វៀតណាម និងសាធារណៈរដ្ឋឆែក ពង្រឹងទំនាក់ទំនងទ្វេភាគី

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក Petr Fiala នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ មេសា។ 
វៀតណាម និងសាធារណៈរដ្ឋឆែក ពង្រឹងទំនាក់ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក លោក Petr Fiala។ រូបថត៖ AFP/VNA

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala មកកាន់អាស៊ី ចាប់តាំងពីពេលលោកចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែក មកកាន់វៀតណាមក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់សម្រាប់ភាគីទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ព្រមទាំងបង្កើតកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៣ ឆ្នាំនៃទំនាក់ទំនងការទូត សាធារណៈរដ្ឋឆែកតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗ ដូចជាជួយបណ្តុះបណ្តាលកម្មាភិបាល វិស្វករ និងពលករវៀតណាមរាប់ពាន់នាក់មកទៅសិក្សារៀនសូត្រ និងធ្វើពលកម្មនៅឆែក ហើយជាប្រទេសអឺរ៉ុបកណ្តាលដំបូង ដែលបានផ្តល់ទុនអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់វៀតណាម។ នាបច្ចុប្បន្ន ភាគីទាំងពីររក្សាជំនួបប្រាស្រ័យជាប្រចាំនៅគ្រប់កម្រិត។

លើវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរបានបំពេញបន្ថែមប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ ជាលទ្ធផល ទំហុំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជិត ៨៥០ លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំទៅមិញ។ ទាក់ទងនឹងការវិនិយោគ គិតត្រឹមចុងឆ្នាំមុន ឆែកមានគម្រោងជាង ៤០ នៅវៀតណាម ដោយមានទុនសរុប ៩២ លានដុល្លារអាមេរិក។ សាធារណៈរដ្ឋឆែក គាំទ្រយ៉ាងសកម្មចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU(EVFTA) ហើយជាប្រទេសមួយក្នុងចំណោមប្រទេស EU ដើមដំបូង ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA)។

ទាក់ទិននឹងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន សហគមន៍ជនវៀតណាមនៅឆែកមានសមាជិកប្រមាណ ១០ ម៉ឺននាក់ ហើយជាសហគមន៍ជនវៀតណាមដើមដំបូងនៅបរទេស ដែលត្រូវបានទទួលស្គាល់ថាជាជនជាតិភាគតិចក្នុងឆ្នាំ ២០១៣។ បងប្អូនជនរួមជាតិបានរួមវិភាគទានយ៉ាងសកម្មជាច្រើនទៅក្នុងទំនាក់ទំនងទ្វេភាគី ហើយត្រូវបានរដ្ឋាភិបាលឆែកវាយតម្លៃខ្ពស់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានវាយតម្លៃថា៖ “ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ហើយមានសញ្ញាសម្គាល់លេចធ្លោជាច្រើន នៅពេលភាគីទាំងពីរបានសហការ និងរួមដំណើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ នៅពេលដែលសហគមន៍វៀតណាមនៅឆែកបានរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនឆែកយ៉ាងសកម្ម និងម្ចាស់ការ។ ផ្ទុយទៅវិញ សាធារណរដ្ឋឆែកក៏ជាប្រទេសដើមដំបូងរបស់សហភាពអឺរ៉ុប ដែលផ្តល់ជំនួយជាវ៉ាក់សាំងដល់វៀតណាម និងរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

វៀតណាម និងសាធារណៈរដ្ឋឆែក ពង្រឹងទំនាក់ទំនងទ្វេភាគី - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែក លោក Thai Xuan Dung។ រូបថត៖ស្ថានទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែក

ដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំនៅវៀតណាម លោកHynek Kmonícek បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala នៅវៀតណាម គឺជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែអភិវឌ្ឍន៍រវាងឆែក និងវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម កំណត់ទិសដៅកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការថាមពល បរិស្ថាន ការដំឡើងរថយន្ត។ អមដំណើរលោកនាយករដ្ឋមន្ត្រីគឺជាតំណាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធំៗនានារបស់ឆែក។ គេនឹងជួបជាមួយសហគ្រាសវៀតណាម ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រីកទីផ្សារ។

ដោយយល់ស្របនឹងទស្សនៈខាងលើ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែក លោក Thai Xuan Dung បានអះអាងថា៖ “ដំណើរទស្សនកិច្ចនេះសំដៅបន្តបង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ បង្កើតបុព្វបទសម្រាប់ការជំរុញ លើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងវៀតណាម - សាធារណរដ្ឋឆែកលើគ្រប់វិស័យឡើងកម្ពស់ថ្មី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់គឺជាកម្លាំងចលករ បង្កើតមូលដ្ឋានគតិយុត្តសម្រាប់ការទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ បង្កើតកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីផងដែរ”។

វៀតណាម និងសាធារណៈរដ្ឋឆែកមានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែង។ ការកសាងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរគឺមានសារៈសំខាន់ ដើម្បីជំរុញស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala នឹងរួមចំណែកពង្រីកច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសាធារណៈរដ្ឋ ឆែកផងដែរ៕

ប្រតិកម្មទៅវិញ