ខេត្ត Ninh Thuan លើកកំពស់សក្តានុពលនិងគុណសម្បត្តិ ដើម្បីនាំថាមពល​ក្លាយ​ជា​វិស័យសេដ្ឋកិច្ចមុខ​ព្រួញ

Chia sẻ
(VOVWORLD) - ខេត្ត Ninh Thuan (រួមបញ្ចូលគ្នាជាមួយខេត្ត Khanh Hoa) ត្រូវបានស្គាល់ដល់ជាទឹកដីដែលមានអាកាសធាតុពិបាក់ធ្ងន់ធ្ងរ ជាមួយនឹងកម្រិតវិទ្យុសកម្មពន្លឺព្រះអាទិត្យខ្ពស់បំផុតនិងល្បឿនខ្យល់លឿនបំផុតនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាលក្ខខណ្ឌអំណោយផល និងឱកាសដ៏ល្អសម្រាប់ខេត្តក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ។ ខេត្ត Ninh Thuan បានកំណត់ឧស្សាហ៍កម្មថាមពលជារបកគំហើញ ដែលជាវិស័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត ហើយមានគោលដៅធ្វើឱ្យខេត្តក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងថាមពលកកើតឡើងវិញរបស់វៀតណាម នាប៉ុន្មានឆ្នាំខាងមុខ។

ខេត្ត Ninh Thuan មានកម្រិតវិទ្យុសកម្មព្រះអាទិត្យខ្ពស់បំផុតនៅក្នុងប្រទេស ដែលមានបរិមាណវិទ្យុសកម្មពី ១៧៨០-២០១៥ kWh/m2/yr (គីឡូវ៉ាត់ម៉ោងក្នុងមួយម៉ែត្រការេ ក្នុងមួយឆ្នាំ); ចំនួនម៉ោងសរុបក្នុងមួយឆ្នាំមានរហូតដល់ ២.៥០០-៣.១០០ ម៉ោងក្នុងមួយឆ្នាំ ដែលខ្ពស់បំផុតនៅទូទាំងប្រទេស។ ដោយមានពន្លឺថ្ងៃរហូតដល់ទៅ ៩ ខែក្នុងមួយឆ្នាំ ដូច្នេះហើយ Ninh Thuan ត្រូវបានចាត់ទុកជាខេត្តដែលមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅក្នុងប្រទេស។ ទន្ទឹមនឹងនោះ Ninh Thuan គឺជាតំបន់ដែលមានល្បឿនខ្យល់ខ្ពស់បំផុតក្នុងប្រទេសវៀតណាម ដែលល្បឿនខ្យល់ជាមធ្យម ៧,៥ m/s (ម៉ែត្រក្នុងមួយវិនាទី) នៅរយៈកំពស់ ៦៥ម៉ែត្រ និងដង់ស៊ីតេខ្យល់ពី ៤០០-៥០០ W/m2(វ៉ាតក្នុងមួយម៉ែត្រការេ) ឡើងទៅ ដែលស័ក្តិសមបំផុតសម្រាប់ការអភិវឌ្ឍន៍ថាមពលខ្យល់។ នេះគឺជាកត្តាពិសេសតែមួយគត់ដែលបង្កើនតម្លៃនៃមជ្ឈមណ្ឌលថាមពលកកើតឡើងវិញ ដែលគ្មានកន្លែងណាផ្សេងទៀតនៅប្រទេសវៀតណាមមាននោះទេ។ លោកបណ្ឌិត Doan Van Binh អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្របរិស្ថាន-ថាមពល បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានមានប្រសាសន៍ថា៖ “សក្តានុពលថាមពល និងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរបស់ Ninh Thuan គឺមានធំធេងណាស់។ នាប៉ុន្មានឆ្នាំកន្លងទៅ Ninh Thuan បានបោះជំហានដ៏ធំធេង និងមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ថាមពល។ ខេត្តបានបង្កើតគម្រោងលម្អិត ដោយមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់ ដើម្បីកសាងគំរូមជ្ឈមណ្ឌលថាមពល និងថាមពលកកើតឡើងវិញក្នុងខេត្ត”។

ខេត្ត Ninh Thuan លើកកំពស់សក្តានុពលនិងគុណសម្បត្តិ ដើម្បីនាំថាមពល​ក្លាយ​ជា​វិស័យសេដ្ឋកិច្ចមុខ​ព្រួញ - ảnh 1គម្រោងថាមពលខ្យល់នៅឃុំភឿកមិញ។ រូបថត៖ Cong Thu/VNA

នាពេលថ្មីៗនេះ ខេត្ត Ninh Thuan បានទាក់ទាញសហគ្រាសក្នុងស្រុក និងបរទេសជាច្រើនដូចជា៖ Ha Do, Trungnam Group, BIM Group; Hanbaram ; Truong Thanh ; Thien Tan ...មកវិនិយោគ និងអភិវឌ្ឍថាមពលកកើតឡើងវិញ ក្លាយជាមូលដ្ឋានឈានមុខគេនៅក្នុងប្រទេស ក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ ជាពិសេស សារជីវកម្ម Ha Do បានដាក់ពង្រាយរោងចក្រថាមពលកកើតឡើងវិញចំនួន ២ នៅខេត្ត Ninh Thuan ដែលមានសមត្ថភាពសរុប ១០០ MW និងកំពុងអនុវត្តគម្រោងរោងចក្រថាមពលវាយោអគ្គិសនី Phuoc Huu ដែលមានសមត្ថភាព ៥០ MW។ លោក Hoang Van Chien នាយករោងចក្រថាមពលវាយោអគ្គិសនី 7A សារជីវកម្ម Ha Do មានប្រសាសន៍ថា៖ “សារជីវកម្ម Ha Do បានទទួលស្គាល់ខេត្ត Ninh Thuan ជាកន្លែងដែលមានសក្តានុពលខ្លាំងក្នុងការវិនិយោគលើគម្រោងថាមពលវាយោអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។ យើងខ្ញុំក៏កំពុងបន្តស្រាវជ្រាវគម្រោងមួយចំនួននៅ ខេត្ត Ninh Thuan ដើម្បីស្នើសុំគោលការណ៍វិនិយោគ”។

ទន្ទឹមនឹងនោះ ក្នុងនាមជាវិនិយោគិនយុទ្ធសាស្ត្ររបស់ខេត្ត Ninh Thuan ជាមួយនឹងគម្រោងជាច្រើនក្នុងវិស័យថាមពលកកើតឡើងវិញ Trungnam Group កំពុងស្រាវជ្រាវ និងអភិវឌ្ឍមណ្ឌល ថាមពលបៃតងមួយចំនួន ដើម្បីផលិតអ៊ីដ្រូសែនបៃតង ទាំងចែកចាយក្នុងស្រុកផង និងនាំចេញទៅបរទេសផង។ គេរំពឹងថា នឹងផលិតបានអ៊ីដ្រូសែនបៃតងចំនួន ២៥០ ពាន់តោន/ឆ្នាំ នៅឆ្នាំ ២០៣០ និង ២,៥ លានតោន/ឆ្នាំនៅឆ្នាំ ២០៥០។ លោក Nguyen Tam Tien អគ្គនាយក Trungnam Group បានឲ្យដឹងថា៖ “ខេត្ត Ninh Thuan មានសក្តានុពលសម្រាប់អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដោយមានទឹក ពន្លឺព្រះអាទិត្យ និងខ្យល់បោកបក់ខ្លាំង។ ដូច្នេះហើយ គោលដៅរបស់យើងគឺជំរុញការផលិតអ៊ីដ្រូសែន។ នៅពេលអនាគត គោលដៅរបស់យើងចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៥០ គឺដើម្បីសាងសង់មណ្ឌល ថាមពលបៃតង រួមមាន៖ ថាមពលពន្លឺព្រះអាទិត្យ ថាមពលវាយោអគ្គិសនី ថាមពលវារីអគ្គិសនីស្តុកទុក ដើម្បីផលិតអ៊ីដ្រូសែនបៃតង និងអាម៉ូញាក់ ក៏ដូចជាផ្គត់ផ្គង់ថាមពលអគ្គិសនីពណ៌បៃតងសម្រាប់មណ្ឌលឧស្សាហកម្ម”។

បច្ចុប្បន្ននេះ Ninh Thuan បានដាក់ពង្រាយថាមពលកកើតឡើងវិញដ៏ធំបំផុតនៅក្នុងប្រទេស ដោយមានគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលវាយោអគ្គិសនីចំនួន ៥៧ ដែលត្រូវបានដាក់ឱ្យដំណើរការ ដែលមានសមត្ថភាពសរុបប្រមាណ ៣.៧៥០ MW ដែលតភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិ។ កាលពីឆ្នាំមុន វិស័យថាមពលកកើតឡើងវិញស្រូបយកប្រមាណ ២៣% នៃ GRDP និងបានចូលរួមចំណែក ២៤% នៃចំណូលថវិការបស់ខេត្ត តាមនោះ រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ លោក Trinh Minh Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានឲ្យដឹងថា៖ “គម្រោងថាមពលស្អាតបានទាក់ទាញទុនវិនិយោគទាំងក្នុងស្រុក និងបរទេស រួមចំណែកបង្កើតការងារធ្វើ បង្កើនតម្លៃផលិតកម្មឧស្សាហកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅទំនើបជាងមុន កាត់បន្ថយការពឹងផ្អែកលើវិស័យកសិកម្មនិងធនធានប្រពៃណី បង្កើនចំណូលថវិការបស់ខេត្ត ប្រមាណ ១.០០០ ពាន់លានដុងជារៀងរាល់ឆ្នាំ។ ការអនុវត្តគម្រោងបាននាំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន បណ្តាញអគ្គិសនី ក៏ដូចជាសេវាបន្ថែមផ្សេងទៀត។ កត្តាទាំងនេះ មិនត្រឹមតែបម្រើដល់គម្រោងថាមពលប៉ុណ្ណោះទេ ថែមទាំងជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចផ្សេងទៀតផងដែរ”

ខេត្ត Ninh Thuan លើកកំពស់សក្តានុពលនិងគុណសម្បត្តិ ដើម្បីនាំថាមពល​ក្លាយ​ជា​វិស័យសេដ្ឋកិច្ចមុខ​ព្រួញ - ảnh 2គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Bau Ngu នៅឃុំ Phuoc Dinh សាងសង់ក្នុងឆ្នាំ ២០១៨។ រូបថត៖ Cong Thu/VNA

ពីខេត្តមួយដែលមានអាកាសធាតុធ្ងន់ធ្ងរ Ninh Thuan បានផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយបង្វែរគុណវិបត្តិនៃពន្លឺព្រះអាទិត្យនិងខ្យល់បោកបក់ខ្លាំង ប្រែក្លាយតំបន់ដីរាំងស្ងួត ទៅជាកសិដ្ឋានថាមពលវាយោអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ បង្កើតប្រភពថាមពលស្អាត ដើម្បីបម្រើតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេស នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ សន្និសីទគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានឯកភាពលើគោលការណ៍ចាប់ផ្តើមឡើងវិញនូវគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan និងបន្តសិក្សាកម្មវិធីថាមពលនុយក្លេអ៊ែរនៅវៀតណាម។ តាមផែនការ រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ១ និង ២ នឹងត្រូវបានដាក់ឱ្យដំណើរការមុនឆ្នាំ ២០៣៥។ គោលការណ៍ រួមជាមួយនឹងសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ បានបើកចេញឱកាសសម្រាប់ខេត្ត Ninh Thuan ក្លាយជារមជ្ឈមណ្ឌលថាមពលរបស់វៀតណាមក្នុងពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ