អ្នករចនាម៉ូដជនជាតិ Tay ថែរក្សា “ព្រលឹង” វប្បធម៌ប្រពៃណីតាមរយៈអាវផាយ

Chia sẻ

(VOVWORLD) - កើតនៅឆ្នាំ ១៩៩៤ នៅខេត្ត Cao Bang ក្នុងគ្រួសារជនជាតិ Tay ដែលមានប្រពៃណីវប្បធម៌ដ៏សម្បូរបែប អ្នកស្រី Vu Thao Giang គឺជាអ្នករចនាម៉ូដ ដែលត្រូវបានគេស្គាល់តាមរយៈសម្រាំងប្រមូលផ្ដុំអាវផាយដ៏គួរឱ្យចាប់អារម្មណ៍

 ដោយយកគំនិតពីសម្ភារៈវប្បធម៌ប្រជាប្រិយ។ សម្រាប់អ្នកស្រីអាវផាយគឺជា “ព្រលឹង” របស់ប្រទេសជាតិ ដូច្នេះការរចនាម៉ូដសំលៀកបំពាក់នេះ នាំមកនូវមោទនភាព ការដឹងគុណ និងការគោរពរបស់នាង។

អ្នករចនាម៉ូដជនជាតិ Tay ថែរក្សា “ព្រលឹង” វប្បធម៌ប្រពៃណីតាមរយៈអាវផាយ - ảnh 1Vu Thao Giang - អ្នករចនា 9X នៃជនជាតិ Tay 

តាំងពីកុមារភាព Vu Thao Giang បានបង្ហាញពីចំណង់ចំណូលចិត្តរបស់នាងចំពោះម៉ូដសំលៀកបំពាក់ នៅពេលដែលនាងតែងតែជួយបងប្អូនជីដូនមួយរបស់នាងដេរនិងប្រមូលក្រណាត់តូចៗ ដើម្បីធ្វើសំលៀកបំពាក់សម្រាប់តុក្កតា។ ប៉ុន្តែនៅពេលដែល នាងពាក់អាវផាយ និងនាំអាវផាយទៅសម្តែងនៅប្រទេសផ្សេងៗ សេចក្តីស្រឡាញ់របស់នាងចំពោះ អាវផាយកាន់តែខ្លាំងក្លាឡើង។  ពេលឃើញមិត្តភ័ក្តិអន្តរជាតិស្រែកថា “អាវផាយ វៀតណាម” និងសុំថតរូបជាមួយខ្លួន អ្នកស្រីមិនត្រឹមតែមានមោទនភាពប៉ុណ្ណោះទេ ថែមទាំងបានដឹងពីទំនួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងលើកកំពស់ភាពស្រស់ស្អាតនៃអាវផាយវៀតណាមទៀតផង។ បទពិសោធន៍ទាំងនោះបានជំរុញឱ្យនាងឈានជើង លើផ្លូវជាអ្នករចនាម៉ូដ អាវផាយ។ អ្នករចនាម៉ូដ Vu Thao Giang បានចែករំលែកថា៖ “ខ្ញុំតែងតែចាត់ទុកវប្បធម៌ជាគន្លឹះក្នុងការចាប់ផ្តើមអាជីវកម្ម។ វប្បធម៌ វៀតណាមមានភាពចម្រុះណាស់ ដូច្នេះខ្ញុំមានអារម្មណ៍ថា គំនិតគឺមិនអស់ទេ។ ឧទាហរណ៍៖ វៀតណាមមានផ្ទាំងគំនូរជាច្រើន ខ្ញុំបានកែប្រែផ្នែកតូចមួយនៃផ្ទាំងគំនូរប្រពៃណីវៀតណាមទៅលើអាវផាយ។ លើសពីនេះភាពស្រស់ស្អាតនៃស្ថាបត្យកម្មវៀតណាមបុរាណក៏ជាប្រធាន បទដែលអាចរចនាលើអាវផាយផងដែរ”។

Vu Thao Giang បន្តរចនាម៉ូដអាវផាយដែលរក្សាបាននូវស្មារតីប្រពៃណី ប៉ុន្តែនៅតែលាយឡំជាមួយនឹងក្បូរក្បាច់រចនានៃសហសម័យ។ សម្រាប់នាង អាវផាយ មិនត្រឹមតែជាសំលៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជាស្នាដៃសិល្បៈឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌វៀតណាមទៀតផង។ ដោយវាយតម្លៃខ្ពស់ចំពោះការច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Vu Thao Giang ក្នុងការនាំយកវប្បធម៌ប្រពៃណីដាក់បញ្ចូលទៅក្នុងអាវផាយ ជាពិសេសការរួមផ្សំជាមួយផ្ទាំងគំនូរប្រជាប្រិយ Hang Trong លោកបណ្ឌិត Nguyen Anh Minh នាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖ “ផ្ទាំងគំនូរប្រជាប្រិយ Hang Trong គឺជាបេតិកភណ្ឌសិល្បៈមួយរបស់វៀតណាម។ ការអភិរក្ស និងផ្សព្វផ្សាយគំនូរ Hang Trong បច្ចុប្បន្នគឺជាបំណងប្រាថ្នារបស់សារមន្ទីរ។ គំនិតនៃការរួមបញ្ចូលម៉ូដអាវផាយប្រពៃណីជាមួយគំនូរ Hang Trong គឺមានភាពច្នៃប្រឌិតណាស់។ អ្នករចនាម៉ូដ Thao Giang បានប្រើប្រាស់គំនូរ Hang Trong ដោយហេតុនោះបានផ្សព្វផ្សាយស្នាដៃគំនូរ Hang Trong ទៅជាមួយសាធារណៈជន ជាពិសេសយុវជន”។

អ្នករចនាម៉ូដជនជាតិ Tay ថែរក្សា “ព្រលឹង” វប្បធម៌ប្រពៃណីតាមរយៈអាវផាយ - ảnh 2អ្នករចនាម៉ូដ Vu Thao Giang ជាមួយបណ្តុំអាវផាយ ក្នុងកម្មវិធី “Song Cau - ប្រភពនៃបេតិកភណ្ឌ”  (រូបថត៖ ផ្តល់ដោយម្ចាស់រូបថត)

សម្រាំងអាវផាយ "Việt Nam gấm hoa" គឺជាដំណើរឆ្លងកាត់ទូទាំងប្រទេស ជាកន្លែងមានបេតិកភណ្ឌ និងទេសភាពដ៏ល្បីល្បាញដែលត្រូវបានពណ៌នានៅលើអាវផាយ។ ទីកន្លែងដូចជា រួមណីដ្ឋាន Trang An ឈូងសមុទ្រ Ha Long Bay រដ្ឋធានី Hue បុរាណ Hoi An ឬ ស្ពាននាគនៅទីក្រុង Da Nang សុទ្ធតែបង្ហាញដោយបច្ចេកទេសបោះពុម្ព និងប៉ាក់ដ៏ទំនើប។ អ្នករចនាម៉ូដ Vu Thao Giang បានឲ្យដឹងថា៖ “សម្រាំងអាវផាយ “Việt Nam gấm hoa” គឺជាដំណើររៀបរាប់អំពីភាពស្រស់ស្អាតរបស់ វៀតណាមតាមរយៈខេត្ត-ក្រុងចំនួន ៦៣; ហើយខេត្តនិងក្រុងនីមួយៗ កឺបានបង្ហាញតាមរយៈអាវផាយៗនីមួយៗ រួមចំណែកលើកស្ទួយវប្បធម៌និងទេសចរណ៍វៀតណាម។ ខ្ញុំយល់ឃើញថា ពេលខ្លះការផ្សព្វផ្សាយវប្បធម៌តាមរយៈ អាវផាយ តាមរយៈភាសានៃម៉ូដអាវផាយ ក៏ជាមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការផ្សព្វផ្សាយដល់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស”។

ថ្វីបើមានចំណង់ចំណូលចិត្តខ្លាំងក៏ដោយ ប៉ុន្តែផ្លូវនាំអាវផាយទៅកាន់ពិភពលោករបស់អ្នកនាង Thao Giang  គឺមិនងាយស្រួលនោះទេ។ គ្រាដំបូង នាងបានជួបប្រទះនឹងការលំបាកជាច្រើននៅពេលទទួលបានឯកសារស្តង់ដារអំពីវប្បធម៌ប្រពៃណី ជាពិសេសគំរូ និងគំនូរបុរាណដែលមិនទាន់បានបោះពុម្ពពេញលេញ។ លើសពីនេះ ការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងតម្លៃប្រពៃណីក្នុងការរចនាក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។ ប៉ុន្តែដោយការតស៊ូ និងស្រឡាញ់វិជ្ជាជីវៈ Thao Giang បានបន្តស្រាវជ្រាវ និងសហការជាមួយអ្នកស្រាវជ្រាវវប្បធម៌ និងសិប្បករដើម្បីស្ដារឡើងវិញនូវតម្លៃបុរាណក្នុងការរចនាម៉ូដអាវផាយរបស់នាង។ នាពេលខាងមុខ Thao Giang មិនត្រឹមតែបន្តអភិវឌ្ឍសម្រាំងអាវផាយ ដែលបង្កប់នូវអត្តសញ្ញាណវៀតណាមប៉ុណ្ណោះទេ ថែមទាំងមានបំណងនាំអាវផាយទៅកាន់ពិភពលោក តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការតាំងបង្ហាញពិព័រណ៍ម៉ូដអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ