អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាម

Chia sẻ
(VOVWORLD) - ជនជាតិចាមជាជនជាតិមួយក្នុងចំណោមជនជាតិទាំង៥៤នៅប្រទេសវៀតណាម។ ជនជាតិចាមរស់នៅភាគច្រើននៅក្នុងខេត្តប៉ែកខាងត្បូងភូមិភាគកណ្តាល និងភូមិភាគខាងត្បូង រួមទាំងខេត្ត Ninh Thuan (បច្ចុប្បន្នត្រូវបានរួមបញ្ចូលទៅក្នុងខេត្ត Khanh Hoa)។ ជនជាតិចាមមានប្រពៃណីវប្បធម៌ដ៏វិសេសវិសាល តាំងពីយូរលង់មកហើយ ដែលបង្ហាញក្នុងសិល្បៈ ច្រៀង រាំ តន្ត្រី អក្សរសាស្ត្រ ពិធីបុណ្យ សិល្បៈស្ថាបត្យកម្ម។ល។
អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាម - ảnh 1របាំប្រពៃណីរបស់ជនជាតិចាម។ រូបថត៖ Ngoc Anh/VOV5

សញ្ញាសម្គាល់នៃវប្បធម៌ជនជាតិចាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងស្ថាបត្យកម្មរួមមាន៖ ប្រាសាទ ចម្លាក់លៀន រូបបដិមារ ជាដើម។ តាមរយៈកេរ្តិ៍ដំណែលប្រាសាទដែល ជនជាតិចាមបានបន្សល់ទុកមក អ្នកស្រាវជ្រាវវាយតម្លៃថា ជនជាតិចាមបានឈានដល់កម្រិតសិល្បៈស្ថាបត្យកម្មខ្ពស់។ ប្រាសាទចាម ជាពិសេសតំបន់កេរ្តិ៍ដំណែល My Son ត្រូវបានគេវាយតម្លៃថា ស្មើនឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ឬប្រាសាទផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខេត្ត Ninh Thuan ចាស់ ដែលឥឡូវត្រូវបានរួមបញ្ចូលគ្នាទៅក្នុងខេត្ត Khanh Hoa មានប្រាសាទចាមមួយ ដែលត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែល ជាតិពិសេស។ នោះគឺជាប្រាសាទ Po Klong Garai ដែលត្រូវបានកសាងឡើងក្រោមរាជកាលស្ដេច Jaya Simhavarman ទី៣ នៅចុងសតវត្សទី១៣ ដើម្បីធ្វើសក្ការៈបូជា ស្ដេច Po Klong Garai(១១៥១ - ១២០៥)។ លោក Thanh Nhay នាយករងសារមន្ទីរ Ninh Thuan មានប្រសាសន៍ថា៖

“ប្រាសាទ Po Klong Grai គឺជាសំណង់ស្ថាបត្យកម្មសិល្បៈប្រាសាទចាមដែលនៅដដែលបំផុតក្នុងប្រព័ន្ធប្រាសាទចាមនាបច្ចុប្បន្ន។ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ប្រាសាទនេះជាកេរ្តិ៍ដំណែលជាតិពិសេសនោះ ចំនួនភ្ញៀវទេសចរដែលមកទស្សនាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ញៀវដែលមកទីនេះអាចស្តាប់ការពន្យល់អំពីប្រាសាទនេះជាពីរភាសា៖ វៀតណាមនិងអង់គ្លេស។ បច្ចុប្បន្ននេះ យើងមានសេវាកម្មរថយន្តអគ្គិសនី ដើម្បីដឹកភ្ញៀវទេសចរទៅទស្សនា។ ពីមុនយើងសម្តែងសិល្បៈតែក្នុងពិធីបុណ្យ Kate ប៉ុណ្ណោះ ប៉ុន្តែឥឡូវយើងសម្តែងសិល្បៈក្នុងថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យដើម្បីបម្រើភ្ញៀវទេសចរ”។

អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាមក៏ត្រូវបានបង្ហាញតាមរយៈផ្ទះប្រពៃណីផងដែរ។ ផ្ទះរបស់ជនជាតិចាមមានទំហំធំទូលាយ ស្ថាបត្យកម្មប្លែកពីគេ ដោយមានចង្កោមផ្ទះពី ៥ ទៅ ៧ខ្នង ដែលមានរចនាបទជារាងអក្សរ I តាមអ័ក្សខាងកើត-ខាងលិច។ លោក Dang Chi Quyet នៅឃុំ Ninh Phuoc ខេត្ត Ninh Thuan ចាស់ ដែលសព្វថ្ងៃបានរួមបញ្ចូលទៅក្នុងខេត្ត Khanh Hoa បាននិយាយថា៖

“ជនជាតិចាមរកប្រភពទឹកជាមុនសិន ទើបសាងសង់ផ្ទះ។ អណ្តូងនេះតែងតែមានទីតាំងនៅភាគឦសាន។ ផ្ទះបាយមានទីតាំងនៅភាគពាយព្យ។ នៅពេលសាងសង់ផ្ទះ ពួកគេដឹកឈើមកគ្រប់គ្រាន់ រួចទើបសង់ផ្ទះ។ ជញ្ជាំងផ្ទះធ្វើពីភក់ និងចំបើងដែលលាយនឹងទឹកឲ្យបានស្អិត រួចផ្ដុំជាជញ្ជាំងផ្ទះ”។

អត្តសញ្ញាណវប្បធម៌របស់ជនជាតិចាម - ảnh 2សិប្បការិនីម្នាក់មកពីភូមិគ្រឿងភាជន៍ Bau Truc។ រូបថត៖ Ngoc Anh/VOV5

ជនជាតិចាមមានរបាំប្រហែល ៨០ ដែលតំណាងឲ្យព្រះអាទិទេពចំនួន ៨០ អង្គ តាមជំនឿរបស់ជនជាតិចាម។ របាំភាគច្រើនជារបាំជំនឿសាសនា (ព្រះអាទិទេព) និងរបាំព្រះរាជទ្រព្យ (ពិធីការ)។ ក្បាច់របាំរបស់ព្រះសិវៈ ព្រះអ៊ូម៉ា ព្រះនាងអប្សរា... សុទ្ធតែជារបាំប្រកបដោយប្រជាប្រិយភាព ដែលត្រូវបានសំដែងដោយបុគ្គល ឬសមូហភាព។

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយទៀតដែលត្រូវរំលេចក្នុងវិស័យវប្បធម៌អរូបីរបស់ជនជាតិចាមនោះ គឺពិធីបុណ្យ ជាពិសេសពិធីបុណ្យ Kate។

Kate គឺជាពិធីបុណ្យប្រជាប្រិយដ៏ពិសិដ្ឋ និងសំខាន់ខ្លាំងណាស់ ដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១ ខែទី ៧ តាមប្រតិទិនចាម (ចាប់ពីថ្ងៃទី ២៥ ខែកញ្ញាដល់ថ្ងៃទី ២៥ ខែតុលាតាមប្រតិទិនសកល)។ ពិធីបុណ្យនេះធ្វើឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ ក៏ដូចជាវីរៈបុរសជាតិ (ដែលត្រូវបានជនជាតិចាមគោរពបូជាជាព្រះ)។

ជនជាតិចាមក៏បានច្នៃប្រឌិតតម្លៃតន្ត្រី និងសិល្បៈដ៏វិសេសវិសាល ដោយបង្កើតនូវឧបករណ៍ភ្លេងប្លែកពីគេដែលមិនអាចច្រលំជាមួយជនជាតិដទៃបាន ដូចជា៖ ស្គរ Ginang ស្គរ baranung ត្រែ saranai ចាប៉ី kanhi គងឃ្មោះ... លោក Camry ជនជាតិចាមម្នាក់ បានឲ្យដឹងថា៖

“ឧបករណ៍ភ្លេងចាមមាន៣ប្រភេទគឺ ស្គរ ginang ស្គរ baranung និងត្រែ saranai។ ស្គរ ginang គឺជាស្គរវែងចំនួនពីរ តំណាងឱ្យជើងមនុស្សពីរ ចំណែកស្គរ baranung តំណាងឱ្យរាងកាយមនុស្ស និងសរីរាង្គខាងក្នុង។ ត្រែ saranai មានរន្ធ ៧ ដែលតំណាងឱ្យភ្នែកពីរ រន្ធត្រចៀកពីរ រន្ធច្រមុះពីរ និងមាត់មួយ”។

របៀបដែលជនជាតិចាមវាយស្គរពេលរាំក៏ពិសេសដែរ។ លោក Ka Phiu ជនជាតិចាមម្នាក់បានឲ្យដឹងថា៖

“អន្លូងស្គរពីរតំណាងឱ្យដៃមនុស្សពីរ។ ពេលវាយស្គរត្រូវរក្សាចង្វាក់ មានន័យថា មនុស្សម្នាក់វាយស្គរ យិន និងម្នាក់ទៀតវាយស្គរ យ៉ាង។ គេវាយស្គរ យិន ដោយដៃ និងវាយស្គរ យ៉ាង ដោយអន្លូង”។

ជនជាតិចាមមានប្រជាជនប្រហែល ១៨ ម៉ឺននាក់ ដែលស្មើមិនដល់ ១% នៃចំនួនប្រជាជនរបស់ប្រទេសទាំងមូល។ ថ្វីត្បិតតែមានចំនួនប្រជាជនតិចតួចក៏ដោយ ប៉ុន្តែជនជាតិចាមមានវប្បធម៌ដ៏សម្បូរបែប និងអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់។ វប្បធម៌របស់ជនជាតិចាម រួមជាមួយនឹងវប្បធម៌របស់ជនជាតិដទៃទៀត បានបង្កើតភាពចម្រុះ និងឯកភាពក្នុងវប្បធម៌វៀតណាមដ៏សម្បូរបែប ជឿនលឿន និងពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

ប្រតិកម្មទៅវិញ