Hai Phong ទទួល​បាន​ "ផ្លែផ្កា​" ពី​ការ​ទាក់ទាញ FDI

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទីក្រុង Hai Phong បានទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស(FDI) ចំនួនជិត ២ ពាន់លានដុល្លារអាមេរិក ដោយសម្រេចបាន ៩៩% ផែនការពេញមួយឆ្នាំ; ដោយឡែកការទាក់ទាញទុនវិនិយោគក្នុងមណ្ឌលឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណឈានដល់១,៩ ពាន់លានដុល្លារ។ នេះជាលទ្ធផលនៃយុទ្ធសាស្ត្រជំរុញការវិនិយោគយ៉ាងសកម្ម នវានុវត្តន៍ និងបង្កើនកម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ច ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស។

នៅពាក់កណ្តាលខែមិថុនា ទីក្រុងបានរៀបចំសកម្មភាពជំរុញការវិនិយោគនៅកូរ៉េខាងត្បូង និងជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងថ្នាក់ដឹកនាំទីក្រុង Hai Phong បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងថ្មីៗ និងគម្រោងកែសម្រួលបង្កើនដើមទុនរបស់វិនិយោគិនកូរ៉េខាងត្បូង ដែលមានទុនវិនិយោគសរុបចំនួន ២៣០ លានដុល្លារអាមេរិក។ ជាពិសេស ទីក្រុង Hai Phong ជាមួយវិនិយោគិននិងធុរកិច្ចកូរ៉េខាងត្បូងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយមានទុនវិនិយោគដែលបានសន្យារហូតដល់ ១,៥ ពាន់លានដុល្លារអាមេរិក; ក្នុងនោះ រួមទាំងអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន LG Innotek របស់កូរ៉េខាងត្បូងផងដែរ។

Hai Phong ទទួល​បាន​ "ផ្លែផ្កា​" ពី​ការ​ទាក់ទាញ FDI - ảnh 1 ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong ប្រគល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគដល់ក្រុមហ៊ុនចម្កាត់ LG Innotek Vietnam ។ (រូបថត៖ VOV)

ភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចនោះ ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគដើម្បីកែសម្រួលបង្កើនដើមទុនដល់ក្រុមហ៊ុនចម្កាត់ LG Innotek Vietnam នៅទីក្រុង Hai Phong ជាមួយនឹងទុនវិនិយោគចំនួន ១ ពាន់លានដុល្លារអាមេរិក ត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីទទួលបាន សំណើរបស់វិនិយោគិន។ គម្រោងបង្កើនដើមទុនរបស់ LG Innotek បាននាំតម្លៃ FDI សរុបរបស់ទីក្រុង Hai Phong ក្នុងរយៈពេល ៦ ខែដើមឆ្នាំឡើងដល់ជិត ២ ពាន់លានដុល្លារអាមេរិក (ស្មើរនឹង ៩៩% នៃផែនការឆ្នាំ)។ លោក Cho Ji Tea អនុប្រធានក្រុមហ៊ុនចម្កាត់ LG Innotek Korea មានប្រសាសន៍ថា៖ “រូបខ្ញុំផ្ទាល់ជាជាអគ្គនាយកដំបូងគេរបស់ LG Innotek Vietnam សម្រាប់អាណត្តិ ២០១៧-២០២០។ ក្នុងអំឡុងពេលនេះ យើងខ្ញុំតែងតែទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនិងស្ថាប័ននានានៅទីក្រុង Hai Phong។ នាពេលកន្លងទៅ LG Innotek បានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសម្រេចបានលទ្ធផលជាច្រើននៅទីក្រុង Hai Phong ជាមួយនឹងរោងចក្រចំនួន ២ ដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ យើងសង្ឃឹមថា នឹងបន្តទទួលបានការសម្របសម្រួលនិងការគាំទ្រពីទីក្រុង Hai Phong ដើម្បីឱ្យរោងចក្រទី ៣ របស់យើងអាចបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងបន្តអភិវឌ្ឍនៅក្នុងទីក្រុង”។

មុននោះ កាលពីខែតុលាឆ្នាំមុន ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ច Hai Phong ក៏បានរៀបចំសកម្មភាពជំរុញការវិនិយោគនៅតៃវ៉ាន់(ចិន) ផងដែរ។ ទីក្រុង Hai Phong ក៏បានអញ្ជើញ និងទទួលស្វាគមន៍ជាប្រចាំនូវគណៈប្រតិភូធុរកិច្ចនិងអង្គការបរទេសដែលមកស្រាវជ្រាវនិងស្វែងយល់អំពីបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មក្នុងទីក្រុង។ លោក Chen Chi Liang អគ្គនាយកក្រុមហ៊ុនចម្កាត់ Pegatron Vietnam បានឲ្យដឹងថា៖ បន្ទាប់ពីធ្វើការស្រាវជ្រាវជាច្រើនកន្លែង សហគ្រាសបានសម្រេចជ្រើសរើសមណ្ឌលឧស្សាហកម្ម DEEP C Hai Phong ដើម្បីសាងសង់រោងចក្រទី ១៤ នៅលើពិភពលោក៖ “យើងបានទទួលការគាំទ្រជាច្រើនពីក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ច Hai Phong។ ក្នុងរយៈពេលដ៏ខ្លី យើងបានសាងសង់រោងចក្រ ហើយឈានចូលដំណើរការ។ បច្ចុប្បន្ននេះ យើងកំពុងមានគម្រោងបន្តពង្រីកការវិនិយោគនៅ Hai Phong។ អតិថិជនអឺរ៉ុបនិងអាមេរិកមួយចំនួនបានមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយយើងខ្ញុំ; ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិច និងសហការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក”។

Hai Phong ទទួល​បាន​ "ផ្លែផ្កា​" ពី​ការ​ទាក់ទាញ FDI - ảnh 2លោក Cho Ji Tea អនុប្រធានក្រុមហ៊ុនចម្កាត់ LG Innotek Korea បាននិយាយថា Hai Phong បន្តជាគោលដៅដ៏ល្អសម្រាប់ LG Innotek និយាយដោយឡែកនិងអាជីវកម្មបរទេសនិយាយរួម។ រូបថត៖ VOV

ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ទីក្រុង Hai Phong នឹងសាងសង់ និងសុក្រិតមណ្ឌលឧស្សាហកម្មចំនួន ១៥ បន្ថែមទៀត ត្រៀមខ្លួនស្វាគមន៍វិនិយោគិន។ ទន្ទឹមនឹងនោះ ទីក្រុងកំពុងមានការច្នៃប្រឌិតនិងអភិវឌ្ឍធនធានផ្ទៃក្នុងដោយឥតឈប់ឈរ កែលសម្រួលបរិយាកាសវិនិយោគធ្វើអាជីវកម្ម អនុវត្តដំណោះស្រាយដើម្បីទាក់ទាញធនធានការងារ ជាពិសេសពលករមានគុណភាពខ្ពស់។ យោងតាមលោក Le Trung Kien ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong ការលើកកំពស់គុណភាពធនធានមនុស្សគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ទីក្រុងដើម្បីទាក់ទាញវិនិយោគិន៖ “ទីក្រុង Hai Phong កំពុងកសាងយន្តការ និងគោលនយោបាយជាច្រើន ដើម្បីទាក់ទាញនិងរក្សាធនធានពលកម្ម។ នាពេលអនាគត ទីក្រុងនឹងមានគោលនយោបាយគាំទ្រកម្មករ កម្មការិនី ក្នុងការទិញលំនៅដ្ឋានសង្គម។ Hai Phong ក៏មានគោលនយោបាយមិនគិតថ្លៃសិក្សាសម្រាប់សិស្សដែលជាកូនរបស់កម្មករនៅខេត្តផ្សេងៗមកធ្វើការនិងរៀបការក្នុងទីក្រុង។ យន្តការ និងគោលនយោបាយជាច្រើនបានរួមបញ្ចូលគ្នាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើងសម្រាប់កម្មករ”។

ថ្នាក់ដឹកនាំទីក្រុង Hai Phong បានកំណត់ថា ភារកិច្ចនិងដំណោះស្រាយចម្បងមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គឺជាការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសយ៉ាងសកម្ម ដោយមានការជ្រើសរើស ស្របតាមទិសដៅរចនាសម្ព័ន្ធសេដ្ឋកិច្ច និងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Le Tien Chau លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong មានប្រសាសន៍ថា៖ “ទីក្រុង Hai Phong នឹងបន្តកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្ម; ផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានលក្ខណៈតភ្ជាប់តំបន់។ ទីក្រុងតែងតែស្វាគមន៍វិនិយោគិន ហើយសន្យាថានឹងក្លាយជាគោលដៅដ៏ល្អសម្រាប់វិនិយោគិនយ៉ាងពិតប្រាកដ។ ទីក្រុងយកចិត្តទុកដាក់ជាពិសេស និងផ្តោតលើការជំរុញវិនិយោគនៅនឹងកន្លែង ជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនអាចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបំផុត និងមានលក្ខខណ្ឌសម្រាប់ពង្រីកទំហំវិនិយោគ”។

ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន ការទាក់ទាញ FDI របស់ Hai Phong មានត្រឹមតែជិត ១,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ជាមួយនឹងបាវចនាថា "ជោគជ័យរបស់សហគ្រាសគឺជោគជ័យរបស់ទីក្រុង" Hai Phong កំពុងខិតខំប្រឹងប្រែងច្នៃប្រឌិតដើម្បីក្លាយជា "គោលដៅជោគជ័យ" សម្រាប់សហគ្រាស់និងវិនិយោគិន៕

ប្រតិកម្មទៅវិញ