វៀតណាមខិតខំប្រឹងប្រែងដក​កាត​លឿង IUU

Chia sẻ
(VOVWORLD) - តាមផែនការ នាពេលខាងមុខនេះ ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុប (EC) នឹងអញ្ជើញមកវៀតណាមដើម្បីធ្វើអធិការកិច្ចលើកទី ៥ ស្តីពីការអនុលោមតាមបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)។ 
វៀតណាមខិតខំប្រឹងប្រែងដក​កាត​លឿង IUU - ảnh 1វៀតណាមកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យជលផលរប្រកបដោយនិរន្តរភាព។ រូបថត៖ PV/Vietnam+

ការធ្វើអធិការកិច្ចលើកទី ៥ ត្រូវបានចាត់ទុកថាជាពេលវេលាសម្រេចកំណត់ដើម្បីវៀតណាមដក “កាតលឿង” ជលផល។ ដូច្នេះហើយ នារយៈពេលកន្លងទៅ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ពាក់ព័ន្ធនានារបស់វៀតណាមបានអនុវត្តន៍ដំណោះស្រាយជាច្រើន ដើម្បីបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ជាមួយគោលដៅដក “កាតលឿង” ក្រោយពីការធ្វើអធិការកិច្ចនេះ។

អនុវត្តន៍ដំណោះស្រាយជាច្រើន បង្កើតការវិវឌ្ឍន៍ជាវិជ្ជមាន

ចាប់តាំងពីការធ្វើអធិការកិច្ចលើកទី៤ របស់ EC ស្តីពី IUU មក ខេត្ត ក្រុងឆ្នេរសមុទ្រទាំង ២៨ របស់វៀតណាមបាននិងកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីអនុវត្តន៍តាមអនុសាសន៍របស់ EC ។ ជាពិសេសគឺការគ្រប់គ្រងក្រុមនាវា រក្សាការតភ្ជាប់ឧបករណ៍ឃ្លាំមើលដំណើរ (VMS) គ្រប់គ្រងឲ្យបានល្អនូវទិន្នផលគ្រឿងសមុទ្រឆ្លងកាត់កំពង់ផែ ត្រួតពិនិត្យ និងចងក្រងបញ្ជីកំពង់ផែនេសាទត្រី; ជំរុញខ្លាំងការឃោសនា និងបណ្តុះបណ្តាលស្តីពីបទប្បញ្ញត្តិច្បាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU សម្រាប់សហគមន៍ប្រជានេសាទ ជាពិសេសគឺលើកកម្ពស់ការយល់ដឹងរបស់ម្ចាស់នាវានេសាទត្រី និងប្រធាននាវាកុំឱ្យរំលោភបំពានលើការនេសាទ IUU។ ទន្ទឹមនឹងនោះ តំបន់នានាក៏បានជំរុញខ្លាំងការផាកពិន័យចំពោះទង្វើរំលោភបំពានលើការនេសាទIUU ផងដែរ។

អាស្រ័យហេតុនោះ ក្នុងរយៈពេលកន្លងទៅ នាវានេសាទត្រីដែលរំលោភបំពានលើការនេសាទជលផលនៅដែនសមុទ្របរទេសតាមតំបន់នានាបានថយចុះគួរឱ្យកត់សម្គាល់។ ជាពិសេស ចាប់ពីដើមឆ្នាំមក ខេត្ត Kien Giang ជាតំបន់ដែលមានក្រុមនាវានេសាទត្រីដ៏ធំរបស់ប្រទេសទាំងមូលគឺមិនបានរកឃើញនាវានេសាទត្រីណាមួយរំលោភបំពានការនេសាទជលផលខុសច្បាប់ឡើយ។ ប្រការនេះបានបង្ហាញថា បងប្អូនប្រជានេសាទកាន់តែមានយល់ដឹងអំពីការគោរព បទប្បញ្ញត្តិរបស់ IUU។ អ្នកនេសាទ Nguyen Van Dung និងអ្នកនេសាទ Pham Tien Thinh បានឲ្យដឹងថា៖

 “ខ្ញុំតែងតែក្រើនរំលឹកបងប្អូនប្រជានេសាទ អនុវត្តន៍តាមយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិរបស់រដ្ឋ និងការឃោសនារបស់កងកម្លាំងមានសមត្ថភាព។ នៅពេលនេសាទ នាវានេសាទត្រីធានាថាមិនចូលទៅជិតខ្សែបន្ទាត់ជិតដែនសមុទ្របរទេស ដែលរដ្ឋបានកំណត់ឡើយ ហើយម៉ាស៊ីនឃ្លាំមើលដំណើរនាវាត្រូវបើក ២៤/២៤ ម៉ោង ។ ក្នុងពេលនេសាទ្រ បើមានបញ្ហាអ្វីកើតឡើងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានឲ្យទាន់ពេលវេលាផងដែរ”។

“ពេលចេញទូកគឺត្រូវគោរពច្បាប់ឲ្យបានពេញលេញ បើចុះឈ្មោះ៤នាក់គឺទៅ៤នាក់ ។ ឧបករណ៍លើនាវាត្រូវបំពាក់ពេញលេញ ហើយត្រូវបើកម៉ាស៊ីនឃ្លាំមើលដំណើរនាវា២៤/២៤ ម៉ោង ព្រមទាំងកុំទៅដែនសមុទ្របរទេស និងគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋផងដែរ”។

វៀតណាមខិតខំប្រឹងប្រែងដក​កាត​លឿង IUU - ảnh 2លោក Nguyen Quang Hung ប្រធាននាយកដ្ឋានអធិការកិច្ចនេសាទ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ រូបថត៖ Bich Hong/BNEWS/TTXVN

ប្ដេជ្ញាចិត្តដកកាតលឿង ក្រោយការធ្វើអធិការកិច្ចលើកទី ៥

តាមផែនការ មុនពេលមកត្រួតពិនិត្យផ្ទាល់ តំណាង EC នឹងជួបធ្វើការស្ដីពី IUU ជាមួយវៀតណាមតាមអនឡាញ។ ខ្លឹមសារនៃជំនួបនឹងផ្ដោតសំខាន់លើការអនុវត្តន៍អនុសាសន៍របស់ EC ក្រោយពីការធ្វើអធិការកិច្ចលើកទី៤។ លោក Nguyen Quang Hung ប្រធាននាយកដ្ឋានអធិការកិច្ចនេសាទ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានមានប្រសាសន៍ថា ក្រៅពីការបង្កើនបទប្បញ្ញត្តិផាកពិន័យនាវានេសាទត្រី ដែលរំលោភបំពានដែនសមុទ្របរទេស ភាគី EC ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគ្រប់គ្រងនាវានេសាទត្រីចេញចូលកំពង់ផែនេសាទតាមដានប្រភពដើមជលផលផងដែរ។ ទាំងនេះគឺជាភារកិច្ចដ៏សំខាន់ដែលត្រូវជំនះពុះពារ ដើម្បីធានាតាមអនុសាសន៍របស់ EC និងដកកាតលឿងសម្រាប់ជលផលវៀតណាមឲ្យបានឆាប់ៗ៖

“កងកម្លាំងអនុវត្តន៍ច្បាប់ជលផលនឹងបង្កើនការយាមល្បាត ត្រួតពិនិត្យ និងដោះស្រាយការរំលោភបំពានរដ្ឋបាល ជាពិសេសគឺគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដែនសមុទ្រជាប់ជាមួយប្រទេសនានាក្នុងតំបន់ ដើម្បីទប់ស្ដាត់នាវានេសាទត្រីរំលោភបំពានដែនសមុទ្របរទេស ក៏ដូចជានាវានេសាទត្រីបរទេសរំលោភបំពានលើដែនសមុទ្រវៀតណាម។ យើងខ្ញុំប្ដេជ្ញាចិត្តថា នាខែមេសា វៀតណាមទទួលបានលទ្ធផលវិជ្ជមានឆ្ពោះទៅការដកការព្រមានកាតលឿងផងដែរ”។

នាពេលនេះ រដ្ឋាភិបាលរួមជាមួយក្រសួង ស្ថាប័ន តំបន់ និងអង្គភាពពាក់ព័ន្ធនានាកំពុងខិតខំប្រឹងប្រែងបើក “យុទ្ធនាការកំពូល”។ លោកឧត្តមសេនីយ៍ទោ Bui Quoc Oai ស្នងការនយោបាយនៃប៉ូលីសសមុទ្រវៀតណាមបានមានប្រសាសន៍ថា៖

“កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា។ ទាក់ទិននឹងការរំលោភបំពានរបស់ប្រជានេសាទគឺយើងខ្ញុំត្រូវធ្វើចំណាត់ការយ៉ាងម៉ឺងម៉ាត់ ព្រមទាំងឃោសនា បកស្រាយ ពន្យល់ និងសំណូមពរឲ្យប្រជានេសាទអនុវត្តន៍ឲ្យបានល្អប្រសើរជាង។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទចេញទូកច្បាមជាប់សមុទ្រផងដែរ”។

វៀតណាមបានដាក់ចេញគោលដៅខ្ពស់បំផុតគឺដក “កាតលឿង” ក្រោយពីការធ្វើអធិការកិច្ចលើកទី ៥ ខាងមុខ។ នៅពេលដកកាតលឿង IUU ចេញ នឹងរួមចំណែកលើកកំពស់តម្លៃ កម្លាំងប្រកួតប្រជែងរបស់ជលផលវៀតណាមនៅលើទីផ្សារអន្តរជាតិ៕


ប្រតិកម្មទៅវិញ