Ba Ria-Vung Tau មានការជ្រើសរើសក្នុងការទាក់ទាញការវិនិយោគ

Chia sẻ
(VOVWORLD) - គោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២១-២០២៥ របស់ខេត្ត  Ba Ria - Vung Tau នឹងបន្តគោលការណ៍ទាក់ទាញទុនវិនិយោគ ដោយមានការសម្រិតសម្រាំង។ ជាពិសេសក្នុងបរិបទស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ នោះ ខេត្ត Ba Ria-Vung Tau កំពុងម្ចាស់ការទាក់ទង ជាមួយវិនិយោគិនលំដាប់ខ្ពស់ ជាពិសេសលើវិស័យកំពង់ផែសមុទ្រ សេវា ភស្តុភារ កំពង់ផែ ទេសចរណ៍ និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ផងដែរ។
 
 
Ba Ria-Vung Tau មានការជ្រើសរើសក្នុងការទាក់ទាញការវិនិយោគ - ảnh 1ការិយាល័យច្រកចេញចូលតែមួយ

ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែសកម្មភាពទាក់ទាញទុនវិនិយោគរបស់ខេត្ត Ba Ria-Vung Tau នៅតែសម្រេចបានហួសផែនការពេញមួយឆ្នាំ ជាមួយនឹងគម្រោងថ្មីដែលមានអាជ្ញាប័ណ្ណចំនួន ៣៩ រួមមានគម្រោង FDI ចំនួន ១១ និងគម្រោងក្នុងស្រុកចំនួន ២៨។ ទុនសរុបទាក់ទាញបានជាង ៤០០ លានដូល្លារអាមេរិក សម្រេចបានជាង ១៥០ % នៃផែនការក្នុងឆ្នាំ កើន ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ក្នុងរយៈពេលកន្លងទៅ ខេត្តបានខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម កែសម្រួលបទប្បញ្ញត្តិដែលមិនសមស្រប។ ជាមួយនឹងគោលការណ៍ មិនទាក់ទាញការវិនិយោគដោយគ្រប់មធ្យោបាយណាឡើយ ពោលគឺផ្ដោតសំខាន់លើគុណភាព ប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ខេត្ត Ba Ria-Vung Tau បានផ្តល់អាទិភាពទាក់ទាញទុនវិនិយោគលើបណ្ដាគម្រោងលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលមានកម្លាំងរីកសុះសាយខ្លាំង។ លោក Nguyen Cong Vinh ប្រធានមន្ទីរផែនការ និងវិនិយោគខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ បែបបទរដ្ឋបាលទាំងអស់ ដែលពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណវិនិយោគ រួមទាំងការចុះបញ្ជីធ្វើអាជីវកម្មគឺសុទ្ធតែត្រូវបានប្រកាសជាសាធារណៈនៅតាមការិយាល័យច្រកចេញចូលតែមួយរបស់ខេត្ត។ ទន្ទឹមនឹងនេះ នៅលើគេហទំព័រអេឡិចត្រូនិករបស់មន្ទីរក៏បានប្រកាសជាសាធារណៈអំពីបែបបទរដ្ឋបាលទាំងនេះ។ លើសពីនេះទៅទៀត ខេត្ត ក៏បានចេញផ្សាយបញ្ជីគម្រោងវិនិយោគ និងបែបបទរដ្ឋបាលក្រោមសមត្ថកិច្ចរបស់ខ្លួន”។

ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ខេត្ត Ba Ria-Vung Tau បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មមានភាពម្ចាស់ការក្នុងការយល់ព្រមគោលការណ៍វិនិយោគនៃប្រភេទគម្រោងមួយចំនួននៅក្នុងមណ្ឌលឧស្សាហកម្ម។ នេះក៏ជាជំហានកំណែទម្រង់បែបបទរដ្ឋបាល ដើម្បីជួយសម្រួលដល់វិនិយោគិន។ លោក  Vo Minh Tung នាយករងគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មនៅខេត្ត Ba Ria-Vung Tau បានអះអាងថា៖ “ប្រការនេះបានជួយវិនិយោគិន និងសហគ្រាសសន្សំសម្ចៃពេលវេលា និងការចំណាយ ដោយធ្វើឲ្យវិនិយោគិនពេញចិត្ត ព្រមទាំងជួយទាក់ទាញវិនិយោគិន ដែលមានបច្ចេកវិទ្យាទំនើប និងមានលទ្ធភាពហិរញ្ញវត្ថុល្អ ដើម្បីបង្កើនប្រភពទុនវិនិយោគចូលមណ្ឌលឧស្សាហកម្មផងដែរ”។

Ba Ria-Vung Tau មានការជ្រើសរើសក្នុងការទាក់ទាញការវិនិយោគ - ảnh 2Ba Ria-Vung Tau អភិវឌ្ឍន៍កំពង់ផែសមុទ្រ និងសេវាភស្តុភារកំពង់ផែឱ្យក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀតរបស់ខេត្ត (ប្រភព៖ congthuong.vn)

នាបច្ចុប្បន្ននេះ សហគ្រាសទាំងអស់ដែលកំពុងប្រតិបត្តិការនៅមណ្ឌលឧស្សាហកម្ម និងបណ្ដុំឧស្សាហកម្មសុទ្ធតែមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកសំណល់ និងប្រព័ន្ធត្រួតពិនិត្យដោយស្វ័យប្រវត្តិ។ ចំណែកអាជ្ញាធរមូលដ្ឋានវិញ គណៈគ្រប់គ្រងបានបង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាសឲ្យមានអារម្មណ៍នឹងនរចិត្តវិនិយោគ។ លោក Nguyen Anh Triet ប្រធានគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មនៅខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “យើងខ្ញុំបានធ្វើការពិនិត្យ និងកែសម្រួលផែនការសម្រាប់បណ្ដាមណ្ឌលឧស្សាហកម្មឲ្យបានសមស្រប សំដៅទាក់ទាញគម្រោងដែលមានគុណភាពខ្ពស់ កែលម្អការជំរុញវិនិយោគ និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័ររបស់គណៈគ្រប់គ្រង និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធនានា។ ទាក់ទងនឹងការជំរុញការវិនិយោគនៅហ្នឹងកន្លែងនោះ យើងខ្ញុំបានផ្ដោតសំខាន់លើការជួយគាំទ្រសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មរបស់សហគ្រាស ដោះស្រាយរាល់ការជំពាក់ជំពិនរបស់សហគ្រាសឲ្យទាន់ពេលវេលា ដើម្បីបង្កើតទំនុកទុកចិត្តពីវិនិយោគផងដែរ”។

ក្នុងដំណាក់កាល ២០២១ - ២០២៥ ខេត្ត Ba Ria - Vung Tau បានកំណត់គោលដៅអភិវឌ្ឍន៍ទៅជា “ខេត្តអភិវឌ្ឍន៍ឧស្សាហកម្ម កំពង់ផែសមុទ្រ ទេសចរណ៍ និងកសិកម្មបច្ចេកវិទ្យាខ្ពស់យ៉ាងខ្លាំងក្លា”។ ក្នុងនោះសង្កត់ធ្ងន់ទៅលើគោលការណ៍ទាក់ទាញទុនវិនិយោគ ដោយមានការសម្រិតសម្រាំង ផ្ដោតសំខាន់លើការទាក់ទាញបណ្ដាគម្រោងដែលមានបច្ចេកវិទ្យាទំនើបៗ មានលក្ខណៈរីកសុះសាយ មានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មតិច និងមិនប៉ះពាល់ដល់បរិស្ថាន។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍កំពង់ផែសមុទ្រ និងសេវាភស្តុភារ កំពង់ផែឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចស្នូល ដើម្បីជួយគាំទ្រដល់ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗរបស់ខេត្ត។ ដើម្បីសម្រេចឲ្យបានល្អនូវគោលដៅទាំងនេះ នាពេលខាងមុខ គណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau នឹងប្តេជ្ញាពង្រឹងសមត្ថភាពដឹកនាំ ហើយសន្យាបង្កើតបរិយាកាសអំណោយផលដ៏សកម្មបំផុតសម្រាប់ការអភិវឌ្ឍន៍របស់សហគ្រាស និងវិនិយោគិនផងដែរ៕

ប្រតិកម្មទៅវិញ