PCI ឆ្នាំ ២០២០ របស់ខេត្ត Binh Duong កើនឡើងយ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំ ២០២០ សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) របស់ខេត្ត Binh Duong បានកើនឡើងយ៉ាងខ្លាំងក្លា ដោយស្ថិតក្នុងក្រុមខេត្ត ក្រុង ដែលមានសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងយ៉ាងល្អប្រសើរទាំង ៥ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ខេត្ត Binh Duong បានខិតខំប្រឹងប្រែងក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត បានប្ដេជ្ញាចិត្តរក្សាយ៉ាងរឹងមាំ និងពង្រីករាល់សមិទ្ធិផល ដែលខេត្តសម្រេចបានផងដែរ។
 
 
 
PCI ឆ្នាំ ២០២០ របស់ខេត្ត Binh Duong កើនឡើងយ៉ាងខ្លាំងក្លា - ảnh 1ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នៅមណ្ឌលឧស្សាហកម្ម Binh Duong (រូបថត៖ vnexpress.net)

ដោយកំណត់ការកែលម្អបរិយាកាសវិនិយោគអំណោយផលស្របនឹងការអភិវឌ្ឍប្រកបដោយចីរភាពនោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Binh Duong បានចាត់ទុកការកែទម្រង់បែបបទរដ្ឋបាលជាជំហានដ៏សំខាន់។ ក្រៅពីនោះ ខេត្ត Binh Duong ក៏បានផ្ដោតសំខាន់លើដំណោះស្រាយវិនិយោគលើវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ដីធ្លី អគ្គិសនី ទឹកស្អាត និងសុក្រិត ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស  លើកកំពស់គុណភាពប្រភពធនធានមនុស្ស ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីជូនពលករផងដែរ។

ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនោះ នៅឆ្នាំ ២០២០ សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) របស់ខេត្ត Binh Duong បានកើនឡើង ២,៧៨ ពិន្ទុ ដោយសារការវាយតម្លៃជាវិជ្ជមានរបស់សហគ្រាសអំពីការចូលរួមទីផ្សារ (កើនឡើង ១,២២ ពិន្ទុ) និងការគាំទ្រសកម្មភាពអាជីវកម្ម (កើនឡើង ០,១៩ ពិន្ទុ)។ លោក Tran Thanh Trong នាយកក្រុមហ៊ុន Sang Ban Mai នៅខេត្ត Binh Duong បានចាត់ទុកថា Binh Duong គឺជាខេត្តមួយ ដែល សម្រេចបានល្អនូវការងារសុក្រិតហេដ្ឋារចនាសម្ព័ន្ធ ដោយបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអភិវឌ្ឍន៍។ នាពេលថ្មីៗនេះ ខេត្តបានជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល ដោយជួយសម្រួលសហគ្រាសក្នុងការផលិត និងធ្វើអាជីវកម្ម។ លោក Tran Thanh Trong បានឲ្យដឹងថា៖ “ខេត្ត Binh Duong បានធ្វើការកែលម្អដោយស្មារតីបម្រើប្រជាជន និងសហគ្រាសរបស់អាជ្ញធរថ្នាក់ឃុំ សង្កាត់ ទីរួមស្រុក និងស្រុកក្នុងភូមិសាស្ត្រខេត្ត។ ទន្ទឹមនឹងនេះ ខេត្តបានកែលម្អយ៉ាងឆាប់រហ័សនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងខេត្ត Binh Duong ជាមួយខេត្ត ក្រុងនៅជុំរិញ ជាពិសេសគឺទីក្រុងហូជីមិញ ដោយកាត់បន្ថយថ្លៃ logicstic និងថ្លៃដឹកជញ្ជូនសម្រាប់សហគ្រាសផងដែរ”។

លោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្ត Binh Duong កំពុងអនុវត្តន៍កម្មវិធីផ្លាស់ប្ដូរថ្មី ទាក់ទាញការវិនិយោគ ដោយមានគោលដៅផ្ដោតសំខាន់លើការទាក់ទាញទុនវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ តម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងមេត្រីភាពជាមួយបរិស្ថាន។ ក្នុងនោះ ខេត្តបានផ្ដោតសំខាន់លើការទាក់ទាញការវិនិយោគនៅមណ្ឌលឧស្សាហកម្ម និងបណ្ដុំឧស្សាហកម្ម តាមផែនការមេ។ ក្រៅពីវិស័យទាក់ទាញការវិនិយោគបែបប្រពៃណីនោះ ក្នុងការតម្រង់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ខេត្ត Binh Duong កំពុងផ្ដោតសំខាន់លើការផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅជំរុញខ្លាំងពាណិជ្ជកម្ម សេវាកម្ម ប្រកបដោយគុណភាពខ្ពស់ បង្កើតការអភិវឌ្ឍក្នុង
ដំណាក់កាលថ្មី។ ជាពិសេស ក្នុងបរិបទ ដែលជំងឺរាតត្បាតមិនទាន់បានគ្រប់គ្រងទាំងស្រុងនោះ ខេត្តបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែង តាមរយៈដំណោះស្រាយប្រកបដោយភាពបត់បែនជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាស ក្នុងការអនុវត្តរាល់ប្រតិបត្តិការផលិតកម្ម ធ្វើអាជីវកម្មយ៉ាងរលូនផងដែរ។

PCI ឆ្នាំ ២០២០ របស់ខេត្ត Binh Duong កើនឡើងយ៉ាងខ្លាំងក្លា - ảnh 2សហគ្រាសវិនិយោគបរទេស (FDI) វិនិយោគនៅ Binh Duong  (រូបថត៖ VOV)

ដោយមានមូលដ្ឋានគ្រឹះអំពីការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនគរ បណ្តាញដឹកជញ្ជូនដោយព្រមៗគ្នា និងប្រព័ន្ធមណ្ឌលឧស្សាហកម្មទំនើបនោះ ខេត្ត Binh Duong បានប្តេជ្ញាចិត្តលើកកំពស់គុណភាពអភិវឌ្ឍន៍ ទាក់ទាញការវិនិយោគ ដែលផ្សារភ្ជាប់ជាមួយផលិតកម្មតាមនិន្នាការវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជឿនលឿន ដោយប្រើប្រាស់កម្លាំងពលកម្មតិច ព្រមទាំងអនុវត្តន៍គម្រោងតំបន់ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតប្រកបដោយជោគជ័យ។ លោក Vo Van Minh បានអះអាងថា៖ “នាបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្ត មានសហគ្រាសប្រមាណ ៣ ២០០ អង្គភាព។ នារយៈពេលកន្លងទៅ សហគ្រាសបានខិតខំប្រឹងប្រែង រក្សាប្រតិបត្តិការ។ ខេត្តក៏បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយឧបត្ថម្ភសហគ្រាសផងដែរ។ នាបច្ចុប្បន្ន រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តស្ដីពីការជួយឧបត្ថម្ភសហគ្រាស ហើយនាពេលខាងមុខ ខេត្តនឹងបង្កើតក្រុមការងារ  ដើម្បីអនុវត្តន៍។  ដូច្នេះមានខ្លឹមសារជួយឧបត្ថម្ភសហគ្រាជាច្រើនផងដែរ”។

ដើម្បីបន្តជំរុញកំណើននារយៈពេលខាងមុខ ខេត្ត នឹងផ្ដោតសំខាន់លើការកសាងសុក្រិតហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ ខេត្ត Binh Duong នឹងផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ដឹកជញ្ជូននៅទូទាំងខេត្ត និងការតភ្ជាប់តំបន់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់សហគ្រាស។ ដោយមានការតម្រង់ទិសដៅទាំងនេះ ខេត្ត Binh Duong បានប្តេជ្ញាចិត្តលើកកំពស់គុណភាពកំណើន លើកកំពស់សមត្ថភាពប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពដ៏រឹងមាំថែមទៀតនារយៈពេលខាងមុខ៕

ប្រតិកម្មទៅវិញ