Son La ខិតខំប្រឹប្រែង​នាំយកផលិតផលកសិកម្មទៅកាន់វេទិកាឌីជីថល

Chia sẻ
(VOVWORLD) - ដើម្បីសម្រេចបានគោលដៅនៃកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ដំណាក់កាល ២០២១-២០២៥ ការជំរុញសកម្មភាពកសាងម៉ាកយីហោ ការផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់ផលិតផល OCOP លើវេទិកាឌីជីថល គឺជាដំណោះស្រាយដ៏សំខាន់មួយ។ 
Son La ខិតខំប្រឹប្រែង​នាំយកផលិតផលកសិកម្មទៅកាន់វេទិកាឌីជីថល - ảnh 1កសិករ Son La បានសកម្ម នាំយកកសិផលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយ ណែនាំ និងពង្រីកទីផ្សារប្រើប្រាស់។ រូបថត៖ VOV

សមាជិកសហជីពនិងយុវជនគឺជាកម្លាំងស្នូល នាំយកផលិតផលកសិកម្មទៅកាន់វេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយនិងចែកចាយកសិផល រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ខេត្ត Son La គឺជាតំបន់ដាំដើមឈើហូបផ្លែធំជាងគេនៅភាគខាងជើង ដែលមានផ្ទៃដីដាំផ្លែឈើចំនួនជិត ៨៥.០០០ ហិកតា បង្កើតផលបានរាប់សែនតោនក្នុងមួយឆ្នាំ ដោយមានលេខកូដតំបន់ចំនួន២៨១ ដែលត្រូវបានបញ្ចាក់និងនាំចេញទៅកាន់ទីផ្សារដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប (EU)។ ក្នុងនោះ រួមមានផ្លែឈើល្បីៗជាច្រើនដូចជា៖ ស្វាយមូល Yen Chau ផ្លែជម្ពូ Son La ផ្លែមៀន Song Ma ជាដើម។ រដូវប្រមូលផលផ្លែឈើរបស់ ខេត្ត Son La ចាប់ផ្តើមពីខែមេសា ហើយមានរយៈពេលរហូតដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ ដូច្នេះ សកម្មភាពជំរុញការចងសម្ព័ន្ធនិងចែកចាយកសិផលក្នុងស្រុកតាមរយៈវេទិកាឌីជីថល គឺជាដំណោះស្រាយដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកសិកម្ម។

នៅពាក់កណ្តាលខែសីហាកន្លងទៅ នៅស្រុក Song Ma ខេត្ត Son La សហភាពយុវជនខេត្ត Son La បានរៀបចំវគ្គបណ្តុះបណ្តាល លើកកម្ពស់ជំនាញក្នុងការលក់ផលិតផល OCOP តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់យុវជននៅតំបន់ជនបទ។ តាមរយៈវេទិកា Tiktok សមាជិកសហជីព យុវជន និងក្រុមគ្រួសារបាន livestream លក់ផលិតផល OCOP ជាង ២០មុខ ដែលជាផលិតផលកសិកម្មពិសេសរបស់ខេត្ត Son La ។ ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ កម្មវិធី livestream "ទីផ្សារ OCOP - Son La - វិលត្រឡប់មកតំបន់កសិកម្ម" ដែលមានការ livestream ចំនួន១២លើក ទាក់ទាញអ្នកចូលមើលចំនួនជាង ៥៧០.០០០លើក បានលក់ផ្លែមៀន Song Ma ចំនួន ៥តោន ជាមួយនឹងការបញ្ជាទិញជាង ២.៣០០ នាំមកនូវប្រាក់ចំណូលជិត ៤៧០លានដុង ជូនខេត្ត។ លោក Nguyen Anh Duc សមាជិកសហករណ៍ Tay Bac ឃុំ Vieng Lan ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការលក់នៅលើវេទិកាបច្ចេកវិទ្យា សហករណ៍បានទទួលការបញ្ជាទិញចំនួនជាង ១៥០៖ “នេះជាការផ្លាស់ប្ដូរវិធីសាស្រ្តលក់ទំនិញរបស់សហករណ៍ ព្រោះថាវេទិកា Tiktok អាចខិតមកជិតមនុស្សជាច្រើនដែលមានតម្រូវកការ ប៉ុន្តែរហូតមកដល់ពេលនេះ យើងមិនទាន់ប្រើប្រាស់និងមិនទាន់ដឹងអំពី Tiktok ដូច្នេះយើងមិនទាន់បើកស្តង់លក់ទំនិញនៅឡើយទេ។ ការលក់ថ្ងៃនេះមានប្រសិទ្ធភាពណាស់ ដែលនឹងជួយឲ្យសហករណ៍លក់ផលិតផលខ្ទឹមខ្មៅនិងកសិផលផ្សេងទៀត ហើយក៏ជួយយុវជនជាច្រើនឱ្យចូលប្រើប្រាស់វេទិកានេះផងដែរ”។

Son La ខិតខំប្រឹប្រែង​នាំយកផលិតផលកសិកម្មទៅកាន់វេទិកាឌីជីថល - ảnh 2កសិករខេត្ត Son La កំពុងផ្លាស់ប្តូរជាបណ្តើរៗតាមប្រព័ន្ធឌីជីថលក្នុងការផលិត ការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលកសិកម្ម។ រូបថត៖ VOV

ការបណ្តុះបណ្តាល លើកកម្ពស់ជំនាញវិជ្ជាជីវៈធ្វើអាជីវកម្មលើវេទិកាឌីជីថលបានជួយធុរកិច្ច សហករណ៍និងក្រុមគ្រួសារអាជីវកម្មលើកកម្ពស់ពាណិជ្ជកម្មលើវេទិកាឌីជីថល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកសិកម្មនិងជនបទ។ តាមនោះ តភ្ជាប់ ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល បង្កើតបណ្តាញចែកចាយថ្មី ពង្រីកទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ លោក Ha Van Dai ភូមិ Lu ឃុំ Chieng En ស្រុក Song Ma ដែលបានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលបាននិយាយថា៖ “តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំមាននិន្នាការថ្មីគឺការផ្លាស់ប្តូរឌីជីថល ពីព្រោះការលក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចនឹងមិនអាស្រ័យលើតម្លៃនោះទេ។ វាក៏ងាយស្រួលសម្រាប់យើងខ្ញុំក្នុងការចែកចាយផលិតផល ហើយមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្តាលដូចបច្ចុប្បន្នទេ។

ទទួលយកនិន្នាការថ្មីយ៉ាងឆាប់រហ័ស; សកម្ម ច្នៃប្រឌិត និងឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល ចាប់ផ្តើមអាជីព អភិវឌ្ឍជំនាញលក់ទំនិញ ចែកចាយ ផលិតផលនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក... សមាជិកសហជីពនិងយុវជនបានជួយផ្សព្វផ្សាយនិងចែកចាយផលិតផល OCOP ក្នុងស្រុក។ លោកស្រី Cam Thi Huyen Trang លេខាសម្ព័ន្ធយុវជនខេត្ត Son La មានប្រសាសន៍ថា៖ “តាមរយៈខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ យើងសង្ឃឹមថាយុវជននឹងមានលក្ខខណ្ឌនិងឱកាសចូលប្រើប្រាស់កម្មវិធីផ្លាស់ប្តូរឌីជីថល ជាពិសេសដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមផលិតផល OCOP និងកសិផលក្នុងស្រុកនៅលើវេទិកាឌីជីថល។ តាមនោះ យើងក៏សង្ឃឹមផងដែរថា សមាជិកសហជីពយុវជននឹងមានទស្សនវិស័យត្រឹមត្រូវអំពីការផ្លាស់ប្តូរឌីជីថលក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្រុក”។

ដោយអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការលើកកម្ពស់ផលិតផល OCOP នោះ Son La កំពុងសម្រេចបានបន្តិចម្តងៗនូវសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការធ្វើជាម្ចាស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយបានប្តេជ្ញាចិត្តដើម្បីក្លាយជាអ្នកមាននៅក្នុងស្រុកកំណើតរបស់ខ្លួន។ នាពេលខាងមុខ Son La នឹងបន្តរួមដំណើរជាមួយយុវជន ដើម្បីរៀបចំវេទិកា សិក្ខាសាលា និងការបណ្តុះបណ្តាលស៊ីជម្រៅបន្ថែមទៀតលើកម្មវិធី OCOP រួមទាំងខ្លឹមសារនៃការផ្លាស់ប្តូរឌីជីថលផងដែរ។ គោលដៅគឺដើម្បីលើកកម្ពស់ការផលិត និងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនៃផលិតផល OCOP ជាពិសេសការចូលរួមនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងការលក់តាមអ៊ីនធឺណិត៕

ប្រតិកម្មទៅវិញ