មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃនៃខេត្ត Ba Ria-Vung Tau ។ រូបថត៖ vccinews.vn |
គោលដៅចម្បងនៃការផ្លាស់ប្ដូរឌីជីថលគឺបម្រើសង្គម ប្រជាជន និងសហគ្រាស ហើយតាមនោះ រួមចំណែកលើកកម្ពស់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែង កែលម្អបរិយាកាសវិនិយោគ ធុរកិច្ច និងជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមក្នុងតំបន់។
ខេត្ត Ba Ria-Vung Tau បានកំណត់ការផ្លាស់ប្ដូរឌីជីថល និងការកសាងនគរឆ្លាតវៃគឺជាភារកិច្ចស្នូលមួយ ដែលមានលក្ខណៈលោតផ្លោះក្នុងដំណាក់កាល ២០២១-២០២៥។ នាខែឧសភា ឆ្នាំ ២០២១ ខេត្តបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្លាស់ប្ដូរឌីជីថល នគរឆ្លាតវៃផ្សារភ្ជាប់ជាមួយការធ្វើកំណែទម្រង់រដ្ឋបាល។ លោក Le Viet Trung អនុប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “សេចក្ដីសម្រេចចិត្តបានកំណត់ដំណោះស្រាយស្ដីពីការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងមូលដ្ឋានគ្រឹះ ធានាសុវត្ថិភាពព័ត៌មាន។ ទាក់ទងនឹងរដ្ឋាអំណាចឌីជីថល ខេត្តបានកំណត់ភារកិច្ចចម្បងក្នុងការគ្រប់គ្រងរដ្ឋ ដើម្បីបម្រើ និងជួយឧបត្ថម្ភដល់ប្រជាជន សហគ្រាស និងយកទិន្នន័យឌីជីថល បម្រើការគ្រប់គ្រងរដ្ឋ។ ខេត្តកំពុងផ្តោតលើការអភិវឌ្ឍ ប្រព័ន្ធបណ្តាញបញ្ជូនទិន្នន័យឯកទេស ហើយដល់ឆ្នាំ២០២៣ នឹងសម្រេចរួចរាល់គម្រោងផ្លាស់ប្ដូរជំនាន់ IP version 6 ដែលមានសមត្ថភាពគណនាខ្ពស់ ប្រកបដោយសុវត្ថិភាព។ ដល់ឆ្នាំ ២០២៥ អភិវឌ្ឍន៍ឃ្លាំងទិន្នន័យរួម និងគេហទំព័រទិន្នន័យបើកចំហ”។
អស់រយៈពេលជិត ២ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ត ការងារផ្លាស់ប្តូរឌីជីថលនៅក្នុងខេត្ត Ba Ria-Vung Tau បាននាំមកនូវលទ្ធផលជាក់ស្តែងមួយចំនួន។ នាបច្ចុប្បន្ន គ្រួសារជាង ៩៥,៥% មានអ៊ីនធឺណិតខ្សែកាបអុបទិក; ប្រជាជន ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅប្រមាណ ៧៩% ក្នុងភូមិសាស្ត្រខេត្តមានគណនីប្រតិបត្តិការនៅធនាគារ ហើយប្រជាជនជាង ៩២% មានស្មាតហ្វូន។
ក្នុងការខិតខំប្រឹងប្រែងអនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីការផ្លាស់ប្ដូរឌីជីថល ខេត្ត Ba Ria-Vung Tau សម្រេចបានលទ្ធផលអំពីការផ្លាស់ប្ដូរឌីជីថលលើវិស័យកសិកម្ម ដោយបានជួយប្រជាកសិករចំនួន ៧ ០០០ គ្រួសារទាក់ទងជាមួយផ្សារពាណិជ្ជកម្មអេឡិចត្រូនិក រួមចំណែកបង្កើតបណ្ដាញចែកចាយថ្មីៗ និងទំនើប។ ទន្ទឹមនឹងនេះ កំណត់តម្លៃពាណិជ្ជសញ្ញា ជំរុញការប្រើប្រាស់ និងការលើកកម្ពស់តម្លៃផលិតផល។ លោក Tran Van Cuong ប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ba Ria-Vung Tau បានបញ្ជាក់ថា៖ “នេះគឺជាទម្រង់ដែលនឹងអនុវត្តន៍ក្នុងរយៈពេលយូរ ហើយវាមានលក្ខណៈចីរភាពជាង។ ព្រោះថា នៅពេលដាក់បញ្ជូលផលិតផលទៅក្នុងផ្សារពាណិជ្ជកម្មនោះ គឺមានន័យថា ប្រជាកសិករដឹងអំពីការតភ្ជាប់ និងការបញ្ចេញលក់នៅទីណា ហើយផលិតផលមានកិត្យានុភាពដែរ ឬអត់។ តាមរយៈផ្សារពាណិជ្ជកម្ម និងផលិតផលដែលបានបញ្ចេញលក់នឹងជួយអ្នកផលិតយល់ដឹងយ៉ាងច្បាស់លាស់អំពីតម្រូវការ ហើយតាមនោះ ជួយពួកគេគណនាបរិមាណ ក៏ដូចជាគុណភាពនៃផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ”។
សន្និសីទស្តីពីកម្មវិធីផ្លាស់ប្តូរឌីជីថលនៅខេត្ត Ba Ria-Vung Tau។ រូបថត៖ Quang Hung/ ictnews.vietnamnet.vn |
ក្នុងដំណាក់កាលដល់ឆ្នាំ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ខេត្ត Ba Ria-Vung Tau បានកំណត់ថា នឹងបន្តខិតខំប្រឹងប្រែងកែលម្អគុណភាពផ្គត់ផ្គង់សេវាកម្មសាធារណៈតាមអនឡាញ។ ចំណែកឯសហគ្រាសនឹងខិតខំប្រឹងប្រែងដាក់បញ្ជូលសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មទៅក្នុងមូលដ្ឋានគ្រឹះឌីជីថល។ សហគ្រាសបច្ចេកវិទ្យាបន្តផ្តល់ផលិតផល និងសេវាកម្មឌីជីថល បម្រើតម្រូវការសង្គម។ លោក Le Viet Trung អនុប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយខេត្ត Ba Ria-Vung Tau បានសង្កត់ធ្ងន់ថា៖ “ខេត្តបានកំណត់យកសហគ្រាសជាមជ្ឈភាព ការអភិវឌ្ឍពាណិជ្ជកម្ម អេឡិចត្រូនិក ជាស្នូល ផ្ដោតសំខាន់លើការអភិវឌ្ឍសហគ្រាសឌីជីថល ជាពិសេសគឺសហគ្រាស ធុនតូច និងមធ្យម និងជំរុញនវានុវត្តភាពក្នុងសហគ្រាស។ទាក់ទងនឹង សង្គម ឌីជីថល បន្តកំណត់មនុស្សជាមជ្ឈភាព ក្នុងនោះផ្តោតលើការបណ្តុះបណ្តាល ផ្លាស់ប្តូរការយល់ដឹង ជាពិសេសគឺសិស្សានុសិស្ស និស្សិត អភិវឌ្ឍន៍មូលដ្ឋានគ្រឹះបច្ចេកទេសសង្គម អភិវឌ្ឍន៍បណ្តាញ 5G មូលដ្ឋានគ្រឹះទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់។ ទន្ទឹមនឹងនេះ ខេត្តក៏បានកំណត់ផ្នែកសំខាន់ៗមួយចំនួនគឺ៖ ផ្នែកសុខាភិបាលអប់រំ និងបណ្តុះបណ្តាល Logistic ឧស្សាហកម្មពាណិជ្ជកម្ម ការអភិវឌ្ឍកំពង់ផែសមុទ្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងទេសចរណ៍ផងដែរ”។
គោលដៅនៃការផ្លាស់ប្តូរឌីជីថល ដល់ឆ្នាំ ២០២៥ របស់ខេត្ត Ba Ria-Vung Tau គឺ ស្ថិតនៅក្នុងក្រុមខេត្ត ក្រុងទាំង ១០ ឈរជួរមុខនៅទូទាំងប្រទេសអំពីកម្រិតផ្លាស់ប្តូរឌីជីថល។ ដល់ឆ្នាំ ២០៣០ ខេត្ត Ba Ria-Vung Tau នឹងសម្រេចរួចរាល់ការផ្លាស់ប្ដូរឌីជីថលមូលដ្ឋាន ហើយបង្កើតគំរូនគរឆ្លាតវៃ។ បច្ចុប្បន្ននេះ ប្រព័ន្ធទាំងមូលកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរជាមូលដ្ឋាន និងទូលំទូលាយរាល់សកម្មភាពគ្រប់គ្រង សម្របសម្រួលរបស់រដ្ឋអំណាច សកម្មភាពផលិកម្ម និងអាជីវកម្មរបស់សហគ្រាស របៀបរស់នៅ ធ្វើការរបស់ប្រជាជន នាំសេដ្ឋកិច្ចឌីជីថលឲ្យក្លាយទៅជាមូលដ្ឋានគ្រឹះស្នូលជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក៏ដូចជាកសាងសង្គមសុវត្ថិភាព មនុស្សធម៌ និងវិបុលភាពផងដែរ៕