ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី

Chia sẻ

(VOVWORLD) -  និយាយដល់មុខរបរសូនរូបសំណាក់ដីគឺត្រូវនិយាយដល់ភូមិ Dong Khe ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh ពីព្រោះ នេះជាកន្លែងប្រកបមុខរបរសូនរូបសំណាក់ដីដ៏ល្បីឈ្មោះនៅទូទាំងប្រទេស។ កាលពីមុននេះ ប្រជាជននៅភូមិ Dong Khe សុទ្ធតែប្រកបមុខរបរសូនរូបសំណាក់ដី ប៉ុន្តែបច្ចុប្បន្ននេះ មានតែគ្រួសារសិប្បករឈ្មោះ Phung Van Giap  តែប៉ុណ្ណោះ ដែលបានផ្សាភ្ជាប់នឹងមុខរបរនេះតែប៉ុណ្ណោះ។

ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី  - ảnh 1 សិប្បករ Phung Dinh Giap តែងតែមានបំណងរក្សាមុខរបរប្រពៃណីដែលជីដូនជីតាបន្សល់មក (រូបថត៖ Diệp Anh/Vietnam+) 

រូបសំណាក់ដី មិនត្រឹមតែជាប្រដាប់ក្មេងលេង ឬវត្ថុដែលបានប្រើប្រាស់ក្នុងវត្តអារ៉ាមប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌ប្រពៃណី និងបង្ហាញពីអត្តសញ្ញាណពិសេសរបស់ស្រុកស្រែ វៀតណាមទៀតផង។ ជាពិសេស រូបសំណាក់ដី ត្រូវបានលក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីសំពះព្រះខែទជារៀងរាល់ឆ្នាំទៀតផង។ គ្មាននរណាម្នាក់ដឹងថា មុខរបរស្មូនរូបដីមានតាំងពីណាមក ប៉ុន្តែគេប៉ាន់ស្មានថា មុខរបរនេះមានប្រវត្តិយូរណាស់មកហើយ ពោលគឺមានតាំងពីរាប់រយឆ្នាំមកម្លះ។ នៅក្នុងការចងចាំរបស់ប្រជាជនវៀតណាមជាច្រើនរូប ស្ពុកសែនសម្រាប់ពិធីសំពះព្រះខែបែបប្រពៃណី ក្រៅពីផ្លែឈើ នុំចំណីមក គឺត្រូវមានឈុតរូបសំណាក់ដី លោកបណ្ឌិតធ្វើពីក្រដាសនិងចង្កៀងផ្កាយ។ តាមរយៈរូបសំណាក់ដីនេះ ជីដូនជីតាយើងចង់ផ្តាំផ្ញើនូវពាក្យពេជ្រដ៏ស្រស់ស្អាតរួមទាំងតម្លៃវប្បធម៌ប្រពៃណីដែលមានជាយូរយារណាស់ទៅហើយដើម្បីក្រើនរំលឹកដល់ជំនាន់កូនចៅអំពីរបៀបរស់នៅនិងសីលធម៌។

រូបសំណាក់ដីត្រូវបានធ្វើឡើង ដោយមានការរួមបញ្ចូលគ្នានៃដីឥដ្ឋនិងក្រដាស។ អ្វីដែលពិសេសនោះគឺថា រូបសំណាក់ដី មិនត្រូវបានឆ្លងកំដៅភ្លើងទេ ប៉ុន្តែនៅតែមានភាពធន់បានល្អ។ ថ្វីត្បិតតែរូបសំណាក់ដីមានរូបរាងសាមញ្ញ ប៉ុន្តែតម្រូវឱ្យជាងស្មូនត្រូវមានបច្ចេកទេសស្មូនយ៉ាងល្អិតល្អន់។ ពណ៌ដែលត្រូវគូរលើរូបសំណាក់ដី គឺគ្រាន់តែជាពណ៌ធម្មតា ដូចជា ពណ៌ស លឿង ខៀវ ក្រហមនិងខ្មៅប៉ុណ្ណោះ ប៉ុន្តែនៅតែជួយឱ្យរូបសំណាក់ដីមានភាពរស់រវើក។ សិប្បករ Phung Dinh Giap បានអោយដឹងថា៖ “ស្មូនបានរូបសំណាក់ដីមួយឈុត មើលទៅមានលក្ខណៈសាមញ្ញមែន ប៉ុន្តែគឺត្រូវភាពល្អិតល្អន់ណាស់ដែរ។ ដំណាក់កាលលំបាកបំផុតគឺការស្វែងរកដី ស្មូនចេញរូបរាងនិងគូរ។  ដីឥដ្ឋត្រូវជីកយកជម្រៅពី ២,៥ ទៅ ៣ ម៉ែត្រ ទើបមានដីល្អ។ បន្ទាប់ពីហាលដីឲ្យស្ងួតរួច យកវាទុករហូតដល់រដូវកាលសំពះព្រះខែ ទើបយកចេញមកបុកឲ្យមត់ បន្ទាប់មកច្របាច់វាដូចជាម្សៅ ហើយត្រាំជាមួយក្រដាសក្នុងរយៈពេល ១សប្តាហ៍។  រួចហើយ លាយដីនិងក្រដាសបញ្ចូលគ្នាដើម្បីកុំអោយស្អិតជាប់នៅពេលកាន់លើដៃ ទើបធានាបាននូវគុណភាពដុំដីធ្វើផលិតផល។ ដុំដីដែលធ្វើរួចហើយស្មូនទៅជារូបសំណាក់ឬរូបអ្វីដែលយើងចង់បានហើយហាលក្រោមកម្តៅព្រះអាទិត្យ។ ពេលផលិតផលបានស្ងួត ហើយយើងត្រូវលាប ពណ៌លើផ្ទៃមុខនៃផលិតផល ទើបបានបញ្ចប់”

យោងទៅតាមទំនៀមទម្លាប់ ឈុតរូបសំណាក់ដីសម្រាប់សែនព្រះខែតែងតែមានតួរអង្គចំនួន ៥ នោះគឺជាសត្វស្លាប ដែលបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាព សត្វអណ្តើកត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមុទ្រដ៏ធំល្វឹងល្វើយនិងរឿងព្រេងទេវតា Kim Quy- ដែលជានិមិត្តរូបដ៏ពិសិដ្ឋក្នុងគំនិតរបស់ប្រជាជនវៀតណាម  រូបសំណាក់របស់មនុស្សចាស់និងទារក តំណាងឱ្យការបន្តប្រពៃណី។ មានទីតាំងស្ថិតនៅកណ្តាលនៃឈុតរូបសំណាក់ដីនេះ គឺជារូបសំណាក់ព្រះពុទ្ធដែលមានអត្ថន័យខាងវិញ្ញាណ ដើម្បីអប់រំកូនចៅឲ្យ រស់នៅប្រកបដោយគុណធម៌ សុភាពរាបសានិងសុចរិតទៀងត្រង់។

ថែរក្សានិងអភិរក្សសិប្បកម្មស្មូនរូបសំណាក់ពីដីបែបប្រពៃណី  - ảnh 2រូបសំណាក់ដី (រូបថត៖ Diệp Anh/Vietnam+) 

ទន្ទឹមជាមួយនឹងការថែរក្សាសិប្បកម្មប្រពៃណីស្មូនរូបសំណាក់ដីមក  ក្រុមគ្រួសាររបស់សិប្បករ Phung Dinh Giap ក៏បានបង្កើតនូវផលិតផលថ្មីដែលសម្បូរបែបដូចជាតុក្កតា ដាយណូស័រ យន្តហោះ សត្វតំណាងឆ្នាំ ១២ ជាដើម ដើម្បីបំពេញតាមតម្រូវការនិងការនិយមរបស់អតិថិ ជន។ នៅរដូវវិស្សមកាល ក្រុមគ្រួសាររបស់លោកបានក្លាយជាទីមកដល់របស់ក្រុមភ្ញៀវទេសចរនិងនិស្សិតទូទាំងប្រទេស ដើម្បីមករៀននិងទទួលបទពិសោធន៍ពីការស្មូនរូបដីបែបប្រពៃណី។ លើសពីនេះទៅទៀត សិប្បករ Phung Dinh Giap ក៏ត្រូវបានស្ថាប័នជាច្រើន អញ្ជើញទៅបង្ហាញស្នាដៃនៅសារមន្ទីរជនជាតិជាតិ សារមន្ទីរស្ត្រីនៅហាណូយឬការតាំងពិពណ៌ភូមិសិប្បកម្មប្រពៃណីនៅតាមមូលដ្ឋាន។ សិប្បករ Phung Dinh Giap បានសំណេះសំណាលថា៖ “ខ្ញុំបានប្រកបមុខរបរនេះតាំងពីកុមារភាពម្លេះ ហើយខ្ញុំបានរៀនពីជីតានិងឪពុកខ្ញុំដល់ខ្ញុំគឺជំនាន់ទី ៣។ រហូតមកដល់ពេលនេះ ខ្ញុំបានប្រគល់ការងារនេះអោយកូនប្រុសរបស់ខ្ញុំរួចហើយ។ មុខរបរនេះប្រកបការអប់រំខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។ ខ្ញុំគ្រាន់តែចង់អោយអ្នករាល់គ្នាដឹងអំពីសិប្បកម្មស្មូនរូបដីមិនដូចទៅនឹងប្រដាប់ប្រដាសម័យទំនើបដែលក្មេងៗកំពុងលេងនោះទេ តាមពិតរូបដីគឺពោរពេញដោយអត្ថន័យប្រជាប្រិយ។ មនុស្សម្នាយល់ហើយ នឹងដំណាលតគ្នាជាពិសេស ជំនាន់វ័យក្មេងត្រូវចេះគោរពប្រដាប់លេងប្រពៃណីរបស់ប្រជាជាតិខ្លួន”

ដោយសារប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកមិនសូវខ្ពស់ ហេតុដូច្នេះ មុខរបរស្មូនរូបសំណាក់ដីកំពុងសាបសូន្យជាបណ្តើរៗ។ ថ្វីត្បិតដូច្នេះក៏ដោយ មុខរបរស្នូនរូបសំណាក់ដីនៅតែស្ថិតក្នុងដួងចិត្តរបស់មនុស្សដែលស្រឡាញ់សិល្បៈជាតិជានិច្ច។ ដោយសារតែ វាមិនត្រឹមតែជាផ្នែកមួយនៃអនុស្សាវរីយ៍កាលកុមារភាពរបស់មនុស្សជាច្រើនជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាតម្លៃវប្បធម៌ដែលមានជាយូរណាស់មកហើយទៀតផង។ យ៉ាងណាមិញ សិប្បកម្មស្មូនរូបដីនៅភូមិ Dong Khe ឃុំ Song Ho ស្រុក Thuan Thanh ខេត្ត Bac Ninh បានក្លាយទៅជាសម្រស់វប្បធម៌ប្រជាប្រិយ រួមចំណែកដល់ការអប់រំយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តនិងអត្តសញ្ញាណវប្បធម៌ជាតិផងដែរ៕

ប្រតិកម្មទៅវិញ