបាយជួយឧបត្ថម្ភបងប្អូនជនរួមជាតិនោះ នៅតាមឃុំ ដែលមានស្ថានភាពលំបាក់ពិសេសក្នុងភូមិសាស្ត្រស្រុកបានបង្កើតបុព្វបទ ដើម្បីផ្លាស់ប្ដូរមុខមាត់មូលដ្ឋានលើគ្រប់ជ្រុងជ្រោយ រួមចំណែកដល់ការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ និង កសាងជនបទថ្មី។ លោក Lu Van Chung បានឲ្យដឹងថា៖ “គ្រួសារជនជាតិភាគតិចជាច្រើនបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតកម្ម និងបង្កបង្កើនផល ហើយផ្ទេរប្ដូររចនាសម្ព័ន្ធផលិតកម្មយ៉ាងសកម្ម តាមទិសដៅផលិតកម្មទំនិញ ដើម្បីរួចផុតពីភាពក្រីក្រ ហើយចំនួនគ្រួសារក្រីក្របានថយចុះជារៀងរាល់ឆ្នាំ។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានវិនិយោគ និងសាងសង់យ៉ាងរឹងមាំ និងទូលំទូលាយ ដោយបានជួយផ្លាស់ប្តូរមុខមាត់ជនបទយ៉ាងច្បាស់លាស់។ ទន្ទឹមនឹងនេះ បុព្វហេតុអប់រំ ការបណ្តុះបណ្តាល និងការថែទាំសុខភាពជូនប្រជាជនបន្តត្រូវបានអភិវឌ្ឍន៍ផងដែរ”។
ដើម្បីបន្តអនុវត្តន៍គោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាពនោះ ខេត្ត Son La បានកសាងគម្រោង និងតាក់តែងសេចក្តីសម្រេចចិត្តរបស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំខេត្ត Son La ដំណាក់កាល ២០២១ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ " សំដៅបន្តអនុវត្តឱ្យបានល្អនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កៀរគរប្រភពធនធានជាច្រើន សម្រាប់ការវិនិយោគ ដោយផ្ដល់អាទិភាពលើការវិនិយោគ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាលំបាកសាកល្បងរបស់បងប្អូនជនរួមជាតិភាគតិច ព្រមទាំងជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿនក្នុងផលិតកម្ម។ តាមនោះ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីជូនបងប្អូនជនរួមជាតិភាគតិចនៅខេត្ត Son La ផងដែរ៕