ល្ខោនចែវ (cheo) នៅឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ

Chia sẻ

(VOVWORLD) - មកដល់ឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ តាំងពីផ្លូវច្រកតូចដែលនាំ ទៅដល់ផ្ទះប្រជាពលរដ្ឋ អ្នកអាចលឺសូរសម្លេងលាន់រំពងនៃបទចម្រៀងចែវ (cheo) តែ ម្ដង។ ការច្រៀងចែវ នៅ Dai Thanh រួមជាមួយការច្រៀង យ៉ូ Liep Tuyet ល្ខោនតុក្កតា Sai Son និងការច្រៀង តួង (tuong) Duong Coc គឺជាសិល្បៈដ៏វិសេសវិសាលចំនួន ៤ ប្រភេទ ប្រកបដោយប្រជាប្រិយភាពនៅតំបន់ Phu Quoc កាលពីមុន ដែលសព្វថ្ងៃជា ស្រុក Quoc Oai។ សិល្បៈចែវ បានជ្រាបចូលយ៉ាងជ្រាលជ្រៅក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជន តាំងពីយូរយារណាស់មកហើយ រួមទាំងពេលទៅស្ទូង ច្រូត កាត់ និងធ្វើស្រែចម្ការ... តាំងពីមនុស្សចាស់រហូតដល់ក្មេងនៅទីនេះ ស្ទើរតែគ្រប់គ្នា ចេះច្រៀងចែវដែរ។

ល្ខោនចែវ (cheo) នៅឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ - ảnh 1ក្លឹបអ្នកស្រឡាញ់សិល្បៈច្រៀងចែវ របស់ប្រជាកសិករឃុំ Dai Thanh។ (រូបថត៖ hanoionline.vn)
ជារៀងរាល់ចុងសប្តាហ៍ សមាជិកនៃក្លឹបច្រៀងចែវ ភូមិ Tinh Lam តែងតែអន្ទះសារប្រមូលផ្ដុំគ្នានៅផ្ទះរួមនៃក្លឹប ចែវ។ មនុស្សចាស់ៗបង្រៀនក្មេងៗឱ្យចេះច្រៀង ចែវ ណែនាំចលនា កាយវិការនីមួយៗ របៀបទទួលយកក្នុងអារម្មណ៍ និងបញ្ចេញអារម្មណ៍តាមរយៈបទចម្រៀង។ ក្លឹបចែវ ភូមិ Tinh Lam ឃុំ Dai Thanh បច្ចុប្បន្នមានសមាជិកចំនួន ៥០ នាក់ ជាមួយនឹងគ្រប់វ័យអាយុ ចាប់ពីក្មេងរហូតដល់ចាស់។ លោកស្រី Nguyen Thi Tinh សមាជិកាក្លឹបចែវ ភូមិ Tinh Lam បានឲ្យដឹងថា៖
“ខ្ញុំចូលរួមក្នុងក្លឹបនេះបានជាង ៣០ ឆ្នាំហើយ។ កាលនៅតូច ខ្ញុំបានទៅទស្សនា ការសម្ដែង ចែវ ដូច្នេះវាបានជ្រាបចូលខ្ញុំ មានន័យថា ខ្ញុំបានចូលចិត្តច្រៀងចែវតាំងពី កុមរាភាពមកហើយ។ កាលនៅតូច ខ្ញុំទៅទស្សនាការច្រៀងចែវ ហើយពេលត្រឡប់ មកផ្ទះវិញ ខ្ញុំហាត់ច្រៀងដោយខ្លួនឯង ពេលខ្លះហាត់ច្រៀងនៅពេលដាំបាយ ឬពេល លាងចាន ខ្ញុំក៏ច្រៀងចែដែរ។ ចម្រៀងចែវនៅទីនេះគឺជាចែវប្រពៃណី ដែលជីដូនជីតា បន្សល់ទុកមក ដូច្នេះខ្ញុំមានមោទនភាពចំពោះសិល្បៈចម្រៀងចែវនៅស្រុកកំណើតរបស់ខ្ញុំ”។
 ក្នុងនាមជាប្រធានក្លឹប ចែវ នៅភូមិ Tinh Lam ឃុំ Dai Thanh លោក Nguyen Phuc Hau ដែលបច្ចុប្បន្ននេះ ទោះបីជាមានអាយុជិត ៨០ ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោកមិនដែលបាត់បង់ការជក់ចិត្តចំពោះសិល្បៈច្រៀងចែវឡើយ។ ក្មួយ Nguyen Thi Quyen សមាជិកក្លឹបចែវ ភូមិ Tinh Lam បានឲ្យដឹងថា៖
“កាលពីនៅតូច ខ្ញុំទៅមើលម្ដាយខ្ញុំច្រៀងចែវ ទើបខ្ញុំចាប់ផ្ដើមស្រឡាញ់ចែវ។ ពេលយប់ជារៀងរាល់ថ្ងៃ ខ្ញុំចំណាយពេល ២ ម៉ោង ទៅផ្ទះលោកតា Nguyen Phuc Hau ប្រធានក្លឹបចែវភូមិ Tinh Lam ដើម្បីឲ្យលោកតាបង្រៀនការច្រៀងចែវ។ ខ្ញុំរៀនជាមួយមិត្តភក្តិក្មេងៗដទៃទៀត ដោយបានលោកតាសរសេរទំនុកច្រៀងស្រាប់ឲ្យយើងខ្ញុំ។ យើងខ្ញុំច្រៀងតាមចង្វាក់ ហើយបើឃើញមានកំហុស លោកតានឹងកែឲ្យយើងខ្ញុំ។ យើងខ្ញុំនឹងព្យាយាមរក្សាបទចម្រៀងចែវប្រពៃណី”។
ល្ខោនចែវ (cheo) នៅឃុំ Dai Thanh ស្រុក Quoc Oai ទីក្រុងហាណូយ - ảnh 2ប៉ុន្មានឆ្នាំមកនេះ ការហាត់ច្រៀងចែវ បានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់ប្រជាជននៅឃុំ Dai Thanh។ (រូបថត៖ hanoionline.vn)
កាលពី១៥ឆ្នាំមុន នៅឆ្នាំ ២០០៩ ឃុំ Dai Thanh បានបង្កើតក្លឹបវប្បធម៌និងកីឡា ដោយមានការច្រៀងចែវគឺជាសកម្មភាពស្នូលនៃក្លឹប។ ក្នុងខែមករា ឆ្នាំ ២០១២ សមាគម UNESCO ទីក្រុងហាណូយបានបង្កើតក្លឹប UNESCO សិល្បៈច្រៀងចែវ ស្រុក Quoc Oai ដោយមានស្នូលជាល្ខោនចែវនិងតន្ត្រីពិធីការ នៃឃុំ Dai Thanh។ ក្រៅពីការបង្រៀនដល់កុមារ នៅពេលដែលក្លឹបហ្វឹកហាត់ម្ដងៗ សមាជិកគ្រប់វ័យអាយុ ចាប់ពីមនុស្សចាស់រហូតដល់កុមារ សុទ្ធតែខិតខំប្រឹងប្រែងដោយក្ដីស្រឡាញ់និងការ ជក់ចិត្តយ៉ាងខ្លៀវក្លាចំពោះប្រភេទសិល្បៈនេះ។ លោក Nguyen Phuc Hau ប្រធានក្លឹប ចែវភូមិ Tinh Lam ឃុំ Dai Thanh បានរៀបរាប់ថា៖
“ចលនាច្រៀងចែវរបស់យើងខ្ញុំមានតាំងពីឆ្នាំ ១៩៥៣ មកហើយ។ រូបខ្ញុំផ្ទាល់ បានដើរតាមក្រុមចែវ តាំងពីអាយុ ១២ ឆ្នាំ រហូតដល់ពេលនេះខ្ញុំមានអាយុ ៧៧ ឆ្នាំ ហើយ។ នៅឃុំ Dai Thanh តាំងពីមុនមក ប្រជាជនគ្រប់គ្នានៅទីនេះសុទ្ធតែទន្ទេញចាំ បទចម្រៀងចែវ បើមានអ្នកណាច្រៀងខុសចង្វាក់ គេដឹងភ្លាមដែរ។ នៅស្រុកកំណើតរបស់ខ្ញុំកាលពីមុន ប្រជាជនច្រៀងចែវខណៈពេលចម្អិនម្ហូបក្នុងផ្ទះបាយ ពេលឡើង បេះផ្លែឈើក៏ច្រៀងចែវដែរ។ ឃុំមានអ្នកចម្រៀងចែវ ពី ៣ទៅ៤ជំនាន់រួចទៅហើយ ដែលកម្រមាននៅទីកន្លែងផ្សេងៗ”។
ល្ខោនចែវ Dai Thanh តែងតែមានការបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។ អ្នកចម្រៀងមិនត្រឹមតែច្រៀង លេងចាប៉ីបានពិរោះៗប៉ុណ្ណោះទេ ថែមទាំងសម្ដែងក៏កាន់តែវិជ្ជាជីវៈទៀតផង។ លោកស្រី Tran Thi Sang សមាជិកាក្លឹបចែវភូមិ Tinh Lam ឃុំ Dai Thanh បានសំណេះសំណាលថា៖
“លុះត្រាតែអ្នកស្រឡាញ់ចែវ ហើយស្រឡាញ់អាជីព ទើបអ្នកអាចសម្រេចបាន ជោគជ័យបែបនេះ។ ប្រសិនបើចង់ច្រៀងបទចម្រៀងឲ្យបានពិរោះ បញ្ចេញបាន អារម្មណ៍នោះ គឺអ្នកត្រូវអានខ្លឹមសារនៃបទចម្រៀងចែវនោះ ហើយហាត់ច្រៀងជា មុនសិន។ យើងខ្ញុំមានមោទនភាពណាស់ ដោយសារតែជំនាន់មុនរបស់យើង ដែល មានមនុស្សចាស់ អាយុលើសពី ៨០  ឆ្នាំហើយ នៅតែចូលរួមយ៉ាងសកម្ម ទោះបីជា ពួកគាត់មិនអាចមកសម្តែងបានទេ ប៉ុន្តែនៅតែមានវត្តមានដើម្បីលើកទឹកចិត្តបងប្អូន ហ្វឹកហាត់”។
ការសម្តែងមួយឈុតៗ មិនត្រឹមតែជាការខិតខំប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនានិងការជក់ចិត្តរបស់មនុស្សម្នាក់ៗសម្រាប់ការច្រៀងចែវទៀតផង។ លោក Nguyen Duy Pham តន្ត្រីករចែវម្នាក់ នៅឃុំ Dai Thanh បានឲ្យដឹងថា៖
“យើងខ្ញុំបានកើតនិងធំដឹងក្ដីនៅហ្នឹងស្រុកកំណើតរបស់ចែវ ដូច្នេះហើយកូនចៅ សុទ្ធតែទៅទស្សនាការសម្ដែងទាំងអស់គ្នា។ កូនចៅ ត្រូវបានជីដូនជីតាបង្រៀនចែវពី មួយជំនាន់ទៅមួយជំនាន់។ យើងខ្ញុំក៏បានអញ្ជើញលោកគ្រូអ្នកគ្រូ មកបង្រៀនក្មួយៗ នូវបទភ្លេងជាមូលដ្ឋាននៃការច្រៀងចែវ ដើម្បីឲ្យភូមិចែវរបស់យើងខ្ញុំអាចថែរក្សា និងអភិវឌ្ឍន៏ចែវ ដូចសព្វថ្ងៃនេះ។ ប្រការដ៏សំខាន់នោះគឺយើងត្រូវផ្ដោតអារម្មណ៍លើឃ្លានីមួយៗក្នុងបទចម្រៀង ទើបសំឡេងចាប៉ីរបស់យើង ស្ដាប់ពិរោះបាន។ ទីពីរគឺ ក៏ត្រូវសម្របសម្រួលជាមួយមិត្តរួមក្រុម ហ្វឹកហាត់ជារៀងរាល់ថ្ងៃដើម្បីឱ្យមានសំឡេងចាប៉ីពិរោះ។ ខ្ញុំក៏ចាស់ហើយ ដូច្នេះចង់រកមិត្តវ័យក្មេងដើម្បីបញ្ជូនមកសិល្បៈចែវ ដែលជីដូនជីតាបានបន្សល់ទុកមកអស់រយៈពេលច្រើនឆ្នាំមកនេះ”។
អស់រយៈពេលជិត ៧០ ឆ្នាំកន្លងមក សិល្បៈចែវ បានក្លាយទៅជាផ្នែកមួយដែល មិនអាចខ្វះបានក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនឃុំ Dai Thanh។ មានពេល ខ្លះ ដែលនៅទឹកដីនេះ តាំងពីមនុស្សចាស់រហូតដល់ក្មេង គ្រប់គ្នាសុទ្ធតែចេះច្រៀងចែវ ទន្ទេញចាំមាត់បទភ្លេងចែវប្រពៃណី។ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងការជក់ ចិត្តរបស់ប្រជាជន ល្ខោនចែវ Dai Thanh មិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែម ទាំងត្រូវបានអភិវឌ្ឍន៍ ក្លាយជាមោទនភាពរបស់ប្រជាជននៅទីនេះ រួមចំណែកធ្វើឲ្យ អត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាមកាន់តែសម្បូរថែមទៀត៕

ប្រតិកម្មទៅវិញ