អស់រយៈពេលជាងដប់ឆ្នាំមកហើយ ដោយឆ្លៀតយកប្រៀបខ្លាំងរបស់មូលដ្ឋាន ក្រុមគ្រួសាររបស់លោក Đinh Như Huê នៅភូមិ Ke ឃុំ Hien Luong ស្រុក Da Bac បានចាប់ផ្តើមបើកសេវាកម្ម Homestay (សេវាស្នាក់នៅ) ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ដោយទទួលបានប្រាក់កម្ចីអនុគ្រោះពីរដ្ឋ គ្រួសាររបស់លោកបានធ្វើការជួសជុល និងតុបតែងលំអផ្ទះសម្បែង សាងសង់បន្ទប់បន្ថែមទៀតដើម្បីបម្រើភ្ញៀវទេសចរណ៍៖ “យើងបានអភិវឌ្ឍជាបណ្ដើរៗ ដោយទទួលស្វាគមន៍ភ្ញៀវនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រាក់ចំណូលប្រចាំខែជាមធ្យមគឺប្រហែល ៣០-៤០លានដុង។ បច្ចុប្បន្ននេះ យើងទទួលប្រាក់ចំណូលគ្រាន់បើជាង បើធៀបនឹងអំឡុងពេលដែលយើងមិនទាន់ធ្វើទេសចរណ៍សហគមន៍"។
Homestay របស់គ្រួសារលោកស្រី Luong Thi Thao នៅភូមិ Ke ឃុំ Hien Luong។ រូបថត៖ VOV |
បច្ចុប្បន្ននេះ នៅភូមិ Ke ឃុំ Hien Luong ស្រុក Da Bac មានគ្រួសារជាច្រើនក៏បានដើរតាមគ្រួសាររបស់លោក Dinh Nhu Hue ដើម្បីបើកសេវាកម្មទេសចរណ៍សហគមន៍ ទទួលស្វាគមន៍ភ្ញៀវផងដែរ។ ពីគំរូតូចតាច រហូតមកដល់ពេលនេះ ខេត្ត Hoa Binh បានសាងសង់ថ្មីនូវភូមិទេសចរណ៍សហគមន៍ជនជាតិ Muong និង Mong ចំនួន ១០ កន្លែងនៅស្រុក Da Bac ស្រុក Mai Chau និងស្រុក Tan Lac ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទទួលបទពិសោធន៍ទេសចរណ៍។ គួរកត់សម្គាល់ថា ចាប់តាំងពីវិស័យទេសចរណ៍មានការអភិវឌ្ឍ ការងារការពារនិងអភិវឌ្ឍន៍ព្រៃឈើក៏មានរបៀបរៀបរយជាបណ្ដើរៗ។ តំបន់ព្រៃឈើដាំដុះឡើងវិញបានកើនឡើងយ៉ាងឆាប់រហ័ស រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទេសចរណ៍និងការការពារបរិស្ថាន។ លោក Dinh Van Quoc អនុប្រធានរណសិរ្សមាតុភូមិឃុំ Hien Luong ស្រុក Da Bac បានឲ្យដឹងថា៖ “ចាប់តាំងពីប្រកបរបរទេសចរណ៍មក ជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរ ហើយការយល់ដឹងរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ ទាក់ទងនឹងការការពារទេសភាពបរិស្ថាន។ ឃុំ Hien Luong បានឈានដល់គោលដៅជនបទថ្មី ហើយបច្ចុប្បន្នកំពុងឆ្ពោះទៅជនបទថ្មីកម្រិតខ្ពស់បន្ថែមទៀត។ ភារកិច្ចនេះត្រូវបានបងប្អូនប្រជាជនយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយផ្លូវថ្នល់ក្នុងភូមិស្អាតបាត។ ជាទូទៅ ការយល់ដឹងរបស់ប្រជាជនគឺខ្ពស់ណាស់”។
តំបន់ទេសចរណ៍ជាតិបឹង Hoa Binh ត្រូវបាននាយករដ្ឋមន្ត្រីអនុម័តនៅឆ្នាំ ២០១៦ បានតំរង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍នៃតំបន់ទាំងមូល។ ទន្ទឹមនឹងការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ទេសចរណ៍កីឡា និងវប្បធម៌ខាងវិញ្ញាណ នាពេលថ្មីៗនេះ ខេត្ត Hoa Binh បានតម្រង់ទិសដើម្បីអភិវឌ្ឍន៍វារីវប្បកម្ម ប៉ុន្តែត្រូវធានាបរិស្ថានក្នុងបឹងនិងធានាទេសភាពសម្រាប់ការអភិវឌ្ឍទេសចរណ៍។ លោក Luong Thanh Hai ប្រធានសាខានាយកដ្ឋានជលផលខេត្ត Hoa Binh បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនខេត្ត Hoa Binh កំពុងចាត់តាំងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងសាខានាយកដ្ឋានជលផលខេត្ត រៀបចំគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមត្រី គួបផ្សំនឹងទេសចរណ៍។ គម្រោងនេះនឹងចិញ្ចឹមពូជត្រីដែលមានប្រៀបខ្លាំងដូចជា៖ ត្រីគល់រាំងខ្មៅ ត្រីគល់រាំងស និងពូជត្រីប្រចាំតំបន់ដូចជា ត្រីឆ្លាំងជាដើម។ នៅពេលចិញ្ចឹមត្រីនឹងរួមបញ្ចូលជាមួយសកម្មភាពទេសចរណ៍ដកពិសោធន៍ សម្រាប់ប្រជាជនមកទស្សនា ថែទាំ ហើយរីករាយជាមួយមុខធ្វើពីត្រីដែលបានចិញ្ចឹមនៅក្នុងបឹង”។
នាបច្ចុប្បន្ន ខេត្ត Hoa Binh កំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយអំពាវនាវឱ្យមានការទាក់ទាញវិនិយោគិនធំៗ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមទិសដៅនិរន្តរភាព និងសមាហរណកម្មអន្តរជាតិ។ លោក Bui Xuan Truong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Hoa Binh បានអះអាងថា៖ “នាពេលខាងមុខ យើងនឹងផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ វប្បធម៌ និងកីឡាជាច្រើនប្រភេទ។ ទន្ទឹមនឹងនោះ ពង្រីកកីឡាប្រពៃណីរបស់ជនជាតិភាគតិច ក៏ដូចជារៀបចំការប្រណាំងកង់ និងការប្រកួតកីឡាវាយកូនហ្គោលថ្នាក់តំបន់និងអន្តរជាតិ ព្រមទាំងអភិវឌ្ឍកីឡាលោតឆ័ត្រយោង ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលទេសចរណ៍របស់ខេត្ត Hoa Binh បើធៀបនឹងខេត្តដទៃទៀត”។
ការចិញ្ចឹមត្រីក្នុងទ្រង់រួមផ្សំជាមួយនឹងទេសចរណ៍នៅលើបឹងវារីអគ្គិសនី។ រូបថត៖ VOV |
ដោយមានការតំរង់ទិសនិងអនុវត្តយ៉ាងល្អនូវការអភិវឌ្ឍទេសចរណ៍តាមទិសដៅនិរន្តរភាព ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ខេត្ត Hoa Binh បានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២,៦ លាននាក់ (កើនឡើង ៩.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ក្នុងនោះភ្ញៀវអន្តរជាតិត្រូវប៉ាន់ប្រមាណមានចំនួន ២៦ ម៉ឺននាក់។ ខេត្ត Hoa Binh បានកំណត់គោលដៅដល់ឆ្នាំ២០២៥ ទាក់ទាញភ្ញៀវទេសចរចំនួន ៤,៩លាននាក់។ នៅឆ្នាំ ២០៣០ នឹងសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធដើម្បីលើកកម្ពស់ពាណិជ្ជសញ្ញាទេសចរណ៍របស់ខេត្ត ទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ៧,៣ លាននាក់ និងនាំទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត៕