ការទាក់ទាញទុន​ FDI ក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ៖ រក្សាសន្ទុះ​វិជ្ជមាន

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល៦ខែដើមឆ្នាំ រដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋាននានាបានម្ចាស់ការដោះស្រាយការកកស្ទះ និងរបាំងផ្លូវច្បាប់ដែលរារាំងដល់ការវិនិយោគនិងអាជីវកម្មរបស់ធុរកិច្ច។ អាស្រ័យហេតុនេះ ការទាក់ទាញ FDI របស់វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដើមទុនសរុបសម្រេចបានជិត ១៥,២ ពាន់លានដុល្លារអាមេរិក កើនជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ការទាក់ទាញ FDI របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តរក្សាសន្ទុះវិជ្ជមានផងដែរ។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ដើមទុនវិនិយោគថ្មី និងការកែសម្រួលដើមទុនសុទ្ធតែកើនឡើង ៤៦,៩% និង ៣៥%។ ដើមទុនប្រតិបត្តិត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ១០,៨ ពាន់លានដុល្លារអាមេរិក កើន ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនៃលំហូរទុន FDI ដែលបានចុះបញ្ជីនិងអនុវត្តន៍ បានជំរុញយ៉ាងខ្លាំងនូវសកម្មភាពផលិតកម្មក្នុងស្រុក។

ទុន FDI ចូលមកវៀតណាមបានកើនឡើងដោយសារខេត្ត ក្រុង និងតំបន់ជាច្រើនបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងជំរុញការវិនិយោគយ៉ាងសកម្ម។ អាចនិយាយដល់ Vinh Phuc ជាខេត្តឈានមុខគេក្នុងការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងទាក់ទាញវិនិយោគិនបរទេស។ ក្នុងរយៈពេល៦ខែដើមឆ្នាំ ខេត្តបានទាក់ទាញ FDI ជាង ៤៣០ លានដុល្លារអាមេរិក ដែលជិត ៩% លើសពីផែនការប្រចាំឆ្នាំ។ សម្រេចបានលទ្ធផលវិជ្ជមាននេះ គឺដោយសារខេត្តតែងតែយកចិត្តទុកដាក់លើការទាក់ទាញគម្រោងដែលមានបច្ចេកវិទ្យាទំនើប និងតម្លៃបន្ថែមខ្ពស់; ផ្តល់ព័ត៌មានចាំបាច់ដល់វិនិយោគិនបានទាន់ពេលវេលា ដើម្បីពួកគេអាចស្វែងយល់អំពីបរិយាកាសវិនិយោគ និងគោលនយោបាយទាក់ទាញការវិនិយោគនៅក្នុងមណ្ឌលឧស្សាហកម្ម Vinh Phuc។ លោក Nguyen Xuan Phuong ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Vinh Phuc បានឲ្យដឹងថា៖ “Vinh Phuc បានកំណត់ថា វិនិយោគិនដែលមកកាន់ខេត្តគឺជាពលរដ្ឋរបស់ Vinh Phuc។ ដូច្នេះហើយ នៅពេលមានធុរកិច្ចមកកាន់ Vinh Phuc គឺដូចជាធ្វើការនៅផ្ទះអញ្ចឹង បរិយាកាសវិនិយោគគឺមានភាពរួសរាយរាក់ទាក់ណាស់។ ដើម្បីរួមដំណើរជាមួយអាជីវកម្ម យើងបានកែទម្រង់បែបបទរដ្ឋបាលតាមទិសដៅនៃការកាត់បន្ថយទំនាក់ទំនងផ្ទាល់ និងបង្កើនសេវាកម្មសាធារណៈតាមអ៊ីនធឺណិត ដោយការទទួលឯកសារតាមអ៊ីនធឺណិត ផ្តល់លទ្ធផលតាមអ៊ីនធឺណិត និងការទូទាត់តាមអ៊ីនធឺណិត បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ធុរកិច្ច។ លើសពីនេះ យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិនចូលមណ្ឌលឧស្សាហកម្មផងដែរ”។

ការទាក់ទាញទុន​ FDI ក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ៖ រក្សាសន្ទុះ​វិជ្ជមាន - ảnh 1កម្មករ កម្មការិនីនៃក្រុមហ៊ុន Samsung Electronics Vietnam ក្នុងបណ្ឌលឧស្សាហកម្ម Yen Phong ខេត្ត Bac Ninh។ រូបភាព៖ Thanh Thuong/TTXVN

ក្រៅពីខេត្ត Vinh Phuc បណ្តាខេត្តដូចជា Bac Ninh, Ba Ria - Vung Tau, Quang Ninh ទីក្រុងហាណូយ ទីក្រុង  Hai Phong និងទីក្រុងហូជីមិញ... ក៏បានឈានមុខគេក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដោយមានហេដ្ឋារចនាសម្ព័ន្ធល្អ ធនធានមនុស្សស្ថិរភាព និងការខិតខំប្រឹងប្រែងរបស់កម្មាភិបាលមូលដ្ឋានក្នុងការអនុវត្តដំណោះស្រាយប្រកបដោយសមកាលកម្ម ដើម្បីលុបបំបាត់ការលំបាកនិងឧបសគ្គសម្រាប់ផលិតកម្មនិងអាជីវកម្ម ជំរុញការស្តារឡើងវិញ និងកំណើនសេដ្ឋកិច្ចអន្តរជាតិ។ លោកស្រី Tran Thuy Trang អគ្គនាយិការរងនៃក្រុមហ៊ុនចម្កាត់ Jasan Vietnam ក្នុងមណ្ឌលឧស្សាហកម្មVSIP Thuy Nguyen ទីក្រុង Hai Phong បានធ្វើអត្ថាធិប្បាយថា៖ “ក្នុងនាមជាធុរកិច្ច FDI ខ្ញុំបានយល់ឃើញយ៉ាងច្បាស់បំផុត អំពីវឌ្ឍនភាព នៃកំណែទម្រង់ ក៏ដូចជាយន្តការរដ្ឋបាលកាន់តែប្រសើរឡើងក្នុងបរិយាកាសវិនិយោគនៅ Hai Phong។ នាយកដ្ឋាន ផ្នែក និងអាជ្ញាធរទីក្រុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយធុរកិច្ចដោះស្រាយក្តីកង្វល់។ ពីមុនការបំពេញនីតិវិធីរដ្ឋបាល ត្រូវចំណាយពេល ១៥-២០ ថ្ងៃ ឬយូរជាងនេះ ប៉ុន្តែឥឡូវនេះ យើងអាចទទួលបានចម្លើយនៅក្នុងថ្ងៃតែមួយ។ កំណែទម្រង់នេះ ជួយឲ្យធុរកិច្ចមានភាពងាយស្រួលក្នុងការពង្រីកការវិនិយោគនៅទីក្រុង Hai Phong”។

ដោយមានសន្ទុះវិជ្ជមាននៃការទាក់ទាញ FDI ក្នុងរយៈពេល ៦ ខែកន្លងទៅ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនិងបរទេសជាច្រើនជឿជាក់ថា ការទាក់ទាញ FDI របស់វៀតណាមក្នុងឆ្នាំនេះ នឹងរក្សាបាននូវល្បឿនវិជ្ជមាន។ ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមនេះ គឺផ្អែកលើកត្តាស្នូលចំនួនបី រួមមាន៖ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព; កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញជាវិជ្ជមានបន្ថែមទៀតនៅឆ្នាំនេះ; តួនាទីដ៏សំខាន់និងកាន់តែខ្លាំងឡើងនៅក្នុងយុទ្ធសាស្ត្រពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់អ្នកផលិតពហុជាតិ។ ប្រការដ៏សំខាន់មួយទៀតគឺទំនុកចិត្តរបស់វិនិយោគិននៅវៀតណាមបន្តត្រូវបានពង្រឹង។

ការទាក់ទាញទុន​ FDI ក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ៖ រក្សាសន្ទុះ​វិជ្ជមាន - ảnh 2អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong ។ រូបថត៖ baotintuc.vn

អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានអះអាងថា៖ “វិនិយោគិនបានមើលឃើញយ៉ាងច្បាស់ថា វៀតណាមមានសកម្មភាពជាក់លាក់ក្នុងការរៀបចំការទាក់ទាញគម្រោងនានា ដោយបំពេញលក្ខខណ្ឌជាមូលដ្ឋានដូចជា៖ ដីធ្លី ថាមពល ធនធានមនុស្ស... ។ យើងបានត្រៀមខ្លួនជាស្រេចសម្រាប់ធនធានមនុស្ស។ ក្រសួងផែនការ និងវិនិយោគត្រូវបានប្រគល់ភារកិច្ចឱ្យរៀបចំបណ្ដុះបណ្ដាលវិស្វករចំនួន ៥ ម៉ឺននាក់ ដែលជាប្រភពកម្លាំងពលកម្មគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងគ្រឿងអេឡិចត្រូនិក។ ហើយនៅក្នុងសមាហរណកម្មអន្តរជាតិ នៅពេលដែលយើងបានកែលម្អឋានៈលើឆាកអន្តរជាតិ នេះនឹងក្លាយជាមូលដ្ឋានសម្រាប់យើងក្នុងការចូលរួមខ្សែសង្វាក់សេដ្ឋកិច្ច និងផលិតកម្មអាជីវកម្ម”។

នាបច្ចុប្បន្ន វៀតណាមវិនិយោគលើឧស្សាហកម្មត្រួសត្រាយជាច្រើន។ ជាពិសេស ឧស្សាហកម្មបច្ចេកវិទ្យាកំពុងឆ្លងកាត់ការច្នៃប្រឌិត និងឌីជីថលភាវូបនីយកម្មយ៉ាងច្រើន។ ទីតាំងឈរជើងរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អគ្គិសនី និងអេឡិចត្រូនិចត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសាជីវកម្មដែលផលិតផលិតផលអេឡិចត្រូនិកកាន់តែច្រើនកំពុងចូលមកប្រទេសវៀតណាម។

ជាមួយនឹងសញ្ញាវិជ្ជមានក្នុងការទាក់ទាញ FDI នាពេលខាងមុខ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនឹងបន្តមានទិសដៅទាន់ពេលវេលា និងដំណោះស្រាយយ៉ាងខ្លាំងក្លា ដើម្បីទាក់ទាញការវិនិយោគបរទេសក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ ដើម្បីរក្សាសន្ទុះកំណើន និងសម្រេចបាននូវគោលដៅប្រចាំឆ្នាំ៕

ប្រតិកម្មទៅវិញ