កសាងនិងការពារម៉ាកយីហោ គឺជាតម្រូវការស្លាប់រស់របស់សហគ្រាស និងប្រទេសជាតិ​

Chia sẻ
(VOVWORLD) - ក្នុងបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ និងការប្រកួតប្រជែងកាន់តែកើនឡើង តម្រូវការកសាងនិងការពារម៉ាកយីហោមិនត្រឹមតែជាកត្តាសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការស្លាប់រស់សម្រាប់សហគ្រាស និងប្រទេសជាតិផងដែរ។ សហគ្រាសវៀតណាមត្រូវការម៉ាកយីហោខ្លាំង ដើម្បីប្រកួតប្រជែងនិងអភិវឌ្ឍន៍ ខណៈដែលប្រទេសជាតិត្រូវការម៉ាកយីហោជាតិដើម្បីបង្កើនឋានៈ និងទាក់ទាញការវិនិយោគ។

ម៉ាកយីហោត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃ រួមទាំងកត្តារូបីទាំងអស់ (ឈ្មោះ និមិត្តសញ្ញា រូបភាព ពាក្យស្លោក ...) និងកត្តាអរូបី (តម្លៃស្នូល បទពិសោធន៍ ចក្ខុវិស័យ គំនិត) ដែលសហគ្រាសចង់បង្ហាញដល់អតិថិជន។

ម៉ាកយីហោកាន់តែរឹងមាំ គុណសម្បត្តិប្រកួតប្រជែងកាន់តែច្រើន។ លោក Huynh Van Phap អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន Thanh Thanh Cong - Bien Hoa មានប្រសាសន៍ថា៖  “មានម៉ាកយីហោចំនួន៣ គឺម៉ាកយីហោជាតិ ម៉ាកយីហោសហគ្រាស និងម៉ាកយីហោផលិតផល។ ម៉ាកយីហោទាំង៣នេះខុសពីគ្នា។ ម៉ាកយីហោគឺជាលិខិតឆ្លងដែនសម្រាប់អាជីវកម្ម។ ម៉ាកយីហោមិនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅគឺចាំបាច់សម្រាប់សហគ្រាសទាំងអស់។ ម៉ាកយីហោគឺជាលក្ខខណ្ឌនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់សហគ្រាស”។

កសាងនិងការពារម៉ាកយីហោ គឺជាតម្រូវការស្លាប់រស់របស់សហគ្រាស និងប្រទេសជាតិ​ - ảnh 1សិក្ខាសាលាស្តីពីការការពារម៉ាកយីហោក្នុងពិភពពាណិជ្ជកម្មដែលមានការប្រែប្រួលជាច្រើន ។ រូបថត៖ Ngoc Anh/VOV ៥

បច្ចុប្បន្ន វៀតណាមមានសហគ្រាសនវានុវត្តណ៍ជាច្រើន ដែលមានសមត្ថភាពឈានឡើងដោយខ្លួនឯង។ ប្រសិទ្ធភាពនៃការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិជ្ជាថ្មីចំពោះផលិតកម្មអាជីវកម្ម បានប្រែក្លាយបច្ចេកវិទ្យាថ្មីទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់។ ជាពិសេស សហគ្រាសវៀតណាមជាច្រើនមានផលិតផលដែលសម្រេចបានម៉ាកយីហោជាតិ ដោយអះអាងពីតួនាទីត្រួសត្រាយផ្លូវ ឆ្ពោះទៅរកយុគសម័យបៃតង។ ម៉ាកយីហោខ្លាំងរបស់វៀតណាមក្នុងឆ្នាំ ២០២៤ រួមមាន Viettel, Vinamilk, VNPT, Vietcombank, BIDV, FPT... ក្នុងនោះ Viettel នាំមុខគេក្នុងបញ្ជីម៉ាកយីហោដែលមានតម្លៃបំផុតនៅវៀតណាម ដោយតម្លៃម៉ាកយីហោចំនួន ៨,៩ ពាន់លានដុល្លារ។ ក្នុងបរិបទនៃការប្រកួតប្រជែងជាសាកលកាន់តែខ្លាំងឡើង សហគ្រាសវៀតណាមកំពុងប្រឈមមុខនឹងកាលានុវត្តភាពនិងបញ្ហាប្រឈមជាច្រើន។ ដូច្នេះហើយ សហគ្រាសត្រូវការការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល។ ទីភ្នាក់ងាររដ្ឋត្រូវមានគោលនយោបាយអនុគ្រោះឥណទានសមស្រប សម្រាប់សហគ្រាសផលិត ធ្វើអាជីវកម្ម និងមានឱកាសរីកចម្រើន។ ទន្ទឹមនឹងនេះ គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងការគ្រប់គ្រងទីផ្សារប្រកបដោយតម្លាភាព។ លោកស្រី Nguyen Thi Binh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនសេវាកម្ម Nguyen Binh បានមានប្រសាសន៍ថា៖ “ដោយមានការគាំទ្រពីរដ្ឋ ធ្វើយ៉ាងណាដើម្បីសហគ្រាសវៀតណាមទាំងអស់អាចអភិវឌ្ឍយ៉ាងពេញលេញ និងឈានទៅចេញពិភពលោក។ រដ្ឋត្រូវចាត់វិធានការយ៉ាងខ្លាំងដើម្បីដោះស្រាយទំនិញក្លែងក្លាយ”។

គោលដៅកសាងម៉ាកយីហោវៀតណាមគឺលើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត Le Xuan Ba អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចមជ្ឈឹម បានមានប្រសាសន៍ថា៖ "ដើម្បីកសាងម៉ាកយីហោ ដំបូងបង្អស់គឺកែលម្អគុណភាពនៃផលិតផល និងសេវាកម្ម។ បន្ទាប់មក ត្រូវមានតម្លៃប្រកួតប្រជែង។ នេះគឺជាកត្តាសំខាន់ទាំង២។ ក្នុងបរិបទបច្ចុប្បន្ន វៀតណាមគួរតែផ្តោតលើការកសាងម៉ាកយីហោសម្រាប់ផលិតផលដែលវៀតណាមមានប្រៀបខ្លាំង និងគុណសម្បត្តិប្រកួតប្រជែង ដូចជា៖ កសិផល ផ្លែឈើ បន្លែ ផលិតផលសិប្បកម្ម និងផលិតផលបច្ចេកវិទ្យាមួយចំនួន”

ការកសាងម៉ាកយីហោទាមទារឱ្យផ្តោតលើការងាររៀបចំផែនការ គុណភាពផលិតផល ពន្លឿនពាណិជ្ជកម្ម និងការគាំទ្រសហគ្រាស។ ការការពារម៉ាកយីហោចាំបាច់ត្រូវផ្តោតលើការការពារកម្មសិទ្ធិបញ្ញា និងការប្រយុទ្ធប្រឆាំងនឹងការរំលោភលើម៉ាក់យីហោ។ ការកសាងម៉ាកយីហោគឺជាដំណើរការដែលទាមទារការតស៊ូដោយឥតឈប់ឈរ និងការផ្លាស់ប្តូរថ្មីជានិច្ច។ លោកបណ្ឌិត To Hoai Nam អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការសមាគមសហគ្រាសធុនតូចនិងមធ្យមវៀតណាមបានឲ្យដឹងថា៖ “ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានការប្រែប្រួលជាច្រើន ការការពារម៉ាកយីហោមិនត្រឹមតែជាបញ្ហាសម្រាប់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសម្រាប់ប្រទេសទៀតផង។ ម៉ាកយីហោគឺជាតម្លៃបង្គរ ជាអត្ថប្រយោជន៍ប្រកួតប្រជែងប្រកបដោយនិរន្តរភាព ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សហគ្រាសនីមួយៗ និងរបស់ប្រទេសនីមួយៗ។ ដូច្នេះហើយ រដ្ឋ និងសហគ្រាសត្រូវវិនិយោគដោយឥតឈប់ឈរក្នុងការចិញ្ចឹមបីបាច់និងថែរក្សាម៉ាកយីហោដើម្បីអភិវឌ្ឍទៅមុខ”។

យោងតាមសេចក្តីប្រកាសរបស់ Brand Finance (ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការវាយតម្លៃម៉ាកយីហោនិងផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ មានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) នៅឆ្នាំ ២០២៤ តម្លៃនៃម៉ាកយីហោវៀតណាមនឹងឡើងដល់ ៥០៧ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមប្រទេសចំនួន ១៩៣ ដែលត្រូវបានវាយតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ នៅមានផលិតផលនិងសេវាកម្មវៀតណាមមិនច្រើនទេ ដែលសម្រេចបានម៉ាកយីហោកម្រិតអន្តរជាតិ។ ការកសាង និងការពារម៉ាកយីហោវៀតណាម គឺជាដំណើរការដ៏សំខាន់មួយ ដើម្បីបង្កើនតម្លៃ និងការប្រកួតប្រជែងរបស់សហគ្រាសវៀតណាមក្នុងទីផ្សារអន្តរជាតិ និងក្នុងស្រុក៕

ប្រតិកម្មទៅវិញ