អឺរ៉ុបបន្ធូរស្រាលបទប្បញ្ញត្តិបរិស្ថានលើវិស័យកសិកម្ម

Chia sẻ
(VOVWORLD) - ប្រឈមមុខនឹងរលកនៃការប្រឆាំងជំទាស់ ដែលមានទ្រង់ទ្រាយធំរបស់កសិករនៃ ប្រទេសអឺរ៉ុបជាច្រើនចាប់តាំងពីដើមឆ្នាំ ហើយព្រួយបារម្ភអំពីផលប៉ះពាល់លើការបោះឆ្នោតសភាអឺរ៉ុបនាខែមិថុនាខាងមុខ សហភាពអឺរ៉ុបបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការបន្ធូរស្រាលបទប្បញ្ញត្តិបរិស្ថានលើវិស័យកសិកម្ម។
អឺរ៉ុបបន្ធូរស្រាលបទប្បញ្ញត្តិបរិស្ថានលើវិស័យកសិកម្ម - ảnh 1សហភាពអឺរ៉ុបអនុម័តការបន្ធូរស្រាលគោលនយោបាយកសិកម្មរួម។ រូបថត៖ AFP/TTXVN

កសិកម្មក្លាយទៅជាអាទិភាព

សេចក្ដីសម្រេចចិត្តទាក់ទងនឹងផលិតផលកសិកម្មដែលនាំចូលពីអ៊ុយក្រែនត្រឹមតែជាការទាមទារមួយក្នុងចំណោមតម្រូវការជាច្រើនដែលកសិករនៅទូទាំងទ្វីបអឺរ៉ុបបានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) ត្រូវអនុវត្តន៍អស់រយៈពេលជាច្រើនខែក្នុងគោលបំណងការពារផលប្រយោជន៍នៃវិស័យកសិកម្មអឺរ៉ុប។ ការទាមទារយ៉ាងខ្លាំងក្លាជាងនេះពាក់ព័ន្ធនឹងការបន្ធូរស្រាលបទប្បញ្ញត្តិ និងគោលនយោបាយបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលកសិករអឺរ៉ុបបានចាត់ទុកថាបានប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កសិកម្មអឺរ៉ុប។

នាថ្ងៃទី ២៦ ខែមីនា ប្រជាកសិករអឺរ៉ុបដណ្ដើមបាន "ជ័យជម្នះ" ដ៏ធំបំផុតចាប់តាំងពីការប្រឆាំងជំទាស់នាដើមឆ្នាំ នៅពេលដែល EC បានសម្រេចបន្ធូរស្រាលបទប្បញ្ញត្តិបរិស្ថានជាច្រើនក្នុងគោលនយោបាយកសិកម្មរួម (CAP) របស់ប្លុក។ យោងតាមលោកស្រី Anika Raisz រដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រី ដែលជាប្រទេសនាំមុខក្នុងការប្រឆាំងជំទាស់នឹងការអនុវត្តន៍ច្បាប់ស្តីពីការស្ដារបរិស្ថានធម្មជាតិឡើងវិញ ទោះបីជាហុងគ្រីត្រូវបានចាត់ទុកថាជាប្រទេសដែលមានផ្ទៃព្រៃឈើធម្មជាតិ ដែលត្រូវបានការពារយ៉ាងល្អជួរមុខនៅអឺរ៉ុបក៏ដោយ។ បញ្ហាសម្រាប់អឺរ៉ុបសព្វថ្ងៃនេះគឺត្រូវមានភាពប្រាកដនិយមក្នុងការប្រដេញតាមមហិច្ឆអំពីបរិស្ថាន៖

 “កសិកម្មគឺជាវិស័យដ៏សំខាន់ មិនត្រឹមតែនៅហុងគ្រីប៉ុណ្ណោះទេ ថែមទាំងនៅតាមប្រទេសអឺរ៉ុបទាំងអស់ផ្សេងទៀតផងដែរ។ ដូច្នេះហើយ ខ្ញុំគិតថា ចាំបាច់ត្រូវមានភាពប្រាកដនិយមក្នុងគោលដៅដែលអឺរ៉ុបមានបំណងចង់សម្រេចបានក្នុងការការពារបរិស្ថាន ហើយត្រូវយកចិត្តទុកដាក់លើគ្រប់វិស័យ និងកត្តាដែលជួយយើងឱ្យសម្រេចបាននូវគោលដៅនេះផងដែរ“។

រួមជាមួយនឹងសកម្មភាពបន្ធូរស្រាលពី EC រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបជាច្រើនក៏បានដាក់ចេញនូវគោលនយោបាយថ្មីៗជាច្រើន ដើម្បីឆ្លើយតបនឹងការទាមទាររបស់កសិករ។ នៅបារាំង ព្រឹទ្ធសភាបារាំងកាលពីចុងខែមីនា បានបោះឆ្នោតប្រឆាំងនឹងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-កាណាដា (CETA) ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះមានមាត្រាមិនអំណោយផលសម្រាប់ប្រជាកសិករចិញ្ចឹមសត្វបារាំង។

នៅអេស្បាញ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez នាដើមខែកុម្ភៈបានអនុម័តលើច្បាប់ខ្សែសង្វាក់ម្ហូបអាហារ តាមនោះនឹងពន្លឿនការអនុវត្តមូលនិធិដែលមានទឹកប្រាក់ចំនួន ៤ ពាន់លានអឺរ៉ូដែលបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភកសិករចាប់ពីឆ្នាំ ២០២២ ហើយសន្យាថានឹងបើកចំណាយប្រាក់ចំនួន ៦,៨ ពាន់លានអឺរ៉ូពី CAP ដល់កសិករនៅក្នុងប្រទេសនេះ។ នៅអ៊ីតាលី ព័រទុយហ្គាល់ ក្រិក បែលហ្ស៊ិក ប៉ូឡូញ វិធានការ ជួយឧបត្ថម្ភហិរញ្ញវត្ថុស្រដៀងគ្នានេះជាបន្តបន្ទាប់ក៏ត្រូវបានអនុវត្តន៍ផងដែរ។

ចំណោតនៃការបោះឆ្នោត

កសិករស្រូបយកត្រឹមតែ ៤,២% នៃកម្លាំងពលកររបស់សហភាពអឺរ៉ុប ហើយវិស័យកសិកម្មរួមចំណែកត្រឹមតែ ១,៤% ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្លុកនេះ។ ដូច្នេះតាមទ្រឹស្ដី កសិករមិនមែនជាកម្លាំងដែលអាចបង្កើតសម្ពាធនយោបាយខ្លាំងពេក ដោយចាប់បង្ខំរដ្ឋាភិបាលអឺរ៉ុបឱ្យធ្វើសម្បទានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមលោក Simone Tagliapietra អ្នកជំនាញនៅមូលនិធិស្រាវជ្រាវ Bruegel ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) បានឲ្យដឹងថា វិស័យកសិកម្មមានឥទ្ធិពលប្រពៃណីដ៏សំខាន់លើសង្គមអឺរ៉ុប ហើយតែងតែត្រូវបានចាត់ទុកថាជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌អឺរ៉ុប។ ដូច្នេះហើយ ប្រជាជនអ៊ឺរ៉ុបតែងតែមានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះកសិករ។ យោងតាមការធ្វើស្ថិតិរបស់ Elabe នៅបារាំងនាខែមករាបានឲ្យដឹងថា ប្រជាជនចំនួន ៨៧% នៃប្រទេសនេះបានគាំទ្រចលនាប្រឆាំងជំទាស់របស់កសិករ។ នៅប៉ូឡូញតួលេខនេះគឺប្រហែល ៨០% ។

លោក David Clarinval រដ្ឋមន្ត្រីក្រសួងកសិកម្មបែលហ្ស៊ិក ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវកសាងគំរូអភិវឌ្ឍន៍ថ្មីសម្រាប់កសិកម្មអឺរ៉ុបប្រកបដោយនិរន្តរភាពជាងចំពោះការប្រឈមថ្មី។ ៖

“ចាំបាច់ត្រូវបន្តតាមដានយ៉ាងដិតដល់នូវបញ្ហានានាលើវិស័យឯកទេសមួយចំនួនដូចជា៖ តម្លៃធាតុចូលខ្ពស់ អាកាសធាតុអាក្រក់ និងប្រាក់ចំណូលទាបរបស់កសិករ។ ប្រការដ៏សំខាន់មួយទៀតគឺត្រូវអនុវត្តន៍វិធានការរយៈពេលខ្លី និងរយៈពេលវែង ដើម្បីលើកកម្ពស់គំរូផលិតកម្មប្រកបដោយនិរន្តរភាព តាមនោះអនុញ្ញាតឱ្យប្រព័ន្ធកសិកម្មល្បៀងអាហារអឺរ៉ុបទប់ទល់នឹងវិបត្តិបានកាន់តែប្រសើរឡើងផងដែរ“។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថា ក្នុងរយៈពេលវែង បញ្ហាប្រឈមធំជាងសម្រាប់ EU គឺ ស្វែងរកតុល្យភាពរវាងមហិច្ឆិតាអំពីបរិស្ថាន ដែលត្រូវបានចាត់ទុកថាជាអាទិភាពជូរមុខរបស់ EC ក្នុងអាណត្តិកន្លងទៅ ជាមួយនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់កសិករប្លុកនេះ។ ការដែល EC និងរដ្ឋាភិបាលនៃប្រទេសជាសមាជិក EU ជាច្រើនបានធ្វើសម្បទានចំពោះកសិករនាពេលថ្មីៗនេះ ត្រូវរងការរិះគន់ពីអង្គការបរិស្ថានថាជាការធ្លាក់ចុះរបស់អឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕


ប្រតិកម្មទៅវិញ