សភាអឺរ៉ុបនីតិកាលថ្មីផ្តល់អាទិភាពដល់ស្ថិរភាពយុទ្ធសាស្ត្ររបស់ប្លុកនេះ

Chia sẻ

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីស្នាក់ការកណ្តាលនៅទីក្រុង Strasbourg (ប្រទេសបារាំង) សម័យប្រជុំពេញអង្គដំបូងនៃសភាអឺរ៉ុបនីតិកាលថ្មីបានបោះឆ្នោតអនុម័តលើមុខតំណែងដឹកនាំកំពូលរបស់សហភាពអឺរ៉ុប ព្រមទាំងបានបង្ហាញសញ្ញាអំពីសកម្មភាពអាទិភាពថ្មីរបស់ EU ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃសភាអឺរ៉ុប (EP) នីតិកាលថ្មី (២០២៤-២០២៩) សមាជិកសភា
អឺរ៉ុប ៧២០ នាក់បានបោះឆ្នោតជ្រើសតាំងលោកស្រី Roberta Metsola ជាប្រធាន EP សម្រាប់ពាក់កណ្តាលអាណត្តិបន្ទាប់ (២,៥ ឆ្នាំ) ហើយគាំទ្រលោកស្រី Ursula von der Leyen បន្តកាន់តំណែងជាប្រធានគណៈកម្មាធិការអឺរ៉ុប (EC) សម្រាប់អាណត្តិទីពីរ។

សភាអឺរ៉ុបនីតិកាលថ្មីផ្តល់អាទិភាពដល់ស្ថិរភាពយុទ្ធសាស្ត្ររបស់ប្លុកនេះ - ảnh 1ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ថ្លែងនៅទីក្រុង Bucharest ប្រទេសរូម៉ានី នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤។ (រូបថត៖ THX/TTXVN)

ការធ្វើតេស្តចំពោះលោកស្រី Ursula von der Leyen

មិនដូចការជាប់ឆ្នោតឡើងវិញដ៏ងាយស្រួលរបស់លោកស្រី Roberta Metsola នោះទេ ការខិតខំប្រឹងប្រែងរបស់លោកស្រី Ursula von der Leyen ដើម្បីជាប់ឆ្នោតឡើងវិញសម្រាប់អាណត្តិទីពីរក្នុងនាមជាប្រធាន EC បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ មុនពេលសម័យប្រជុំដំបូងនៃ EP នីតិកាលថ្មី តំណាងក្រុមគណបក្សជាច្រើននៅក្នុង EP លេចធ្លោគឺក្រុមអភិរក្សនិយម និងកំណែទម្រង់ (ECR) ដោយមានស្នូលគឺគណបក្សបងប្អូនអ៊ីតាលី (Frattelli d'Italia) របស់នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បានជំទាស់ជាសាធារណៈចំពោះការតែងតាំងលោកស្រី Ursula von der Leyen ជាប្រធាន EC។ ក្រុមគណបក្សមួយចំនួនផ្សេងទៀតនៅក្នុង EP ដូចជា៖ Renew, Patriots បានប្រកាសមិនច្បាស់លាស់នូវការគាំទ្ររបស់ពួកគេចំពោះលោកស្រី Ursula von der Leyen ព្រមទាំងទាមទារលក្ខខណ្ឌជាច្រើន ដែលតម្រូវឲ្យមានការធ្វើសម្បទានពីប្រធាន EC ក្នុងការរៀបចំអាទិភាពគោលនយោបាយរបស់អឺរ៉ុបសម្រាប់ ៥ ឆ្នាំខាងមុខ។ បញ្ហាប្រឈមទាំងនេះ រួមជាមួយនឹងហានិភ័យពីយន្តការបោះឆ្នោតសម្ងាត់របស់ EP បានបង្ខំឱ្យលោកស្រី Ursula von der Leyen ត្រូវអនុវត្តន៍យុទ្ធនាការចលនាដ៏ខ្លាំងក្លាមួយក្នុងរយៈពេល ២ សប្តាហ៍កន្លងមក ហើយនៅក្នុងសម័យបោះឆ្នោតនៅថ្ងៃទី ១៨ ខែកក្កដា ដោយទទួលបានសម្លេងគាំទ្រ ៤០១ សម្លេង (សម្លេងប្រឆាំង ២៨៤ សម្លែង) ពីក្រុមគណបក្ស EPP, S&D, Renew និងគណបក្សបៃតង អ្នកនយោបាយស្ត្រីអាល្លឺម៉ង់រូបនេះត្រូវបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៃសហភាពអឺរ៉ុប។ លោកស្រី Valerie Hayer ប្រធានក្រុមគណបក្ស Renew នៅ EP បានពន្យល់ថា៖

"ក្រុមគណបក្សរបស់យើងខ្ញុំបានសម្រេចចិត្តគាំទ្រលោកស្រី Ursula von der Leyen ពីព្រោះលោកស្រីបានបង្ហាញកម្មវិធីសកម្មភាពប្រកបដោយមហិច្ឆតាដែលឆ្លើយតប និងឆ្លុះបញ្ចាំងពីអាទិភាពដែលយើងខ្ញុំទាមទារ ដើម្បីប្ដូរយកការគាំទ្រសម្រាប់លោកស្រី ជាពិសេសក្នុងបញ្ហាដូចជា៖ សមត្ថភាពប្រកួតប្រជែង សន្តិសុខនិងការពារជាតិ"។

ក្នុងពេលជាមួយគ្នានោះ សមាជិកសភា EP ជាច្រើនចាត់ទុកថា ការបន្តគាំទ្រលោកស្រី Ursula von der Leyen ជាប្រធាន EC សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ គឺដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ EU ក្នុងការរក្សាស្ថិរភាពក្នុងបរិបទនៃការកើនឡើងអស្ថិរភាព។ សមាជិកសភា Dirk Gotink នៃក្រុមគណបក្ស EPP បាននិយាយថា៖

"មិនចាំបាច់ជាអ្នកគាំទ្រលោកស្រី Ursula von der Leyen ទេ ដើម្បីយល់ពីផលវិបាកនៃការបោះឆ្នោតឱ្យគាត់ចេញ។ អស្ថិរភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នគឺច្បាស់ណាស់អ្នករាល់គ្នាអាចមើលឃើញដែរ។ ដូច្នេះការបោះឆ្នោតនេះគឺនិយាយអំពីកម្មវិធី និងទិសដៅដែលអឺរ៉ុបចង់ឆ្ពោះទៅរក ជាជាងអំពីលោកស្រី Ursula von der Leyen ផ្ទាល់”។

អាទិភាពថ្មីក្នុងការធ្វើសកម្មភាព

ដោយការជំនះលើឧបសគ្គដ៏ធំបំផុតពី EP លោកស្រី Ursula von der Leyen អាចបន្តជំរុញកម្មវិធីប្រកបដោយមហិច្ឆតាដែលបានកំណត់ក្នុងអាណត្តិដំបូង ព្រមទាំងកំណត់គោលដៅសកម្មភាពថ្មីសម្រាប់សហភាពផងដែរ។ មុនពេលវគ្គបោះឆ្នោតរបស់ EP លោកស្រី Ursula von der Leyen បានបង្ហាញនូវចក្ខុវិស័យសកម្មភាពថ្មី ដោយមានផែនការ ៣១ ទំព័រ។ អាទិភាពធំទីមួយរបស់ប្រធាន EC គឺការអនុវត្តគម្រោងការពាររបស់សហភាពអឺរ៉ុប (EU) រួមទាំងខែលការពារដែនអាកាសផងដែរ។ យោងតាមលោកស្រី Ursula von der Leyen នេះជាពេលវេលាដែល EU ត្រូវកសាង "សហភាពការពារជាតិអឺរ៉ុបពិតប្រាកដ" តាមរយៈគម្រោងការពារជាតិទ្រង់ទ្រាយធំ។ បន្ទាប់មកគឺអាទិភាពអំពីការផ្លាស់ប្តូរថាមពល និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ លោកស្រី Ursula von der Leyen មានប្រសាសន៍ថា៖

“ខ្ញុំនឹងជំរុញកិច្ចព្រមព្រៀងឧស្សាហកម្មស្អាតថ្មីក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃអាណត្តិថ្មីរបស់ខ្ញុំ តាមនោះនាំលំហូរវិនិយោគចូលទៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម ជាពិសេសនៅក្នុងវិស័យថាមពលកម្រិតខ្ពស់។ ខ្ញុំក៏នឹងស្នើសុំមូលនិធិប្រកួតប្រជែងថ្មីរបស់អឺរ៉ុប ដើម្បីផ្តោតលើគម្រោងឆ្លងដែនរួម ជំរុញការប្រកួតប្រជែង ការច្នៃប្រឌិត ហើយគាំទ្រដល់កិច្ចព្រមព្រៀងឧស្សាហកម្មស្អាតផងដែរ”។

ទាក់ទងនឹងបញ្ហាអាកាសធាតុ លោកស្រី Von der Leyen បានកំណត់គោលដៅកាត់បន្ថយ ៩០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុង EU ត្រឹមឆ្នាំ ២០៤០។ លើសពីនេះ ប្រធាន EC ក៏បាននិយាយផងដែរថា លោកស្រីនៅតែរក្សាការសន្យាដ៏ចម្រូងចម្រាសនាពេលកន្លងមកនោះ គឺបញ្ចប់ការលក់រថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុងនៅក្នុងសហភាពអឺរ៉ុបតាមផែនទីបង្ហាញផ្លូវរហូតដល់ឆ្នាំ២០៣៥។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ដោយការទទួលបានសំឡេងគាំទ្រច្រើនជាងការរំពឹងទុកនៅ EP ព្រមទាំងក៏ខ្ពស់ជាងអាណត្តិមុន (៣៣ សម្លេង) លោកស្រី Ursula von der Leyen អាចមានធនធាននយោបាយសំខាន់ៗដើម្បីអនុវត្តន៍ផែនការថ្មីៗរបស់ខ្លួន៕

ប្រតិកម្មទៅវិញ