អ្នកកាសែត Mai Kieu Tuyet ធ្លាប់ជាពិធីករនៃកម្មវិធី ម៉ោងកំពូល នៅលើ VOV ប៉ុស្តិ៍ចរាចរណ៍ជាតិ ៩១ MHz |
“ត្រូវបានបំពេញការងារនៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ និងជាសំណាងមួយសម្រាប់រូបខ្ញុំ។ នោះជាកន្លែងដែលអ្នកតែងតែដាក់ខ្លួនអ្នកនៅក្នុងតម្រូវការថ្មីជារៀងរាល់ថ្ងៃ ភាពខុសប្លែកគ្នានៅក្នុងស្នាដៃនីមួយៗ ដើម្បីទាក់ទាញអារម្មណ៍មនុស្សដែលពិបាកបំផុត។ ខ្ញុំគិតថា ការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងការច្នៃប្រឌិតគឺជាចំណុចរួមដ៏មានតម្លៃរបស់សហការីនៅ VOV។ ប្រសិនបើខ្ញុំមិនបានធ្វើការនៅក្នុងបរិយាកាស VOV ចរាចរណ៍ក្នុងប៉ុន្មានឆ្នាំមកនេះទេ ខ្ញុំប្រហែលជាក្លាយជាខ្ញុំខុសពីខ្ញុំរបស់ឥឡូវនេះជាពុំខាន”។
អ្នកកាសែត Mai Kieu Tuyet គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលផ្សាភ្ជាប់ជាមួយនាយកដ្ឋាន VOV ចរាចរណ៍ជាតិ អស់រយៈពេលជាយូរ ចាប់តាំងពីនាយកដ្ឋាននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩។ ក្នុងរយៈពេលជាង ១៥ឆ្នាំ ប្រកបមុខរបរ អ្នកកាសែត Mai Kieu Tuyet បានធ្វើជាអ្នករាយការណ៍ព័ត៌មាន អ្នករៀបចំកម្មវិធី អ្នកអត្ថាធិប្បាយអំពីបញ្ហាចរាចរណ៍និងទីក្រុង ... និងជាអ្នកគ្រប់គ្រង។ ក្នុងការងារនីមួយៗ លោកស្រីបានបន្សល់ទុកនូវស្លាកសញ្ញាផ្ទាល់ខ្លួនជាមួយនឹងស្នាដៃសារព័ត៌មានដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន។
“ខ្ញុំបើកឡាន ដូច្នេះខ្ញុំស្តាប់ VOV ចរាចរជាញឹកញាប់ណាស់។ ខ្ញុំចូលចិត្តកម្មវិធី ម៉ោងកំពូលបំផុតព្រោះវាមានមាតិកាបច្ចុប្បន្នភាពជាច្រើន ដែលមានប្រយោជន៍ខ្លាំងនៅពេលធ្វើដំណើរ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែចាប់អារម្មណ៍នឹងពិធីករ Kieu Tuyet។ កម្មវិធីនេះមានក្បោះក្បាយ ច្បាស់លាស់ និងមានទឹកដំសំលេងល្អ”។
“ខ្ញុំបានអាននិងស្តាប់អត្ថបទរបស់អ្នកកាសែត Kieu Tuyet ជាញឹកញាប់ នៅក្នុងបណ្តាកម្មវិធីផ្សាយសំឡេងឬនៅលើគេហទំព័រ vovgiaothong.vn។ ខ្ញុំចូលចិត្តវិធីសាស្រ្ត និងទស្សនៈរបស់អ្នកនិពន្ធ។ មានបញ្ហាដែលខ្ញុំប្រហែលជាមិនសូវយកចិត្តទុកដាក់ ប៉ុន្តែតាមរយៈអត្ថបទ ខ្ញុំក៏បានសញ្ជឹងគិតរឿងជាច្រើនអំពីជីវភាពជុំវិញខ្លួនខ្ញុំ”។
ចែករំលែកអំពីការងាររបស់ខ្លួននៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ អ្នកកាសែត Mai Kieu Tuyet បានឲ្យដឹងថា៖ “រាល់ពេលដែលខ្ញុំជាពិធីករផង ឬតាក់តែងអត្ថបទផង ខ្ញុំតែងតែចាំថា តើប្រការនោះប៉ះពាល់ដល់អ្នកស្តាប់យ៉ាងម៉េចដែរ តើវាអាចនាំមកជុនមិត្តអ្នកស្តាប់ក្នុងពេលបច្ចុប្បន្ន និងរយៈពេលវែង…។ ក្នុងដំណើរការបំពេញការងារ ពីការសរសេរអត្ថបទ រហូតដល់កម្មវិធីដែលខ្ញុំជាពិធីករ ឬរៀបចំផលិតកម្ម ខ្ញុំតែងតែគិតគូរពីតម្រូវការ ចិត្តសាស្ត្រនៃការស្តាប់ និងការទទួលយកព័ត៌មានពីសាធារណជន។ ការងារបណ្ដុះបណ្ដាលតម្រូវឱ្យខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់មិត្តអ្នកស្តាប់ និងអ្នកទស្សនាយ៉ាងដិតដល់។ ប្រការនេះបង្កើតឱ្យមានភាពស្វាហាប់ ការច្នៃប្រឌិតឥតឈប់ឈរ និងផ្នត់គំនិតបើកចំហកាន់តែច្រើន”។
ជាមួយនឹងគោលការណ៍សារព័ត៌មានទាំងនេះ អ្នកកាសែត Mai Kieu Tuyet បានទទួលជោគជ័យលើប្រធានបទផ្សេងៗគ្នា ហើយលោកស្រី និងសហការីនៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ បានឈ្នះពានរង្វាន់សារព័ត៌មានជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងនោះរួមមានៈ ពានរង្វាន់សម្រាប់ពិធីករកម្មវិធីនៅកម្មវិធីសំឡេងវៀតណាម លើកទី៥ ឆ្នាំ២០២១; រង្វាន់លើកទឹកចិត្តក្នុងការប្រឡងសរសេរស្តីពីការការពារបរិស្ថាននៅទីក្រុងហាណូយឆ្នាំ ២០២៤; រង្វាន់លេខ ៣ នៃសារព័ត៌មានជាតិ "ដើម្បីសុខភាពប្រជាជន" លើកទី ២ ឆ្នាំ ២០២៤...។ ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម ថ្ងៃទី ២១ ខែមិថុនា ឆ្នាំនេះ អ្នកកាសែត Mai Kieu Tuyet និងក្រុមអ្នកនិពន្ធបានឈ្នះរង្វាន់ដ៏ឆ្នើម នៃពានរង្វាន់សារព័ត៌មានជាតិលើកទី ១៩ - ឆ្នាំ ២០២៤ ជាមួយនឹងស្នាដៃច្រើនឈុត ស្តីពី “ប្រឆាំងការខ្ជះខ្ជាយក្នុងចរាចរណ៍៖ ចាប់ផ្តើមពីចំណុចណា”?។ អ្នកកាសែត Mai Kieu Tuyet បានចែករំលែកថា៖ “គោលដៅជួរមុខ និងសំខាន់បំផុតរបស់យើងគឺតាមរយៈអត្ថបទរបស់យើង ដើម្បីមានឥទ្ធិពល និងរួមចំណែកក្នុងការផ្លាស់ប្តូរគោលនយោបាយ សំដៅកាត់បន្ថយការខ្ជះខ្ជាយចរាចរណ៍ ដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង និងប្រទេសជាតិ។ ខ្ញុំគិតថា នោះជាតម្រូវការពីការអភិវឌ្ឍទូទៅនៃទីក្រុង និងប្រទេសដែលអ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការឡើងសំឡេង”។
អ្នកកាសែត Mai Kieu Tuyet តែងតែសុភាពរាបសារនៅពេលនិយាយអំពីខ្លួនឯង ព្រោះសម្រាប់លោកស្រី ភាពរីករាយក្នុងការងារ នៅពេលដែលលោកស្រីសរសេរអត្ថបទដែលផ្តល់ដង្ហើមជីវិត ជួយប្រជាជនលើកឡើងនូវអ្វីដែលពួកគេចង់និយាយ អ្វីដែលពួកគេត្រូវនិយាយ បើកទិសដៅវិជ្ជមានសម្រាប់ប្រជាជន។ នោះជាប្រការមានអត្ថន័យដែលការងារដែលលោកស្រីធ្វើរាល់ថ្ងៃអាចនាំមកដល់សង្គម៕