ការនាំចេញ ដែលជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភសំខាន់ទាំងបីនៃកំណើនសេដ្ឋកិច្ច (ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់) មានកំណើនអវិជ្ជមានពីរខ្ទង់ចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២៣ ជាមួយនឹងការធ្លាក់ចុះរហូតដល់ ១១,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខទាំងនេះឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាពលំបាកនៃផលិតកម្មក្នុងស្រុក - នៅពេលដែលឧស្សាហកម្មកែច្នៃនិងផលិតកម្មដែលស្រូបយក ៨៥-៩០% នៃទំហំនាំចេញសរុបរបស់វៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣។
កាត់ដេរនៅរោងចក្រវាយនភ័ណ្ឌនាំចេញរបស់ក្រុមហ៊ុន Dony ក្នុងស្រុក Binh Chanh ទីក្រុងហូជីមិញ។ រូបថត៖ Hong Dat/TTXVN |
ក្នុងបរិបទដែលការនាំចេញផលិតផលសំខាន់ៗកំពុងពឹងផ្អែកខ្លាំងលើទីផ្សារធំៗដូចជា អាមេរិក និងសហភាពអឺរ៉ុបនោះ វៀតណាមបានជំរុញខ្លាំងការផ្សព្វផ្សាយពាណិជ្ជកម្ម តភ្ជាប់ជាមួយស្ថាប័ន្ធពាណិជ្ជកម្ម និងទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅបរទេសដើម្បីស្វែងរកនិងផ្សព្វផ្សាយផលិតផលវៀតណាមដែលមានប្រៀបខ្លាំង និងគុណភាពខ្ពស់ចូលទៅក្នុងទីផ្សារថ្មី; ឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលបានចុះហត្ថលេខា ដើម្បីជំរុញការនាំចេញ។ កិច្ចខិតខំប្រឹងប្រែងនេះបានទទួលលទ្ធផលវិជ្ជមានជាច្រើន។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ “នៅក្នុងផ្ទាំងគំនូរនៃការនាំចេញ យើងបានឃើញការនាំចេញផ្លែឈើ បន្លែ និងការនាំចេញអង្ករជាចំណុចភ្លឺ។ នេះគឺជាលទ្ធផលវិជ្ជមាន ដែលបង្ហាញពីការស្តារឡើងវិញ និងការពង្រីកទីផ្សារដ៏រឹងមាំ។ ក្នុងស្ថានភាពលំបាកទូទៅដូចបច្ចុប្បន្ន មានចំណុចវិជ្ជមានមួយគឺកម្លាំងផលិតកម្មនៅតែរក្សាបានល្អ។ យើងក៏អនុវត្តបានយ៉ាងល្អក្នុងការឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីរក្សាការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ”។
ពីលទ្ធផលនៃការនាំចេញបន្លែនិងផ្លែឈើ របស់វៀតណាមក្រោយរយៈពេល ១១ ខែ សមាគមបន្លែនិងផ្លែឈើ វៀតណាមបានព្យាករណ៍ថា ការនាំចេញផ្លែឈើ និងបន្លែនៅឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងឈានដល់ ៥,៦ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតកំណត់ត្រាសម្រាប់ផ្នែកទំនិញនេះ ចាប់តាំងពីមុនរមក។ លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានវាយតម្លៃថា៖ “រដ្ឋាភិបាល ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មបានធ្វើការចរចាដើម្បីបើកទ្វារទីផ្សារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ចុះហត្ថលេខាលើពិធីសារជាមួយប្រទេសចិន ក៏ដូចជាប្រទេសដទៃទៀត ដូច្នេះផលិតផលពីកសិកម្ម កសិផល បន្លែ និងផ្លែឈើរបស់វៀតណាមត្រូវបានបញ្ចេញលក់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ លើសពីនេះ ប្រជាកសិករ និងធុរកិច្ចវៀតណាមកំពុងត្រូវបានណែនាំកាន់តែច្រើន អំពីវិធីដាំដំណាំដែលស្របតាមស្តង់ដារអន្តរជាតិ បំពេញស្តង់ដារនិងតម្រូវការរបស់ប្រទេសនាំចូល”។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តម្លៃនាំចូល-នាំចេញសរុបក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណឈានដល់ ៦៨៣ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញត្រូវបានប៉ាន់ប្រមាណមានចំនួន ៣៥៤,៥ ពាន់លានដុល្លារ ការនាំចូលឈានដល់ ៣២៨,៥ ពាន់លានដុល្លារអាមេរិក។ សមតុល្យពាណិជ្ជកម្មបន្តកត់ត្រាអតិរេកពាណិជ្ជកម្មរបស់វៀតណាមសម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងអតិរេកប៉ាន់ប្រមាណជិត ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣ ដងបើប្រៀបធៀបនឹងឆ្នាំមុន រួមចំណែកវិជ្ជមានដល់សមតុល្យនៃការទូទាត់ ជួយបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស ស្ថិរភាពអត្រាប្តូរប្រាក់ និងសូចនាករម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀតនៃខឿនសេដ្ឋកិច្ច។
លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ រូបថត៖ Thanh Chung/TTXVN |
ឈានចូលឆ្នាំ ២០២៤ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមានសម្រាប់ការនាំចេញ និងនាំចូល ក្នុងបរិបទនៃការផ្លាស់ប្តូរបៃតងគឺជានិន្នាការជៀសមិនរួច ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិងកំពុងផ្តោតលើដំណោះស្រាយចំនួន ៣ ដើម្បីគាំទ្រដល់អាជីវកម្ម ផ្នែកទំនិញ និងមូលដ្ឋាននានា។ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម បានបញ្ជាក់ថា៖ “ទន្ទឹមជាមួយនឹងការពង្រឹងសមត្ថភាពបំពេញតាមស្តង់ដារនាំចេញថ្មី ក្រសួង និងផ្នែកពាក់ព័ន្ធនឹងបំពេញបន្ថែមយ៉ាងឆាប់រហ័សនូវស្តង់ដារ និងបទប្បញ្ញត្តិស្តីពីការផ្លាស់ប្តូរបៃតងសម្រាប់វិស័យជាក់លាក់នីមួយៗ។ យើងក៏បានបង្កើតក្រុមសូចនាករស្តីពីសមត្ថភាពលើកកម្ពស់ពាណិជ្ជកម្មផងដែរ។ នាពេលអនាគតដ៏ខ្លី ក្រុមសូចនាករនេះនឹងត្រូវបានបំពេញបន្ថែមជាមួយនឹងសូចនាករស្តីពីការផ្លាស់ប្តូរពណ៌បៃតង។ រដ្ឋាភិបាលមានកម្មវិធីទាក់ទងនឹងការបំពេញក្របខ័ណ្ឌច្បាប់ដំណាក់កាលឆ្នាំ ២០២៣ - ២០២៧។ ដូច្នេះហើយ ក្រសួង និងសាខានានាក៏បានបង្កើតកម្មវិធីបំពេញច្បាប់សម្រាប់ដំណាក់កាលឆ្នាំ ២០២៣ - ២០២៧ ទាក់ទងនឹងការផ្លាស់ប្តូរបៃតងផងដែរ”។
ចំពោះពាណិជ្ជកម្មនិងអាជីវកម្មត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន; វាយតម្លៃហានិភ័យ និងរៀបចំផែនការសេណារីយ៉ូ បង្កើតយុទ្ធសាស្រ្តកាត់បន្ថយការបំភាយឧស្ម័នកាបូន; វិនិយោគលើការនវានុវត្ត និងបច្ចេកវិទ្យា ហើយចូលរួមក្នុងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។ ដូច្នេះ ទើប សកម្មភាពនាំចេញរបស់វៀតណាមអភិវឌ្ឍប្រកបដោយនិរន្តរភាព៕