វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស្ថិរភាព និងចីរភាព

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន (ចាប់ថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា)ប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ 
វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស្ថិរភាព និងចីរភាព - ảnh 1កិច្ចពិភាក្សាជាន់ខ្ពស់រវាងអគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ រូបថត៖ VOV

ដំណើរទស្សនកិច្ចនេះ សំដៅរួនចំណែកពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងវៀតណាម ក៏ដូចជាពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនក្នុងយុគសម័យថ្មី។

រួមចំណែកតម្រង់ទិសដៅរយៈពេលយូរអង្វែងសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសដ៏សំខាន់ ពិសេសសម្រាប់បក្សទាំងពីរ និងរដ្ឋទាំងពីរ។ ថ្នាក់ដឹកនាំចិនបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យពិសេសនៃដំណើរទស្សនកិច្ចនេះ ខណៈដែលអគ្គលេខាបក្សលោក Nguyen Phu Trong គឺជាថ្នាក់ដឹកនាំបរទេសដើមដំបូង ដែល ចិនបានទទួលស្វាគមន៍បន្ទាប់ពីមហាសន្និបាតលើកទី ២០ របស់បក្សកុម្មុយនិស្តចិន ហើយអគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនជាលើកដំបូងបន្ទាប់ពី មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រការនេះបានបង្ហាញពីការគោរពខ្ពង់ខ្ពស់របស់វៀតណាម និងចិនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម មាន ១៣ ចំណុច រួមទាំងខ្លឹមសារយុទ្ធសាស្ត្រ ដែលមានលក្ខណៈតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យនារយៈពេលខាងមុខ ព្រមទាំងឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម ចិនតាមទិសស្លោក “អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត” និងស្មារតីល្អទាំង ៤ ប្រការគឺ “អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ”។

ភាគីទាំងពីរក៏បានឯកភាពគ្នាលើខ្លឹមសារសហប្រតិបត្តិការជាក់ស្ដែងជាច្រើន ដូចជាជំរុញការតភ្ជាប់រវាងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ពន្លឿនដំណើរការបើកទីផ្សារសម្រាប់មុខទំនិញកសិ រុក្ខ ជលផលមួយចំនួនរបស់វៀតណាម បើកការិយាល័យពាណិជ្ជកម្មវៀតណាមនៅចិនឡើងវិញ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេចជួយសម្រួលសហគ្រាសនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោកនិងផ្លូវដែក។ សេដ្ឋកិច្ចវិទូ Liu Rui សាស្ត្រាចារ្យនៅសាកលវិទ្យាល័យប្រជាជនទីក្រុងប៉េកាំងបាននិយាយថា៖ “នាបច្ចុប្បន្នវៀតណាមជាប្រទេសដែលមានសក្តានុពលទីផ្សារធំជាងគេនៅអាស៊ីអាគ្នេយ៍។ វៀតណាមក៏ជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងបរិបទនេះ ប្រទេសទាំងពីរនឹងមានឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច”។

វៀតណាម-ចិនជំរុញទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ស្ថិរភាព និងចីរភាព - ảnh 2អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។ រូបថត៖ VOV

អនុវត្តន៍សមិទ្ធិផលនៃដំណើរទស្សនកិច្ច

ដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលបានជោគជ័យយ៉ាងល្អប្រសើរលើគ្រប់ទិដ្ឋភាព។ ដើម្បីអនុវត្តន៍ការយល់ដឹងរួមសំខាន់ៗដែលលោកអគ្គលេខាបក្សទាំងពីរសម្រេចបាន និងសមិទ្ធិផលនៃដំណើរទស្សនកិច្ចនេះ យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតសំខាន់លើការរក្សាសកម្មភាពជួបប្រាស្រ័យជាន់ខ្ពស់ និងលើគ្រប់ជាន់ថ្នាក់ដើម្បីផ្លាស់ប្ដូរមតិយោបល់ឲ្យបានទាន់ពេលវេលាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ តម្រង់ទិសដៅ និងដឹកនាំយុទ្ធសាស្ត្រ សំដៅថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ស្ថិរភាព និងស្អាតស្អំ៖

“ភាគីទាំងពីរនឹងអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជួយសម្រួលដល់ការដោះដូរទំនិញ ជំរុញសុវត្ថិភាព ស្ថិរភាពខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះជំរុញការនាំចេញ នាំចូលថែមទៀតផលិតផលកសិកម្ម ផលិតផលគុណភាពខ្ពស់របស់ប្រទេសទាំងពីរ។ លើលពីនេះទៅទៀត ភាគីទាំងពីរនឹងជំរុញខ្លាំងការតភ្ជាប់ចរាចរណ៍ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា៖ កសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល រួមចំណែកធានាសន្តិសុខស្បៀងអាហារ និងសន្តិសុខប្រភពទឹក  ស្រាវជ្រាវយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការអភិវឌ្ឍបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចឌីជីថល ព្រមទាំងបន្តគ្រប់គ្រងព្រំដែនគោកឱ្យបានល្អ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។

វៀតណាម និងចិនរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមស្របនៅសមុទ្រ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងក្នុងតំបន់។ ភាគីទាំងពីរប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ គោរពផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់គ្នា ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ បន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការចរចាថ្នាក់រដ្ឋាភិបាលស្តីពីព្រំដែនទឹកដីវៀតណាម-ចិន និងក្រុមការងារទទួលបន្ទុកបញ្ហាដែនសមុទ្រ; រួមជាមួយនឹងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តន៍ DOC យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ហើយខិតខំប្រឹងប្រែង សម្រេចឲ្យបាន COC ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ។

កាលពី ៧២ ឆ្នាំមុន សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសដើមដំបូងនៅលើពិភពលោកដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម) (១៩៥០ - ២០២២) ។ ក្នុងដំណាក់កាលនេះ ប្រទេសទាំងពីរបានជួយឧបត្ថម្ភគាំទ្រគ្នាយ៉ាងធំធេង និងថ្លៃថ្លារួមចំណែកដល់ជោគជ័យនៃបុព្វហេតុបដិវត្តន៍នៅប្រទេសនីមួយៗ។ ជាមួយនឹងការអនុវត្តយ៉ាងពេញលេញ យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមជាន់ខ្ពស់ និងលទ្ធផលដ៏សំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នោះ ទំនាក់ទំនងវៀតណាម - ចិននឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ