វៀតណាមខិតខំលើកកម្ពស់សមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩

Chia sẻ

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ បានបង្កើតហានិភ័យដែលមិនធ្លាប់មានតាំងពីមុនមក ខណៈពេលដែល វិសមភាពយេនឌ័រមានការកើនឡើងនៅក្នុងប្រទេសភាគច្រើន។ យ៉ាងណាមិញ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ស្ថានការណ៍នេះតាមរយៈគោលនយោបាយនិងគោលការណ៍ណែនាំដែលមានប្រសិទ្ធភាព និងសមស្របដែលដើរតួជា “ត្រីវិស័យ” សម្រាប់សកម្មភាពទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតនិងក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

វៀតណាមខិតខំលើកកម្ពស់សមភាពយេនឌ័រក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ - ảnh 1ពិធីបំផុសខែធ្វើសកម្មភាពជាតិដើម្បីសមភាពយេនឌ័រនិងការបង្ការ ឆ្លើយតបនឹងអំពើហឹង្សាលើមូលដ្ឋានយេនឌ័រឆ្នាំ២០២១។ (រូបថត៖ UN Women)

យោងតាមរបាយការណ៍គម្លាតយេនឌ័រសកលឆ្នាំ ២០២១ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលត្រូវបានគេប៉ាន់ប្រមាណថា ជំងឺរាតត្បាតកូវីដ ១៩ បានពន្យឺតគម្លាតយេនឌ័រដោយស្មើនឹង “មួយជំនាន់” (ពី ៩៩,៥ ឆ្នាំ ដល់ ១៣៥,៥ ឆ្នាំ ដោយផ្អែកលើវឌ្ឍនភាពបច្ចុប្បន្ន)។ ការសិក្សាស្រាវជ្រាវផ្សេងទៀតក៏បង្ហាញផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ត្រី ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ការងារជាងបុរស ខណៈពេលដែលនៅតែជាបន្ទុកក្នុងការថែទាំកូនៗ ខណៈសាលារៀនត្រូវបិទទ្វារ។ របាយការណ៍បានគូសបញ្ជាក់ថា ផលប៉ះពាល់ទាំងនេះនឹងបន្តអូសបន្លាយ ហើយគោលដៅជាមូលដ្ឋានសម្រាប់សមភាពយេនឌ័រកាន់តែពិបាកក្នុងការអនុវត្ត។  នៅប្រទេសវៀតណាម ផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កើនគម្លាតយេនឌ័រក្នុងវិស័យមួយចំនួន ដែលបង្កបញ្ហាប្រឈមដល់ការអនុវត្តការងារសមភាពយេនឌ័រ និងដើម្បីវឌ្ឍន៍ភាពរបស់ស្ត្រី ក៏ដូចជាការអនុវត្តរាល់គោលដៅយុទ្ធសាស្ត្រជាតិ។

ដើម្បីជំនះស្ថានភាពនេះ រដ្ឋាភិបាលមានគោលនយោបាយនិងដំណោះស្រាយជាច្រើន ដើម្បីជួយដល់ប្រជាជននិងធុរកិច្ចជំនះរាល់ការលំបាកបណ្តាលពីជំងឺរាតត្បាតនិងលើកកម្ពស់សមភាពយេនឌ័រ។ ការអនុវត្តព្រមៗគ្នាប្រកបដោយមានប្រសិទ្ធភាពរាល់គោលនយោបាយជួយឧបត្ថម្ភទាំងនេះ បង្ហាញពីឧត្តមភាពនៃរបប និងតួនាទីដឹកនាំទាន់ពេលវេលានិងប្រកបដោយភាពឈ្លាសវៃ មានទំនួលខុសត្រូវរបស់បក្ស រដ្ឋសភានិងរដ្ឋាភិបាល ... ដែលរួមចំណែកជំនះរាល់ការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាជន ជួយពង្រឹងជំនឿជាក់របស់ប្រជាជននិងអាជីវកម្មចំពោះបក្សនិងរដ្ឋ។ ទន្ទឹមជាមួយគ្នានោះ ការប្រមូលផ្តុំនិងបង្កើតការលើកទឹកចិត្តដល់ប្រជាជននិងសហគមន៍ធុរកិច្ច រួមគ្នាបង្កើតរបៀបធ្វើការល្អៗ ដើម្បីចែករំលែកការលំបាកជាមួយរដ្ឋក្នុងបរិបទដែលជំងឺរាតត្បាតមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ លើកកំពស់ទំនៀមទម្លាប់ សាមគ្គីភាព ជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម រួមចំណែកកសាងមុខមាត់និងឋានៈរបស់ប្រទេសលើឆាកអន្តរជាតិ។

គួរជម្រាបថា ការកសាង ការចេញផ្សាយនិងការអនុវត្តគោលនយោបាយគាំទ្រដល់ប្រជាជននិងអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ត្រូវបានលើកយកមកវិភាគជាពិសេសនិងរួមបញ្ចូលទៅក្នុងបញ្ហាសមភាពយេនឌ័រ អមដោយដំណោះស្រាយជាក់ស្តែង ដើម្បីធានាសិទ្ធិនិងតម្រូវការរបស់យេនឌ័រនីមួយៗ រួមចំណែកក្នុងការជម្រុញ សមភាពយេនឌ័រនិងការបង្រួមគម្លាតយេនឌ័រក្នុងវិស័យផ្សេងៗ នៃជីវភាពសង្គម។ ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរការយល់ដឹងនិងសកម្មភាពរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងចំណោមកម្មាភិបាល បុគ្គលិកនិងប្រជាពលរដ្ឋស្តីពីសមភាពយេនឌ័រ បាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ ភាគរយនៃស្ត្រីដែលចូលរួមក្នុងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៥; ភាគរយស្ត្រីដែលត្រូវជាប់ឆ្នោតក្នុងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់និងភាគរយស្ត្រីជាសមាជិការសភានីតិកាលទី ១៥ សុទ្ធតែកើនឡើងបើប្រៀបធៀបនឹងអាណត្តិមុន។ អាច មើលឃើញយ៉ាងច្បាស់នូវប្រការនេះនៅក្នុងការបញ្ជាក់អះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាស្ត្រីនិងសេដ្ឋកិច្ច APEC នាខែកញ្ញា ឆ្នាំ ២០២១ ថា “ចំពោះមុខការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ វៀតណាមនៅតែប្តេជ្ញាចិត្តនិងផ្តល់អាទិភាពដល់សមភាពយេនឌ័រ តាមរយៈការចេញផ្សាយនិងអនុវត្តយុទ្ធសាស្ត្រ កម្មវិធីលើកកម្ពស់សមភាពយេនឌ័រដល់ឆ្នាំ ២០២៣ និងខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអនុវត្តគោលដៅដែល APEC ដាក់ចេញក្នុងដំណើការ La Serena ស្តីពីស្ត្រីនិងកំណើនប្រកបដោយបរិយាប័ន្ន។ យោងតាមអនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Ha លទ្ធផលនេះផ្តល់ទំនុកចិត្តថា ស្ត្រីវៀតណាមនឹងដើរតួនាទីសំខាន់ជាងក្នុងការបង្កើតគោលនយោបាយ និងជាថ្នាក់ដឹកនាំល្អ អ្នកគ្រប់គ្រងសង្គមល្អ ក្នុងដំណាក់កាលស្តារឡើងវិញក្រោយកូវីដ ១៩ ជាពុំខាន។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ក្រមច្បាប់ការងារវៀតណាមឆ្នាំ ២០១៩ បានចូលជាធរមានជាផ្លូវការ ជាមួយនឹងវិធីសាស្រ្តអភិក្រមពី “ការពារកម្មការិនី” ទៅជាការធានាសិទ្ធិសម្រាប់កម្មករទាំងអស់ រួមទាំងស្ត្រីនិងបុរសផងដែរ។ ការអនុវត្តបទប្បញ្ញត្តិដាច់ដោយឡែកសម្រាប់កម្មការិនីនិងការធានាសមភាពយេនឌ័រ រួមទាំងខ្លឹមសារថ្មីក្នុងឆ្នាំ ២០២១ បានលើកកម្ពស់និងធានាបន្ថែមទៀតនូវគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ រួមទាំងការប្រឆាំងនឹងការរើសអើងលើការ ងារពលកម្ម រវាងបុរសនិងស្ត្រី។ ទន្ទឹមនឹងក្រមច្បាប់ការងារឆ្នាំ ២០១៩ ឯកសារណែនាំសម្រាប់ការអនុវត្តច្បាប់ក៏ត្រូវបានចេញផ្សាយ ហើយនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២១ ដើម្បីធានាបានការឯកភាពនិងលទ្ធភាពនៃប្រព័ន្ធច្បាប់ការងារ រួមចំណែកលើកកម្ពស់ច្បាប់ការងារ បង្រួញគម្លាតយេនឌ័រក្នុងវិស័យការងារ ធានាសិទ្ធិសម្រាប់កម្មករនិងកម្មការិនី។

បញ្ហាសមភាពយេនឌ័រនៅវៀតណាមតែងតែទទួលបានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងដិតដល់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល។ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ ជាលើកដំបូង រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០ ដោយមានគោលដៅនិងបានឆ្លុះបញ្ចាំងពីខ្លឹមសារនៃបញ្ហាសមភាពយេនឌ័រ ស្របតាមស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងរបស់វៀតណាម។ នេះនឹងជាមូលដ្ឋានដ៏សំខាន់សម្រាប់កាត់បន្ថយគម្លាតយេនឌ័រ បង្កើតលក្ខខណ្ឌសម្រាប់ស្ត្រីនិងបុរសក្នុងការចូលរួមនិងទទួលបានផលប្រយោជន៍ស្មើៗគ្នាលើគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពរបស់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ