គ្រួសាររបស់លោក Hoang Duc Long នៅភូមិ Ban Ai ២ ឃុំ Phieng Khoai ខេត្ត Son La គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដាំផ្លែព្រូនដែលត្រូវបានលើកតម្កើងក្នុងពិធីបុណ្យផ្លែព្រូន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០២៥ នៅឃុំ Phieng Khoai។ បច្ចុប្បន្ន គ្រួសាររបស់លោកកំពុងដាំដុះ និងថែទាំដំណាំផ្លែព្រូន លើផ្ទៃដីជាង ២ ហិកតា ទទួលបានទិន្នផលប្រហែល ៣៥ តោន ក្នុងនោះមានដើមព្រូនជាង ២០០ដើមជាផ្លែព្រូនក្រហម។ ជាមួយនឹងតម្លៃលក់ផ្លែព្រូនក្រហមចាប់ពី ៧០-១២០ពាន់ដុង/គីឡូក្រាម (២,៦-៤,៩ ដុល្លារ) និងផ្លែព្រូនធម្មតាចាប់ពី ២៥-៣០ពាន់ដុង/គីឡូក្រាម (០,៩-១,១៥ ដុល្លារ) បានជួយគ្រួសាររបស់លោកទទួលប្រាក់ចំណូលពី ៤០០-៥០០លានដុង/ឆ្នាំ (១៥.៣១៥- ១៩.១៤២ ដុល្លារ)។ ក្រៅពីដើមព្រូន គ្រួសាររបស់លោកក៏កំពុងដាំដើមឈើហូបផ្លែផ្សេងទៀតដូចជា ដើមទន្លាប់ និងផ្លៃសារី ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ដែលក្នុងនោះ ផ្លែសារីបានឈានចូលរដូវប្រមូលផល ដោយមានទិន្នផលប្រហែល ៧០០-៨០០ គីឡូក្រាម ជាមួយនឹងតម្លៃចាប់ពី ៣៥-៤០ពាន់ដុង/គីឡូក្រាម។ លោក Hoang Duc Long មានប្រសាសន៍ថា៖ “នាពេលខាងមុខ គ្រួសាររបស់ខ្ញុំចង់ដាំដុះ និងថែទាំដើមព្រូនតាមស្តង់ដារ VietGAP និង GlobalGAP ដើម្បីបង្កើនគុណភាពនិងបំពេញស្តង់ដារកាន់តែខ្ពស់។ លើសពីនេះ គ្រួសាររបស់ខ្ញុំក៏ចង់ដាំដើមឈើហូបផ្លែផ្សេងទៀតដូចជា ដើមសារី និងដើមទន្លាប់ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ”។
ប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិ របស់កសិករនៅឃុំ Phieng Khoai។ រូបថត៖ Bich Thuy/VOV-Tay Bac |
ភូមិ Ban Ai ២ ឃុំ Phieng Khoai មានប្រជាជនចំនួន ១០២ គ្រួសារ ដែលកំពុងដាំដុះ និងអភិវឌ្ឍន៍ដើមព្រូន លើផ្ទៃដីជាង ១០៨ ហិកតា ទាំងអស់នេះត្រូវបានដាំដុះនិងថែទាំតាមវិធីសាស្ត្រសរីរាង្គ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គ្រួសារជាច្រើនបានបង្កើតគំរូស្រោចស្រពទឹកដោយស្វ័យប្រវត្តិ ដើម្បីជួយសន្សំសំចៃទឹក ការចំណាយ និងកម្លាំងពលកម្ម ដោយទទួលបានការគាំទ្ររបស់មូលដ្ឋាន និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម។ លោក Hoang Van Thich មេភូមិ Ban Ai ២ បានឲ្យដឹងថា៖ “យើងកំពុងផ្សព្វផ្សាយដល់ប្រជាជនឲ្យធ្វើតាមទិសដៅសរីរាង្គ រួចបន្តឃោសនាឲ្យប្រជាជនកាត់ចោលផ្លែមួយចំនួន ទុកផ្លៃធំៗ ដាក់គុណភាពជាអាទិភាពចម្បង ដើម្បីឲ្យផ្លែព្រូនអាចប្រើប្រាស់បានទាំងទីផ្សារក្នុងស្រុក និងបរទេស”។
បច្ចុប្បន្ន ឃុំ Phieng Khoai មានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៣.០០០ ហិកតា ភាគច្រើនជាផ្លែព្រូននិងដើមឈើហូបផ្លែផ្សេងទៀត ដែលកំពុងត្រូវបានជំរុញឱ្យអភិវឌ្ឍន៍ដូចជា៖ ស្វាយ ផ្លែសារី ផ្លែមៀន ផ្លែទន្លាប់ និងផ្លែស្ត្របឺរី។ ក្រៅពីការណែនាំឲ្យប្រជាជនដាំដុះ និងថែទាំដើមឈើហូបផ្លែនៅមូលដ្ឋានតាមទិសដៅប្រពលវប្បកម្ម និងអនុវត្តបច្ចេកវិទ្យាខ្ពស់ មូលដ្ឋានក៏បានពង្រឹងការពន្លឿនពាណិជ្ជកម្ម ការផ្សាយនិងស្វែងរកទីផ្សារ ដូចជា៖ ការកសាងម៉ាកយីហោផ្លែព្រូន Phieng Khoai រៀបចំពិធីបុណ្យបេះផ្លែព្រូន ការបើកស្តង់លក់កសិផលក្នុងពិធីបុណ្យ សម្របសម្រួលជាមួយប្រៃសណីយ៍ សហគ្រាស និងសហករណ៍ ដើម្បីរៀបចំការ Livestream លក់ ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលប្រចាំមូលដ្ឋានតាមរយៈបណ្តាញសង្គម សម្របសម្រួលជាមួយទីផ្សារកសិផលដើម្បីនាំយកកសិផលក្នុងស្រុកមកលក់នៅទីតាំងចំនួន៤.២០០កន្លែងទូទាំងប្រទេស។ លោក Bui Van Quan អនុប្រធានក្រុមប្រឹក្សាភិបាលហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឃុំ Phieng Khoai បានមានប្រសាសន៍ថា៖ “អាជ្ញាធរមូលដ្ឋានបានផ្តោតលើការឃោសនា ក៏ដូចជាការសម្របសម្រួលជាមួយស្ថាប័នឯកទេស ដើម្បីបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាជន អនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងសកម្មភាពផលិតកម្ម។ ជាពិសេសការកាត់មែកឈើនិងថែទាំដើមឈើ ការបង្ការសត្វល្អិតនិងជំងឺ ដើម្បីឲ្យផលិតផលទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ ផ្លែធំ ផ្អែមឆ្ងាញ់ និងជួយបង្កើនតម្លៃសេដ្ឋកិច្ច”។
អាជ្ញាធរមូលដ្ឋាន និងកសិករ ឧទ្ទេសនាមផលិតផលកសិកម្ម និងផ្លែឈើ។ រូបថត៖ Bich Thuy/VOV-Tay Bac |
រដូវប្រមូលផលផ្លែព្រូនឆ្នាំនេះ បាននាំមកជូនប្រជាជនឃុំ Phieng Khoai នូវប្រាក់ចំណូលប្រមាណ ២១៦ ពាន់លានដុង (៨២.៦៩៥ ដុល្លារអាមេរិក) រួមចំណែកកាត់បន្ថយអត្រាភាពក្រីក្ររបស់ឃុំមកត្រឹម ១៧%។ ទន្ទឹមនឹងនោះ ឃុំកំពុងតម្រង់ទិសឲ្យប្រជាជនលើកកំពស់គុណភាពផលិតផលតាមទិសដៅ VietGAP និង GlobalGAP ដើម្បីកសាងផលិតផល OCOP។ នេះជួយប្រជាជនឱ្យផ្សារភ្ជាប់ជាមួយដើមព្រូន និងដើមឈើហូបផ្លែផ្សេងទៀតដើម្បីក្លាយជាអ្នកមានងនៅនឹងទឹកដីស្រុកកំណើតរបស់ខ្លួន៕